ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
អាស៊ី

សង្គ្រាម​ពាណិជ្ជកម្ម៖ ​ចិនថាអាមេរិក​នឹងទទួល​ផលវិបាក​យ៉ាងចាស់ដៃ

media  
ទង់ជាតិអាមេរិក​និង​ចិន REUTERS/Damir Sagolj

ថ្ងៃសៅរ៍ ទី​២៤នេះ ចិន​ប្រតិកម្មខឹងអាមេរិក​​ជាខ្លាំង បន្ទាប់ពី​អាមេរិក​របស់​លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បា​នដំឡើង​ពន្ធគយ​ចំនួន​៥ភាគរយ​បន្ថែមទៀត ទៅលើ​ទំនិញ​នាំចូល​ពីស្រុក​ចិន​។ ចិន​ចង្អុលមុខអាមេរិក និង​ថា អាមេរិកនឹង​ទទួល​រក​ផលលំបាក​ពីការ​បំពាន​​នេះ។​​

ប្រមុខរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃ​សុក្រ បា​នប្រកាស​ដំឡើង​ពន្ធ​ ៥ភាគ​រយ​បន្ថែម ចំពោះ​ទំនិញ​របស់​ចិន និង​ទំនិញទាំងឡាយ​​ដែល​នាំចេញ​ពីស្រុក​ចិន​ចូល​​អាមេរិក។ ពោលគឺ​រដ្ឋបាល​កាំកុងត្រូល​អាមេរិក នឹង​ឡើងពន្ធគយ​ ពី​២៥ទៅ​៣០​ភាគរយ ហើយ​ចំណែក​ទំនិញ​ដែល​ផលិត​នៅ​ស្រុក​ចិន នាំចូល​អាមេរិក ត្រូវ​ដំឡើងពន្ធដែរ ពី​១០ ទៅ​១៥ភាគរយ។ ភ្លាម​ៗ ចិន​ប្រកាស​ឆ្លើយ​តប ដោយ​​ដំឡើងពន្ធ​៧៥ពាន់​លាន​ដុល្លារ​ចំពោះ​ទំនិញ​អាមេរិក។

ជាការសងសឹកបន្ថែម​​ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​ បាន​ប្រកាសនៅ​​ថ្ងៃ​សៅរ៍ថា​ ​អាមេរិក​ជា​អ្នក​គាំពារនិយមដ៏​អាក្រក់ និង​ជាអ្នក​រំលោភបំពាន​គេឯង។ ចំណាត់ការ​របស់​អាមេរិក​គឺ​រំលោភលើ​បទដ្ឋាន​ពាណិជ្ជកម្ម​អន្តជាតិ ហើយ​អាមេរិក​នឹង​ទទួល​រង​នូវ​ផល​វិបាក​វិញជា​ពុំ​ខាន​។ បើតាម​មន្ត្រី​ចិន​ដដែល, ចិនអំពាវវនាវ​ដល់​​អាមេរិក​កុំឲ្យ​មើល​ងាយ​ស្ថានការណ៍ ​កុំប្រមាថឆន្ទៈរបស់ចិន និង​កុំ​មើលស្រាល​ប្រជាជនចិន ហើយ​​ត្រូវ​បញ្ឈប់​ភ្លាម​វិធានការ​ដ៏គំរក់​របស់​ខ្លួន​។

សង្គ្រាម​ពាណិជ្ជកម្ម​រវាងអាមេរិក​និង​ចិន ក៏​ជារឿង​ស្នូល​ក្តៅមួយ​នៃកិច្ចពិភាក្សា នៅក្នុង​វេទិកា​កំពូល នៃក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG7 ដែល​កំពុង​ធ្វើ​នៅ​ប្រទេសបារាំង។ ប្រធាន​​ក្រុមប្រឹក្សា​សហគម​អឺរ៉ុប លោក Donald Tusk ក្រើនរម្លឹក​អាមេរិកថា ការ​បន្តជម្លោះ​ពាណិជ្ជ​មក​រវាង​មហាយក្ស​ទាំងពីរ គឺ​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពដាំក្បាល​ចុះ​។ ទន្ទឹមនេះ​ ប្រធានាធិបិតីបារាំង លោក​ អេម៉ាណុយអែល ម៉ាក្រុង ក្នុង​ឱកាស​បើកជំនួប​កំពូល​ G7 ក៏​ដាស់​តឿន​ដែរថា ជម្លោះ​ពាណិជ្ជកម្ម​នេះ នឹងនាំ​ផល​លំបាក​សម្រាប់​ពិភពលោកទាំងមូល​។ ក៏ប៉ុន្តែ បារាំងក៏ត្រូ​វអាមេរិក​គំរាម​ដំឡើងពន្ធ​លើស្រាបារាំង​ផងដែរ។​

រីឯ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ថា​លោកមាន​ក្តី​ព្រួយ​បារម្ភខ្លាំងណាស់ និងថា អង់គ្លេស​ក៏​នឹង​ទទួល​រងការប៉ះពាល់​ដោយសារ​សង្គ្រាមពាណិជ្ជកម្ម​នេះដែរ។ ​ប្រមុខរដ្ឋាភិបាល​អង់គ្លេស​ ដែល​ទើប​នឹង​ឡើង​កាន់​តំណែង​ថ្មីៗ​ បាន​បញ្ចេញ​យោបល់​រឿង​សង្គ្រាម​ពាណិជ្ជកម្មនេះជាលើកដំបូង ថា​អាមេរិក​និង​ចិន​ មិនគួរ​ឈ្លោះ​គ្នា​បែបនេះទេ។ ជម្លោះ​​ដំឡើង​ពន្ធគយ​​ដាក់​គ្នា​ទៅ​វិញទៅមក​​បែប​នេះ ពុំ​មែន​ជា​ដំណោះស្រាយ ​ក្នុង​ការ​រកស៊ី​ជុំគ្នាឡើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ