អានតួអត្ថបទ
ចិន

ក្រុម​អ្នកជំនាញ​ចិន​ចង់ឲ្យ​រដ្ឋាភិបាល​ផ្អាក​ការ​កម្រិត​ឲ្យ​មាន​កូន​តែម្នាក់​ក្នុង​មួយ​គ្រួសារ

ក្រុម​អ្នកជំនាញ​ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ឯករាជ្យ​មួយ​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ចិន ផ្អាក​ជា​បណ្តោះអាសន្ន នូវ​​នយោបាយ ដែល​កំណត់​ឲ្យ​គ្រួសារ​មួយ មាន​កូន​តែម្នាក់ ដោយ​លើកឡើង​ថា នយោបាយនេះ​អាច​នឹង​ធ្វើ​ឲ្យ​ចិន​ជួប​នឹង​វិបត្តិ​ប្រជាសាស្រ្ត ដែល​អាច​ប៉ះពាល់​ទាំង​វិស័យ​សេដ្ឋកិច្ច និង​វិស័យ​សង្គមកិច្ច​ចិន។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដាក់​កម្រិត​ឲ្យ​គ្រួសារ​មួយ​មាន​កូនតែម្នាក់ ដើម្បីទប់កុំ​ឲ្យ​ប្រជាជន​ចិន​មាន​កំណើន​លឿន​ពេក
រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដាក់​កម្រិត​ឲ្យ​គ្រួសារ​មួយ​មាន​កូនតែម្នាក់ ដើម្បីទប់កុំ​ឲ្យ​ប្រជាជន​ចិន​មាន​កំណើន​លឿន​ពេក Getty/ChinaFotoPress
ផ្សាយពាណិជ្ជកម្ម

 

សំណើ​សុំ​ផ្អាក​នយោបាយ​ “គ្រួសារ​មួយ កូន​ម្នាក់” ត្រូវបាន​ស្នើឡើង​ដោយ​ “មូលនិធិ​ស្រាវជ្រាវ​ខាង​ផ្នែក​អភិវឌ្ឍ” (China Development Research Foundation ហៅកាត់​ថា CDRF) ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​ឯករាជ្យ ប៉ុន្តែ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​រដ្ឋាភិបាលចិន។

ក្រុមអ្នកជំនាញ​នៃ​វិទ្យាស្ថានស្រាវជ្រាវនេះ​បានលើកហេតុផល​ថា ការកំណត់​ឲ្យ​គ្រួសារ​មួយ​មាន​កូនតែម្នាក់ ដូចជា​ពេល​បច្ចុប្បន្ន​នេះ នឹង​ធ្វើ​ឲ្យចិន​ជួប​នឹង​បញ្ហា​ធំមួយ គឺ​ប្រជាជន​មាន​វ័យ​កាន់តែ​ចំណាស់ ពោលគឺ មនុស្ស​ចាស់​ ដែល​ផុត​អាយុ​ធ្វើការ​នឹង​មាន​ចំនួន​កាន់តែ​​ច្រើន បើធៀប​នឹង​កំណើន​នៃ​ប្រជាជន​​​ក្មេងៗ ដែល​ពេញកម្លាំង​ធ្វើការ។ បញ្ហា​នេះ​អាច​នឹង​បង្ក​ជា​ផល​ប៉ះពាល់​ទៅដល់​​វិស័យ​សង្គមកិច្ច និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ចិន ទៅថ្ងៃ​អនាគត។

វិទ្យាស្ថាន CDRF បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចិន​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​កម្រិត​ចំនួនកូននេះ បន្តិចម្តង​ ទៅតាម​ដំណាក់​កាល ដោយ​​ចាប់ផ្តើម​ពីដំបូង ពី​ប្រជាជន ដែល​រស់​នៅ​តាម​ទីក្រុង និង​ទីប្រជុំជន។ បន្ទាប់មក ចាប់ពី​ឆ្នាំ​២០១៥​ទៅ អនុញ្ញាត​ឲ្យ​គ្រប់ក្រុម​គ្រួសារ​ទាំងអស់ នៅ​ទូទាំង​ប្រទេស អាច​មាន​កូន ២នាក់ ក្នុង​មួយ​គ្រួសារ។ ចុងបញ្ចប់ ចាប់ពី​ឆ្នាំ​២០២០​ទៅ រដ្ឋាភិបាល​គួរ​ត្រូវ​បញ្ឈប់​ការ​កំណត់​ចំនួន​កូន​ទាំងស្រុង ដោយ​ទុក​ឲ្យ​ឪពុក​ម្តាយ​​ជា​អ្នក​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​ថា តើ​​គួរ​​មាន​កូន​ប៉ុន្មាន​នាក់ ជា​ការ​សមរម្យ សម្រាប់​គ្រួសារ​របស់​ពួកគេ​រៀងៗ​ខ្លួន។

គួរបញ្ជាក់ថា កន្លងមក មាន​មន្រ្តី​បក្សកុម្មុយនិស្ត​ចិន នៅតាម​ខេត្ត​ខ្លះ ដូចជា​នៅ ក្វាងទុង ជាដើម ក៏​ធ្លាប់​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បន្ធូរបន្ថយ​ការ​កម្រិត​ចំនួន​កូន​នេះ​ដែរ។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តែងតែ​បដិសេធ ដោយ​លើកឡើង​ថា បច្ចុប្បន្ន​នេះ ចិន​មាន​ប្រជាជន​រហូតដល់​ទៅ​ ១ពាន់ ៣រយ​លាន​នាក់​ទៅហើយ។ ប្រសិន​បើ​​រដ្ឋ​មិន​​ដាក់ចេញ នូវ​នយោបាយ​កំណត់​ចំនួន​កូន “គ្រួសារមួយ កូនម្នាក់” នេះទេ ចំនួន​ប្រជាជន​ចិន​នឹង​កើនឡើង​កាន់តែ​ខ្លាំង​ជាងនេះ​ថែមទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ