ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/09 12h00 GMT

ក្នុង​​សន្និសីទ​​សារព័ត៌មាន​​​ចុងក្រោយ​​ ​លោក​អូបាម៉ា​​ទូន្មាន​​លោក​​ត្រាំ​ ពី​តម្លៃ​​ប្រជាជន​​អាមេរិក​​​

ក្នុង​​សន្និសីទ​​សារព័ត៌មាន​​​ចុងក្រោយ​​ ​លោក​អូបាម៉ា​​ទូន្មាន​​លោក​​ត្រាំ​ ពី​តម្លៃ​​ប្រជាជន​​អាមេរិក​​​
 
លោកអូបាម៉ា​ផ្តល់សន្និសីទ​សារព័ត៌មាន​នៅ​សេតវិមាន ថ្ងៃ១៨មករា ២០១៧ REUTERS/Kevin Lamarque

ថ្ងៃពុធ១​៨មករា​ម្សិលមិញ លោកអូបាម៉ា​បាន​ផ្តល់សន្និសីទ​សារព័ត៌មាន​ចុងក្រោយ​ ក្នុង​នាម​ជា​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក។ ​លោក​បាន​បង្ហាញ​ជំហរ​ថា​ លោក​មិននៅ​ស្ងៀមទេ ប្រសិន​បើមាន​បញ្ហា​ប៉ះពាល់​តម្លៃ​សហរដ្ឋ​អាមេរិក តម្លៃ​ប្រជាជន​អាមេរិក ​​​ក្នុង​អាណត្តិ​គ្រប់គ្រង​របស់​លោក​ដូណាល់ ត្រាំ។

 

លោក​ត្រាំ ត្រូវ​​ស្បថចូល​កាន់តំណែង​ប្រធានាធិបតី​ថ្មី​ នៅថ្ងៃ​២០មករា​ស្អែកនេះ​ហើយ។ យោងតាម​អ្នកនាំពាក្យ​របស់​លោកត្រាំ ត្រាំ​នឹងចូល​​ធ្វើការ​តែម្តង ​បន្ទាប់​ពី​ស្បថ​ចូល​កាន់តំណែង។

​​សម្រាប់​លោក​អូបាម៉ា ​លោក​ត្រាំ​ត្រូវតែ​ផ្តល់អាទិភាព​ដល់​តម្លៃជាតិ និង​​​ប្រជាជន
ប្រធានាធិបតី​ផុតអាណត្តិ​អូបាម៉ា បាន​លើកឡើង​ពី​សំណុំរឿង​សំខាន់ៗ ក្នុង​ប្រទេស ជាគោល​​ មាន​ដូចជា បញ្ហា​​​សេរីភាព​សារព័ត៌មាន ​បញ្ហា​ជនអន្តោប្រវេសន៍​ យុវជន​ដែល​បានធំដឹងក្តី​ ​ក្នុង​ទឹកដី​អាមេរិក រឺ​ក៏​ឧបសគ្គ​ទាក់ទង​សិទ្ធិបោះឆ្នោត​ជាដើម។ ​
 
ទាក់ទង​​សេរីភាព​សារព័ត៌មាន​ យើងដឹង​ថា លោកត្រាំ​មិនពេញចិត្ត​ក្រុមអ្នកសារព័ត៌មាន​ប៉ុន្មានទេ។ ​ជាក់ស្តែង មួយខែ ​មុនពេល​បោះឆ្នោត​ប្រធានាធិបតី លោក​ត្រាំធ្លាប់បាន​​គំរាម​ប្តឹង​សារព័ត៌មាន​ញូវយក ថែមស៍ ដែល​ហ៊ាន​ចុះផ្សាយ​ឯកសារ​ពន្ធ​ ទាក់ទង​ក្រុមហ៊ុន​រកស៊ី​របស់​លោក។  ​ចុងក្រោយ​នេះ​ លោក​ដូណាល់ ត្រាំ បាន​​បង្ហាញ​បំណង​មិនចង់ឃើញវត្តមាន​​​ក្រុមអ្នកកាសែត​ដែល​លោកគិតថា ​បាន​​កាន់ជើង​បក្ស​ណារឺក្រុម​ណា​​​ទេ។
 
ជា​ប្រតិកម្ម​តប​នឹង​លោកត្រាំ ​ម្សិលមិញ​ លោក​អូបាម៉ា​បាន​រំលឹក​ឡើងវិញ​ថា ​សេរីភាព​សារព័ត៌មាន​មាន​សារៈសំខាន់​ក្នុង​ដំណើរការ​ប្រទេសជាតិ។ ​ទាក់ទង​រឿង​អន្តោប្រវេសន៍ ​លោក​អូបាម៉ា ​មិនចង់​អោយ​​លោកត្រាំ ដែល​មាន​ជំហរ​ប្រឆាំង​ជន​អន្តោប្រវេសន៍​ខុសច្បាប់ ​ធ្វើការ​រើសអើង ធ្វើអ្វី​ហួសហេតុ​ពេកចំពោះ​ជនទាំងនោះ​​ទេ។ ពិសេស​ចំពោះ​ជន​អន្តោប្រវេសន៍​​​ដែល​ចូល​មក​សហរដ្ឋអាមេរិក តាំង​ពី​វ័យក្មេង​មក ហើយ​គ្មាន​ក្រដាសស្នាម​ត្រឹមត្រូវ។ ​​​បើ​មានអ្វី​ប៉ះពាល់ដល់​យុវជន​ដែល​ធំដឹងក្តី នៅ​អាមេរិក​ ដែល​​ជា​ពលរដ្ឋ​អាមេរិក​ពិតប្រាកដ ​លោក​អូបាម៉ា​ប្រាប់ថា លោក​នឹង​ចេញមុខ​ជាសាធារណៈ​មិនខាន។
 
​​លោក​អូបាម៉ា​ចង់​បង្ហាញលោកត្រាំ ក៏ដូច​ជា​ពលរដ្ឋ​អាមេរិក​​ថា ទោះ​ជា​ចាប់ពី​ថ្ងៃស្អែក​នេះទៅ ​លោក​​​លែង​ធ្វើជា​ប្រធានាធិបតី​​​ក្តី ក្នុងនាម​លោក​ជា​ពលរដ្ឋ​មួយរូប លោកក៏​​ត្រូវតែ​មាន​សិទ្ធិ​សង្កេត​មើល​ការដឹកនាំ​របស់​មេដឹកនាំ​ថ្មី​ដែរ។ ក្នុង​នាម​ជា​ពលរដ្ឋ​ លោក​មានសិទ្ធិ​តវ៉ា មានសិទ្ធិ​មិន​នៅស្ងៀម​ បើសិន​ជា​តម្លៃ​របស់​ជាតិ​អាមេរិក​ធ្លាក់ចុះ ដោយសារ​លោក​ត្រាំ។ ​ ​
 
​អូបាម៉ា៖អាមេរិក​មិនត្រូវបំភ្លេច​ច្បាប់​អន្តរជាតិ​ ដើម្បី​ផ្សះផ្សា​ជាមួយ​រុស្ស៊ី​ទេ !
ម្សិលមិញនេះ លោក​អូបាម៉ា​ក៏បានលើកឡើង​វិញ ពី​បញ្ហា​​រុស្ស៊ី រឺ​ក៏​តំបន់​ដើមបូព៌ា អ៊ីស្រាអែល-ប៉ាឡេស្ទីន​ដែរ។ ​ លោក​អូបាម៉ា​ដឹងច្បាស់​ថា លោកត្រាំ​មានទំនោរ​ទៅរក​រុស្ស៊ី ទៅ​រក​ប្រធានាធិបតី​ពូទីន។ លោក​អូបាម៉ា​រំលឹក​ថា ​ប្រាកដ​ហើយ​ដែល​អាមេរិក​ត្រូវការ​ទំនាក់ទំនង​ល្អជាមួយ​រុស្ស៊ី ​តែ​រុស្ស៊ី​បាន​​ឈ្លានពាន​អ៊ុយក្រែន ​អញ្ចឹង​ហើយ​ទើប​បាន​ជាមាន​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ីឡើង។ ​លោក​អូបាម៉ា​មិនចង់​អោយ​លោក​ដូណាល់ ត្រាំ យកលេស​ផ្សះផ្សា​ជាមួយ​រុស្ស៊ី ដោយ​​ភ្លេច​គិត​ច្បាប់​អន្តរជាតិ​ទេ។ ​
 
ប្រធានាធិបតី​ផុតអាណត្តិ​ក៏បាន​ទូន្មាន​ដែរ ទាក់ទង​​​បញ្ហា​​​អ៊ីស្រាអែល​-ប៉ាឡេស្ទីន ដែល​​នៅតែ​មិនអាច​​រក​បាន​សន្តិភាព​ជាមួយ​គ្នា។ សម្រាប់​លោក​អូបាម៉ា​​ ​តំបន់​អាណានិគមជនជាតិ​ជ្វីហ្វ​មិនមែន​ជា​ដំណោះស្រាយ​សន្តិភាព​​​សម្រាប់​ភាគី​ទាំងពីរ ក្នុង​ការ​បង្កើត​រដ្ឋ​សន្តិភាព​ទេ។ ដូច្នេះ លោក​ត្រាំ ត្រូវតែ​មើល​អោយ​មែនទែន​រឿងនេះ។ ​​អ៊ីស្រាអែល-ប៉ាឡេស្ទីន ​​ជា​បញ្ហា​​ក្តៅគគុក ​​​គ្រប់ពេលវេលា។ លោក​បាន​ផ្តល់​ដំបូន្មាន​បែបយ៉ាង​​ថា គេមិនត្រូវស្តាប់តែ​មនុស្ស​ដែល​គាំទ្រ​គំនិត​ខ្លួន​នោះទេ- ​ពេល​ដែល​លោកត្រាំ​ធ្វើជា​​ប្រធានាធិបតី ការពិតនឹង​ធ្លាក់​នៅចំពោះ​មុខ។ ​​
 
និយាយ​រួម ដំបូន្មាន​លោក​អូបាម៉ា​ចំពោះ​លោក​ត្រាំ គឺ​ដើម្បី​កុំអោយ​លោកត្រាំ​ធ្វើអ្វី​ហួស​ហេតុ​ ដូច​ដែល​លោកត្រាំ​​ធ្លា​ប់​បាន​សន្យា​មុនពេល​ជាប់ឆ្នោត។ ​ប៉ុន្តែ រវាង​​អូបាម៉ា និង​ត្រាំ, រវាង​​បក្ស​ប្រជា​ធិបតេយ្យ​ដែល​ផុត​អាណត្តិ និង​បក្ស​សាធារណរដ្ឋ​ ដែល​ត្រូវ​ចូល​កាន់​អំណាច ស្អែកនេះ, បើភាគី​ទាំង២ នៅតែ​បន្ត​ប្រឆាំងគ្នា វា​​គឺ​ជា​រឿង​សាមញ្ញក្នុង​នយោបាយ​ដឹកនាំ។ បើ​មួយ​និយាយអ្វីហើយ​​ មួយទៀតត្រូវតែ​បង្ហាញ​​ការរិះគន់ ការ​ជំទាស់​ជានិច្ច។
 
លោក​អូបាម៉ា​ ក៏ដូចជា​បក្ស​ប្រជាធិបតេយ្យ មិនសប្បាយ​ចិត្ត​ប៉ុន្មានទេ ដែល​បក្ស​សាធារណរដ្ឋ​​ចង់​លុបចោល​អ្វីៗ ដែល​បក្ស​ប្រជាធិបតេយ្យ​សម្រេច​​បាន​​ ​២អាណត្តិ​ដឹកនាំ​កន្លងមក។ ​​ជាក់ស្តែង​ ​ច្បាប់​ធានារ៉ាប់រង​សុខភាព​ អូបាម៉ា​ឃែរ ដែល​មានទិសដៅ​​អោយ​ពលរដ្ឋ​គ្រប់រូប​ទទួលបាន​ជំនួយ​ពីរដ្ឋ បែរជា​ត្រូវ​បក្ស​សាធារណរដ្ឋ​ប្រកាស​ថា នឹង​លុបចោល​​ទៅវិញ ព្រោះ​វា​ធ្វើអោយ​រដ្ឋ​ចាយលុយ​ច្រើន- ហើយ​​ថៅកែ​រកស៊ី​ក៏ដូចគ្នា។
 
​បក្ស​សាធារណរដ្ឋ​ចង់​ដាក់ច្បាប់​ថ្មី​មកជំនួស តែ​ក៏​​រក្សា​ខ្លឹមសារ​មួយចំនួន​របស់​ច្បាប់ចាស់​​ដែរ។ ច្បាប់អូបាម៉ា​ឃែរ តំរូវ​អោយ​ពលរដ្ឋ​គ្រប់រូប​ត្រូវតែ​ទទួល​​​សេវា​រ៉ាប់រង​​សុខភាព ចូលរួម​ជួយគ្នា​អោយគ្រប់គ្នា ​អាច​មានលុយ​បង់​ថ្លៃ​សេវា​រ៉ាប់រង​នេះដែរ។
 
លោក​ដូណាល់ ត្រាំ មិនចង់​បង្ខំ​ពលរដ្ឋ​អោយ​​បង់ថ្លៃ ការធានា​រ៉ាប់រង​​​ទេ។ ព្រោះ​វា​អាចជា​ចំណាយ​ខ្ពស់​​​សម្រាប់​មនុស្ស​មួយចំនួន ខណៈ​ពួកគេ​មានជម្រើស​ មាន​សិទ្ធិ​បដិសេធ​ការបង់ថ្លៃ​នេះ។ និយាយទៅ ​លោកត្រាំ​មិនចង់អោយ​​ការ​បង់ថ្លៃ​សេវា​រ៉ាប់រងសុខភាព ​ចែង​ដោយ​​​ច្បាប់​អូបាម៉ា​ឃែរ ក្លាយជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​អាមេរិ​កទេ។ ​ការ​បង់ថ្លៃ ត្រូវតែ​ជា​ជម្រើស​សម្រាប់​ពួកគេ​វិញ ទើប​ជា​ការ​ត្រឹមត្រូវ។ លោក​ដូណាល់​ ត្រាំ បាន​អះអាង​កាលពី​ថ្ងៃ​អង្គារ​ថា ​ក្នុង​អាណត្តិ​ប្រធានាធិបតី​ត្រាំ​- គ្មាន​មនុស្ស​ណាម្នាក់ ដេក​​ស្លាប់​​តាម​ដងផ្លូវ​ទេ។
 
លោកត្រាំនៅតែ​​​ប្រកាន់​ជំហរ​ការពារ​ពលរដ្ឋ​អាមេរិក​
ការ​​ដឹកនាំ​របស់​លោក​ដូណាល់ ត្រាំ ប្រហែល​ជា​អាច​ដំណើរការ​បាន​ល្អប្រសើរ​​ដែរ។ លោក​ត្រាំអាច​មា​ន​ទឹកមាត់ប្រៃ​គ្រាន់បើ។ មើលតាម​ការ​​​ជាក់ស្តែង ​លោក​​​​ធ្លាប់​​បាន​គំរាម​​មេក្រុមហ៊ុន​ធំៗ​ ពិសេស​សហគ្រាស​​ក្រុមហ៊ុន​ពហុជាតិ ​ដាក់សម្ពាធ​​​អោយក្រុមហ៊ុនទាំងនេះ ​​​​បង្កើត​ការងារ​ អោ​យពលរដ្ឋ​អាមេរិកបានធ្វើ។ ​​
 
លោក​​ត្រាំ​គំរាម​មើល​ផ្នែកពន្ធដារ​ពួកគេ។ ជាទូទៅ ​ច្បាប់​ទីផ្សារ​​អាមេរិក​ការពារ​ក្រុមហ៊ុន​រកស៊ី​ណាស់។ តែ​លោក​ត្រាំ​បែរជា​ហ៊ាន​គំរាម​ក្រុមហ៊ុន​ទាំងនេះ​​ទៅវិញ។ ការគំរាម​​របស់លោក​ មាន​ប្រសិទ្ធភាព​គ្រាន់បើ។ ឃើញថា​ ពេលនេះ ​ក្រុមហ៊ុន​មួយចំនួន បាន​រវាសរវៃ​ ស្តាប់​តាម ធ្វើតាម​​លោក។​ ដូចជា ​​ក្រុមហ៊ុ​ន​រថយន្ត ​General Motors ចេណេរ៉ល ម៉ូធរ បានសម្រេច​ពង្រឹង​សកម្មភាព​រកស៊ី​នៅ​អាមេរិក។ ក្រុមហ៊ុនAmazon ​អាម៉ាហ្សូនវិញ ក៏​បាន​ប្រកាស​​បង្កើត​ការងារ​ប្រមាណ​មួយសែន​ ​នៅ​សហរដ្ឋ​អាមេរិកដែរ៕ ​

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    លោកដូណាល់ត្រាំ​ជា​កាលានុវត្តភាព​សម្រាប់​គម្រោង​បង្កើត​កងទ័ពរួម​អឺរ៉ុប ?

    ស្វែងយល់បន្ថែម

  • អាមេរិក

    អាមេរិក៖​លោកអូបាម៉ា​ចេញ​មុខ​ការពារ​នយោបាយ​ការបរទេស​ក្នុង​អាណត្តិ ៨ឆ្នាំ​របស់​លោក

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    លោក​ដូណាល់ ត្រាំ៖ ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី នឹង​អាច​លុបចោលវិញ

    ស្វែងយល់បន្ថែម

  • ប៉ាឡេស្ទីន-សហរដ្ឋអាមេរិក

    ប៉ាឡេស្ទីន​ព្រមាន​លោកត្រាំ កុំឲ្យ​លើក​ស្ថានទូត​អាមេរិក​ទៅនៅ​Jerusalem

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ