អានតួអត្ថបទ
អ៊ីរ៉ង់-រុស្ស៊ី

អ៊ីរ៉ង់​​និង​​រុស្ស៊ី​​ចាប់ផ្តើម​​សាងសង់​​ប្រតិករ​​នុយក្លេអ៊ែរថ្មី​​២​​ ក្នុង​ទឹកដី​​អ៊ីរ៉ង់​​

នៅថ្ងៃសៅរ៍​១០សីហានេះ អ៊ីរ់ង់​និង​រុស្ស៊ី​បានចាប់ផ្តើម​ធ្វើការ​សាងសង់​ប្រតិករ​នុយក្លេអ៊ែរ​ថ្មី​ចំនួន​២​ នៅ​មជ្ឈមណ្ឌល​ Bouchehr ស្ថិត​នៅ​ឆ្នេរ​ឈូងសមុទ្រពែរស៍ ភាគខាងត្បូង​​អ៊ីរ៉ង់។ ​ការសាងសង់​ប្រតិករ​នុយក្លេអ៊ែរ​ទាំង២​ មានតម្លៃ​១០ពាន់លានដុល្លារ និង​​ត្រូវប្រើ​ពេល​១០ឆ្នាំ។ ប្រតិករ​ទាំង២​អាចជួយ​​អ៊ីរ៉ង់អោយ​​​សន្សំសំចៃ​ប្រេង​ប្រមាណ​១១លាន​បារីល ក្នុង​មួយឆ្នាំៗ។ ​

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Bouchehr នៅ​អ៊ីរ៉ង់​
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Bouchehr នៅ​អ៊ីរ៉ង់​ AFP/ATTA KENARE
ផ្សាយពាណិជ្ជកម្ម

ប្រតិករ​នុយក្លេអ៊ែរ​ទាំង២ថ្មី ដែល​អ៊ីរ៉ង់​​និង​រុស្ស៊ីចាប់ផ្តើម​សាងសង់​ឡើងនេះ​ ក៏ជួយ​​ទប់ស្កាត់​ឧស្ម័ន​ផ្ទះកញ្ចក់​ដល់ទៅ​៧លានតោន​ផងដែរ។ ​មាន​មនុស្ស​ប្រមាណ​៨០០០នាក់​ ដែលត្រូវ​​ចូលរួម​​​​ក្នុង​ការងារ​​​​សង់​ម៉ាស៊ីនប្រតិកម្ម​ទាំង២ នៅ​ក្រុងកំពង់ផែ Bouchehr ភាគខាងត្បូង​អ៊ីរ៉ង់។ ​

អ៊ីរ៉ង់​គ្រោង​សង់​ប្រតិករ​នុយក្លេអ៊ែរ​ជាង២០ទៀតដែរ សម្រាប់​ពេលអនាគត។ ក្នុងនោះ មាន​ប្រតិករ​ចំនួន៩ ដែលអ៊ីរ៉ង់​ត្រូវសហការ​ជាមួយ​រុស្ស៊ី។ ​​រដ្ឋាភិបាល​ក្រុងតេហេរ៉ង់​​មិនចង់​ពឹងផ្អែក​ទាំងស្រុង ​​លើការផលិត​​​ប្រេងនិង​ឧស្ម័នក្នុងស្រុក​​ទៀតទេ។ សព្វថ្ងៃ​នេះ អ៊ីរ៉ង់​មានប្រតិករ​នុយក្លេអ៊ែរ​​១០០០មេហ្កាវ៉ាត់ តែមួយ​ប៉ុណ្ណោះ នៅ​​មជ្ឈមណ្ឌល​ Bouchehr។ ​ប្រតិករ​នេះ​​ដាក់អោយដំណើរការ​តាំងពី​ឆ្នាំ២០១១មក។

ក្នុង​ទិវា​បើកការដ្ឋានសាងសង់​ប្រតិករ​នុយក្លេអ៊ែរ​ ថ្ងៃសៅរ៍នេះ មាន​ការចូលរួម​ពី​ប្រធាន​ទីភ្នាក់ងារ​​​សហព័ន្ធថាមពល​បរមាណូ​របស់​រុស្ស៊ី និងក្រុមហ៊ុន​អភិវឌ្ឈន៍​ផលិតផល​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ​តំណាង​ខាង​រុស្ស៊ីលើកឡើងថា ការសាងសង់នេះ​បង្ហាញ​ពី​ការ​សហប្រតិបត្តិការ​រវាង​រុស្ស៊ីនិងអ៊ីរ៉ង់ ហើយ​ក៏ជាជំហាន​មួយ​ជួយរុស្ស៊ី​អោយពង្រឹង​ជំហរ​ខ្លួន នៅ​ដើមបូព៌ា ​ក្នុង​ទីផ្សារ​អន្តរជាតិ ខាងផ្នែក​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​តាម​បែប​​សន្តិភាព​។

គួររំលឹកថា កាលពីខែកក្កដា ឆ្នាំ២០១៤ ​អ៊ីរ៉ង់​បានចុះកិច្ចព្រមព្រៀង​ ជាមួយ​ប្រទេស​មហាអំណាច នៅ​ក្រុងវីយែន ជាកិច្ចព្រមព្រៀង​ធនានា​ថា សកម្មភាព​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មាន​បែបផែន​សន្តិភាព។ ជាថ្នូរ​នឹង​ការធានានេះ អន្តរជាតិ​​បានលើកទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ