អានតួអត្ថបទ
ជប៉ុន

GIEC៖​អាកាសធាតុ​ប្រែប្រួល​នឹង​ធ្វើ​ឲ្យ​ពិភពលោក​ជួប​គ្រោះ​ធម្មជាតិ សង្រ្គាម និង​គ្រោះអត់ឃ្លាន

កត្តាប្រែប្រួល​អាកាស​ធាតុ​នឹង​ធ្វើ​ឲ្យ​ពិភពលោក​ជួប​កាន់តែ​ច្រើន គ្រោះ​មហន្តរាយ​ធម្មជាតិ ជម្លោះ​ប្រដាប់អាវុធ និង​បញ្ហា​កង្វះស្បៀង។ នេះ​ជា​ការព្រមាន​ទុកមុន​របស់​ក្រុម​អ្នកជំនាញ​អន្តររដ្ឋាភិបាល​ធ្វើការ​ទៅលើ​ការប្រែប្រួល​អាកាសធាតុ (GIEC) ដែល​បាន​ជួប​ប្រជុំ​គ្នា អស់​រយៈពេល ៦​ថ្ងៃ នៅ​ទីក្រុង​យ៉ូកូហាម៉ា ក្នុង​ប្រទេស​ជប៉ុន។ របាយការណ៍ ដែល​មាន​ចំណង​ជើងថា ការប្រែប្រួល​អាកាសធាតុ ឆ្នាំ ២០១៤៖ ផលប៉ះពាល់ ការសម្របខ្លួន និង​ភាពរងគ្រោះ នឹង​ត្រូវ​ចេញ​ផ្សាយ ជា​សាធារណៈ នៅថ្ងៃ​ចន្ទ ទី ៣១។

ទឹកជំនន់​ដោយសារ​ទឹកភ្លៀង​ច្រើន​ខុសពី​ធម្មតា នៅ​ភាគខាងជើង​ប្រទេស​បូលីវី
ទឹកជំនន់​ដោយសារ​ទឹកភ្លៀង​ច្រើន​ខុសពី​ធម្មតា នៅ​ភាគខាងជើង​ប្រទេស​បូលីវី ©REUTERS/Odair Leal
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍ ក្រុម​អ្នកជំនាញ ៥០០​នាក់ ដែល​មាន​តាំង​អ្នកវិទ្យាសាស្រ្ត និង​មន្រ្តី​រដ្ឋាភិបាល មក​ពី​គ្រប់​ប្រទេស បាន​ទាញ​សញ្ញា​អាសន្ន ដែល​នឹង​អាច​កើតមាន នៅក្នុង​ពិភពលោក ប្រសិន​បើ​ភពផែនដី នៅ​តែ​បន្ត​ឡើង​កំដៅ រហូត​ដល់​៤​អង្សារ​សេ បន្ថែមទៀត នៅឆ្នាំ ២១០០។

 
តាម​របាយការណ៍ របស់​អ្នកជំនាញ​វិទ្យាសាស្រ្ត បញ្ជី​បញ្ហា​ដែល​អាច​កើតឡើង​ដោយសារ​ការឡើង​កំដៅ​នៃ​ភពផែនដី​មាន​វែង ដូចជា អាកាសធាតុ​នឹង​ប្រែប្រួល​ដល់​កំពូល (ទឹកជំនន់ ការធ្លាក់ទឹកកក អាកាសធាតុ​ក្តៅខ្លាំង) ការថយចុះ​នៃ​ប្រភេទ​ពូជសត្វ និង​រុក្ខជាតិ ផលិតផល​កសិកម្ម​នឹង​ប្រែប្រួល ការកើនឡើង​នៃជម្ងឺ និង​បម្លាស់ទី​កាន់តែច្រើន​របស់​ប្រជាជន។

តាម​អ្នកជំនាញ​ អ្វីៗ​នៅ​មិនទាន់​ហួសពេល​ទេ។ គេ​នៅ​មាន​ពេល​ដើម្បី​ធ្វើ​ឲ្យ​ផែនដី​ជៀសវាង​គ្រោះមហន្តរាយ​ខាងលើ នោះ​ប្រសិន​បើ​គេ​ចាប់ផ្តើម​ចាត់​វិធានការ​បន្ទាន់ ដើម្បី​កាត់បន្ថយ​ការឡើង​កំដៅ​នៃ​ភពផែនដី។

ដោយ​យល់​ដឹង​ពី​ផលប៉ះពាល់​ដោយសារ​ការឡើង​កំដៅ​នៃ​ភពផែនដី សហគមន៍​អន្តរជាតិ​បាន​ដាក់​ទិសដៅ​រួម​មួយ គឺ​នៅក្នុង​អំឡុង​សន្និសីទ​អង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ ២០១៥ ក្នុង​ទីក្រុង​ប៉ារីស គេ​ត្រូវ​ធ្វើ​ឲ្យ​ចេញ​នូវ​កិច្ចព្រមព្រៀង​ពិភពលោក​មួយ ដើម្បី​ទប់ កុំ​ឲ្យ​កំដៅ​នៃ​ភពផែនដី កើនឡើង​ខ្ពស់​ជាង ២​អង្សារ​សេ នៅឆ្នាំ ២១០០។ តាម​អ្នកជំនាញ ការប្តេជ្ញា​ដើម្បី​ធ្វើ​ឲ្យ​ផែនដី មិនឲ្យ​ឡើង​កំដៅ ច្រើន​ជាង​២​អង្សារ ពិបាក​នឹង​អាច​ធ្វើ​រួច។ បច្ចុប្បន្ន នេះ ឧស្ម័ន​ផ្ទះកញ្ចក់​ដែល​ជា​អ្នកទទួល​ខុសត្រូវ​ធំ ខាងធ្វើ​ឲ្យ​ផែនដី​ឡើងកំដៅ នៅ​តែ​បន្ត​កើនឡើង ជាពិសេស នៅក្នុង​បណ្តា​ប្រទេស​កំពុង​រីកលូតលាស់ និង​ប្រទេស​ឧស្សាហកម្ម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ