អានតួអត្ថបទ
ចិន

ចិន ​រឹតបន្តឹងវិន័យក្នុងជួរថ្នាក់ដឹកនាំ និងមាន​ដាក់ពិន័យដេញចេញពីបក្ស

បក្សកុម្មុយនីស្តចិន បាន​ចេញ​សារាចរណ៍​ណែនាំ​មួយ នៅ​ក្នុង​ខែ​សីហានេះ ដើម្បី​ពង្រឹង​វិន័យ​ផ្ទៃ​ក្នុង​បក្ស​ ដោយ​ត្រូវ​បណ្តេញ​ចេញ​ពី​បក្ស ​ចំពោះ​សមាជិក​បក្ស​រូប​ណា​ក៏ដោយ ឲ្យ​តែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ផ្សព្វ​ផ្សាយ​ពាក្យ​ចចាមអារាម​នយោបាយ ឬ​ពាក្យ​អុជអាល​ដែល​នាំឲ្យ​បែកបាក់​សាមគ្គី​។ សារាចរណ៍​ណែនាំ​នេះ ចេញ​ដោយ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ទទួល​បន្ទុក​ផ្នែក​វិន័យ ដែល​បាន​ដាក់​ចេញ​កាលពី​ពាក់កណ្តាល​ខែ​សីហា និងដែល​ទើបតែ​ត្រូវ​​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៧សីហានេះ។

ធម្មាចារ្យដ៏ល្បីល្បាញ ព្រះអង្គ Xuecheng ជាសមាជិកជាន់ខ្ពស់របស់បក្សកុម្មុយនីស្តចិន  និងជាចៅអធិការវត្ត Longquan នៅក្រុងប៉េកាំង កំពុង​ចូលរួម​មហាសន្និបាត​បក្ស កាលពី​ខែមេសា ២០១៨។
ធម្មាចារ្យដ៏ល្បីល្បាញ ព្រះអង្គ Xuecheng ជាសមាជិកជាន់ខ្ពស់របស់បក្សកុម្មុយនីស្តចិន និងជាចៅអធិការវត្ត Longquan នៅក្រុងប៉េកាំង កំពុង​ចូលរួម​មហាសន្និបាត​បក្ស កាលពី​ខែមេសា ២០១៨។ REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​រឹត​បន្តឹង​វិន័យ​ផ្ទៃ​ក្នុង​បក្ស​ឲ្យ​ល្អ សេចក្តីណែនាំនេះ មាន​គោល​ដាក់​ទោស​កំហិត​ដល់​សមាជិក​បក្ស​ ដែល​អ្ន​កកាន់​សាសនា​ផង​ដែរ។ នៅក្នុង​នោះ មាន​ចែង​ពី​សមាជិក​បក្សណា​​ដែល​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​នៅក្នុង​សាសនា និង​ពាក្យ​បង្ខូច​ដល់​សាមគ្គីភាព​​របស់​បក្សកុម្មុយនីស្ត​ គឺត្រូវ​មា​នទោស​តាម​ច្បាប់ ហើយ​ទោសកំហុស​​ធ្ងន់​បំផុត​នោះ គឺត្រូវ​បណ្តេញ​ចេញ​ពីបក្ស​តែម្តង។

សេចក្តី​សម្រេច​ដូច្នេះ គឺបន្ទាប់ពី​ខែ​កក្កដា​កន្លងទៅ ​មានការ​បែក​ធ្លាយ​សំឡេង​​ឆ្លើយ​ឆ្លង​ស្នេហា​តាម​ទូរសព្ទ របស់​ប្រធាន​សហព័ន្ធ​សង្ឃទូទាំងប្រទេស​។ ធម្មាចារ្យ​ដ៏​ល្បីល្បាញ ព្រះអង្គ Xuecheng​ (ស៊ុយឆេង)  ជា​​សមាជិក​ជាន់​ខ្ពស់​របស់​បក្សកុម្មុយនីស្តចិន​  និងជាចៅ​អធិការ​វត្ត Longquan (ឡុងឆាង) នៅក្រុងប៉េកាំង​​ ​បាន​ត្រូវលោកសង្ឃ​ពីរអង្គ​ទម្លាយ​សារឆ្លើយ​ឆ្លង​តាម​ទូរសព្ទ ដែល​មាន​ខ្លឹមសារបបួលដូន​ជីមួយ​ចំនួន ​ទៅ​រួម​ភេទ​​។ រឿង​អាស្រូវ​ផ្លូវ​ភេទ​ក្នុង​វត្ត​នេះ​ បាន​រីក​ល្បី​សុសសាយ ហើយ​ព្រះ​អង្គចៅអធិការ​ ​ Xuecheng​  បា​នសុំ​លាលែង​តំណែង​ពី​ប្រធាន​សហព័ន្ធ​សង្ឃ​ កាលពី​ពាក់​កណ្តាល​ខែ​សីហា​នេះ​។ ចំណែក​​អាជ្ញាធរ​ចិន​ កំពុង​បើក​ការ​ស៊ើប​អង្កេត​ ពីបទ​បំពារបំពាន​ភេទ​។

នៅទីបំផុត ​អាជ្ញាធរចិន​ទទួល​បន្ទុក​កិច្ចការ​​សាសនា​ ក៏​បាន​រកឃើញដែរ ថាវត្ត​ដែល​​គ្រប់​គ្រងដោយ​ចៅ​អធិការអង្គ​នោះ មាន​ការ​ចាយ​វាយថវិកា​វត្ត​​មិន​ប្រក្រតី​។ ករណី​នេះ គឺ​ជា​ការ​រំលោភ​ទៅលើ​ច្បាប់​របស់​រដ្ឋ ហើយ​និង​ត្រូវ​មាន​ទោស​។ ក៏ប៉ុន្តែ តាំងតែ​ពី​ដើម​ខែ​សីហាមក ចៅ​អធិការ​វត្តរូបនោះ រក្សា​ភាព​​ស្ងៀមស្ងាត់ ហើយ​វត្ត​របស់​ព្រះអង្គ ក៏បាន​​ច្រាល​ចោល​រាល់​ការ​ចោទប្រកាន់​ទាំងឡាយ​។

តែ​យ៉ាងណាក៏ដោយ  ក្រោយពី​​មាន​សារាចរណ៍ណែនាំថ្មី​  ចេញដោយ​​គណៈកម្មាធិការ​មជ្ឈិម​បក្ស ព្រះ​អង្គ​ ​ ដែល​សមាជិកជាន់​ខ្ពស់​របស់​​​បក្សកុម្មុយនីស្តចិន អង្គ​នេះ អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​បណ្តេញចេញពីបក្សផង​ក៏​មិន​ដឹង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ