ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT

សំណុំរឿងអ៊ុយហ្គួរ៖ អង្គការក្រៅរដ្ឋាភិបាល អំពាវនាវឲ្យ សហគមន៍អន្តរជាតិ មានចាត់ការចិន

សំណុំរឿងអ៊ុយហ្គួរ៖ អង្គការក្រៅរដ្ឋាភិបាល អំពាវនាវឲ្យ សហគមន៍អន្តរជាតិ មានចាត់ការចិន
 
នៅ​តំបន់​ស៊ីន​ជាំង ប៉ូលីសចិន ដើរ​ល្បាតនៅ​វិហារអ៊ីស្លាម កាលពីខែ​មិថុនា​ ២០១៧ AFP

អង្គការក្រៅរដ្ឋាភិបាល អំពាវនាវឲ្យសហគមន៍អន្តរជាតិមានចំណាត់ការចំពោះចិន ក្នុងសំណុំរឿងចាប់ឃុំខ្លួនជនជាតិអ៊ុយហ្គួរ ក្នុងជំរំលត់ដំ។ ជន​ជាតិ​អ៊ុយ​ហ្គួរ មាន​ច្រើន​ជាង​១០លាន​នាក់ ដែល​កំពុង​រស់​នៅ​តំបន់​ស៊ីន​ជាំង ហើយ​ក្នុង​ចំណោម​នោះ គឺមា​នសេចក្តីរាយការណ៍ថ្មីៗ​ បញ្ជាក់​ថា អាជ្ញាធរ​ចិន​ បាន​ចាប់​ឃុំ​ពួក​អ៊ុយហ្គួរ​ជាង​១លាន​នាក់ ក្នុង​ជំរំ​សម្ងាត់​ ដើម្បីអប់រំលត់​ដំ ព្រ​មទាំង​បង្រៀន​មនោគមវិជ្ជានយោបាយ​​និង​ភាសា​ចិន។ ​

តើអង្គការមិន​មែន​រដ្ឋាភិបាល ​​សំអាង​លើ​ភស្តុតាង​អ្វីខ្លះ ដែល​ហ៊ាន​ចោទ​អាជ្ញាធរ​ចិន​យ៉ាង​ដូច្នេះ ?​

អង្គការ​ដែល​ចេញ​មុខ​អំពាវវនា​វឲ្យ ​សហគម​ន៍​អន្តរជាតិ​ មាន​ចំណាត់​ការ​ចំពោះ​ប្រទេស​​ចិននេះ គឺ​នាំអាទិ៍​គេ​ដោយ អង្គការ​ការ​ពារសិទ្ធិមនុស្ស​ Human Right Watch ។ ក៏ប៉ុន្តែ មិនមែន​មាន័យថា មាន​តែ​អង្គការ​មួយ​នេះទេ ដែល​ចង្អុរ​មុខរដ្ឋ​អំណាច​​ចិន ថា​បាន​ចាប់​ឃុំ​ជន​ជាតិ​អ៊ុយហ្គ័រ​នោះ។ មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ជា​ច្រើន​ ដែល​កំពុង​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​នៅស្រុក​ចិន ព្រ​មទាំង​ភ្នាក់​ងារ​របស់​អង្គការ​សហប្រជាជាតិផង សុទ្ធតែ​មាន​របាយការណ៍​ដែល​អាចជឿទុក​ចិត្ត​បាន និងដែល​បញ្ជាក់ថា អាជ្ញាធរ​ចិន ពិត​ជា​បាន​ ចាប់​ពួក​អ៊ុយហ្គ័រ​ មិន​តិច​ជាង​១លាន​នាក់ទេ ដាក់​ក្នុង​ជំរំ​លត់​ដំ និង​បង្ខំ​ឲ្យ​រៀន​សូត្រ​ឡើងវិញ​។

នៅថ្ងៃនេះ  អង្គការ​ការ​ពារសិទ្ធិមនុស្ស​ Human Right Watch បាន​ចេញ​​របាយការណ៍ដោយ​បង្ហាញពី​សក្ខីកម្ម​របស់​ជន​ជាតិ​អ៊ុយហ្គួរមួយ​ចំនួន​​។  បុរស​ម្នាក់ដែល​សុំ​ចេញ​​ឈ្មោះត្រឹមតែ​ Ehmet  បាន​ផ្តល់​សក្ខីកម្មថា ​កងកម្លាំងអាជ្ញាធរចិន បានចាប់​​ជម្រិត​សួរ​ចម្លើយរូប​គេ បួន​ថ្ងៃបួនយប់ ​គ្មាន​​អនុញ្ញាត​ឲ្យ​សម្រាក​ដេក​ពួន​ស្អីទេ។ បុរស​រូប​នេះ​ បាន​ត្រូ​វ​គេ​ចងជាប់​​នៅ​កៅអី​ដេក​។

ចំណែក​បុរស​ម្នាក់ទៀត​ ឈ្មោះ Erkin បាន​និយាយថា រូប​គេ​ត្រូវ​អាជ្ញាធរ​ចិន យក​ទៅ​ដាក់​ឃុំ​ឃាំង​នៅ​ដាច់​ដោយឡែក ក្នុង​បន្ទប់តូច​មួយ ​មាន​កម្ពស់​ត្រឹម​១ម៉ែត្រ​៨០ ហើយ​ទទឹង ​ត្រឹម​៨សង់ទីម៉ែត្រ​តែប៉ុណ្ណោះ​ ស្ទើរតែ​រើខ្លួន ក៏​ពុំ​បាន​ផង។ ហើយ​ទីនោះ នៅ​ពេល​ខែ​រដូវ​​ត្រជាក់ គឺ​រងាយក​តែ​មែន​ទែន។ ក៏ប៉ុន្តែ ​ពួក​ឆ្មាំគុក ​ថែម​ទាំង​ជះទឹក​ទៅលើ​រូប​គេ​ថែមទៀត​ផង​។

ដោយយោង​តាម​សក្តីកម្ម​ទាំង​នេះ និង​ការ​ស៊ើប​អង្កេត​ផ្សេងៗទៀត នាយិកាអង្គការ​ការ​ពារសិទ្ធិមនុស្ស​ Human Right Watch ប្រ​ចាំ​ប្រទេស​ចិន លោកស្រី Sophie Richarsdson បាន​អះអាងថា ចិន​បាន​រំលោភសិទ្ធិមនុស្សយ៉ាង​​ធ្ងន់ធ្ងរ ដែល​មិន​ធ្លាប់​មាន​ទេ នាប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។ ហេតុ​ដូច្នេះហើយ ទើប​លោកស្រីសុំ​អំពាវវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ និង​រដ្ឋាភិបាល​បរទេស​ទាំង​ឡាយ​ ត្រូវមាន​ចំណាត់​ការ​ចំពោះ​ករណី​ប្រទេស​ចិន​នេះ។

អាជ្ញាធរចិន គឺកន្លង​មក​តែងតែ​ច្រាល​ចោលរាល់​​ការ​ចោទ​ប្រកាន់​ទាំងឡាយ។ ក៏ប៉ុន្តែ នៅលើកនេះ រដ្ឋអំណាច​ចិន មា​នមូលដ្ឋាន​អ្វី​សម្រាប់​ពន្យល់​​សហគម​ន៍​អន្តរជាតិ?

ជា​ប្រតិកម្ម​ភ្លាមៗ ពី​រដ្ឋអំណាច​ចិន គឺគេ​នៅ​មិនទាន់​មានទទួល​​ការ​បកស្រាយ​ពន្យល់​អ្វី​ថ្មីទេ។ ក៏ប៉ុន្តែ កាលពីពាក់កណ្តាល​ខែ​តុលាកន្លងទៅ​​នេះ កាសែត​រដ្ឋ​ចិន បាន​សរសេរ​សេចក្តីពន្យល់​យ៉ាង​ក្បោះក្បាយ ចំពោះ​ករណី​រឿង​ជនជាតិ​អ៊ុយ​ហ្គួរ​។ ការ​ពន្យល់​របស់​កាសែត​រដ្ឋ​​ចិន​ ពេល​នោះ គឺ​ឆ្លើយ​ត​ប​ទៅសមាជិក​របស់​គណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែល​បាន​លើកឡើង​ថា «ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុម​សាសនា​ជ្រុល​និយម និង​យុទ្ធនាការ​រក្សា​សណ្តាប់​សង្គម​ អាជ្ញាធរ​ចិនបាន​ចាប់​ឃុំ​ខ្លួន​ក្រុមជនជាតិ​​អ៊ុយហ្គួរ ​កាន់​សាសនា​អ៊ីស្លាម​ជា​ច្រើននាក់​ ហើយ​ចិន​ទំនង​​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​តំបន់​ស្វ័យតស៊ីនជាំង​ ​ដែល​ពួក​អ៊ុយហ្គួរ​រស់​នៅ ឲ្យ​ទៅ​ជា​ទី​តំបន់​មួយ ​គ្មាន​សិទ្ធិសេរីភាព​ទាល់តែ​សោះ។»

តាមការ​ស៊ើប​អង្កេត​បន្ថែមរបស់​​អង្គការ​សិទ្ធិ​មនុស្ស​ ដែល​កំពុង​ធ្វើ​ការងារ​នៅ​ស្រុក​ចិន  គឺគ្រាន់តែ១២ខែ​ចុងក្រោយ​នេះ គឺ ជនជាតិ​អ៊ុយហ្គួរ ប្រមាណ​២០ភាគរយ  ប្រមាណ​ជាង​២លាន​នាក់ រួម​ទាំងអ្នក​កាន់​សាសនា​អ៊ីស្លាម ដែល​ជា​ជន​ភាគ​តិច  និង​ដែលរស់​នៅ​តំបន់​ស៊ីនចាំង គឺបាន​​ត្រូវ​អាជ្ញាធរ​ចិន ចាប់ខ្លួន​​ឬ​បង្ខំ​ឲ្យ​ចូលក្នុង​​”ជំរំ​អប់រំ​នយោបាយ​”។ ហើយ​​បើ​តាម​ការ​សាកសួរ​របស់​អ្នក​កាសែត​AFP នៅក្នុងភូមិ​មួយ​នៃតំបន់​ស៊ីន​ជាំង​នេះគឺមាន​​យុវជន​អ៊ុយហ្គ័រ ជាង​២០ភាគ ត្រូវ​ចាប់ខ្លួន​។ ចំណែក​បញ្ញវន្ត​ជន​ជាតិ​អ៊ុយហ្គួរ​ ដែល​ទើបតែ​ត្រឡប់​មកពី​រៀន​នៅ​ប្រទេស​តួកទីនិ​ង​អេហ្ស៊ីប​ ដែល​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​វិញ គឺក៏​ត្រូវ​​រដ្ឋអំណាច​ចិន​ចាប់​ខ្លួនដែរ​។ ពោលគឺ​យ៉ាង​ហោច មាន​​និស្សិត​អ៊ុយហ្គួរ​ជាង​១០០នាក់ ត្រូវ​ឃុំ​ខ្លួន ហើយ​ក្នុង​ចំណោមពួកគេ អ្នក​ខ្លះ ក៏​ត្រូវ​បាត់​បង់​ជីវិតក្នុង​មន្ទីរ​ឃុំឃាំង​​ផង។

ចំពោះ​ចំណុចទាំង​នេះ រដ្ឋ​អំណាច​ចិន ធ្លាប់​បាន​ពន្យល់ថា គោល​នយោបាយ​របស់​របបក្រុង​ប៉េកាំង សម្រាប់​ការ​គ្រប់គ្រង​តំបន់​ស៊ីន​ជាំង គឺ​ធ្វើ​យ៉ាងណា បញ្ជៀស​តំបន់នេះ កុំ​ឲ្យ​ក្លាយ​ជា​ ស៊ីរីថ្មី ឬលីប៊ីថ្មី។ ប្រទេស​ស៊ីរី ឬលីប៊ី គឺកំពុង​តែ​រងការ​ញាំញី​ដោយ​ភ្នក់​ភ្លើង​សង្គ្រាម និង​អំពើ​ភេរវកម្ម​សម្លាប់​មនុស្ស​។ រដ្ឋអំណាច​ចិន គឺ​មិន​ចង់​ឃើញ​តំបន់​ស៊ីន​ជាំងរបស់ខ្លួន ក្លាយទៅជា​ទីលាន​កាប់​សម្លាប់​មនុស្សដូច្នេះទេ។ ថែមពីនេះ កាសែត​រដ្ឋ​ចិន បាន​វាយ​បកថា អ្នក​នយោបាយ​បច្ចិមលោក កាសែត​បរទេស និង​អាមេរិក គឺតែង​​ចោទ​ចិនថា រំលោភ​សិទ្ធិមនុស្ស​នៅ​ស៊ីនជាំង ក៏ប៉ុន្តែ បំណង​អាក្រក់​របស់​ពួក​គេ គឺចង់​​ទុកឲ្យ​តំបន់នេះ ដុះ​ពន្លក​រីកលូត​លាស់​កាន់តែ​ធំ នូ​វ​ក្រុម​ភេរវជន​ ដែល​អាច​នឹង​គំរាម​កំហែង​ទៅ​ដល់​សន្តិសុខ​សុវត្ថិភាព ព្រម​ទាំង​ស្ថិរភាព​ក្នុ​ងតំបន់។​

ដើម្បី​បញ្ជៀស​ការ​គំរាម​កំហែង រដ្ឋអំណាច​ចិន ត្រូវ​ធ្វើ​សកម្មភាព​ ពេលខ្លះ ជា​ធម៌ក្តៅផង​។ ឬគេ​អាច​និយាថា​ចង់​អូសទាញផង​ ឬ​លត់​ដំផង​ ក្រុម​ជាតិ​ពន្ធុអ៊ុយហ្គ័រ ដែល​និយាយ​ប្រើប្រាស់​ភាសា​អ៊ីស្លាម ឲ្យ​មក​រៀន​ភាសា​ចិន និង​រៀន​ឈ្វេង​យល់​ពី​មនោវិជ្ជានយោបាយ​ចិន។

ការ​អនុវត្ត​គោនយោបាយ​របស់​រដ្ឋ​អំណាច​ចិន ដែលពេល​ខ្លះ បាន​ធ្វើ​​ប៉ះពាល់​ដល់​សិទ្ធិ​និង​អាយុជីវិត​មនុស្ស​ហើយ​ដូច្នេះ ទើប​បាន​ជា​មានការ​មិន​យល់​ស្របគ្នា និង​បង្ក​ជា​បញ្ហា​ចោទ​គ្នា​ទៅវិញទៅមក រវាង​អង្គការ​ការ​ពារ​សិទ្ធិម​នុស្ស​និង​អាជ្ញាធរ​ចិន​​។

​ចិន​ខ្លាចក្រែង​​ក្រុម​ជនជាតិ​អ៊ុយហ្គួរ វិវត្តខ្លួនទៅ​​ជា​ក្រុម​ភេរវជន ឬជា​ក្រុម​ឧទ្ទាម​។ តើ​មែនទេ?

រដ្ឋអំណាច​ចិន ព្រួយបែបនេះ​ ​ដ្បិត​ថា ក្រុម​ជនជាតិ​អ៊ុយហ្គួរ ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ហើយ​តំបន់​ស៊ីន​ជាំង​ ​ដែល​ពួក​គេ​រស់​នៅនោះ​ គឺជាប់​ក្បែរ​​ព្រំដែន​ប្រទេស​​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន ដែល​សុទ្ធតែ​ជង្រុកនៃ​បណ្តាញ​​ភេរនិយម។ នាពេល​កន្លង​មក ជនជាតិ​អ៊ុយហ្គួ​រ ក៏​បាន​រត់​ចេញពី​តំបន់ និង​បាន​ចូល​ដៃ​ជាមួយ​ភេរវជន​ខ្លះដែរមកហើយ។​ ​កាល​ពីខែឧសភា​​ឆ្នាំ​២០១៧ ឯកអគ្គរដ្ឋទូត​ស៊ីរី​ប្រចាំ​ប្រទេស​ចិន​ ទើប​បាន​អះអាង​ថា ជនជាតិ​ភាគ​តិច​អ៊ុយហ្គួរ​ ចំនួន​ពី ៤ ០០០ ​ទៅ​ ៥ ០០០​នាក់ ​មក​ពី​តំបន់​ Xingjiang  ​ភាគ​ខាង​លិច​នៃ​ប្រទេស​ចិន គឺ​កំពុងចូល​ដៃ​ក្នុង​ក្រុម​​ពួក​ឧទ្ទាម​ផ្សេង​ៗ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​នៅ​ក្នុង​ប្រទេស​ស៊ីរី​។ ករណី​ជាក់​ស្តែង​មួយ​ទៀត ដូច​យើង​ធ្លាប់​បាន​ដឹង​រួចមកហើយ កាលពី​អំពើភេរ​វកម្ម នៅក្រុង​​អ៊ីស្តង់ប៊ូល សម្លាប់​មនុស្សជិត​៤០ កាលពី​ឆ្នាំ​២០១៧  គេ​ចាប់​បាន​ជន​ដៃ​ដល់​ ដែល​ពីរនាក់ គឺជា​ជនជាតិ​ភាគ​តិច​អ៊ុយហ្គួរ ដែល​រត់​ចេញពី​តំបន់​ស៊ីនជាំង​​នេះឯង​។

តែ​យ៉ាងណាក៏ដោយ​សោភណ! គេ​មិន​អាច​ចោទ​ជា​ទូទៅថា ​ជនជាតិ​ភាគ​តិច​អ៊ុយហ្គួរទាំងអស់​​ ដែល​កាន់​សាសនា​អ៊ីស្លាម​  គឺ​សុទ្ធសឹងតែ​ជា​ជនបង្ក​​គ្រោះថ្នាក់ ឬក៏​​ជាភេរវជន​ នោះទេ​។ ការ​គិត​ដូច្នេះ គឺ​ខុស​ធ្ងន់ណាស់​ និង​ជាការ​រើស​អើង​ប្រកាន់​ពូជសាសន៍​ខ្លាំងណាស់។

ក៏ប៉ុន្តែ ម្យ៉ាងវិញទៀត គេ​ក៏ត្រូវ​គិត​ដែរថា​ ការ​ចាប់​ឃុំ​ខ្លួន រឹត​បណ្តឹងតឹងតែងពេក ពី​សំណាក់​អាជ្ញាធរ​ចិន​ គឺ​វា​អាច​បណ្តាលឲ្យ​មាន​ផ្ទុះ​ការ​តវ៉ា ឬការ​រើបម្រាស់។ ហើយ​ដោយសារតែ​ខ្លាច​ការ​បះបោរ​ជាយថាហេតុ​ណាមួយ, រដ្ឋអំណាច​ចិន គឺ​ពឺត​​តែ​ពី​សង្កត់​ក​ពួក​ក្រុម​ជន​ជាតិជនជាតិ​អ៊ុយហ្គួរ​នេះ ខ្លាំង​សម្បើមឡើង​ថែមទៀត​។ មើលទៅ រឿងនេះ គឺ​មិនងាយ​នឹង​បាន​ធូរ​ស្រាល​ឡើយ៕​


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ចិន

    UNHR ៖ ចិនបានចាប់ឃុំឃាំង ជនជាតិអ៊ុយហ្គួរ ជាងមួយលាននាក់ នៅក្នុងជំរំសម្ងាត់

    ស្វែងយល់បន្ថែម

  • ចិន-ស៊ីរី​-ជនជាតិ​​ភាគ​តិច​អ៊ុយហ្គួរ​​

    ជនជាតិ​អ៊ុយហ្គួរ​​ពី​៤០០០​ទៅ​៥០០០​នាក់​មក​ពី​ប្រទេស​ចិន​ ​កំពុង​​​ប្រយុទ្ធ​ប្រឆាំង​​​​នៅក្នុងប្រទេស​​​​ស៊ីរី​​

    ស្វែងយល់បន្ថែម

  • ថៃ

    ភេរវកម្ម​នៅ​ថៃ៖តុលាការ​លើក​ពេល​កាត់ទោស​ជនសង្ស័យ​អ៊ុយហ្គួរ​ដោយ​ខ្វះ​អ្នក​បក​ប្រែ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ