អានតួអត្ថបទ
ចិន

ចិន​ចង់​អភិវឌ្ឍន៍​សមត្ថភាព​យោធា​ក្នុង​ដែន​អវកាស​

យោងតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ចិន​ថ្មី នៅ​​ល្ងាច​ថ្ងៃ​ចន្ទម្សិលមិញ​​ ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង បាន​បញ្ជា​អោយ​កងទ័ព​ចិន​បង្កើន​ល្បឿន​ក្នុង​​​​ការអភិវឌ្ឍន៍​​សមត្ថភាព​ផ្នែក​​​អវកាស។ ​អ្នកវិភាគ​គិតថា ​ចិន​ចង់​មាន​សមត្ថភាព​​ពេញលេញ​ ប្រឈម​នឹង​អាមេរិក​ ព្រមទាំង​​ប្រទេស​មហាអំណាច​ផ្សេងទៀត ​​ ដែល​មាន​ទំនោរ​​ចង់​ប្រើ​ដែនអវកាស​​ សម្រាប់​ទិសដៅ​សកម្មភាព​យោធា។

កាំជ្រួច​​ដែល​​ចិន​​ធ្លាប់បាញ់​​បង្ហោះ​ កាល​ពី​ខែកញ្ញា ​​ឆ្នាំ​២០០៨
កាំជ្រួច​​ដែល​​ចិន​​ធ្លាប់បាញ់​​បង្ហោះ​ កាល​ពី​ខែកញ្ញា ​​ឆ្នាំ​២០០៨ (Photo : Reuters)
ផ្សាយពាណិជ្ជកម្ម

ម្សិលមិញ​នេះ ​សារព័ត៌មាន​ចិន​ថ្មី​បានចុះ​ផ្សាយ​ពី​ដំណើរ​ទស្សនកិច្ច​​​របស់​ប្រធានាធិបតី​​ ស៊ី ជីនពីង​ ដែល​បាន​​​ចុះទៅ​​​​​អគ្គ​សេនា​ធិការដ្ឋាន​​កងទ័ពចិន ប្រចាំ​នៅ​ក្រុងប៉េកាំង។ លោក​ស៊ី ជីនពីង​ ដែល​ជា​មេបញ្ជាការ​​កងទ័ព​ចិន​ដែរនោះ ​បាន​​​សុំអោយ​កងទ័ព​ចិន​​ច្របាច់​​​ផ្នែក​​​​​​​​ចំណេះដឹង​​អាកាសចរណ៍​​ ​និង​ផ្នែក​អវកាស​បញ្ចូល​គ្នា​​ ហើយ​ក៏ត្រូវ​ពង្រឹង​សមត្ថភាព​​ប្រយុទ្ធ និង​សមត្ថភាព​ការពារ​​ខ្លួន​អោយកាន់តែ​រឹងមាំ​ថែមទៀត​ដែរ។

កាសែត​ប្រចាំ​ថ្ងៃ​ចិន China Daily ដែល​ជា​សារព័ត៌មាន​​របស់​រដ្ឋាភិបាល​នោះ បាន​សរសេរ​នៅថ្ងៃ​អង្គារ​នេះថា ចិន​ត្រូវតែ​​​យកចិត្តទុកដាក់​អោយ​បាន​ខ្ពស់ ក្នុងការ​អភិវឌ្ឍន៍​​ផ្នែក​ការពារ​ ក្នុង​វិស័យអវកាស។ ​យោងតាម​អ្នកវិភាគ ​ថ្វីបើ​ចិន​ផ្តល់​អាទិភាព​ដល់​​​ពាក្យថា សន្តិភាព​​ក្នុង​ដែន​អវកាស​​ក្តី ​ចិន​​​ក៏​មិនភ្លេច​ពី​សារៈ​សំខាន់​នៃ​​ដែនអវកាស​ដែរ​ ពិសេស​​​ប្រឈម​នឹង​អាមេរិក​ ​រឺក៏​មហា​អំណាច​​​ផ្សេងទៀត​ ដែល​​កំពុង​​តែ​មានទំនោរ​​យក​​ដែន​អវកាស​​​ប្រើ​​សម្រាប់​ផ្នែក​យោធាខ្លួន។ ប្រធានាធិបតី​​​ចិន​ចង់អោយ​ចិន​​មាន​សក្តានុពល​​ក្នុង​​ដែន​អវកាស​​ ទោះ​ជា​​​ក្នុង​ផ្នែក​អវកាស​ ចិន​ជា​ប្រទេស​ទី៣​ក៏ដោយ ព្រោះថា​​ ​​សហរដ្ឋ​អាមេរិក​​​និង​រុស្ស៊ី​ ជាអ្នក​នាំមុខ​ចិន​ក្នុង​ផ្នែក​នេះ។

គួររំលឹក​ឡើងវិញ​ថា ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ទសវត្ស​ឆ្នាំ​​​១៩៦០ អាមេរិក​និង​រុស្ស៊ី​បាន​ប្រកួតប្រជែង​គ្នា​​ក្នុង​ផ្នែក​ដែនអវកាស​ ​​ធ្វើអោយ​​គេ​ប្រើពាក្យថា យោធូបនីយកម្ម​ដែន​អវកាស​ ពោលគឺ​​សំដៅ​លើ​ការ​បញ្ជូន​​ផ្កាយរណប​ស៊ើបការណ៍សំងាត់​ ទៅ​អវកាស។ ប្រឈម​នឹង​​ការ​គំរាម​កំហែង​​នៃ​មីស៊ីល​អន្តរទ្វីប​ ប្រទេស​ជាច្រើន​បានសម្រេច​​​បង្កើត​នូវ​បច្ចេកទេស​ការពារ​ប្រឆាំង​មីស៊ីល។ ​ទន្ទឹម​នេះ​ដែរ ​​ប្រភេទ​មីស៊ីល​ប្រឆាំង​ផ្កាយរណប​ក៏​បាន​លេច​​វត្តមាន​ផងដែរ។ គួរ​បញ្ជាក់​ដែរ​ថា ​​ថវិកា​ប្រើ​សម្រាប់​ផ្នែក​អវកាស​ពិភពលោក​៥០ភាគរយ ត្រូវ​បាន​​ចំណាយ​ក្នុង​វិស័យ​យោធា ក្នុង​នោះ គិត​ក្នុង​ឆ្នាំ​២០១០ ​សហរដ្ឋ​អាមេរិក​​មាន​ថវិកា​ខ្លួន​​​ដល់ទៅ​៩០ភាគរយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ