អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សីតុណ្ហភាព​ផែនដី ​ក្តៅ​កាន់​តែ​ខ្លាំង គំរាម​កសិផល ​និង​ជីវិត​មនុស្ស​សត្វ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពីខែកក្កដាកន្លងមកនេះ សីតុណ្ហភាពផែនដី បានឡើងក្តៅខ្លាំង ជាងធម្មតា ដែលតាមតំបន់ខ្លះ ដូចជានៅប្រទេសអឺរ៉ុបមួយចំនួន សីតុណ្ហភាពបានឡើងក្តៅខ្លាំងមិនធ្លាប់មាន។ សីតុណ្ហភាពកំពុងបន្តឡើងក្តៅខ្លាំង ដោយនៅអេស្ប៉ាញ ប័រទុយហ្កាល់ ឬក្រិកជាដើម សីតុណ្ហភាពអាចឡើងដល់៤៧អង្សារសេ។ ផែនដីឡើងកំដៅ គ្រោះរាំងស្ងួតកាន់តែមានញឺកញាប់ ទាំងនេះគឺជាផលវិបាកកើតចេញពីការប្រែប្រួលអាកាសធាតុ ហើយវានឹងគំរាមដល់ វិស័យកសិកម្មដោយសារទិន្នផលនឹងធ្លាក់ចុះ ហើយធ្វើឲ្យតម្លៃឡើងថ្លៃខ្ពស់។ ជាងនេះទៅទៀត ជីវិតមនុស្សសត្វ គឺជាអ្នករងគ្រោះទីមួយ ដោយសារសីតុណ្ហភាពឡើងក្តៅ ខ្លាំងបែបនេះ។

ត្រី bream ដេក​ងាប់​នៅ​ក្បែរផែ Greetsiel ​​ភាគខាងជើង​អាល្លឺម៉ង់។ ថ្ងៃទី១ សីហា ២០១៨
ត្រី bream ដេក​ងាប់​នៅ​ក្បែរផែ Greetsiel ​​ភាគខាងជើង​អាល្លឺម៉ង់។ ថ្ងៃទី១ សីហា ២០១៨ AFP/Mohssen Assanimoghaddam
ផ្សាយពាណិជ្ជកម្ម

៤៧អង្សារសេ នៅព័រទុយហ្កាល់

ធម្មតាខែនេះ ជារដូវក្តៅនៅអឺរ៉ុប ក៏ប៉ុន្តែឆ្នាំនេះ សីតុណ្ហភាពឡើងក្តៅខ្លាំង ដែលធ្វើឲ្យគេនឹកឃើញទៅដល់គ្រោះក្តៅខ្លាំង កាលពីឆ្នាំ២០០៣ ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់។ បច្ចុប្បន្ននេះ នៅបារាំងសីតុណ្ហភាព កំពុងតែឡើងក្តៅទៅៗ ដែលតំបន់ខ្លះ នឹងឡើងរហូតដល់ ៣៩អង្សារសេ។​ ព័រទុយហ្កាល់ ដែលកន្លងមកល្បីថាមានសីតុណ្ហភាពសមល្មមនៅរដូវក្តៅនោះ តែលើកនេះ អាចនឹងឡើងដល់៤៧អង្សារឯណោះ។ ដូចគ្នាដែរ នៅក្រិក សីតុណ្ហភាព អាចឡើងដល់៤៨អង្សារសេ។

ជាងនេះទៅទៀត កម្តៅសីតុណ្ហភាពឡើងខ្លាំង និងភាពរាំងស្ងួតក្តៅហួតហែងខ្លាំងនេះ ក៏បានជំរុញ ឲ្យមានភាពងាយស្រួល កើតជាភ្លើងឆេះព្រៃដែរ ដោយគ្រាន់តែចោលកន្ទុយបារី ឬក៏មានរងើកភ្លើងតែបន្តិច។ ​ជាក់ស្តែងភ្លើងឆេះព្រៃ កាលពីសប្តាហ៍កន្លងទៅ នៅ​ស៊ុយអែត នៅក្រិក និងរដ្ឋកាលីហ្វ័រញ៉ាជាដើម។ នៅក្រិក ភ្លើងព្រៃ បានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ ៩០នាក់។ ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៣ កក្កដា មកទល់ថ្ងៃនេះ នៅមិនទាន់ពន្លត់បានទាំងស្រុងនៅឡើយទេ។​ ព្រៃប្រមាណ​៥១​ពាន់​ហិកតា ត្រូវឆេះខ្ទិកក្លាយជាផេះ។ ចំណែកនៅអេស្ប៉ាញ នៅតំបន់អង់ដាលូហ្ស៊ី ក៏មានភ្លើងឆេះព្រៃដែរ កាលពីថ្ងៃម្សិលមិញ ក៏ប៉ុន្តែ ពេលនេះអាជ្ញាធរកំពុងព័ទ្ធពន្លត់ មិនឲ្យរាលដាលបាន។

កាណាដាស្លាប់៧០នាក់ កូរ៉េខាងត្បូងស្លាប់២៩នាក់

នៅថ្ងៃនេះ នៅអេស្ប៉ាញ មានមនុស្សស្លាប់ យ៉ាងហោច២នាក់ ដោយសារតែសីតុណ្ហភាព​ក្តៅខ្លាំងពេក។ ក្នុងរវាងខែកក្កដា កន្លងទៅនេះ នៅកាណាដា មានស្លាប់មនុស្ស​ប្រមាណ៧០នាក់ ដោយសារតែកំដៅឡើងក្តៅខ្លាំង បង្កឲ្យខូចប្រព័ន្ធដកដង្ហើម។ ចំណែកនៅកូរ៉េខាងត្បូងវិញ បើតាមការចុះផ្សាយរបស់ ទូរទស្សន៍ CNN គឺមានមនុស្សស្លាប់ ប្រមាណ២៩នាក់ហើយ ក្នុងរវាង១៥ថ្ងៃចុងក្រោយនេះ ដោយសារតែសីតុណ្ហភាពផែនដី ឡើងក្តៅហួស មិនអាចទ្រាំបាន។

គេជឿថា នៅតាមប្រទេសតំបន់អាស៊ីខាងត្បូង មានស្រីលង្ការ បង់ក្លាដែស និងឥណ្ឌាជាដើម ក៏មានអ្នកស្លាប់មិនតិចដែរ ដោយសារកម្តៅឡើងខ្លាំង ក្នុងរវាងមួយខែចុងក្រោយ​នេះ គ្រាន់តែថាគេពុំមានតួលេខផ្លូវការពីចំនួនអ្នកស្លាប់ ពីអាជ្ញាធរនៃប្រទេសទាំងនោះ។ ចំណែក អាជ្ញាធរសុខាភិបាល នៅតាមប្រទេសអឺរ៉ុប កំពុងតែផ្សព្វផ្សាយព័ត៌មាន និង​ចាត់​វិធានការ ដើម្បីការពារ និងសង្រ្គោះអ្នកដែលងាយរងគ្រោះដោយសារសីតុណ្ហភាពក្តៅខ្លាំងនេះ។

ទិន្នផលស្រូវសាឡីនៅអឺរ៉ុប នឹងថយចុះ

មិនមែនតែមនុស្សទេ ដែលត្រូវប្រឈមគ្រោះថ្នាក់ ដោយសារសីតុណ្ហភាពឡើងក្តៅខ្លាំងបែបនេះ។ វិស័យកសិក​ម្ម ការប្រមូលទិន្នផល ក៏នឹងជួបផលវិបាលដែរ។ វិស័យផលិតកម្ម​ស្រូវ​សាឡី នៅអឺរ៉ុប កំពុងតែនាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ដោយសារ​តែ​សីតុណ្ហភាព​ក្តៅ។ មេឃក្តៅខ្លាំង ធ្វើឲ្យទិន្នផលត្រូវធ្លាក់ចុះ។ ទិន្នផលធ្លាក់ចុះ តម្លៃនឹងឡើងថ្លៃ ហើយអ្នកដែលទទួលផលវិបាក​ចុងក្រោយ គឺមនុស្សយើងនេះតែម្តង  ដែលជាអ្នកប្រើប្រាស់​ អ្នកត្រូវការស្រូវសាឡី​ជាគ្រាប់ធុញ្ញជាតិ ជាវត្ថុធាតុដើម។

យោងតាមការវិភាគរបស់លោកស្រី Andrée Defois អ្នកជំនាញនៅ Stratégie Graines លើកឡើងថា ឆ្នាំ២០១៨នេះ​គឺជាឆ្នាំមហន្តរាយបំផុត ដល់វិស័យទិន្នផលស្រូវសាឡី។ ប្រទេសនៅអឺរ៉ុបទាំងអស់​ នឹងឃើញទិន្នផលខ្លួនថយចុះ។ ជាក់ស្តែងទិន្នផលស្រូវសាឡី អាល្លឺម៉ង់ ត្រូវគេរំពឹងថា នឹងថយដល់ទៅ២០% ។ នៅស៊ុយអែតវិញ នឹងថយដល់​ទៅ​៤០%។ បារាំង ប្រទេសផលិត និងនាំចេញស្រូវសាឡី ធំជាងគេបង្អស់នៅអឺរ៉ុប ដែលមានទិន្នផល​ស្រូវ​សាឡី ៣៦,៦លានតោនកាលពីឆ្នាំទៅនោះ នឹងត្រូវធ្លាក់ មកត្រឹមតែ​៣៤​លានតោន​ប៉ុណ្ណោះ។ រូម៉ានី ដែលជាប្រទេសនាំចេញស្រូវសាឡី លំដាប់លេខ៣នៅអឺរ៉ុប ក៏​នឹង​មាន​ទិន្នផល​ថយចុះ ប្រមាណ២០%ដែរ។

តួលេខទិន្នផលធ្លាក់ចុះ ដែលគេរំពឹងទុកទាំងនេះ គឺជាផលវិបាកដោយផ្ទាល់ ពីសីតុណ្ហភាព​ក្តៅខ្លាំង ព្រមទាំងភាពរាំងស្ងួត គ្មានភ្លៀង ហើយបើមានភ្លៀង គឺជាភ្លាំងធ្លាក់គំហុក ក្នុង​រយៈពេល​ខ្លះ ដែលករណីនេះ ក៏គឺជាកត្តាបំផ្លាញដល់ទិន្នផលកសិកម្មដែរ។

ឆ្នាំ២០១៧ ជាឆ្នាំអាក្រក់បំផុត

កាលពីថ្ងៃពុធ ទី១សីហា វិទ្យាស្ថានស្រាវជ្រាវសមុទ្រនិងបរិយាកាស របស់សហរដ្ឋ​អាមេរិក (The National Oceanic and Atmospheric Administration) បានចេញរបាយការណ៍​មួយ បង្ហាញតួលេខគួឲ្យព្រួយបារម្ភ ដែលថា ឆ្នាំ២០១៧កន្លងទៅនេះ គឺជាឆ្នាំអាក្រក់​បំផុត សម្រាប់កត្តាអាកាសធាតុ។ឆ្នាំ២០១៧ បើនិយាយជាទូទៅ សម្រាប់ភពផែនដីយើង គឺជាឆ្នាំអាក្រក់ ដែលស្ថានភាពអាក្រក់នេះ បានបន្ត ជាប់៣ឆ្នាំជាប់គ្នា ២០១៥ ២០១៦ និង២០១៧។ គេកំពុងតែព្រួយបារម្ភថា ឆ្នាំ២០១៨ អាចនឹងអាក្រក់លើសឆ្នាំមុនផង។

ឆ្នាំ២០១៧ អាក្រក់ខ្លាំង ជាងឆ្នាំមុនៗ ដោយសារតែឆ្នាំ ២០១៥ ២០១៦ ផែនដីឡើងកំដៅខ្លាំង មានគ្រោះធម្មជាតិធ្ងន់ធ្ងរ ខ្យល់ព្យុះទឹកជំនន់ជាដើម គឺបណ្តាលមកពីបាតុភូត El Niño។ បាតុភូត El Niño កើតមានរវាង ពី ៣ទៅ៧ឆ្នាំម្តង ដែលជាបាតុភូតបណ្តុំខ្យល់ក្តៅ កើតចេញពីសីតុណ្ហភាពចំហាយសមុទ្រ។ ខ្យល់ក្តៅ​នេះ បង្កជាដុំពពកក្រាស បង្កជាសីតុណ្ហភាពក្តៅ ជាខ្យល់ព្យុះ ជាភ្លៀងធ្ងន់ធ្ងរ។ ដោយឡែក ឆ្នាំ២០១៧កន្លងមកនេះ គឺពុំទាន់ដក់វដ្តនៃបាតុភូតនេះទេ។ ផ្ទុយទៅវិញ សីតុណ្ហភាពផែនដៅ បានឡើងក្តៅខ្លាំង ​ដោយ​មូលហេតុ​ផ្សេងទៀត ដូចជាឧស្ម័នពុល ដែលនៅហ៊ុំព័ទ្ធជុំវិញផែនដីយើងនេះតែម្តង។

របាយការណ៍អាមេរិកនេះ គឺជាលទ្ធផលការងាររួមគ្នា  ជាមួយអ្នកជំនាញ ៥០០នាក់ នៅតាមបណ្តាប្រទេសប្រមាណ៦០ប្រទេស ដើម្បីឈានដល់ការសន្និដ្ឋានរួម បូកសរុប ស្ថានការណ៍ និងទំនោរនៃការប្រែប្រួលអាកាសធាតុរបស់ផែនដីយើង។ យោងតាមរបាយការណ៍​នេះ វាច្បាស់ណាស់ ថាផែនដីយើងឡើងក្តៅកាន់តែខ្លាំងឡើងៗ។ កំរិតឧស្ម័ន​ពុល មានដូចជា ឧស្ម័នកាបូនិក មេតាន និងប្រូតុកស៊ិក អាសូដ ជាដើម ដែលនៅក្នុង​ស្រទាប់​បរិយាកាស មានកាន់តែក្រាស់ទៅៗ ដែលធ្វើឲ្យសីតុណ្ហភាពផែនដីឡើងខ្លាំង។

សីតុណ្ហភាពសមុទ្រក៏កាន់តែក្តៅដែរ។ ជំនាញសង្កេតឃើញថា កម្រាស់ស្រទាប់ខាងលើ របស់ស​មុទ្រ ក្នុងជម្រៅរហូតដល់ ៧០០ម៉ែត្រ បានប្រែប្រួលកាន់តែក្តៅ។ ផលវិបាកដោយផ្ទាល់នៃបញ្ហានេះ គឺវានឹងសម្លាប់ស្រទាប់ផ្កាថ្ម សារាយសមុទ្រ ដែលជាជំរកនៃប្រព័ន្ធជីវចម្រុះក្នុងសមុទ្រ។ សីតុណ្ហភាពសមុទ្រឡើងក្តៅ នោះក៏មានន័យថា បាតុភូត El Niño ដែលនឹងកើតឡើង ប៉ុន្មានឆ្នាំខាងមុខនេះ ប្រាដកជាកាន់តែសាហាវធ្ងន់ធ្ងរ។

របាយការណ៍ក៏លើកឡើងដែរថា កម្រិតទឹកភ្លៀងធ្លាក់យ៉ាងគំហុក ក្នុងរយៈពេលដ៏ខ្លី បាន​កើនឡើង​ខ្លាំង ក្នុងឆ្នាំ២០១៧កន្លងទៅ។ ផ្ទុយទៅវិញ នៅតាមតំបន់ខ្លះ គ្រោះរាំងស្ងួត​ក្តៅ​ហួតហែង គ្មានភ្លៀង ក៏ធ្ងន់ធ្ងរ ជាក់ស្តែង នៅអាមេរិកខាងត្បូង នៅអាហ្វ្រិក នៅឥណ្ឌា រុស្ស៊ី នៅចិន និងនៅអូស្ត្រាលីជាដើម។ ពោលគឺ គ្មានតំបន់ណាមួយ នៃផែនដីយើង ដែលអាចគេចផុត ពីគ្រោះធម្មជាតិទាំងអស់នេះបានទេ។

២០៧០ តំបន់ខ្លះនៃផែនដីយើង នឹងឡើងក្តៅខ្លាំង មិនអាចឲ្យមនុស្សរស់នៅបាន

បើយោងតាមការចុះផ្សាយ របស់វិទ្យាស្ថាន បច្ចេកទេសម៉ាសាជូសេត (MIT) ដែលបានលើកឡើងថា តំបន់ខ្លះ មនុស្សពុំអាចបន្តរស់នៅបានទេ នៅរវាងឆ្នាំ២០៧០ ដោយសារ​តែ​ផែនដី​ឡើង​កំដៅខ្លាំង។ នៅតំបន់ខ្ពង់រាបភាគខាងជើងប្រទេសចិន ដែលបច្ចុប្បន្នមានមនុស្សរស់នៅប្រមាណ៤០០លាននាក់នោះ ចាប់ពីឆ្នាំ២០៧០ទៅ នឹងក្លាយជាតំបន់ដែលមានសីតុណ្ហភាព ក្តៅបំផុត។

ក្រៅពីតំបន់ខ្ពង់រាបប្រទេសចិន នៅមានតំបន់អាស៊ីខាងត្បូង ដែលមានដូចជា ប៉ាគីស្ថាន ឥណ្ឌា ស្រីលង្ការ បង់ក្លាដែសជាដើម ដែលនឹងប្រឈមមុខនឹងកំដៅខ្លាំង ព្រមទាំងបញ្ហាធម្មជាតិផ្សេងៗទៀត ចាប់ពីឆ្នាំ២០៧០ទៅ។ ជាក់ស្តែងក្រុងដាកា នៅបង់ក្លាដែស ដែលបច្ចុប្បន្ន មានមនុស្សរស់នៅប្រមាណ១១លាននាក់នោះ អាចនឹងត្រូវលិចបាត់ ដោយសារ​តែ​ទឹកសមុទ្រឡើងកំពស់ខ្លាំង។ របាយការណ៍របស់ OCDE មួយ ចេញឆ្នាំ​២០០៨ ក៏បានសន្និដ្ឋានស្រដៀងគ្នានេះដែរ អំពីគ្រោះមហន្តរាយ នៃការឡើងកំពស់ទឹក​សមុទ្រ។ តំបន់មួយទៀត ដែលប្រឈមខ្លាំងបំផុតទៅថ្ងៃអនាគត គឺតំបន់ឈូងសមុទ្រ​ពែក្ស ឬតំបន់​ឧបទ្វីប​អារ៉ាប់ តែម្តង។

របាយការណ៍នេះ លើកឡើងថា កម្តៅក្តៅខ្លាំង និងសំណើមកំរិតខ្ពស់នៅតំបន់នោះ អាចនឹងបណ្តាលឲ្យមនុស្សស្លាប់ ក្នុងរយៈពេល៦ម៉ោង បើទោះបីជាអ្នកមានសុខភាព​មាំមួន​ធម្មតាក៏ដោយ។ សារពាង្គកាយមនុស្សយើង នឹងមិនអាចទ្រាំទ្រ និងកម្តៅ ព្រមទាំងកម្រិតសំណើមខ្ពស់បែបនេះបានទេ។ ភាពប្រែប្រួលនេះ វារហ័សពេក ដែលធ្វើឲ្យរាងកាយមនុស្ស ធ្វើការបន្សាំមិនទាន់។

យើងមិនដឹងថា កំរិតនៃការសន្និដ្ឋាននេះ វាអាចជាក់ស្តែងពិត កំរិតណាទេ តែទោះបីជាយ៉ាងណា លោក Jean Jouzel អ្នកជំនាញអាកាសធាតុជនជាតិបារាំង បានទទួលស្គាល់​ថា សីតុណ្ហភាពក្តៅខ្លាំង ជាមួយនឹងសំណើមខ្ពស់ គឺជាឃាតុករដ៏គ្រោះថ្នាក់បំផុត ដល់អាយុ​ជីវិតមនុស្សនឹងសត្វ។

លោក Jean Jouzel ដដែល លើកឡើងថា បើសិនជាកម្រិតសីតុណ្ហភាព ជុំវិញផែនដី នៅតែបន្តឡើងទៅៗ ដោយគ្មានវិធានការណាមួយ ដើម្បីទប់ ឬកាត់បន្ថយទេ នោះជីវិតមនុស្ស សត្វ រុក្ខជាតិ នៅលើផែនដី នឹងប្រែប្រួលទាំងស្រុង។ ប្រែប្រួលមានន័យថា អាចប្រឈមមុខនឹងការផុតពូជ។ បញ្ហាទាំងអស់នេះ ត្រូវបានអ្នកជំនាញអាកាសធាតុ ទូទាំង​សកលលោក ទាញ​សញ្ញាអាសន្ន៣០ឆ្នាំមកហើយ។ លោក Jean Jouzel អំពាវនាវថា ល្មមដល់ពេលហើយ ដែលគ្រប់គ្នា ត្រូវទទួលស្គាល់ ហើយនាំគ្នាចាប់អារម្មណ៍លើបញ្ហាប្រឈមធ្ងន់ធ្ងរទាំងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ