អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាង​ជើង​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​ចំនួន​ពីរ​​​បន្ថែម​ទៀត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ុន្មាន​ថ្ងៃបន្ទាប់ពីបាញ់​សាក​ល្បង​មីស៊ីល​រយៈចម្ងាយ​ខ្លីរួច​​មក​ នៅ​ថ្ងៃពុធ​ ទី​៣១​ កក្កដា កូរ៉េ​ខាង​ជើង​ បានបាញ់​​​សាក​ល្បង​មីស៊ីល​បាលីស្ទិក ​ចំនួន​ពីរ​​បន្ថែម​ទៀត​។ ការ​​បាញ់​​សាក​​ល្បង​​មីស៊ីល​​ផ្ទួន​ៗ​​​នេះ គឺ​នៅ​មុន​ពេល​ដែល ​អាមេរិក និង កូរ៉េខាង​ត្បូង បើក​សម​យុទ្ធប្រចាំ​ឆ្នាំរួម​គ្នា​។

ពលរដ្ឋកូរ៉េខាងត្បួង កំពុង​មើល​ការបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង តាម​ទូរទស្សន៍។​
ពលរដ្ឋកូរ៉េខាងត្បួង កំពុង​មើល​ការបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង តាម​ទូរទស្សន៍។​ @Reuters
ផ្សាយពាណិជ្ជកម្ម

ហេតុអ្វី​​កូរ៉េ​ខាងជើងបាញ់​សាកល្បង​មីស៊ីល​ ដល់​ទៅ​ពីរ​ដង​ផ្ទួនៗគ្នា​យ៉ាង​ដូច្នេះ?

មី​ស៊ីលបាលីស្ទិកចំនួនពីរ ដែល​បាញ់​ចេញ​ថ្ងៃ​ពុធ​នេះ គឺ​មា​នរយៈ​ចម្ងាយ​ ប្រហែល​២៥០គីឡូម៉ែត្រ មុន​ធ្លាក់​ចូល​សមុទ្រ ហើយកម្ពស់​ប្រមាណ​៣០គីឡូម៉ែត្រ បាញ់​ចេញ​ពី​តំបន់​ វង់​សាន របស់​កូរ៉េ​ខាងជើង តម្រង់​ទៅ​សមុទ្រ​ខាង​កើត (ឬ​សមុទ្ទ​ជប៉ុន)​។ នេះ​​បើ​​យោង​តាម​​ការ​​អះអាង​​របស់​សេនា​ធិការ​ចម្រុះ​នៃ​​កង​ទ័ព​កូរ៉េ​ខាង​​ត្បូង។ មីស៊ីល​ពីរគ្រាប់​នេះ ​បើ​គេ​ពិនិត្យ​ទៅ គឺ​វា​មាន​កម្ពស់​ប្រមាណ​៣០គីឡូម៉ែត្រដូចគ្នាមែន តែមីស៊ីល​​​លើកនេះ​គឺវា​​មាន​រយៈ​ចម្ងាយ​ខ្លី​ជាង​កាល​​ពីបាញ់​នៅ​ថ្ងៃព្រហស្បតិ៍​មុន ដែល​មាន​រយៈ​ចម្ងាយ​ ដល់​ទៅ​៧០០គីឡូម៉ែត្រ មុន​ផ្ទុះ​បែក​ធ្លាក់ចូល​សមុទ្រ​។

ក្រោយ​ការ​បាញ់​សាក​ល្បង​ផ្ទួនៗគ្នារបស់​កូរ៉េ​ខាង​ជើង​យ៉ាង​​ដូច្នេះ, កូរ៉េ​ខាង​ត្បួង​ ចាត់ទុក​ថា​ការ​បង្ក​ហេតុ​ និង​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខជាតិ​របស់ខ្លួន ហើយ​ កូរ៉េ​ខាង​ត្បួង ប្រាប់​កូរ៉េ​ខាងជើង ឱ្យ​​ឈប់​សកម្មភាព​គឃ្លើន​ទាំងអស់​នេះ ដែល​អាច​បង្ក​អរិភាព​ដល់ទំនាក់ទំនង​ជាតិ​ទាំង​ពីរ​​​។ ក៏ប៉ុន្តែ​ ចំពោះ​កូរ៉េ​ខាង​ជើង​ផ្ទាល់ គឺ​គ្មាន​ផ្តល់​សេចក្តី​អធិប្បាយអ្វី​បន្ថែម​បន្តិច​សោះនោះឡើយ​ រហូត​មកទល់​ពេល​នេះ​។  

ទោះយ៉ាង​ណាក្តី​ បើ​តាម​អ្នក​ជំនាញ​ពី​បញ្ហា​សន្តិសុខ​ក្នុង​ឧបទ្វីប​កូរ៉េ, ​គោល​បំណងចម្បង​ធំ​​នៃការ​បាញ់​សាកល្បង​ទាំង​ពីរ​លើក របស់​កូរ៉េខាងជើង​​នេះ គឺ​គ្មា​នអ្វី​ក្រៅ​តែ​ពីគំរាមផង​ ​ព្រមានផង​ ហើយ​និងចង់​​ឱ្យ​ កូរ៉េ​ខាង​ត្បូង បញ្ឈប់​គម្រោង​ការធ្វើ​សម​យុទ្ធ​ប្រចាំ​ឆ្នាំ​រួម​គ្នា​ ជាមួយ​អាមេរិក។

 

កូរ៉េ​ខាង​ត្បូងបង្ហាញ​ចេតនាថា​សមយុទ្ធ​រួម​គ្នា​ជាមួយ​អាមេរិក ​​នៅតែ​បន្តធ្វើ​នៅ​ខែ​សីហា​

ក្នុង​ដំណាល់ភ្លាម​​នេះ កូរ៉េ​ខាង​ត្បូង បានបញ្ជាក់​ស្រេច​ហើយ ថាមិន​លុប​ចោល​សមយុទ្ធ​​យោធា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ ជាមួយ​កងទ័ព​អាមេរិក​នោះទេ។ ចំណែក​អាមេរិក​វិញ ក៏​គិត​អ៊ីចឹង​ដែរ។ គួរ​បញ្ជាក់ឱ្យ​ដឹង​ថា ទ័ពអាមេរិក​មា​នជាង​៣ម៉ឺ​ន​នាក់ ដែល​ឈរ​ជើង​ប្រចាំការនៅ​ឧបទ្វីប​កូរ៉េ ជិត​៧០ឆ្នាំមកហើយ គឺតាំង​ពីអំលុង​ឆ្នាំ​១៩៥០មកម្ល៉េះ​។​

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក លោក Mike Pompeo មាន​ជំនឿ​ថា បញ្ហាបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង​​នេះ នឹង​អាច​ដោះ​ស្រាយ​បាន​តាម​រយៈ​ការ​ចរចាគ្នា​ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ នាពេល​ប៉ុន្មាន​​​សប្តា​ហ៍​ខាង​មុខ តែ​វា​ត្រូវការស៊ី​​ពេ​លវេលា​បន្តិច សម្រាប់​ជជែកគ្នា​​។ ប្រមុខ​​ការ​ទូត​អាមេរិក បញ្ជាក់​ដូច្នេះ  ប្រាប់​ទៅកាន់​ក្រុម​អ្ន​កកាសែត​ ខណៈ​ពេល​ដែល​លោក​កំពុង​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ ដើម្បី​ចូលរួម​ប្រជុំ​ថ្នាក់​តំបន់​ស្តី​ពី​សន្តិសុខ នៅ​រាជធានី​បាំងកក។ កិច្ច​ប្រជុំ​នេះ នឹង​ចាប់ផ្តើម​នៅថ្ងៃទី១សីហា ដល់ថ្ងៃ​ទី​៣សីហា ២០១៩ ដែល​គេ​សុទ្ធតែ​មូល​មាត់​គ្នាថា បញ្ហា​វិបត្តិឧបទ្វីប​​កូរ៉េ គឺនឹង​ត្រូវ​គេ​លើក​យកទៅ​ជជែក​ពិភាក្សា​ក្នុង​ឱកាស​នេះដែរ។​

 

ជំហរ​​អាមេរិកចំពោះ​កូរ៉េ​ខាងជើង​ ចុង​ក្រោយ​នេះ ហាក់ដូច​ជា​ទន់ភ្លន់​ជាងមុន​ច្រើន

បាន​ជាគេ​យល់ថា អាមេរិក​ ហាក់​ទន់ភ្លន់​ជាងមុខ​ចំពោះ​កូរ៉េខាងជើង ព្រោះ​គេ​បាន​សង្កេត​ឃើញ​ចំពោះ​សម្តី​និង​ទង្វើ​របស់​ប្រមុខ​រដ្ឋអាមេរិក​ លោក​ ដូណាល់ ត្រាំ។ លោក ត្រាំ កាលពី​មុន​ជាប់ឆ្នោត និង​ពេល​ឡើង​ធ្វើ​ប្រធានាធិបតីពីដំបូងៗ លោក​យល់ថា កូរ៉េខាងជើង គឺជាការ​គំរាម​ដល់​សន្តិសុខ​ពិភពលោក។ ក៏ប៉ុន្តែ មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ លោក ត្រាំ បានស្កាត់​ជួប​គ្នាជាមួយ​ គីម ជុងអ៊ុន នៅ​សិង្ហបុរី និង​ឆ្លៀតជិះយន្តហោះ​ ​ទៅ​រក​មេដឹកនាំ​ផ្តាច់​ការ​កូរ៉េខាងជើង ដល់​ប្រទេស​ផ្ទាល់ ដល់ទៅចំនួន​​ពីរ​ដង​ថែមទៀត។

មិន​តែប៉ុណ្ណោះ លោក ដូណាល់ ត្រាំ សរសេរ​និង​និយាយ​ជា​សាធារណៈថា ប្រសិន​បើ​កូរ៉េ​ខាង​ជើង​ មិន​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ ឬ​មីស៊ីល​ឆ្លង​ទ្វីប គឺ​វា​មិន​ប៉ះពាល់​ដល់​សន្តិសុខ​​អាមេរិក​នោះទេ​។

ការ​​លើកឡើង​បែបនេះ គឺ​ទំនង​​ហាក់​ដូច​ជា​ អយុត្តិធម៌​បន្តិច សម្រាប់​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន នៅ​ក្នុង​តំបន់​ ដូចជា ជប៉ុន និង​កូរ៉េខាង​ត្បូង​តែម្តង។ មាន​អ្នក​ស្រុក​កូរ៉េ​ខាង​ត្បួង​ បាន​សម្តែង​ការ​អន់​ចិត្ត​ចំពោះ​លោក ត្រាំ ខ្លះ​ដែរ​។​ រី​ឯ​កាសែត​ The Korea Time បាន​ចេញ​បទវិចារណកថារិះគន់​លោក ត្រាំ ត្រង់ៗតែម្តង ថា​ មាន​ចេតនា​ធ្វើ​ល្ងង់​ខ្លៅ ទៀត​ផង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ