អានតួអត្ថបទ
កម្ពុជា

សង្គម​​ស៊ីវិល ​ថ្កោល​​ទោស ​ការ​​ចាប់​​ខ្លួន​​សកម្ម​ជន​​ដី​​ធ្លី​ សិទ្ធិ​​មនុស្ស ​ព្រះ​​សង្ឃ ​និង​​សកម្ម​ជន​​នយោ​បាយ​

ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ប្រកាស​ថ្កោល​ទោស​ចំពោះ​យុទ្ធនា​ការ​បង្ក្រាប និង​ចាប់​ខ្លួន​សកម្ម​ជន​ដី​ធ្លី សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​នយោបាយ សរុប ១៧ នាក់ ហើយ​ក៏​មាន​ព្រះ​សង្ឃ​ផង​ដែរ​កាល​ពី​សប្តាហ៍​មុន។ ក្នុង​សន្និ​សីទ​កាសែត និង​សេចក្តី​ថ្លែង​ការណ៍​រួម នៅ​ថ្ងៃ​ទី​១៨​វិច្ឆិកា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ចាត់​ទុក​វិធាន​ការ​បង្ក្រាប និង​ចាប់​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី សិទ្ធិ​មនុស្ស ព្រះសង្ឃ និង​សកម្មជន​នយោបាយ ថា​បាន​បង្ហាញ​នូវ​ចេតនា​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ មិន​ត្រឹម​តែ​មិន​ជួប​ពិភាក្សា​ដោះ​ស្រាយ​បញ្ហា​កំពុង​ប្រឈម និង​មិន​ខ្វល់​អំពី​ទុក្ខ​លំ​បាក​វេទនា​របស់​សហគមន៍​ទេ ព្រម​ទាំង​មាន​ចេតនា​ចាប់​ខ្លួន​សកម្មជន​ទាំង​នោះ ក្រោម​ហេតុ​ផល​នយោបាយ និង​រិត​ត្បិត​សិទ្ធិ និង​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​។ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ បាន​ច្រាន​ចោល ហើយ​ថា ការ​ចាប់​កាត់​ទោស​សកម្មជន​ទាំង​នោះ ជា​បទ​ល្មើស​ជាក់​ស្តែង ដែល​បាន​ប្រមាថ​លើ​មន្ត្រី​រាជការ និង​បិទ​ផ្លូវ បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​។

ក្រុមអង្គការសង្គមស៊ីវិលធ្វើសន្និសីតកាសែតជុំវិញការចាប់ខ្លួនសកម្មជនដីធ្លីបឹងកក់ និងគណបក្សនយោបា និងព្រះសង្ឃ នៅថ្ងៃទី ១៨ វិច្ឆិកា ២០១៤។
ក្រុមអង្គការសង្គមស៊ីវិលធ្វើសន្និសីតកាសែតជុំវិញការចាប់ខ្លួនសកម្មជនដីធ្លីបឹងកក់ និងគណបក្សនយោបា និងព្រះសង្ឃ នៅថ្ងៃទី ១៨ វិច្ឆិកា ២០១៤។ @RFI/ Ly Menghour
ផ្សាយពាណិជ្ជកម្ម

ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល ដែល​រួម​មាន អង្គការ CHRAC សមាគម​អាដ​ហុក អង្គ​ការ ខុមហ្វ្រែល និង​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន បាន​កត់​សម្គាល់​ថា ក្នុង​រយៈ​ពេល ៣ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១០​វិច្ឆិកា មាន​សកម្ម​ជន​ការពារ​ដីធ្លី អ្នក​ភូមិ​បឹង​កក់ សកម្មជន​គណបក្សនយោបាយ និង​ព្រះ​សង្ឃ សរុប ១៧ អង្គ និង​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន និង​ផ្តន្ទា​ទោស តាម​បទ​ល្មើស​នៃ​ក្រម​ព្រហ្មទណ្ឌ និង​ច្បាប់​ចរាចរ​ផ្លូវ​គោក។ បទ​ល្មើស​ចោទ​ប្រកាន់​ក្នុង​មាត្រា​នៃ​ច្បាប់​នោះ អាច​ជាប់​ពន្ធនា​គារ​ពី ១ ឆ្នាំ ទៅ ៣០ ឆ្នាំ​។

ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល បាន​ចាត់​ទុក​ថា ការ​ចាប់​ឃុំ​ខ្លួន និង​ផ្តន្ទាទោស​សកម្មជន​ទាំង​នោះ គឺ​ក្រោម​ហេតុ​ផល​នៃ​ការ​ដាក់​សំពាធ​នយោបាយ ព្រោះ​ការ​ចោទ​ប្រកាន់​ទាំង​នោះ មិន​មាន​ធាតុ​ផ្សំ​តាម​នីតិវិធី​ច្បាប់​ទេ។

តាម​សង្គម​ស៊ីវិល ការ​តវ៉ា​របស់​សហគមន៍​បឹងកក់ ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ទឹកភ្លៀង លិច​លង់​ផ្ទះ​សម្បែង​អស់​ច្រើន​ថ្ងៃ​នោះ មិន​មាន​ចេតនា​ប្រ​ព្រឹត្ត​បទ​ល្មើស​នោះទេ​។ រី​ឯ​បណ្តាញ​ព្រះសង្ឃ និង​សកម្មជន​នយោបាយ ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​បង្ក្រាប​បាតុ​កម្ម ថ្ងៃ​១៥​កក្កដា នៅ​ក្បែរ​ទីលាន​ប្រជា​ធិប​តេយ្យ ត្រូវបាន​សង្គម​ស៊ីវិល ចាត់​ទុក​ជា ជា​ហេតុផល​នយោបាយ​។

សង្គម​ស៊ីវិល បញ្ជាក់​ថា ការ​ចាប់​ឃុំ​ខ្លួន និង​ផ្តន្ទា​ទោស​ជា​បន្ត​បន្ទាប់​នេះ ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា វិល​មក​រក​ភាព​តាន​តឹង​ក្នុង​កំណែ​ទម្រង់​ស្ថាប័ន​នានា ស្រប​តាម​កិច្ច​ព្រម​ព្រៀង កាល​ពី​ថ្ងៃ​ទី​២២​កក្កដា របស់​គណ​បក្ស​នយោបាយ​ទាំង​ពីរ ព្រម​ទាំង​ធ្វើ​ឲ្យ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិប​តេយ្យ នៅ​កម្ពុជា​ធ្លាក់​ចុះ​។

ក្នុង​សន្និសីទ​កាសែត លោក គល់ បញ្ញា នាយក​ប្រតិ​បត្តិ​អង្គការ ខុមហ្វ្រែល បាន​លើកឡើង​ថា ការ​ចាប់​ឃុំ​ខ្លួន និង​កាត់​ទោស​លើ​សកម្មជន​ដីធ្លី ព្រះ​សង្ឃ និង​សកម្មជន​នយោបាយ​ទាំង​នោះ ជា​គំនាប​នយោ​បាយ​ថ្មី​មួយ​ទៀត លើ​គណបក្ស​ប្រឆាំង​។ តាម​លោក​គល់​បញ្ញា ការ​ចាប់​ខ្លួន ពិសេស​លើ​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក មា​ជ សុវណ្ណារ៉ា អាច​ជា​ហានិភ័យ ជាប់​គាំង​ក្នុង​ដំណើរ​ការ​ចរចា​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ​។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី លោក ផៃ ស៊ី​ផាន បាន​ច្រាន​ចោល ហើយ​ថា ករណី​ទាំង​នោះ ជា​បទល្មើស​បុគ្គល មិន​ពាក់​ព័ន្ធ​នឹង​គំនាប​លើ​គណបក្ស​នយោបាយ​អ្វី​ទេ។ រីឯ​លោក ឡុង ឌី​ម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ ក៏​បាន​អះ​អាង​ថា អ្នក​ភូមិ​បឹង​កក់ និង​ព្រះសង្ឃ ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះ បាន​ប្រព្រឹត្តិ​បទ​ល្មើស​ជាក់​ស្តែង តាម​រយៈ​ការ​ជេរប្រមាថ​មន្ត្រី​រាជ​កា​រ និង​បិទ​ផ្លូវ បង្ក​ការ​កកស្ទះ​ចរាចរណ៍​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ