អានតួអត្ថបទ
ចិន-អវកាស

យាន​អវកាស​ចិន​​​​ហោះជុំ​វិញ​ព្រះចន្ទ​ ត្រលប់​មក​ភព​ផែនដី​ដោយ​សុវត្ថិភាព

យាន​អវកាស​គ្មាន​មនុស្ស​បើក​របស់​ចិន ដែល​បាន​បង្ហោះ​ចេញ​កាលពី​សប្តាហ៍ ឱ្យ​ទៅ​ហោះ​ជុំ​វិញ​​ភព​ព្រះចន្ទ​ បាន​ត្រលប់​មក​កាន់​​​ភពផែនដីវិញ នៅ​ព្រឹក​ថ្ងៃសៅរ៍​ទី ១ វិច្ឆិកានេះ ប្រកប​ដោយ​ជោគជ័យ។ នេះ​បើ​តាមការ​ជូន​ដំណឹង​​របស់​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​អវកាស​នៅ​ក្រុង​ប៉េកាំង​និង​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ផ្លូវការ​ចិន។

ការ​បង្ហោះ​យាន​អវកាស Chang'e-2 នៅ​មជ្ឈុុមណ្ឌល​Xichang ថ្ងៃទី​១ តុលា ២០១០
ការ​បង្ហោះ​យាន​អវកាស Chang'e-2 នៅ​មជ្ឈុុមណ្ឌល​Xichang ថ្ងៃទី​១ តុលា ២០១០ Reuters/Li Gang/Xinhua News Agency
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​ដែល​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​ចិន បាន​សាក​ល្បង​បញ្ជូន​យាន​​ទៅ​ហោះ​ជុំ​វិញ​ព្រះចន្ទ រួចបញ្ជា​​ឱ្យ​ត្រលប់មក​វិញ។ ការ​វិល​ត្រលប់ ដែល​តម្រូវ​ឱ្យ​យាន​ មាន​សមត្ថភាព​ធុនពិសេស​​ នឹង​គម្លាត​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ នៅ​ពេល​ចូល​ដល់​ភព​ផែនដី។

យានគ្មាន​មនុស្សបើក​ គ្មា​ន​ការ​ប្រសិទ្ធិនាម បាន​ចុះ​ចត​​ក្នុង​តំបន់​ម៉ុងហ្គោលី​របស់​ចិន​ នៅ​ភាគ​ខាង​ជើង​ប្រទេស បាន​ប្រកប​ដោយ​ ជោគជ័យ។ យាន​អវកាស​បាន​ពុះ​ជ្រែក​ស្រទាប់​អាកាស​ផែនដី ក្នុង​ល្បឿន​១១,២​គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី មុន​នឹង​បន្ថយ​ល្បឿន ដើម្បី​​អាច​ចុះ​ចត​លើ​ដី​បាន​ដោយ​ សុវត្ថិភាព។ បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ចិន​ថ្មី យាន​បាន​នាំ​មក​ជាមួយ​នូវ​រូបថត​ភព​ផែន​ដី និង​ព្រះចន្ទ យ៉ាង​ល្អ​​គួរ​ឱ្យ​ស្ងប់ស្ងែង។

 
យាន​នេះ បាន​បង្ហោះ​ចេញ​កាលពី​ថ្ងៃ​សុក្រ​ទី ២៤​តុលា វេលា​ម៉ោង​ប្រមាណ​២​ព្រឹក ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​ ស៊ីចង់ នៃ​ខេត្ត​ស៊ីឈន់ ទៅ​កាន់​​​ចំណុច​ដែល​មាន​​រយៈ​ចម្ងាយ​ ឆ្ងាយ​បំផុត​ ពី​ភព​ផែនដី (៤១៣០០០គ.ម.)។

បើ​តាម​រដ្ឋបាល​រដ្ឋ​ទទួល​បន្ទុក​កម្មវិធី​អវកាស នៃ​ក្រសួង​ការពារ​ជាតិ​ចិន យាន​គ្មាន​ឈ្មោះ​នេះ​ ជាការ​សាក​ល្បង​បច្ចេកវិទ្យា​ដែល​នឹង​ត្រូវ​យក​ទៅ​អនុវត្ត​​ក្នុង​បេសកកម្ម​ ចង់ស៊ី-៥(Chang'e-5)។ បេសកកម្ម​ប្រមូល​អេសង់ទីយ៉ុង​ដី​ឋាន​ព្រះ​ចន្ទ​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​២០១៧។ កន្លះ​សតវត្ស​ក្រោយ​សហរដ្ឋ​អាមេរិក ក្រោយ​បេសកកម្ម​អាប៉ូឡូ ចិនកំពុង​សំឡក់​សំលៀងលោកខែ​​ ចង់​ក្លាយ​​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដំបូង​គេ​អាច​បញ្ជូន​មនុស្ស​ទៅ​ឋាន​ព្រះចន្ទ ឱ្យ​បាន​នៅ​រវាង​ឆ្នាំ​២០២៥។

កាលពី​ខែ​ធ្នូ ២០១៣ ចិន​បាន​បញ្ជួន​យានអវកាស​ចង់ស៊ី-៣​ (Chang'e -3) ទៅ​ឋាន​ព្រះ​ចន្ទ។ យានយន្ត​បញ្ជា​ពី​ចម្ងាយ​ ឈ្មោះ​ទន្សាយ​ហ្គិច​ បាន​ចុះ​ចត​លើ​ភព​ព្រះ​ចន្ទ។ អាច​ចាត់​ទុក​ជា​ជោគជ័យ​ ថ្វី​បើ​ក្រោយ​មក​យាន​យន្ត​នោះ​មាន​បញ្ហា​មេកានិច​ ធ្លាក់​ក្នុង​ស្ថានភាព​ជាប់​គាំង​សន្លប់​ធំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ