អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ដង្ហើម​សេដ្ឋកិច្ច​ចិន ធ្លាក់​ចុះ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល សម្រាប់​ខែ​កក្កដា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃអង្គារ ទី​១៥សីហា  អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​វាយ​តម្លៃថា ដង្ហើម​សេដ្ឋកិច្ច​ចិន  សម្រាប់​ខែ​កក្កដា​កន្លង​ទៅ​នេះ គឺ​មាន​ការ​​ធ្លាក់​ចុះ​ ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ ការ​ចុះ​ខ្សោយសេដ្ឋកិច្ច​បន្តិ​ច​ នៅ​ពេល​នេះ​ គឺបាន​អូស​បន្លាយ​តាំង​ពី​ដើម​ឆ្នាំ​២០១៨​មក​ម្ល៉េះ​។ តើ​មាន​មូលហេតុ​អ្វីខ្លះ ដែលសេដ្ឋកិច្ច​ចិន​កំពុង​ប្រឈម?​

ស្ថាប័ន​រូបិយ​វត្ថុអន្តរជាតិ​ FMI បានចេញ​​យោបល់​ជំរុញឲ្យ​ រដ្ឋ​អំណាច​ក្រុង​ប៉េកាំង កាត់​បន្ថយ​ប្រាក់​កម្ចី​ឥណទានទាំង​ឡាយ​ដែល​អាច​បង្កហានិភ័យ។
ស្ថាប័ន​រូបិយ​វត្ថុអន្តរជាតិ​ FMI បានចេញ​​យោបល់​ជំរុញឲ្យ​ រដ្ឋ​អំណាច​ក្រុង​ប៉េកាំង កាត់​បន្ថយ​ប្រាក់​កម្ចី​ឥណទានទាំង​ឡាយ​ដែល​អាច​បង្កហានិភ័យ។ Reuters
ផ្សាយពាណិជ្ជកម្ម

សេដ្ឋកិច្ច​វិទូ ជា​ច្រើនដែល​ឈរ​ជើង​នៅ​ប៉េកាំង​ និង​នៅ​ស្ថាប័ន​បស្ចិ​ម​លោកក្តី​ គឺសុទ្ធតែ​មូល​មាត់​គ្នា ចង្អុល​បង្ហាញថា ដង្ហើមសេដ្ឋកិច្ចចិន គឺ​ពិត​ជា​មាន​ការ​ធ្លាក់ចុះបន្តិច​បន្តួច​មែន រាប់​ចាប់​តាំង​ពី​ដើម​ខែមករា រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ២០១៨ ហើយ​ការ​ស្រុត​ចុះ​ខ្សោយ សម្រាប់ខែកក្កដាទៅថ្មីៗ​​នេះ​ គឺ​​គួរ​ឲ្យភ្ញាក់ផ្អើល​ និង​មិនធ្លាប់​មានទេ នៅ​ក្នុង​រយៈ​កាល​ពីរ​ទសវត្សរ៍ចុង​ក្រោយនេះ​​។

មូល​ហេតុ៤ នៃការ​ស្រុត​ចុះ​សេដ្ឋកិច្ច​ចិន​(បន្តិច)នៅពេល​នេះ

ហោចណាស់​ ​មាន​មូល​ហេតុ​៤យ៉ាងតិច ដើម្បី​ពន្យល់​ពីការ​ធ្លាក់​ចុះ​ សេដ្ឋកិច្ច​បន្តិចរបស់​ចិន​​នៅពេលនេះ​។ ទី​១ គឺ​មក​ពី​ការ​ផលិត​ក្នុង​វិស័យ​ឧស្សាហកម្ម ធ្លាក់​ស្រុតថម​ថយ​​បន្តិច។ ពោល​គឺ​​ការ​ផលិត​បាន​តិច​ជាង​ការ​រំពឹង​ទុក ក្នុង​ខែ​កក្កដា​។ បញ្ហា​ទី២ អត្រា​វិនិយោគ​ក្នុងស្រុក បានធ្លាក់​​ចុះ​ គួរ​ឲ្យ​ភ្ញាក់ផ្អើល​​ដែល​មិន​ធ្លាប់​មានទេ​​ បើសេដ្ឋវិទូបាន​កត់​ចំណាំ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦មក។ មូលហេតុ​ទី​៣ មកពីការ​បញ្ជា​កុម្ម៉ង់​ទិញ​ទំនិញ​​ពី​ក្រៅ​ស្រុក មាន​តិច​តួច​ជាង​ធម្មតា​ ហើយវិបត្តិ​ទី៤នោះ គឺ​ដោយ​សាររង​ផល​ប៉ះពាល់​ខ្លះ​​ដែរ ពី​ការ​ប្រឈម​មុខ​គ្នា​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ រវាងមហាយក្សសេដ្ឋកិច្ច​ពីរ នោះគឺ​ចិនខ្លួន​ឯង​​និង​អាមេរិក។

សញ្ញាណ​ធ្លាក់​ចុះ​លុយ​យ័ន​របស់​​ចិន គឺ​ជាការ​ធុំ​ក្លិន​ឈ្ងៀម​នៃ​ផ្សែង​របស់​សង្គ្រាម​ពាណិជ្ជកម្ម។ សូម​ជ្រាបថា ​ក្នុង​បរិបទ​នៃ​ទំនាស់​ពាណិជ្ជកម្ម តាមរយៈ​ការ​ដំឡើង​ពន្ធគយដាក់​​គ្នាទៅវិញ​ទៅមក គឺ​បាន​ធ្វើ​ឲ្យ​ប្រាក់​យ័នចិន​ បាន​ធ្លាក់​ចុះ ​នៅ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។ នេះ​ជាការ​មើល​ឃើញ​របស់​ការិយាល័យ​ជាតិ​ស្ថិតិ​ចិនដែរ​ (Bureau national des statistiques)​។

ក្នុង​បរិបទ​នៃសង្គ្រាម​ពាណិជ្ជកម្មនេះ ពលរដ្ឋ​ចិន​ បាន​ផ្តើម​ឆន្ទៈដោយ​ខ្លួន​ឯង​ ​ធ្វើ​ពហិការ​នៅ​ស្រុក​ ឈប់​ទិញ​ទំនិញ​របស់​អាមេរិក។ បើ​តាម​ការ​ស៊ើប​សួរ​ពលរដ្ឋ​ចិន ពី​សំណាក់​ភ្នាក់​ងារ​អ្នក​កាសែត​អង់គ្លេស Reuters, ក្នុង​ចំណោមពលរដ្ឋ​ចិន​បីនាក់ ​គឺមាន​ម្នាក់ បាន​ឈប់​ទិញ​ផលិត​ផល​របស់​អាមេរិក​។ ឆន្ទៈ​ជាតិ​និយម​របស់​ពលរដ្ឋ​ចិន​បែបនេះ ក៏​វា​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ចិនខ្លួន​ឯង​​ខ្លះ​ដែរ។ ដ្បិត​ថា​ ទី១ គឺធ្វើ​ឲ្យ​​មិន​សូវ​មាន​លំហូរ​នៃការ​​ចាយ​វាយ​ផ្សេងៗ ហើយ​ទី២ ក៏បា​នប៉ះពាល់​ដល់​ផលិតទំនិញ​ពាក់​ស្លាក​យីហោ​​​ម៉ាក់​អាមេរិក​មែន តែ​វា​បាន​ផលិត​ដោយ​កម្មករ​ចិន​ ក្នុង​ស្រុក​ខ្លួន​ឯង​សោះ។​

យុទ្ធនាការ​កាត់​បន្ថយ​ផ្សែង​ពុល ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ចិន

ងាក​មក​មើល ការ​ផលិតផ្នែក​​ឧស្សាហកម្ម​ស្រុតធ្លាក់វិញ​។ ​ មួយ​ផ្នែក​ធំ​គឺព្រោះ​តែ​​នយោបាយកាត់បន្ថយ​ការ​បំពុលបរិស្ថាន។ ក្នុង​យុទ្ធនាការ​នេះ រដ្ឋាភិបាល​ចិន បា​នបិទ​រោងចក្រនិង​តំបន់​ឧស្សាហកម្ម​អស់​ជា​ច្រើន​។​ ឆន្ទៈ​នយោបាយ​របស់​ថ្នាក់​ដឹកនាំ​ចិន ក្នុង​ការ​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​បំពុល​បរិយាកាស​ និង​ជួយ​ស្រោច​ស្រង់​បរិស្ថាន​ផែន​ដី គឺជា​រឿង​ល្អ តែ​វា​ក៏​បាន​ទាញ​ឲ្យ​សេដ្ឋកិច្ចអន់ថយបន្តិច​ដែរ។ ដ្បិត​ថា ការ​​កំណត់​ឲ្យ​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សេងពុល វា​ធ្វើ​ឲ្យម៉ាស៊ីន​​ឧស្សាហកម្ម ក៏​មិន​សូវ​ដើរ​ដូ​ចមុន​​ ហើយ ​ផលិត​កម្ម​ ក៏​ត្រូវ​ថម​ថយដែរ​​។

ម្យ៉ាង​វិញទៀត រដ្ឋ​អំណាច​ចិន រវល់​តែ​ជាប់​ដៃ​ខ្លាំង​ ខាង​ចំណាយ​ទៅលើ​ការ​សាងសង់​ផ្លូវ​ដែក ​ផ្លូវ​ថ្នល់ ហើយធនាគារ​ជាតិ​ចិន ក៏​គិត​តែ​ពី​ផ្តល់​ប្រាក់​កម្មី​ ឲ្យ​ចំពោះ​តែ​ក្រុម​ហ៊ុន​ធំៗ ដែល​រកស៊ី​ផ្នែកសំណង់​ទាំង​​នេះ ដោយ​មិន​សូវបា​នគិត​គូរ​ដល់​សហគ្រាស​ធន​តូចនិង​មធ្យម ឬ​ក៏​ក្រុម​ហ៊ុន​ខ្នាត​តូចៗ ឲ្យ​បាន​សម​រម្យ​នោះ​ទេ​។​ ចំណុច​នេះ ក៏​ត្រូវ​អ្នក​ជំនាញចង្អុល​​បង្ហាញ​ថា​វា​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​។  ស្ថាប័ន​រូបិយ​វត្ថុអន្តរជាតិ​ FMI បានចេញ​​យោបល់​ជំរុញឲ្យ​ រដ្ឋ​អំណាច​ក្រុង​ប៉េកាំង កាត់​បន្ថយ​ប្រាក់​កម្ចី​ឥណទាន​ទាំង​ឡាយ​ដែល​អាច​បង្កហានិភ័យ។

ចិន​អាចត្រូវ​ការ​ពេល​ច្រើន​ខែ ដើម្បី​ស្តារ​សុខភាព​សេដ្ឋកិច្ច​

បើ​ផ្អែក​តាម​ស្ថានភាព​បច្ចុប្បន្ន​ និងតាម​​​រយៈកត្តាបញ្ហា​ជារួម ​ដែល​បាន​រៀប​រាប់​មក​​ទាំង​អស់​នេះ អ្នក​ជំនាញ ​អាច​វាយ​តម្លៃ​បាន​​ថា សុខភាព​សេដ្ឋកិច្ច​ចិន អាច​នឹង​បន្ត​ជួប​ការ​លំបាក​បន្តិច ហើយ​ត្រូវការ​ពេល​ជា​ច្រើន​ខែទៀត​ដែរ ទម្រាំអាច​ស្តារ ឬ​​ព្យាបាលសុខភាព​ ឲ្យ​បាន​គ្រាន់​បើជាង​វិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ