ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/06 12h00 GMT

នៅឆ្នាំ ២០៥០ ទីក្រុងរាប់រយ​នឹង​ប្រឈម​ខាតបង់​ដោយសារ​ការឡើង​កំពស់​ទឹកសមុទ្រ

នៅឆ្នាំ ២០៥០ ទីក្រុងរាប់រយ​នឹង​ប្រឈម​ខាតបង់​ដោយសារ​ការឡើង​កំពស់​ទឹកសមុទ្រ
 
គម្រោង​សាងសង់​ទំនប់​ដើម្បី​ការពារ​ទីក្រុង​ពីការ​ឡើង​កំពស់​ទឹកសមុទ្រ REBUILD BY DESIGN

ការប្រែប្រួល​អាកាសធាតុ ដោយសារ​ការឡើង​កំដៅ​នៃភពផែនដី​បាន​ជះឥទ្ធិពល​យ៉ាងជាក់ស្តែង​ទៅលើ​ជីវិត​រស់នៅ​ក្នុង​ពិភពលោក។ ទីក្រុង​នៅ​តាម​បណ្តោយ​ឆ្នេរ ជាប់​មាត់សមុទ្រ ទទួល​រងគ្រោះ​ដោយផ្ទាល់ និង​មុន​គេ​ពី​បាតុភូត​ធម្មជាតិ ជាពិសេស ទឹកជំនន់ និង​ការឡើង​កំពស់​ទឹកសមុទ្រ ដោយសារ​ការរលាយ​ទឹកកក​នៅ​ប៉ូល​ខាងជើង។

ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា នៅ​ឆ្នាំ ២០៥០​ខាងមុខ ទាំងទឹកជំនន់ និង​ការឡើង​កំពស់​នៃ​ទឹកសមុទ្រ​នឹង​ធ្វើ​ឲ្យ​ទីក្រុង​ជាប់មាត់សមុទ្រ​ខាត់បង់​ទឹកប្រាក់​ប្រមាណ ១០០​ម៉ឺន លាន​ដុល្លារ។ ទីក្រុង​ញូវយ៉ក​របស់​អាមេរិក ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ខ្យល់ព្យុះ​សេនឌី កាលពី​ឆ្នាំ ២០១២ បាន​ចាប់ផ្តើម​សិក្សា​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ថ្មី ទប់ទល់​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ។

ផែនដី​នៅ​បន្ត​ឡើង​កំដៅ នៅពេល​ដែល​ប្រទេស​មហាអំណាច ល្បី​ខាង​បញ្ចេញ​ឧស្ម័ន​ពុល នៅតែ​មិន​ទាន់​និយាយ​ចុះសម្រុង​គ្នា​ដើម្បី​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ទាំងអស់គ្នា។ បើសិន​ជា​គេ​នៅ​តែ​មិនអាច​រក​វិធានការ​រួម​ដើម្បី​កាត់បន្ថយ​ការឡើង​កំដៅ​នៃ​ភពផែនដី នោះ គេ​រំពឹង​ថា ក្នុង​អំឡុង​៤០​ឆ្នាំទៀត ទីក្រុង​ទាំងអស់​នៅក្នុង​ពិភពលោក ដែល​ស្ថិតនៅ​ជាប់មាត់សមុទ្រ នឹង​ទទួល​រងការខូចខាត​ធ្ងន់ធ្ងរ។ ទំហំ​ខូតខាត​ទៀតសោត​នឹង​កើន​ឡើង​ដល់​១០០​ម៉ឺន​លាន​ដុល្លារ គឺ​ស្មើ​នឹង​០,៧​ភាគរយ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​នៅ​ឆ្នាំ ២០១២។ ទំហំ​ខាតបង់​ទឹកប្រាក់​បាន​កើនឡើង គួរ​ឲ្យ​កត់សំគាល់ ព្រោះថា កាលពី​ឆ្នាំ ២០០៥ ទឹកជំនន់​ធ្វើ​ឲ្យ​ពិភពលោក​ខាតបង់​ប្រមាណ ៦ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ នៅ​បីឆ្នាំ ចុង ក្រោយនេះ ទឹកប្រាក់​ខាតបង់​ដោយសារ​ទឹកជំនន់​បាន​កើនដល់​៥០ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ គឺ​កើន​១០​ដង បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០០៥។

 
ក្រុមអ្នកស្រាវជ្រាវ​មួយ​របស់​ធនាគារ​ពិភពលោក​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​បាន​សិក្សា​ទៅលើ​ការខាតបង់​ដោយសារ​គ្រោះថ្នាក់​ធម្មជាតិដែល​នឹង​កើតឡើង​ទៅលើ​ទីក្រុង​ចំនួន ១៣៦ នៅក្នុង​ពិភពលោក។ នៅក្នុង​នោះ ទីក្រុង​សេដ្ឋកិច្ច ធំៗ​ចំនួន​៤ ដែល​ស្ថិតនៅ​ជាប់​មាត់សមុទ្រ ដូចជា​ញូវ អរឡេអង់ មីយ៉ាមី ញូវយ៉ក របស់​អាមេរិក និង​ទីក្រុង​ក្វាងចូវ​របស់​ចិន នឹង​ទទួល​ខាតបង់​ច្រើន​ជាងគេ ដោយសារ​តែ​គ្រោះថ្នាក់​ធម្មជាតិ បង្ក​ចេញ​មក​ពី​ទឹកសមុទ្រ។

កាលពី​ឆ្នាំ ២០១២ ទីក្រុង​ញូវយ៉ក​បាន​ភ្លក់​រសជាតិ​ទឹកជំនន់​ដែល​កើតឡើង ដោយចៃដន្យ ឬ​ដោយសារ​តែ​ការប្រែប្រួល​អាកាសធាតុ។ ព្យុះសង្ឃរា​សេនឌី បាន​នាំទឹកសមុទ្រ ​ចូល​ក្នុង​ទីក្រុង ដែល​នៅ​មាន​ហេដ្ឋារចនា​សម្ព័ន្ធ មិន​ឆ្លើយតប​នឹង​ទឹកជំនន់។

នៅតែប៉ុន្មាន​ខែ​ក្រោយ​ខ្យល់ព្យុះ​កំណាច​ដែល​បាន​សម្លាប់​មនុស្ស​៤៣​នាក់ និង​ការខាតបង់​ទឹកប្រាក់​រាប់ពាន់​ដុល្លារ អតីត​ចៅហ្វាយក្រុង​ញូវយ៉ក លោក​Mike Bloomberg ចាប់ផ្តើម​បង្ហាញ​ពី​គម្រោង​សាងសង់​សំណង់​ជាច្រើន ដែល​គេ​ត្រូវធ្វើ​ជា​បន្ទាន់​ដើម្បី ការពារ​ទីក្រុង​សេដ្ឋកិច្ច​ញូវយ៉ក ពី​ការគំរាមកំហែង​នៃ​ការឡើង​កម្រិត​កំពស់​ទឹកសមុទ្រ។

ជញ្ជាំង​ចល័ត ទំនប់ថ្មី និង​ផ្នូកខ្សាច់​នឹង​ត្រូវ​គេ​បង្កើតឡើង ដើម្បី​ធ្វើ​ជា​កំផែង ការពារ​ទីក្រុង​ញូវយ៉ក ដែល​មាន​ឆ្នេរជាប់សមុទ្រ ប្រវែង ជាង ៨០០​គីឡូម៉ែត្រ។ គេ​ប៉ាន់ប្រមាណថា គម្រោង​ការពារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ការពារ​ញូវយ៉ក​ពី​ទឹកជំនន់​នឹង ​ត្រូវការ​ទឹកប្រាក់​ប្រមាណ ២០ពាន់​លាន​ដុល្លារ។

នៅ​មួយ​ឆ្នាំ​ក្រោយ ផ្លាស់ប្តូរ​ចៅហ្វាយក្រុង ទីក្រុង​ញូវយ៉ក នៅ​តែ​រក្សា​គម្រោង​រៀបចំ​ក្រុង​ទប់ទល់​នឹង​ការឡើង​កំពស់​ទឹកសមុទ្រ។ កាលពី​ដើម​ខែ​មិថុនា សាលាក្រុង​ញូវយ៉ក​បាន​អនុម័ត​លើ​គម្រោង​ចំនួន​៦ សម្រាប់​ការពារ​ញូវយ៉ក។ លើកនេះ គេ​បាន​គុណគិត​ឃើញថា គេ​នឹង​ចាយប្រាក់​ប្រមាណ ១ពាន់​លាន​ដុល្លារ ដើម្បី​រៀបចំ​ឡើងវិញ ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​តាម​ឆ្នេរ ក្នុង​ទីក្រុង​ញូវយ៉ក ឡង អាយឡែន និង​ញូវ ជើស៊ី។ គ្រាន់តែ​សំណង់​ការពារ​ជ្រោយ​ម៉ាន់ហាតាន់ ដែល​ជា​សង្កាត់​សេដ្ឋកិច្ច​យុទ្ធសាស្រ្ត ជា​ទីតាំង​របស់​Wall Street គេ​ត្រូវការ​ចំណាយ​ទឹកប្រាក់​៣៣៥​លាន​ដុល្លារ។ ក្នុង​បទពិសោធន៍ ក្នុង​ពេល​ជួប​ខ្យល់ព្យុះ​សេនឌី ឆ្នាំ ២០១២ សង្កាត់​ម៉ាន់ហាតាន់ ដែល​ជា​ទីតាំង​របស់​Wall Street បាន​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ទឹកជំនន់​ពី​សមុទ្រ។ ទឹកជំនន់​បាន​កាត់ផ្តាច់​ភ្លើង ដែល​ធ្វើ​ឲ្យ​សង្កាត់​ពាណិជ្ជកម្ម​របស់​អាមេរិក​ខាតបង់​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ។

ប្រឈមមុខ​នឹង​គំរាមកំហែង​របស់​ទឹកសមុទ្រ គឺ​ជារឿង​ដែល​អ្នករស់នៅ​តាមទីក្រុង​ជាប់ឆ្នេរ​មិនអាច​ជៀសផុត​បាន។ តាម​ចៅហ្វាយក្រុង​ចាស់​របស់​ញូវយ៉ក ពីពេលនេះ ដល់​ឆ្នាំ ២០៥០ ប្រជាជន​ញូវយ៉ក ប្រមាណ ៨សែន​នាក់ នឹងធ្លាក់ខ្លួន រស់នៅក្នុង​តំបន់​ដែល​អាច​លិចទឹក។ ពោល​គឺ​មួយភាគបួន​នៃ​ទំហំ​ទីក្រុង​ញូវយ៉ក​ទាំងមូល។ អ្នកវិទ្យាសាស្រ្ត​បាន​ប៉ាន់ប្រមាណថា ពី​ពេល​នេះ ដល់​ឆ្នាំ ២០២០ កំពស់​ទឹកសមុទ្រ​នឹង​អាច​ឡើង​ពី​១០ ទៅ ២០​សង់ទីម៉ែត្រ ឬ​ពី​៣០ ទៅ ៥០​សង់ទីម៉ែត្រ​ពី​ពេលនេះ ដល់​ឆ្នាំ ២០៥០។ អាជ្ញាធរ​ញូវយ៉ក​ទទួល​ស្គាល់​ថា សំណង់​ទំនប់ នឹង​រំខាន​ដល់​អ្នក​ដែល​ចង់​មើល​ទឹក​សមុទ្រ ប៉ុន្តែ ការរំខាន​ភ្នែក​ទាំងនោះ នឹង​មិន​សំខាន់​ស្មើ​នឹង​ការខាតបង់ និង​អនាគត​សេដ្ឋកិច្ច​របស់​ទីក្រុង​ទាំងមូលទេ។ ព្យុះសង្ឃរា សេនឌី​​បានធ្វើ​ឲ្យ​រដ្ឋអាមេរិក​ខាតបង់ ១៩ពាន់​លាន​ដុល្លារ ប៉ុន្តែ បើ​ខ្យល់ព្យុះ​ស្រដៀង​នេះ​កើតឡើង នៅ​ឆ្នាំ ២០៥០ នោះ គេនឹង​អាច​ខាតបង់​៩០​ពាន់​លាន​ដុល្លារ។ នេះ​ជា​ការព្រមាន​ទុក​របស់​អតីតចៅហ្វាយក្រុង​ញូវយ៉ក៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អាមេរិក

    ក្រោយ​ព្យុះ​Sandy ប្រជាជន​ញូវយ៉ក​កំពុង​ប្រឈម​នឹង​អាកាសធាតុ​ចុះ​ត្រជាក់

    ស្វែងយល់បន្ថែម

  • អ.ស.ប-អាកាសធាតុ

    អង្គការ​សហប្រជាជាតិ​ក្រើនតឿន​គ្រប់​ប្រទេស​ អោយកាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ អោយ​ឆាប់រហ័ស​បំផុត​

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    តើ​អ្វីខ្លះ​ជា​ដើមហេតុ ​និង​ផលវិបាក​នៃ​ការ​ប្រែប្រួល​អាកាសធាតុ?

    ស្វែងយល់បន្ថែម

  • អាមេរិក

    ការឡើង​កំដៅ​នៅ​​​អាក់ទិក​អាច​ជា​កត្តា​ធ្វើ​ឲ្យ​អាកាសធាតុ​ប្រែប្រួល នៅ​អាមេរិកខាងជើង និង​អឺរ៉ុប​

    ស្វែងយល់បន្ថែម

  • អាល្លឺម៉ង់-អាកាសធាតុ

    កិច្ចប្រជុំ​អន្តរជាតិ​ស្តីពី​ការ​ទប់ស្កាត់​ការ​កើនកំដៅ​នៃ​ភពផែនដី​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ