អានតួអត្ថបទ
កម្ពុជា

ខុម​ហ្វ្រែល បង្ហាញ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​បែប​ទំនើប

អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ខុម​ហ្វ្រែល បាន​បង្ហាញ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាមបែប​ទំនើប ដោយ​ប្រើ​កុំព្យួទ័រ និង​ចេញ​ប័ណ្ណ​បោះ​ឆ្នោត មាន​បិទ​រូប​ថត ព្រម​ទាំង​ស្នាម​មេដៃ​អ្នក​បោះ​ឆ្នោត​។ ការ​សាក​ល្បង​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​បែប​ទំនើប​នេះ នឹង​ត្រូវ​ខុម​ហ្វ្រែល អនុវត្ត​នៅ​ក្នុង​ឃុំ​ពីរ នៅ​ខេត្ត​រតនគិរី និង​នៅ​ខេត្ត​កំពង់​ចាម នៅ​ពាក់​កណ្តាល​ខែ​មករា ឆ្នាំ២០១៥​។

លោកគល់ បញ្ញានាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។
លោកគល់ បញ្ញានាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ខុម​ហ្វ្រែល បាន​លើក​បង្ហាញ​ពី​ប្រព័ន្ធ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី ​​តាម​បែប​ទំនើប ដោយ​ប្រើ​កុំព្យូទ័រ មាន​ចេញ​ប័ណ្ណ​បោះ​ឆ្នោត សម្គាល់​អ្នក​បោះឆ្នោត ដោយ​មាន​បិទ​រូប​ថត ព្រម​ទាំង​ស្នាម​មេ​ដៃ​អ្នក​បោះ​ឆ្នោត​ថែម​ទៀត​។

 
ការ​សាក​ល្បង​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត តាម​ប្រព័ន្ធ​បែប​ទំនើប​នេះ ក៏​ត្រូវ​បាន​បង្ហាញ​។ ខុម​ហ្វ្រែល ក៏​នឹង​អនុវត្ត​សាកល្បង លើ​ប្រជាពល​រដ្ឋ​អ្នក​បោះឆ្នោត ២៥០ នាក់ នៅ​ឃុំប៉ាតេ ក្នុង​ខេត្ត​រតនគិរី ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៩​មករា និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង ២៥០ នាក់​ទៀត នៅ​ឃុំ​ស្រក ខេត្ត​កំពង់ចាម ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៥​។

តាម​លោក គល់ បញ្ញា ប្រព័ន្ធ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី ដែល​ដក​ពិសោធន៍​ពី​ប្រទេស​បង់ក្លាដេស និង​ប្រទេស​ហ្វីលីពីន នឹង​លុប​បំបាត់​បញ្ហា​ដែល​ជួប​ប្រទះ​កន្លង​មក ដូច​ជា ឈ្មោះ​ស្ទួន និង​កុំ​ឲ្យ​មាន​កំហុស​នៃ​ការ​បញ្ចូល​ទិន្នន័យ​របស់​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​ធានា​ភាព​ត្រឹម​ត្រូវ​នៃ​ការ​បោះ​ឆ្នោត​។

លោក គល់ បញ្ញា បញ្ជាក់ថា ប្រព័ន្ធ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី តាម​បែប​ទំនើប ដើម្បី​បង្កើត​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី គឺ​ត្រូវ​ការ​ពេល​វេលា​ប្រហែល​ជា ៨០ ទៅ ៩០ ថ្ងៃ សម្រាប់​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ នៅ​កម្ពុជា សព្វ​ថ្ងៃ ប្រមាណ ១០ លាន​នាក់ ហើយ​ចំណាយ​ថវិកា​ប្រហែល ១៧ លានដុល្លារ​ ឬ​ស្មើ​នឹង ១,៧ ដុល្លារ ក្នុង​ម្នាក់។ ចំណែក​ឧបករណ៍​មួយ​កំប្លេ រួម​មាន៖ កុំព្យូទ័រ ម៉ាស៊ីនថត ឧបករណ៍​ផ្តិត​មេដៃ និង​ម៉ាស៊ីន​ភ្លើង​តូច​មួយ តម្លៃ​សរុប​ក្រោម ១៥០០ ដុល្លារ។

ប្រព័ន្ធ​នៃ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត តាម​បែប​ទំនើប​នេះ ត្រូវ​បាន​លោក គល់ បញ្ញា អះ​អាង​ថា បើសិន​ជា​ការ​សាកល្បង​ ទទួល​ជោគ​ជ័យ នោះ​ខុមហ្វ្រែល នឹង​ដាក់​ជូន​ទៅ​កាន់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ចរចា​គ្នា លើ​កំណែ​ទម្រង់​ការ​បោះឆ្នោត មុន​ពេល​ដែល​ខុមហ្វ្រែល បញ្ជូន​ទៅ​កាន់​គជប​ថ្មី​។

ការ​លើក​បង្ហាញ​ពី​ប្រព័ន្ធ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​តាម​បែប​ទំនើប​ថ្មី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ក្រុម​ការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៩​ធ្នូ ត្រូវ​ជួប​គ្នា​ និយាយ​ពី​ការ​កែ​ប្រែ​ច្បាប់​បោះ​ឆ្នោត ត្រង់​ចំណុច​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​។ ជា​គោល​ការណ៍ គណបក្ស​ទាំង​ពីរ បាន​ព្រម​ព្រៀង​រួចហើយ ថា​ត្រូវ​ធ្វើ​បញ្ជី​បោះ​ឆ្នោត​ថ្មី​។

ចូល​រួម​ក្នុង​ពិធី​បង្ហាញ​ប្រព័ន្ធ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ធ្នូ លោក គួយ ប៊ុន​រឿន សហ​ប្រធាន​ក្រុម​ការងារ​ចរចា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ទៅ​នឹង​ដំណើរ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​បែប​ទំនើប​ ដោយ​ប្រើ​កុំព្យូទ័រ​នេះ​។ ប៉ុន្តែ​លោក​គួយ ​ប៊ុន​រឿន អះអាង​ថា ក្នុង​ចំណោម​ប្រព័ន្ធ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត ដែល​បង្ហាញ​ដោយ​សហភាព​អឺរ៉ុប ជប៉ុន និង​អង្គការ​ខុមហ្វ្រែល គឺ​គណបក្ស​សង្គ្រោះជាតិ ចាប់​អារម្មណ៍​ខ្លាំង​ជាងគេ លើ​របៀប​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​ជប៉ុន​។ ជប៉ុន ដែល​ប្រើ​​ប្រាស់​​បញ្ជី​អត្រា​នុកូលដ្ឋាន​ ឬ​សំបុត្រ​កំណើត​ ដើម្បី​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ