អានតួអត្ថបទ
កម្ពុជា

ក្រសួង​​មហា​​ផ្ទៃ ​​ចាត់​​ការ​​ពាក្យ​​បណ្ដឹង​​គម្រាម​​សម្លាប់​​មេ​​បក្ស​​ប្រឆាំង

បន្ទាប់ពី​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្តឹង​មក​កាន់​ក្រសួង​មហា​ផ្ទៃ ស្តីពី​ការ​គម្រាម​សម្លាប់​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា តាម​រយៈ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក។ អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ បាន​ថ្លែង​ថា ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជូន​ករណី​នេះ​មក​កាន់​ជំនាញ​ទទួល​បន្ទុក​ដើម្បី​ដោះស្រាយ។

លោក​ កឹម​ សុខា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​។
លោក​ កឹម​ សុខា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​។ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ក្រសួង​មហា​ផ្ទៃ បាន​ចាត់វិធាន​ការ​ចំពោះ​បណ្តឹង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​ប្តឹង​ឱ្យ​វែកមុខ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ឈ្មោះ ផែង វណ្ណៈ ដែល​គម្រាម​សំលាប់​លោក​កឹម សុខា​ហើយ។នេះ​បើតាម​ការ​បញ្ជាក់ របស់​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគ​បាល​ជាតិ លោក ឧត្តម​សេនីយ៍​គៀត ចន្ថា​រិទ្ធ ដែល​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង អន្តរជាតិ​RFIនៅ​ថ្ងៃ​ល្ងាច​ថ្ងៃ​ពុធ។

អ្នកនាំពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ​រូបនេះ បាន​មាន​ប្រសាសន៍​ថា នាយកដ្ឋាន​របស់លោក​ទើបតែ​ទទួល​ពាក្យបណ្តឹង​នេះ។ ហើយ​នាយកដ្ឋាន​របស់លោក​បាន​បញ្ជូន​ករណីនេះ​ទៅកាន់​នាយកដ្ឋាន​ជំនាញ​នៃ​ផែន​ទទួល​យុត្តិធម៌​ជា​អ្នកស៊ើប​អង្កេត​ហើយ បន្ទាប់ពី​បានទទួល​ចំណារ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បញ្ជា​ឱ្យ​ដោះស្រាយ​នោះ។ ម្ចាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ឈ្មោះ​ផែង វណ្ណៈ ដែល​តាម​ប្រភព​ព័ត៌មាន​មួយចំនួន​បញ្ជាក់ថា បច្ចុប្បន្ន ជា​មន្ត្រី​របស់​ក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក គៀត ចន្ថា​រិទ្ធ បញ្ចាក់ថា៖ រាល់​ករណី​បណ្តឹង​ទាំងអស់ អាជ្ញាធរ​ប៉ូលីស​តែងតែ​យក​ចិត្តទុក​ដាក់​ដើម្បី​ដោះស្រាយ។ ដំណោះ​ស្រាយ​មិន​ត្រឹមតែ​ចំពោះ​ករណី​លោក កឹម សុខា​ប៉ុណ្ណោះ​ទេ សូម្បីតែ​ករណី​បាញ់​ប្រហារ​សម្លាប់​ពលរ​ដ្ឋ​ខ្មែរ​ម្នាក់​នៅលើ​ស្ពាន​ក្បាល់ថ្នល់ ក្នុង​ថ្ងៃ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងទៅ​ក៏​កំពុង​តាម​ដំណើរការ​ស៊ើបអង្កេត​ផងដែរ។ បើទោះ​បីជា​មិនទាន់​មាន​ពន្លឺ​ពី​ករណី​នេះ​ក៏ដោយ។ ចំណែកឯ​ករណី បាញ់​សម្លាប់​ពលរដ្ឋ​ម្នាក់​ក្នុង​នៅមុខ​វត្ត​ស្ទឹងមានជ័យ​នាពេលថ្មីៗ​នេះ ក៏​ក្រសួង​មហា​ផ្ទៃ​កំពុងបើក​ការ​ស៊ើបអង្កេត​ដែរ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក គៀត ចន្ថា​រិទ្ធ​ដដែល។  

គួររំលឹកថា តាមរយៈ​លិខិត ចុះ​ថ្ងៃទី៦ ធ្នូ​ដើមខែ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ម្ចាស់​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ផែន វណ្ណៈ បាន​សរសេរ​ក្នុង​ទំព័រ​សង្គម​ហ្វេស​ប៊ុក​របស់ខ្លួន​ថា ទុក៧ គ្រាប់​ឱ្យ​លោក កឹម សុខា គ្រាប់​ទី១បាញ់​យកដៃ​ឆ្វេង គ្រាប់​ទី២ បាញ់​យកដៃ​ស្តាំ គ្រាប់​ទី៣ បាញ់​ជើងឆ្វេង គ្រាប់​ទី៤បាញ់​ជើង​ស្តាំ គ្រាប់​ទី៥ បាញ់​ពោះ គ្រាប់​ទី៦ បាញ​បេះដូង និង​គ្រាប់​ទី៧ បាញ​ឱ្យចំ​ក្បាល លោក កឹម សុខា។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​អំពាវនាវ​បញ្ចប់​ការ​វប្បធម៌​នៃ​ការ​គម្រាមកំហែង ហើយ​ក៏បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ ត្រូវតែ​វែកមុខ​ជនសង្ស័យ និង​កាត់ក្តី​តាមច្បាប់​កម្ពុជា ដើម្បី​ជាការ​ផ្តល់​សុវត្ថិភាព​របស់​ពលរ​ដ្ឋ​ទូទៅ និង​អ្នកនយោបាយ​គ្រប់រូប។

គេហទំព័រ​ក្នុងស្រុក​មួយ​បាន​ដកស្រង់​សម្តី​មន្ត្រីប៉ូលិស​ថា ជនសង្ស័យ​បាន​បដិសេធ​ការចោទប្រកាន់ ហើយ​អះអាងថា​គណនី​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ត្រូវបាន​គេ​លួច​ប្រើប្រាស់៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ