អានតួអត្ថបទ
ឥណ្ឌា

ក្តីបារម្ភ​ជុំវិញ​ការកើនឡើង​នៃ​អំពើហិង្សា​នៅ​តំបន់​កាស្មៀរ

អស់រយៈពេល​ជា​ច្រើន​សប្តាហ៍​មកហើយ ដែល​អំពើ​ហិង្សា​បាន​ផ្ទុះឡើង និង​រាលដាល​កាន់តែ​ខ្លាំង ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ នៅ​ក្នុង​តំបន់​កាស្មៀរ ដែល​ជា​តំបន់​ជាប់ជម្លោះ រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន។ ការរាលដាល​នៃ​អំពើ​ហិង្សា​នៅ​ក្នុង​តំបន់​ជម្លោះ រវាង​មហាអំណាច​នុយក្លេអ៊ែរ​នេះ កំពុងតែ​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​​ទាំង​នៅ​ក្នុង​តំបន់ និង​រហូត​ទៅដល់​សហរដ្ឋ​អាមេរិក។

បាតុករ​ប្រឆាំង​គប់ដុំថ្ម​ទៅលើ​ប៉ូលិស នៅ​ក្នុង​តំបន់​កាស្មៀរ​ឥណ្ឌា
បាតុករ​ប្រឆាំង​គប់ដុំថ្ម​ទៅលើ​ប៉ូលិស នៅ​ក្នុង​តំបន់​កាស្មៀរ​ឥណ្ឌា REUTERS/Danish Ismail
ផ្សាយពាណិជ្ជកម្ម

អំពើ​ហិង្សា​ដែល​កំពុងតែកើតមាន​ឡើង នៅ​ក្នុង​តំបន់​កាស្មៀរ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​កត់សម្គាល់ថា បាន​បង្ក​ឲ្យ​មាន​វិបត្តិ​នយោបាយ​​ដ៏​​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​ឃើញ​មាន នៅ​ក្នុងរយៈពេល​ប្រមាណ​ជា ២៥ឆ្នាំ​ចុងក្រោយ​នេះ។

អ្វីៗ​បាន​ចាប់ផ្តើម​ឡើង ក្រោយ​ពី​មេដឹកនាំ​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី​កាស្មៀរ​ត្រូវ​បាន​ទាហាន​រដ្ឋាភិបាល​ឥណ្ឌា​បាញ់​សម្លាប់ កាល​ពីថ្ងៃ​ទី៨កក្កដា​កន្លងទៅ។ ការស្លាប់​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​ចលនា​អ៊ីស្លាម​ផ្តាច់ទឹកដី​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល បណ្តាល​ឲ្យ​មាន​ការ​ប៉ះទង្គិច​ដោយ​ហិង្សា បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​និង​របួស​ជាច្រើន​នាក់។

ប្រឈមមុខ​នឹង​អំពើ​ហិង្សា​នេះ អាជ្ញាធរ​ឥណ្ឌា​បាន​ដាក់ពង្រាយ​កងទ័ព ចេញ​បម្រាម​គោចរ ហើយ​រហូត​មាន​ការ​រឹបអូស​កាសែត​ដែល​ចុះផ្សាយ​ពី​ចលនា​ប្រឆាំង ក៏ប៉ុន្តែ ៣សប្តាហ៍​ក្រោយ​មក កំហឹង​​អ្នក​គាំទ្រ​ចលនា​អ៊ីស្លាម​ផ្តាច់ទឹកដី​នៅតែ​មិនថមថយ ហើយ​ការ​ប៉ះទង្គិចគ្នា រវាង​បាតុករ​ប្រឆាំង និង​កងកម្លាំង​រដ្ឋាភិបាល នៅតែ​បន្ត​កើតមានឡើង ជារៀងរាល់​ថ្ងៃ។ គិត​ជា​សរុប អំពើ​ហិង្សា​នៅ​តំបន់​កាស្មៀរ នៅ​ក្នុងរយៈពេល ៣សប្តាហ៍​នេះ បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ជាង ៥០នាក់ និង​រាប់ពាន់នាក់​ផ្សេងទៀត​ត្រូវ​រងរបួស។

នៅ​ក្នុង​ប្រទេស​ឥណ្ឌា អំពើ​ហិង្សា​នៅ​ក្នុង​តំបន់​កាស្មៀរ​នេះ​បាន​បង្កើត​ឲ្យ​មាន​ការ​ជជែក​ដេញដោលគ្នា​យ៉ាងផុសផុល ជាពិសេស តាម​រយៈបណ្តាញ​សារព័ត៌មាន និង​​ប្រព័ន្ធ​អ៊ីនធ័រនែត ដោយ​អ្នក​ខ្លះ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រើ​កម្លាំង​បង្រ្កាប​ចលនា​ទាមទារ​ផ្តាច់ទឹកដី រីឯ​អ្នក​ខ្លះ​ទៀត ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ ដោយ​បាន​ធ្វើ​ការ​កត់សម្គាល់​ថា អស់រយៈពេល​ជាច្រើន​ឆ្នាំមកហើយ ដែល​រដ្ឋាភិបាល​យក​កម្លាំង​ធ្វើ​ជា​មធ្យោបាយ​ដោះស្រាយ​វិបត្តិ​នៅ​កាស្មៀរ​នេះ ក៏ប៉ុន្តែ ជាលទ្ធផល ចលនា​អ៊ីស្លាម​ទាមទារ​ផ្តាច់ទឹកដី​មិនត្រឹមតែ​មិនថយ​ចុះ តែ​ថែម​ទាំង​កើនឡើង​កាន់តែ​ខ្លាំង​ទៅវិញ។

អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​បារម្ភ​ទៅទៀត​នោះ គឺ​ខ្លាច​អំពើ​ហិង្សា​នៅ​កាស្មៀរ​នេះ​រាលដាល​រហូត​ក្លាយ​ជា​ជម្លោះ​ជាមួយ​ប៉ាគីស្ថាន។ គេ​មិនត្រូវ​ភ្លេចទេ​ថា ឥណ្ឌា និង​ប៉ាគីស្ថាន សុទ្ធតែ​ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ ហើយ​ប្រទេស​ទាំងពីរ​នេះ​សុទ្ធតែ​ទាមទារ​យក​តំបន់​កាស្មៀរ​ទាំងមូល​មក​កាន់កាប់​រៀងៗខ្លួន។

សូម្បីតែ​សហរដ្ឋ​អាមេរិក ដែល​ភាគច្រើន​​តែងតែ​ព្យាយាម​មិនលូកមាត់​រឿង​ជម្លោះ​កាស្មៀរ​នោះ ក៏​បាន​បង្ហាញ​នូវ​ក្តីបារម្ភ​របស់​ខ្លួន​ផងដែរ កាល​ពីថ្ងៃ​សៅរ៍​ម្សិលមិញ ចំពោះ​ការរីករាលដាល​នៃ​អំពើ​ហិង្សា​នៅតំបន់​កាស្មៀរ។ សូម្បីតែ​សហរដ្ឋ​អាមេរិក​ក៏​បាន​បង្ហាញ​នូវ​ក្តីបារម្ភ​របស់​ខ្លួន​ដែរ ចំពោះអ្វី​ដែល​កំពុងកើតឡើង​នៅ​កាស្មៀរ​ពេលនេះ។ ជាទូទៅ គេ​សង្កេតឃើញ​ថា ជាទូទៅ អាមេរិក​តែងតែ​ព្យាយាម​មិនលូកមាត់​រឿង​ជម្លោះ​កាស្មៀរ​នេះទេ ដោយសារ​តែ​មិនចង់​ឲ្យ​​គេឃើញ​​មាន​ភាព​លម្អៀង​ទៅ​ខាង​ណាមួយ ក្នុងពេល​ដែល​អាមេរិក​កំពុងតែ​ព្យាយាម​បង្កើន​ទំនាក់ទំនង ទាំង​ជាមួយ​ប៉ាគីស្ថាន និង​ជាមួយ​ឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ