អានតួអត្ថបទ
បោះឆ្នោត​អាមេរិក

អតីត​ប្រធានាធិបតី​គ្លីនតុន​ប្រឹង​ជួយ​លោក​អូបាម៉ា​ក្នុង​នាទី​ចុងក្រោយ

នៅ​សល់​តែ​៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នឹង​មកដល់។ ប្រធានាធិបតី​​ដល់​អាណត្តិ​លោក​បារ៉ាក់ អូបាម៉ា​បាន​ត្រឡប់​មក​រក​ការឃោសនា​បោះឆ្នោត ក្នុង​នាទី​ចុងក្រោយ​វិញ ​បន្ទាប់​ពី​បាន​ជួប​សួរសុខទក្ខ​ជនរងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ​រួចមក។ ប៉ុន្តែ វត្តមាន​របស់​លោក​អូបាម៉ាតែ​ម្នាក់ឯង​នៅ​ក្នុង​សមរភូមិ​ទំនង​ជា​មិន​គ្រប់គ្រាន់​ទេ។ អតីត​ប្រធានាធិតី​ប៊ីល គ្លីនតុន​កំពុង​ធ្វើ​ដំណើរ ពី​ក្រុងមួយ​ទៅក្រុង​មួយ ដើម្បី​ជួយ​ឃោសនា​​អោយ​លោក​អូបាម៉ា និង​អំពាវនាវ​អ្នកគាំទ្រ ឲ្យ​បោះឆ្នោត​ឲ្យ​លោក​អូបាម៉ា​បន្ត តួនាទី​តទៅទៀត។

អតីត​ប្រធានាធិបតី​អាមេរិក ​លោក​ប៊ីល គ្លីនតុន​ជួយ​លោក​អូបាម៉ា​ក្នុង​ការឃោសនា​បោះឆ្នោត​ប្រធានាធិបតី
អតីត​ប្រធានាធិបតី​អាមេរិក ​លោក​ប៊ីល គ្លីនតុន​ជួយ​លោក​អូបាម៉ា​ក្នុង​ការឃោសនា​បោះឆ្នោត​ប្រធានាធិបតី ©REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ល្ងាច​ថ្ងៃព្រហស្បតិ៍​នេះ អតីត​ប្រធានាធិបតី​ប៊ីល គ្លីនតុន​ដែល​កំពុង​ជួយ​ឃោសនា​អោយ​លោក​បារ៉ាក់ អូបាម៉ា​បាន​មក​ដល់​ទីក្រុង​Akron នៃ​រដ្ឋ​អូហៃអូ។ នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​ជិត​២០០០នាក់ លោក​គ្លីនតុន​បាន​ផ្តើម​និយាយ​សុំទោស​អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ចំពោះ​សំឡេង​ស្អក​របស់​លោក។ លោកគ្លីនតុន​និយាយ​បែប​កំប្លែងថា “ខ្ញុំអោយសំឡេង​ខ្ញុំ​ទៅ​លោក​អូបាម៉ា​អស់ហើយ”។

អ្នកណាក៏ដឹងថា អតីតប្រធានាធិបតី​ប៊ីល គ្លីនតុន​បាន​មមាញឹក​ជួយ​ឃោសនា​អោយ​លោកអូបាម៉ា ហើយ​ចុងក្រោយ​នេះ​ទៀត​កម្មវិធី​ជួប​អ្នកគាំទ្រ​កាន់តែ​មមាញឹក។ លោកគ្លីនតុន​និយាយ​បែបសុភាព​តែមាន​ន័យ។ លោក​ប្រាប់​អ្នកគាំទ្រ​ថា លោក​បាន​ឈប់​ធ្វើ​នយោបាយហើយ ហើយ​លោកចាប់​អារម្មណ៍​តែ​ចំពោះ​មូលនិធិ​របស់​លោក​ទៅ​វិញទេ។ ប៉ុន្ត ​ហេតុដែល​លោក​មាន​វត្តមាននៅពេលនេះ គឺ​ដោយសារលោក​ស្រឡាញ់​មាតុភូមិ​របស់​លោក។ ឃ្លាចុងក្រោយ​នេះ​ដែល​គេអាច​យល់​បាន​ថា គឺ​មានតែលោកត្រូវ​ជួយ​អោយ​លោក​អូបារ៉ាក់ អូបាម៉ា​ឲ្យ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតីទេ​ ទើប​អាមេរិកកាន់តែល្អ​ទៅមុខ ដូច​ពាក្យ​ស្លោក​ប្រចាំ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​អូបាម៉ា គឺ​ឆ្ពោះ​ទៅមុខ។

នៅ​ក្នុង​រដ្ឋ​អូហៃអូ​ដ៏​សំខាន់​មួយ​នេះ លោក​គ្លីនតុន​បាន​និយា​យ​សង្កត់​ធ្ងន់​ទៅ​លើគោល​នយោបាយ​ផ្តល់ការងារ នយោបាយ​ការពារ​សុខមាលភាពជាដើម។ លោក​ប៊ីល គ្លីនតុន​មិន​បាន​រារែក​នឹង​រិះគន់​លោកមីត រ៉ូមនី​ដែល​ជាគូប្រជែង​នឹង​លោក​អូបាម៉ា​ទេ។ លោក​បាន​និយាយ​ថា នយោបាយ​លោក​រ៉ូមនី​មិន​បាន​ជួយ​អ្នកដែលមាន​ជីវភាព​មធ្យម និង​អ្នកក្រ​ទេ ហើយថា​នយោបាយ​ផ្តល់​ការងារ​មួយ​​ដែល​លោក​រ៉ូមនី​សន្យា​នោះ ​គឺជាអ្វី​ដែល​លោក​អូបាម៉ា​បាន​ចាប់​ផ្តើម​ធ្វើ​រួចហើយ។

លោកគ្លីនតុន​ស្រែក​ប្រាប់​គាំទ្រ​ថា នយោបាយ​របស់​លោកអូបាម៉ា​ល្អជាង​លោក​រ៉ូមនី ដូច្នេះ​ត្រូវ​បោះឆ្នោត​គាំទ្រ​លោក​អូបាម៉ា​អោយ​នៅ​បន្ត​តំណែង​ប្រធានាធិបតី​តទៀត។ តាម​ពិត​លោក​គ្លីនតុន​ និង​លោក​អូបាម៉ា​មាន​គម្រោង​ត្រូវ​ដើរឃោសនា​ជាមួយ​គ្នា​ជាច្រើន​កន្លែង ប៉ុន្តែ​ដោយសារ​វត្តមាន​នៃខ្យល់​ព្យុះ ការ​ឃោសនា​រួម​គ្នា​ត្រូវ​អាក់ខានទៅវិញ ដោយ​ទុក​អោយ​លោក​គ្លីនតុន​​និយាយ​តំណាង​លោក​អូបាម៉ា​នៅ​តាម​កន្លែង​ឃោសនា​ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ