អានតួអត្ថបទ
ចិន

តំបន់​ស៊ីនជាំងរបស់​ចិន​ស្គាល់​ការ​វាយប្រហារ​ដោយ​កាំបិតថ្មីទៀត​​ ស្លាប់​និង​របួស​មនុស្សជា​ច្រើន​នាក់

នៅ​ថ្ងៃ​ចន្ទ​ទី ២៨ កក្កដា មាន​ការប៉ះទង្គិច​​​យ៉ាង​ហិង្សា​ នៅ​តំបន់​ស៊ីនជាំង ភាគ​ពាយ័ព្យ​ប្រទេស​ចិន ដែល​មាន​បណ្តា​ជន​ភាគ​ច្រើន​ជា​ជនជាតិ​អ៊ុយហ្គួរ​​កាន់​សាសនា​អ៊ីស្លាម​។ ការ​ប៉ះទង្គិច​ បាន​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​និង​របួស រាប់​រយ​នាក់។ នេះ​បើ​តាម​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អ៊ុយហ្គួរ ប៉ុន្តែ​បើ​ប្រភព​ព័ត៌មាន​ផ្លូវការ​ចិន ដែល​ទើប​ទម្លាយ​ដំណឹង​ជា​សាធារណៈ​នៅ​យប់ថ្ងៃអង្គារ​ម្សិលមិញ កម្លាំង​ប៉ូលិស បាន​បង្ក្រាប​ជន​​កាន់​កាំបិតដើរ​ចាក់គេ​ចាក់​ឯង​ និង​មាន​ស្លាប់​តែ​​ ជាង​ដប់​នាក់ប៉ុណ្ណោះ។

កម្លាំង​ប៉ូលិស​រក្សា​សន្ថិសុខ​ដ៏​សន្ធឹក​សន្ធាប់​នៅ​តំបន់​ Xinjiang ដែល​មាន​ប្រជាជន​ភាគ​ច្រើន​កាន់​សាសនា​អ៊ីស្លាម
កម្លាំង​ប៉ូលិស​រក្សា​សន្ថិសុខ​ដ៏​សន្ធឹក​សន្ធាប់​នៅ​តំបន់​ Xinjiang ដែល​មាន​ប្រជាជន​ភាគ​ច្រើន​កាន់​សាសនា​អ៊ីស្លាម CHINA OUT AFP PHOTO
ផ្សាយពាណិជ្ជកម្ម

តើ​តុល្យការ​ពិត​នៃ​ចំនួន​មនុស្ស​ស្លាប់​និង​របួស​ មាន​ប៉ុន្មាន ? អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​អ៊ុយហ្គួរ បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​ក្រុង​ប៉េកាំង បញ្ឈប់​សកម្មភាព​បិទ​ខ្ទប់​ព័ត៌មាន​ពិត​ ដែល​មាន​កើត​ឡើង​នៅ​សង្កាត់ Shache និង​ដែល​អាជ្ញាធរចិន​អាច​មាន​ចំណែក​ទទួល​ខុស​ត្រូវ​​ក្នុង​អំពើ​ហិង្សា​នេះ​ដែរ។ តំណាង​អ៊ុយហ្គួរនៅ​អាល្លឺម៉ង់ បាន​ទាមទារ​ជាពិសេស​ឱ្យ​មាន​ការ​អង្កេត​ឯករាជ្យ​មួយ។

 

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ចន្ទទី ២៨ កក្កដា មាន​​ការ​​វាយប្រហារ​ ចូល​ទីស្នាក់​ការ​ប៉ូលិស និង​អគារ​រដ្ឋ​  ពី​សំណាក់​ក្រុម​មនុស្ស​កាន់​កាំបិត​  សំដៅ​ចាក់​ជនស៊ីវិល និង​បំផ្លាញ​យានយន្តមក ទើប​ប៉ូលិស បានចេញ​ធ្វើ​អន្តរាគមន៍​បង្ក្រាប ​កម្ចាត់​ជន​វាយ​លុក​បាន​​ជាង​១០​នាក់​មែន (រាប់​ទាំង​ជនជាតិ​ចិន​ ហាន និង ជនជាតិ​ភាគតិច​អ៊ុយហ្គួរ)! នេះ​បើ​តាម​ព័ត៌មាន​ដែល​មាន​ផ្សព្វផ្សាយ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ដោយ ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ ចិន​ថ្មី ដែល​លើក​ឡើង​ពីករណី​ វាយប្រហារ​ភេរវកម្ម​ដោយ​គិត​ទុក​ជា​មុន។

ហេតុការ​ហិង្សា​ចាក់សម្លាប់​គ្នា​នេះ កើត​ឡើង​​ចំ​ថ្ងៃ​បិទ​បញ្ចប់​ពិធី​តម​អាហារ ក្នុង​សាសនា​អ៊ីស្លាម និង​បន្ទាប់ពី​ភេរវកម្ម​អត្តឃាត កណ្តាល​ផ្សារ​ក្រុង​Urumqi កាលពី​ខែ​ឧសភា ដែល​បាន​បង្ក​ឱ្យ​ស្លាប់​៤៣​នាក់ និង​របួស​ជាង​មួយ​រយ​នាក់។ ជា​ប្រតិកម្ម ក្រុង​ប៉េកាំង បាន​ប្រកាស​បើក​យុទ្ធ​នាការ​​ប្រឆាំង​នឹង​ភេរវជន​ ដោយ​មាន​ការ​កាត់​ទោស​ប្រហារជីវិត​ជន​ជាតិអ៊ុយហ្គួរ​យ៉ាង​១៣​នាក់។

នៅ​ស៊ីនជាំង​ មាន​បណ្តា​ជន​ភាគ​ច្រើន​ជា​ជនជាតិ​អ៊ុយហ្គួរ សរុប​ជាង​៩​លាន​នាក់ កាន់​សាសនា​អ៊ីស្លាម ដើម​កំណើត​តួកគី ច្រើន​ជា​អ្នក​ជ្រុល​និយម ដែល​បើ​តាម​អាជ្ញាធរ​​ក្រុង​ប៉េកាំង​ ជា​ប្រភព​បង្ក​ភេរវកម្ម​ទាំង​ឡាយ​ចុង​ក្រោយ នៅ​ក្នុង​តំបន់ នៅ​ក្នុង​ផ្ទៃ​ប្រទេស​ផ្សេង​ទៀត។ ប៉ុន្តែ​សម្រាប់​អង្គការ​ការពារសិទ្ធិមនុស្ស គឺ​ដោយ​ហេតុ​តែ​នយោបាយ​គាប​សង្កត់ បំបិទ​សេរីភាព​ សាសានា វប្បធម៌​ជនជាតិ​ភាគ​តិច ទើប​មាន​ភាព​តាន​តឹង និង​ហិង្សា​ធំធាត់​ឡើង​នៅ​ស៊ីនជាំង​យ៉ាង​ដូច្នេះ។ អាជ្ញាធរ​ចិនបាន​ដាក់​កំហិត​យ៉ាង​ខ្លាំង​លើ​បណ្តាជន​អ៊ីស្លាម​នៅ​ស៊ីនជាំង​មិន​ឱ្យ​មាន​លទ្ធភាព​បួស​អត់​អាហារ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ