អានតួអត្ថបទ
អាមេរិក-ចិន

អាមេរិក​កាត់ទោស​ពលរដ្ឋ​ចិន​ដាក់ពន្ធនាគារ​ដោយ​ចោទពីបទ​លួច​ការណ៍សម្ងាត់

ពលរដ្ឋ​ចិន​ម្នាក់​ត្រូវ​បាន​តុលាការ​អាមេរិក​កាត់ទោស​​កាលពីថ្ងៃ​ពុធ​ម្សិលមិញ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ​​ជិត ៤ឆ្នាំ ក្នុងបទចោទប្រកាន់​ថា​បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​អ៊ីនធ័រនែត ដើម្បី​លួច​​ព័ត៌មាន​សម្ងាត់​របស់​ក្រុមហ៊ុន​ផលិតគ្រឿងសព្វាវុធ​របស់​អាមេរិក។ នេះ​គឺ​ជា​សំណុំរឿង​មួយ ក្នុង​សំណុំរឿង​ជាច្រើន​ នៃ​ជម្លោះ​ជាប់ជា​ប្រចាំ រវាង​ចិន និង​អាមេរិក ទាក់ទង​នឹង​ការ​វាយប្រហារ ឬ​ការលួចព័ត៌មានសម្ងាត់​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។

យន្តហោះចម្បាំង​ទំនើបថ្មីចុងក្រោយ​របស់​អាមេរិក ធុន F-35 នៅ​ក្នុងពេល​ហោះសាកល្បង
យន្តហោះចម្បាំង​ទំនើបថ្មីចុងក្រោយ​របស់​អាមេរិក ធុន F-35 នៅ​ក្នុងពេល​ហោះសាកល្បង U.S. Air Force
ផ្សាយពាណិជ្ជកម្ម

ស៊ូ ពីន (Su Bin) វ័យ ៥១ឆ្នាំ ធ្លាប់​ជា​អ្នក​គ្រប់គ្រង​សាខា​​ក្រុមហ៊ុន​ចិនមួយនៅ​ក្នុង​ប្រទេស​កាណាដា មុននឹង​ត្រូវអាជ្ញាធរ​កាណាដា​​ចាប់ខ្លួន នៅ​ឆ្នាំ២០១៤ រួចហើយ​បញ្ជូន​មក​ឲ្យ​តុលាការ​អាមេរិក។

យោងតាម​របាយការណ៍​នៃ​ការស៊ើបអង្កេត​របស់​តុលាការ​អាមេរិក ស៊ូ ពីន និងបក្ខពួក​ចំនួន ​ពីរ​រូប​បាន​ព្យាយាម​​​លួចចូល​ទៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធ័រនែត​របស់​ក្រុមហ៊ុន​ផលិត​គ្រឿងសព្វាវុធ​ធំៗ​របស់​អាមេរិក ដើម្បី​លួច​ព័ត៌មាន​សម្ងាត់​​បញ្ជូន​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន។

នៅ​ចំពោះ​មុខអាជ្ញាធរ​អាមេរិក ស៊ូ ពីន បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​សហការជាមួយ​មន្រ្តី​យោធា​ចិន​ចំនួន ២រូប ក្នុងការប៉ុនប៉ង​​លួច​យក​ព័ត៌មាន​សម្ងាត់​ពី​ក្រុមហ៊ុន​អាមេរិក ហើយ​ព័ត៌មាន​សម្ងាត់​ដែល​ខ្លួន​ព្យាយាម​លួចនោះ គឺ​​ប្លង់​យន្តហោះ​យោធា​ចំនួន ៣ គឺ​យន្តហោះ​ ​ ធុន F-22 និង F-35 ដែល​ជា​យន្តហោះ​ចម្បាំង​ដ៏ទំនើបចុងក្រោយបង្អស់​របស់​អាមេរិក​ និង​មួយទៀត គឺ​យន្តហោះ​ដឹកជញ្ជូនយោធា​របស់​ក្រុមហ៊ុន​ប៊ូអ៊ីង​ (C-17)។

ដោយសារ​តែ​មាន​ការ​សារភាព​ទទូលកំហុស​នេះ​ហើយ ទើបតុលាការ​អាមេរិក​សម្រេច​បន្ធូរបន្ថយទោស ដោយ​សម្រេចឲ្យ​ ស៊ូ ពីន ជាប់ពន្ធនាគារ​ត្រឹម​តែ ៣ឆ្នាំ និង​១០ខែ ហើយ​ពិន័យ​ជាប្រាក់​ចំនួន ១ម៉ឺន​ដុល្លារ​អាមេរិក។

ពីទីក្រុងប៉េកាំងវិញ រដ្ឋាភិបាល​ចិន​តែងតែ​បាន​បដិសេធ​ម្តងហើយ​ម្តងទៀត​ថា ខ្លួន​មិនមាន​ជាប់ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​របស់​ស៊ូ ពីន​នោះទេ។ ក៏ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​ចិនវិញ ក្នុងនោះរួមមានទាំង​កាសែតផ្លូវការ​របស់​គណបក្ស​កុម្មុយនិស្ត​ចិនផង បាន​នាំគ្នា​ចុះផ្សាយ លើកសរសើរ​ស្នាដៃ​របស់​ស៊ូ ពីន ដោយចាត់ទុក​ថា​ជា​វីរជន ដែល​ធ្វើការ​បម្រើ​ជាតិរបស់ខ្លួន។

គួរបញ្ជាក់ថា នៅ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ អាមេរិក និង​ចិន តែងតែ​ទាស់គ្នា​ជារឿយៗ ទាក់ទង​នឹង​ការ​លួច​ព័ត៌មានសម្ងាត់​តាមប្រព័ន្ធ​អ៊ីនធ័រនែត ជាពិសេស គឺ​កា​រលួចព័ត៌មាន​រសើប​ក្នុងវិស័យ​ឧស្សាហកម្ម​សព្វាវុធ។ កាលពីឆ្នាំ​ទៅមិញ មន្រ្តី​យោធា​ចិន​ចំនួន ៥រូប ត្រូវ​បាន​តុលាការ​អាមេរិក​ធ្វើការ​ចោទប្រកាន់​ជាផ្លូវការ ទាក់ទង​នឹង​ការ​លួច​យកការណ៍​​តាម​ប្រព័ន្ធអ៊ីនធ័រនែត ហើយ​កាល​ពីឆ្នាំ​២០០៨​កន្លងទៅ ពលរដ្ឋ​អាមេរិក​ដើមកំណើតចិន​ម្នាក់​ត្រូវ​បាន​តុលាការ​អាមេរិក​កាត់ទោស​ដាក់​ពន្ធនាគារ​ចំនួន ២៤ឆ្នាំ ក្នុងបទចោទប្រកាន់​ថា​បាន​ឃុបឃិត​ក្នុងការ​លួច​បច្ចេកវិទ្យា​នាវាមុជទឹក​អាមេរិក​បញ្ជូន​ទៅ​ឲ្យ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ