ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT

អាល់ហ្សេរី៖២ខែ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី សង្រ្គាម​ប្រកាន់​បក្សពួក​បាន​ចាប់​ផ្តើម

អាល់ហ្សេរី៖២ខែ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី សង្រ្គាម​ប្រកាន់​បក្សពួក​បាន​ចាប់​ផ្តើម
 
លោកប្រធានាធិបតី​អាល់ហ្សេរី Abdelaziz Bouteflika (កណ្តាល) នាយសេនាធិការ Ahmed Gaid Salah (ឆ្វេង) និង​លោកនាយករដ្ឋមន្រ្តី Abdelmalek Sellal (ស្តំា)

នៅ​សល់​តែ ២ខែ​ទៀត​ប៉ុណ្ណោះ ប្រទេស​អាល់ហ្សេរី​នឹង​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ មក​ដល់​ពេល​នេះ មាន​បេក្ខជន​ជាង ៨០នាក់​ដែល​បាន​ប្រាប់​ឲ្យ​ដឹង​ពី​បំណង​ចង់​ឈរ​ឈ្មោះ​ជា​ផ្លូវការ​របស់​ខ្លួន។ ពួក​គេ​មាន​ពេល​រហូត​ដល់​ថ្ងៃទី៤ មីនា​ដើម្បី​ប្រកាស​ជា​ផ្លូវការ។ តែ​បេក្ខជន​ដែល​គ្រប់​គ្នា​កំពុង​ចង់​ដឹង​ថា​នឹង​ឈរ​ឈ្មោះ​ជា​ថ្មី ឬ​អត់​នោះ គឺ​លោក​ប្រធានាធិបតី​ផុតអាណត្តិ​អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា។ លោក​ប៊ូតេហ្ល្វីកា​បាន​ជាប់ឆ្នោត និង​បន្ត​ជាប់ឆ្នោត​តំាង​ពី​ឆ្នំា ១៩៩៩ មក​ម្ល៉េះ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នា​ពេល​នេះ​គឺ​ថា ជាមួយ​នឹង​ការ​ផ្ទុះឡើង​នូវ​សង្រ្គាម​ប្រកាន់​បក្សពួក​ជុំវិញ បរិយាកាស​នយោបាយ​ទូទៅ​ហាក់​ដូច​ជា​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ។

អស់​ជា​ច្រើន​ខែ​​កន្លង​មក​ហើយ ដែល​បរិយាកាស​នយោបាយ​ទូទៅ​នៅ​ក្នុង​ប្រទេស​អាល់ហ្សេរី​បាន និង​កំពុង​បន្ត​វិលវល់​ជុំវិញ​សមាសភាព​បេក្ខជន​ដែល​កំពុង​ត្រៀមខ្លួន​ប្រកាស​ចូល​រួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ ការ​រៀបចំ​បោះឆ្នោត​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៧ មេសា​ខាង​មុខ។ ក្រៅ​ពី​បេក្ខជន​ទំាង​ជាង ៨០រូប​ដែល​បាន​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​របស់​ខ្លួន​រួច​ហើយ​នោះ គ្រប់​គ្នា​បាន និង​កំពុង​រង់ចំា​យ៉ាង​អន្ទះសា​នូវ​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី​ផុតអាណត្តិ​អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា ពិសេស​ចង់​ដឹង​ថា តើ​លោក​អាប់ដែលឡាហ្ស៊ី​នឹង​ប្រកាស​ឈរឈ្មោះ​មួយ​អាណត្តិ​បន្ថែម​ទៀត គឺ​អាណត្តិទី៤ ដែរ ឬ​ទេ។

សូម​ជម្រាប​ជូន​ថា បច្ចុប្បន្ន​មាន​អាយុ ៧៦ឆ្នំា លោក​អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា​បាន​អង្គុយ​កៅអី​ប្រធានាធិបតី​អាល់ហ្សេរី​តំាង​តែ​ពី​ឆ្នំា ១៩៩៩ មក​ម្ល៉េះ។ តែ​បញ្ហា​នៅ​ត្រង់​ថា ក្រៅ​ពី​មាន​អាយុ​ច្រើន និង​ភាព​ចាស់​ជរា​របស់​ខ្លួន លោក​អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា​ក៏​កំពុង​ទ្រុឌទ្រោម​ដោយសារ​ជម្ងឺ​ប្រចំាកាយ​ដែរ។ ជម្ងឺ​ដែល​បាន​បង្ខំ​លោក​ឲ្យ​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារំាង​ជិត ៣ខែ​កាល​ពី​ឆ្នំា ២០១៣ កន្លង​ទៅ។ គឺ​អវត្តមាន​យូរអង្វែង រួម​ផ្សំ​ជាមួយ​នឹង​កត្តា​ឧបសគ្គ​គ្រប់​យ៉ាង​របស់​លោក​ប្រធានាធិបតី​នេះ​ឯង ដែល​បាន​បង្ក​ចេញ​ឲ្យ​មាន​សង្រ្គាម​ប៉ាកកា​យ៉ាង​ផុលផុស​នៅ​ក្នុង​ស្រុក​នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។ គឺ​ជា​សង្រ្គាម​ប៉ាកកា​ដែល​បាន​ផ្តោត​សំខាន់​តែ​ជុំវិញ​ការ​គំាទ្រ និង​ការ​មិន​គំាទ្រ​បេក្ខជន​ជា​យថាហេតុ​របស់​លោក​អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា​សម្រាប់​អាណត្តិទី៤។

តាម​ពិត​ទៅ អ្វីៗ​បាន​ផ្ទុះ​ដំបូង​ចេញ​ពី​បបូរមាត់​លោក​អាម៉ារ សាអ៊ីតដានី ប្រធាន​គណបក្ស​រណសិរ្យរំដោះជាតិ​ដែល​កំពុង​កាន់​អំណាច​សព្វថ្ងៃ។ លោក​សាអ៊ីតដានី​ដែល​បាន​ប្រកាស​សង្រ្គាម​យ៉ាង​ចំហរ​ប្រឆំាង​នឹង​លោក​ប្រធាន​នាយកដ្ឋាន​ស៊ើបការសម្ងាត់ និង​សន្តិសុខ គឺ​ឧត្តមសេនីយ​ម៉ូហាមេដ មេឌីយ៉េន​ដែល​គេ​នំា​គ្នា​ហៅ​ក្រៅ​ថា ឧត្តមសេនីយ​ទូហ្វីក។ បច្ចុប្បន្ន​មាន​អាយុ ៧៤ឆ្នំា ឧត្តមសេនីយ៍​ទូហ្វីក​បាន​កាន់​តំណែង​មួយ​នេះ​តំាង​ពី​ឆ្នំា ១៩៩០ និង​ជា​ឥស្សរជន​ម្នាក់​ដែល​គ្មាន​នរណា​អាច​ប៉ះពាល់​បាន។ តែ​បើ​យោង​តាម​លោក​អាម៉ារ សាអ៊ីតដានី គឺ​រូប​ឧត្តមសេនីយ៍​ទូហ្វីក​នេះ​ឯង​ដែល​ទើប​បាន​ប្រកាស​ក្លែងៗ​ចង់​រារំាង​លោក​ប្រធានាធិបតី​អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​អាណត្តិទី៤។

នេះ​ហើយ​ជា​ប្រភព​នៃ​ការ​ផ្ទុះ​សង្រ្គាម​ប្រកាន់​បក្សពួក​សម្រាប់​បេក្ខជន​ប្រធានាធិបតី​នៅ​ថ្ងែ​ខាង​មុខ។ នៅ​ម្ខាង គឺ​លោក​អាម៉ារ សាអ៊ីតដានី ប្រធាន​គណបក្ស​រណសិរ្យរំដោះជាតិ និង​ឧត្តមសេនីយ៍​ហ្គាអ៊ីត សាឡាហ នាយសេនាធិការ​ដែល​បាន​ចេញ​មុខ​គំាទ្រ​បេក្ខភាព​លោក​អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា​សម្រាប់​អាណត្តិទី៤។ នៅ​ម្ខាង​ទៀត គឺ​ឧត្តមសេនីយ៍​ទូហ្វីក​ដែល​បាន​ប្រឆំាង​នឹង​ប្ខេភាព​លោក​អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា ដោយ​មាន​ការ​គំាទ្រ​ពី​ឧត្តមសេនីយ៍​ចូល​និវត្តន៍​ម្នាក់ គឺ​លោក​ហូស៊ីន បេនហាឌីដ ព្រម​ទំាង​លោក​អតីត​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ម៉ូហាមេដ ឆាហ្វី​ផង​ដែរ។ លោក​បេនហាឌីដ​ដែល​មិន​ញញើត​នឹង​អំពាវនាវ​ឲ្យ​លោក​អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា​ចុះចេញ​ពី​តំណែង​ដោយ​សេចក្តីថ្លៃថ្នូរ និង​កិត្តិយស។

អ្វី​ជា​ការ​កត់សម្គាល់​រួម​នោះ​គឺ​ថា ក្រោម​ភ្នែកច្រមុះ​របស់​ថ្នាក់ដឹកនំា​ជាន់ខ្ពស់​ស៊ីវិល និង​យោធា​មួយ​ចំនួន លោក​អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា​លែង​មាន​លទ្ធភាព​ក្នុង​ការ​បន្ត​ដឹកនំា​ប្រទេស​បាន​ទៀត​ឡើយ។ សម្រាប់​ពួក​គេ តួនាទីកំពូល​មួយ​នេះ​បាន និង​កំពុង​គ្រប់គ្រង​ដោយ​ប្រយោល​ពី​សំណាក់​ក្រុមគ្រួសារ និង​បក្សពួក​របស់​លោក​អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា ពិសេស​គឺ​ប្អូនប្រុស​របស់​លោក គឺ​លោក​សាអ៊ីត ប៊ូតេហ្ល្វីកា។ ដូច្នេះ​ចង់ ឬ​មិន​ចង់ រឿងអាស្រូវ​ប្រទាញប្រទង់​គ្នា​ជុំវិញ​បេក្ខភាព​ប្រធានាធិបតី​របស់​លោក​អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា​សម្រាប់​អាណត្តិទី៤ រវាង​ឧត្តមសេនីយ៍​ទូហ្វីក និង​ឧត្តមសេនីយ៍​សាឡាហ​ពេល​នេះ ពិត​ជា​កំពុង​ពុះបំបែក​ស្ថាប័ន​កងទ័ព​ដែល​កំពុង​ដើរ​តួនាទី​ស្នូល​របស់​ប្រទេស​អាល់ហ្សេរី​តំាង​ពី​ដើម​មក។

រហូត​មក​ដល់​ពេល​នេះ ឧត្តមសេនីយ៍​ទូហ្វីក​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឥស្សរជន​លាក់ខ្លួន កម្រ​ចេញ​មុខ​ជា​សាធារណៈ​ណាស់។ តែ​វា​ជា​លើកទីមួយ​បង្អស់​ដែល​ឧត្តមសេនីយ៍​រូប​នេះ​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​លោក​អាម៉ារ សាអ៊ីតដានី ប្រធាន​គណបក្ស​រណសិរ្យរំដោះជាតិ។ តើ​ឧត្តមសេនីយ៍​ទូហ្វីក​ពិត​ជា​មាន​ឆន្ទៈ​ចង់​បញ្ចប់​អាណត្តិ​លោក​ប្រធានាធិបតី​អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា​តែ​ត្រឹម​នេះ​មែន​ឬ?។ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ចេញ​ពី​មាត់​ឧត្តមសេនីយ៍​ទូហ្វីក​នៅ​ឡើយ​ទេ។ អ្វី​ដែល​គេ​ដឹង​នោះ​គឺ​ថា បន្ទាប់​ពី​បាន​លេចឮ​ដំណឹង​នេះ​មក លោក​ប្រធានាធិបតី​អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា​ប្រហែល​ជា​បាន​ចាត់ការ​ភ្លាមៗ ដោយ​បាន​សម្រេច​ដកតំណែង​ឧត្តមសេនីយ៍​ទូហ្វីក ព្រម​ទំាង​មន្រ្តីយោធា​ស្និទ្ធ​នឹង​ឧត្តមសេនីយ៍​ទូហ្វីក​ប្រមាណ​ជា ១០០នាក់​ផ្សេង​ទៀត។

ខណៈ​នេះ និង​បើ​ទោះបី​ជា​ព័ត៌មាន​មួយ​នេះ​នៅ​មិន​ទាន់​មាន​ប្រភព​ណា​មួយ​ប្រកាស​បញ្ជាក់ ឬ​មួយ​ក៏​បដិសេធ​ក៏​ដោយ ក៏​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែក​ពី​ការ​ផ្តាច់​ទំនាក់ទំនង​រវាង​លោក​អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា និង​ឧត្តមសេនីយ៍​ទូហ្វីក​ដែល​ធ្លាប់​តែ​បាន​ចេញ​មុខ​គំាទ្រ​បេក្ខភាព​លោក​ប៊ូតេហ្ល្វីកា​តំាង​ពី​ឆ្នំា ១៩៩៩ មក។ ទោះ​បី​ជា​នៅ​ក្រោម​ហេតុផល​ណា​ក៏​ដោយ ក៏​ការ​សម្រេចចិត្ត​របស់​លោក​អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា គឺ​ជា​ឆន្ទៈ​មួយ​ដែល​លោក​ចង់​កាត់​បន្ថយ​ឥទ្ធិពល​របស់​នាយកដ្ឋាន​ស៊ើបអង្កេត និង​សន្តិសុខ​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ខាង​មុខ។ ទោះ​បី​ជា​នៅ​ក្រោម​ហេតុផល​ណា​ក៏​ដោយ វិបត្តិ​បាន​ផ្ទុះ​ហើយ និង​ដែល​នឹង​អាច​គំរាម​ដល់​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​អាល់ហ្សេរី៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អាល់ហ្សេរី-ម៉ាលី

    មេក្លោង​អាល់កៃដា​ បេលម៉ុកតារ​ ទំលាក់​កំហុស​​សោកនាដកម្ម​នៅ​រោងចក្រ​ប្រេង​ និង​ឧស្ម័ន​ In​ Amenas​ ទៅ​​លើ​ទាហាន​អាល់ហ្សេរី​

    ស្វែងយល់បន្ថែម

  • អាល់ហ្សេរី

    យុទ្ធនាការ​រំដោះ​ចំណាប់​ខ្មាំង​បិទ​បញ្ចប់​ក្នុង​ថ្លុកឈាម

    ស្វែងយល់បន្ថែម

  • អាមេរិក-ជប៉ុន

    អាមេរិក និង​ជប៉ុន​ព្រមាន​អាល់ហ្សេរី​ឲ្យ​ការពារ​សុវត្ថិភាព​ចំណាប់ខ្មំាង

    ស្វែងយល់បន្ថែម

  • អាល់ហ្សេរី

    វិបត្តិ​ចំណាប់ខ្មាំង​នៅ​អាល់ហ្សេរី​កំពុង​រាលដាល​ជា​បញ្ហា​ការទូត

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ