អានតួអត្ថបទ
កូឡុំប៊ី

រដ្ឋាភិបាល​​កូឡុំប៊ី​​និង​ក្រុម​ឧទ្ទាម​FARC​ សម្រេច​បាន​កិច្ចព្រមព្រៀង​បិទ​បញ្ចប់​ការ​ជួញដូរ​គ្រឿងញៀន​

កាលពី​ថ្ងៃ​សុក្រ នៅ​​ក្រុងឡាហាវ៉ាន ​ប្រទេស​គុយបា ​រដ្ឋាភិបាល​កូឡុំប៊ី និង​ក្រុមឧទ្ទាម​បដិវត្តន៍​កូឡុំប៊ី ហៅ​កាត់ថា ​​FARC ហ្វាក ​បាន​​ចុះ​សម្រុង​គ្នា សម្រេច​បានកិច្ចព្រមព្រៀង​បិទបញ្ចប់​ការជួញដូរ​គ្រឿងញៀន។ កិច្ច​ព្រមព្រៀង​​នេះ​ស្ថិត​​​ក្នុង​​ចំណុចទី៣​នៃ​​កិច្ចព្រមព្រៀង​​​សន្តិភាព​ជាមួយ​​ក្រុមឧទ្ទាម​ ​​​ដើម្បី​បិទបញ្ចប់​​​ជម្លោះនៅ​​​កូឡុំប៊ី ​​កន្លះ​សតវត្ស​មកនេះ។ កិច្ច​​​ព្រមព្រៀង​​​ថ្ងៃ​សុក្រ​ម្សិលមិញ ​​អាច​ជា​ប្រយោជន៍​ជួយ​ដល់​ប្រធានាធិបតី​​ ម៉ានុយអែល សាន់តូស ក្នុង​​ការបោះឆ្នោត​ប្រធានាធិបតី​​​ដែលត្រូវ​ធ្វើ​នៅ​ថ្ងៃ​២៥ឧសភា សប្តាហ៍​ក្រោយ​នេះ។

ក្រុមអ្នកចរចា​រដ្ឋាភិបាល​កូឡុំប៊ី និង​ក្រុមឧទ្ទាម​​FARC កាលពី​ខែធ្នូ ឆ្នាំ​២០១២
ក្រុមអ្នកចរចា​រដ្ឋាភិបាល​កូឡុំប៊ី និង​ក្រុមឧទ្ទាម​​FARC កាលពី​ខែធ្នូ ឆ្នាំ​២០១២ REUTERS/John Vizcaino
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​​កូឡុំប៊ី ក្រុម​ឧទ្ទាមបដិវត្តន៍​កូឡុំប៊ី ហៅ​កាត់ថា FARC បាន​សម្រេច​កិច្ច​ព្រមព្រៀង​​មួយ​ ​កាលពី​ថ្ងៃ​សុក្រ ចែង​បិទបញ្ចប់​ការជួញដូរ​គ្រឿងញៀន​។ ដើម្បី​សម្រេច​ទិសដៅ​បំបាត់​គ្រឿងញៀន​នេះ កិច្ចព្រមព្រៀង​គ្រោង​​​ធ្វើការ​ឃោសនា​អោយ​​បំបាត់​ចោល​ ការដាំដុះ​​ដើមកូកា ដែល​គេ​យក​ទៅ​ផលិត​ជា​គ្រឿងញៀន​កូកាអ៊ីន​នោះ។ ជំនួស​អោយ​ដើមកូកា​នេះ កិច្ច​ព្រមព្រៀង​​​​​​ចង់​អោយ​មាន​ការ​​​អភិវឌ្ឍន៍​ផ្នែក​កសិកម្ម​បង្កបង្កើន​​ផល​​​ផ្សេង​ជំនួស​វិញ។ ​

នៅ​កូឡុំប៊ី ​​​ការជួញដូរ​គ្រឿងញៀន​ ​គឺជា​សកម្មភាព​ផ្តល់​ប្រយោជន៍​និង​​ប្រាក់​ចំណូល​ច្រើន​ដល់​ក្រុមឧទ្ទាម​ហ្វាក និង​ក្រុម​យោធា​​ស្តាំនិយម​ជ្រុល។ កិច្ចព្រមព្រៀង​បិទបញ្ចប់​ការ​ជួញដូរ​គ្រឿងញៀន​​​នេះ ​ក៏​ជំរុញ​​គោលនយោបាយ​​ប្រឆាំង​ការ​ញៀន​គ្រឿងញៀន និង​​ការ​ប្រឆាំង​ការផលិត និងជួញដូរ​គ្រឿងញៀន​ផ្សេងៗ​​​ទៀត​ដែរ។ ​កិច្ចព្រមព្រៀង​បំបាត់ការជួញដូរ​​​គ្រឿងញៀន​​​​សម្រេច​បាន​កាលពីថ្ងៃ​សុក្រ​ ស្ថិត​ក្នុង​ចំណុច​ទី៣​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​​រវាង​រដ្ឋាភិបាល​និង​ក្រុមឧទ្ទាម​ហ្វាក។ ​ក្រោយ​​កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​កូឡុំប៊ី​​នឹង​​រៀបចំ​សន្និសីទ​អន្តរជាតិ​មួយ​ស្តីពី​ការជួញដូរ​គ្រឿងញៀន ​ក្រោម​អធិបតីភាព​របស់អង្គការ​សហប្រជាជាតិ។

គួររំលឹក​ថា ​​រដ្ឋាភិបាល​និង​ក្រុមឧទ្ទាម​ហ្វាក ធ្លាប់​​​ចរចា​សម្រេច​ចេញ​​ចំណុច​មួយ​ចំនួន​នៃ​​កិច្ច​ព្រមព្រៀង​ចំនួន​២ កាលពី​ឆ្នាំ​​២០១៣​កន្លងទៅ ជា​ចំណុច​ទាក់ទង​នឹង​​ការអភិវឌ្ឍន៍​ជនបទ និង​​ការចូលរួម​របស់​ក្រុម​ឧទ្ទាម​​ក្នុង​ឆាកនយោបាយ។ ​

ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​​​បិទបញ្ចប់​ការជួញដូរ​គ្រឿងញៀន​កាលពីថ្ងៃ​សុក្រ​ ធ្វើឡើង​​តែ​មួយ​សប្តាហ៍ប៉ុណ្ណោះ មុន​ការបោះឆ្នោត​ប្រធានាធិបតី​កូឡុំប៊ី ថ្ងៃ​២៥ឧសភា​ខាងមុខ។ មុន​​ការ​​ប្រកាស​នូវ​ការ​សម្រេច​​កិច្ចព្រមព្រៀង​​​បំបាត់​ការជួញដូរ​គ្រឿងញៀន​នេះ​ ក្រុម​ឧទ្ទាម​ហ្វាក ក៏​បាន​​ប្រកាស​​នូវ​បទ​ឈប់បាញ់​មួយ​ ធ្វើឡើង​ចន្លោះថ្ងៃ​២០និង​២៨ឧសភា​ខាងមុខ​នេះដែរ។ ដូច្នេះ ការបោះឆ្នោត​ប្រធានាធិបតី​កូឡុំប៊ី​នឹង​រួចផុត​ពី​ការ​វាយ​ប្រហារ​របស់​​ក្រុមឧទ្ទាម។

ដំណើរការ​ស្វែង​រក​សន្តិភាព​ជាមួយ​ក្រុមឧទ្ទាម​ បាន​ក្លាយ​​ជា​​ប្រធានបទ​ឃោសនា​​​​​​​នយោបាយ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ក្នុង​ស្រុក។ ដោយសារ​​​ការ​ផ្តួចផ្តើម​​ចរចាសន្តិភាព​​​ជាមួយ​ក្រុមឧទ្ទាម ប្រធានាធិបតី​សាន់តូស កំពុង​មាន​ប្រជាប្រិយភាព​ប្រឈម​នឹង​​​លោក​អ៊ីវ៉ាន់ ហ្ស៊ូល័រហ្កា ​ជា​បេក្ខជនប្រធានាធិបតី​គាំទ្រ​ដោយ​អតីត​ប្រធានាធិបតី​អាល់វ៉ារ៉ូ អ៊ូរីបេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ