«យើងមានអំណាចផ្នែកអន្តរបណ្តាញ! យើងមានពលរដ្ឋប្រើប្រាស់អ៊ីនធ័រនែត ជាង៨០០លាននាក់ ហើយពីអំណឹះតទៅអនាគត ប្រទេសចិនយើងនឹងបន្តអភិវឌ្ឍពង្រីកវិស័យនេះ មិនឈប់ឈរឡើយ។» នេះការបញ្ជាក់របស់ប្រធានផ្នែកឃោសនារបស់បក្សកុម្មុនីស្តចិន លោក ហ្វឿង គុនមីង (Huang Kunming)។ ពីក្រុង Wuzhen មន្ត្រីជាន់ខ្ពស់រូបនេះ លើកឡើងទៀតថា«ចិននឹងពង្រឹងពង្រីកឱ្យនាំមុខគេ ពីកម្រិតដែលមានប្រភពទិន្នន័យច្រើននិងខ្លាំង ឱ្យទៅឈានឆ្ពោះទៅ ជាមហាអំណាចលើប្រព័ន្ធអ៊ីនធ័រនែតតែម្តង។»
មហិច្ឆតានេះ ពុំមែនជាអ្វីថ្មីទេ ពីព្រោះថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង ក៏បានលើកឡើងជាគោលការណ៍យុទ្ធសាស្ត្ររួចមកហើយថា ចិនត្រូវតែក្លាយជាមហាអំណាចលើប្រព័ន្ធអ៊ីនធ័រនែត នៅក្នុងរង្វង់ឆ្នាំ២០២៥។ ប៉ុន្តែអ្វីដែលថ្មី គឺការលេចត្រដែតឡើងកាន់តែច្បាស់ នូវមហិច្ឆប្រឈមមុខដាក់គ្នាកាន់តែខ្លាំងរវាងអាមេរិកនិងចិន ក្នុងការដណ្តើមអំណាចលើវិស័យបច្ចេកវិជ្ជាអ៊ីនធ័រនែត។ ក្នុងការប្រទាញប្រទង់អំណាចគ្នានេះ ចិនបានរឹតត្បិត ឬក៏បានហាមឃាត់តែម្តង ក្រុមហ៊ុនយក្សអ៊ីនធ័រនែតរបស់អាមេរិក ដូចជា Google, Youtube, Twitter, Wikipedia និង Facebook ជាដើម មិនឱ្យដើរស្រួលបួល ឬគ្មានដំណើរការតែម្តងក្នុងទឹកដីរបស់ខ្លួន។ រដ្ឋអំណាចចិនយល់ថា ក្រុមហ៊ុនអាមេរិកទាំងនោះ បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិចិន។ ហើយការបិទខ្ទប់ដូច្នេះ អាជ្ញាធរចិន ក៏សំអាងដែរទៅលើដែនអធិបតេយ្យភាពផ្នែកព័ត៌មានវិជ្ជា។
ដូចគ្នាអ៊ីចឹងដែរពីខាងភាគីអាមេរិកវិញ, អាមេរិកចាត់ទុកក្រុមហ៊ុនយក្សចិន Huwei ថាជាចោរលួចការសម្ងាត់ ហើយ Huwei ដែលប្រឹងអភិវឌ្ឍប្រព័ន្ធអ៊ីនធ័រនែតល្បឿនលឿន 5G លឿនជាងគេលើលោក គឺត្រូវជាប់ទណ្ឌកម្មក្នុងបញ្ជីខ្មៅរបស់អាមេរិក៕