អានតួអត្ថបទ
កម្ពុជា

បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ​ហែ​ក្បួន​ម៉ូតូ ​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​នេះ

នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជិះ​ម៉ូតូ​ជា​ក្បួន នៅ​តាម​ដង​វិថី​នានា តាម​គម្រោង​របស់​ខ្លួន បើ​ទោះបី​ជា​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ក៏ដោយ។ គួរ​កត់​សម្គាល់​ថា ប្រធាន​និង​អនុប្រធាន​គណបក្ស​ប្រឆាំង មិន​បាន​ថ្លែង​ការណ៍​ច្រើន​ឡើយ នៅ​រសៀល​​ថ្ងៃ​ចន្ទ​នេះ ដោយ​ទុក​ឱ្យ​តំណាង​រាស្ត្រ​ផ្សេងៗ​ទៀត ធ្វើ​អត្ថាធិប្បាយ នៅ​ចំពោះ​មុខ​បាតុករ ដែល​ហាក់​មិន​ស្រក​ស្រុត​ឡើយ ទាំង​ចំនួន ទាំង​កម្លាំង​ចិត្ត បើ​ធៀប​នឹង​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

ក្បួនបាតុកម្ម​គណបក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី១៦ធ្នូ ឆ្នាំ២០១៣
ក្បួនបាតុកម្ម​គណបក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី១៦ធ្នូ ឆ្នាំ២០១៣
ផ្សាយពាណិជ្ជកម្ម

បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ​ជិត​មួយ​ម៉ឺន​នាក់ ប្រហាក់​ប្រហែល​នឹង​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ដែរ បាន​បន្តធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ចន្ទ​នេះ តាម​គម្រោង​របស់​ខ្លួន ដោយ​ជិះ​ម៉ូតូ​ដង្ហែ​បន្ត​កន្ទុយ​គ្នា នៅ​តាម​ដង​វិថី​នានា ក្នុង​រាជធានី​ភ្នំពេញ។ ពួកគេ​បន្ត​ទាមទារ​ឱ្យ​រៀបចំ​បោះឆ្នោត​ជាតិ​សា​ថ្មី ក្នុង​រយៈពេល​យ៉ាង​យូរ​បី​ខែ។ បើ​មិន​ដូច្នោះ​ទេ កម្មវត្ថុ​បន្ទាប់​នៃ​ការទាមទារ​របស់​ពួកគេ គឺ​ការចុះ​ចេញពី​អំណាច​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

គួរ​ឱ្យ​កត់​សម្គាល់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា ជា​អនុប្រធាន​បក្ស មិន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ច្រើន​ទេ នៅ​ថ្ងៃ​ចន្ទ​នេះ។ លោក កឹម សុខា ដែល​បាន​មក​ដល់​វេទិកា​បាតុកម្ម នៅលើ​ទីលាន​ប្រជា​ធិបតេយ្យ មុន​លោក សម រង្ស៊ី គ្រាន់តែ​បាន​សម្តែង​ការគួរសម​ចំពោះ​បាតុករ និង​ពន្យល់​អំពី​ដំណាក់​នីមួយៗ​នៃ​ការធ្វើ​បាតុកម្ម។

 
រីឯ​លោក សម រង្ស៊ី ដែល​បាន​មក ក្រោយ បាន​ប្រាប់​អ្នកគាំទ្រ​ថា លោក​ទើប​បាន​អំពាវនាវ តាមរយៈ​ហេ្វសប៊ុក​របស់​ខ្លួន ឱ្យ​មហាជន​ចូលរួម​ជិះ​ម៉ូតូ​ហែ​តាម​វិថី ឱ្យបាន​ច្រើន​ថែមទៀត។ មុន​ការមក​ដល់​នៃ​ថ្នាក់​ដឹកនាំ​ទាំងពីរ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ខេត្ត​កណ្តាល បាន​គម្រាម​ថា គណ​ក្ស​ប្រឆាំង​របស់​លោក នឹង​នាំ​បាតុករ​អង្គុយ​តាម​ដង​វិថី​នានា ក្នុង​ក្រុងភ្នំពេញ ដើម្បី​ធ្វើឱ្យ​គាំង​ចរាចរណ៍​ក្នុង​រាជធានី​តែម្តង បើ​គណបក្ស​ប្រជាជន​មិន​អើពើ​នឹង​សំណើ​របស់​បាតុករ​ទេ។ ក្បួន​ម៉ូតូ ដែល​ដឹកនាំ​ដោយ លោក សម រង្ស៊ី និង​លោក កឹម សុខា បានចេញ​ដំណើរ​នៅ​ម៉ោង១៧​និង១៥នាទី។

សាលា​រាជធានី​ភ្នំពេញ​បាន​ហៅ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថ្ងៃនេះ​ថា​«ខុស​ច្បាប់» ហើយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ទាំងឡាយ​ណា​ដែល​អាច​កើត​ចេញពី​ទង្វើ​ខុសច្បាប់​នេះឡើយ។ លោក ឃួ​ង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ បាន​ទម្លាក់​ការទទួល​ខុសត្រូវ​ទាំងអស់​លើ​អ្នក​ដឹកនាំ​បាតុកម្ម ហើយ​បាន​អះអាង​ថា កម្លាំង​មាន​សមត្ថកិច្ច ដែល​ចេញ​ធ្វើ​ប្រតិបត្តិការ​តាម​ដង​វិថី​ល្ងាច​ថ្ងៃ​ចន្ទ​នេះ គឺ​«ដើម្បី​​​ការពារ​​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ក្រុងភ្នំពេញ​ជាង២លាន​នាក់ មិនមែន​ការពារ​បាតុករ​ខុសច្បាប់​ឡើយ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ