អានតួអត្ថបទ
កូរ៉េខាងជើង-អាមេរិក

កូរ៉េខាងជើង៖​ទណ្ឌកម្មថ្មី​របស់​អាមេរិក​បង្ហាញ​ពី​បរាជ័យ​នៃ​វិធានការ​ដែល​មានស្រាប់​

"ទណ្ឌកម្ម​​ថ្មីៗ​ដែល​​អាមេរិក​ប្រឆាំង​ នឹង​កូរ៉េខាងជើង កាលពី​ថ្ងៃពុធ​ បង្ហាញ​ពី​ភាពបរាជ័យ​នៃ​វិធានការ​ដែល​មាន​រួចមកហើយ។"​ នេះ​ជាឃ្លាប្រយោគ​របស់​កូរ៉េខាងជើង នៅថ្ងៃអាទិត្យ​៥មិថុនា​នេះ ដើម្បី​ចំអក​តប​ទៅ​អាមេរិក​ ដែល​ព្យាយាម​ចង់​ដាក់​នាម​កូរ៉េខាងជើង​ ថា​ជាកន្លែង​លាងលុយ​កខ្វក់។ កាលពីថ្ងៃ​ពុធ អាមេរិក​បាន​ប្រកាស​ទណ្ឌកម្ម​ថ្មីៗ​ សំដៅរឹតបន្តឹងបន្ថែម​នូវ​​​ទំនាក់ទំនង​រវាង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ក្រុង​ព្យុងយ៉ាង​ ​និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​​អន្តរជាតិ។

ប្រមុខដឹកនាំ​កូរ៉េខាងជើង​ Kim Jong-un
ប្រមុខដឹកនាំ​កូរ៉េខាងជើង​ Kim Jong-un KCNA/via Reuters
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃពុធ ​ ក្រសួងសេដ្ឋកិច្ច​អាមេរិក​បាន​ប្រកាស​ទណ្ឌកម្មសំដៅ​​រឹតបន្តឹង​ដំណើរការ​​ ស្ថាប័នហិរញ្ញវត្ថុ​​កូរ៉េខាងជើងជាមួយ​ប្រព័ន្ធហិរញ្ញវត្ថុ​អន្តរជាតិ​ ដែល​ត្រូវឆ្លងកាត់​​​​​ទឹកដី​អាមេរិក។ តាមរយៈ​ទណ្ឌកម្ម​ថ្មីៗ​ទាំងនេះ អាមេរិ​កចង់​ដាក់​នាម​​កូរ៉េខាងជើង​ ថា​ជាទីកន្លែង​លាងលុយ​កខ្វក់។

នៅថ្ងៃអាទិត្យ​នេះ កូរ៉េខាងជើង​បានចេញ​សេចក្តីថ្លែងការណ៍​តបទៅវិញ​ថា អាមេរិក​ស្រែកក្តុងក្តាំង​​​អំពាវនាវ​​អោយ​ប្រទេសជិតខាង​ដាក់សម្ពាធ​បន្ថែម​លើ​កូរ៉េខាងជើង ប៉ុន្តែ​កូរ៉េខាងជើង​មើលឃើញ​ថា ការ​ស្រែកប្រកាស​នេះ គ្មានន័យ​​ទាល់តែសោះ។ កូរ៉េខាងជើង បន្ថែមថា ខ្លួន​​​មាន​ប្រព័ន្ធត្រឹមត្រូវ​ច្បាស់លាស់ ដើម្បី​​​ប្រយុទ្ធប្រឆាំង ការលាង លុយ​កខ្វក់​​ ដូច្នេះ កូរ៉េខាងជើង​​មិនខ្លាច​ការចោទប្រកាន់​របស់​អាមេរិ​កបន្តិច​សោះឡើយ។ យោងតាម​ក្រុងព្យុងយ៉ាង​ ការប្រឹង​អោយ​កូរ៉េខាងជើង​ជាប់ឈ្មោះ ជា​កន្លែង​លាងលុយកខ្វក់ បង្ហាញ​ច្បាស់​ពី​ចំណុចខ្សោយនៃ​ទណ្ឌកម្ម​​​​អាមេរិក។

​ គួររំលឹកថា ទណ្ឌកម្មដែល​​​អាមេរិក​ ប្រកាស​​ប្រឆាំង​កូរ៉េខាងជើង ​កាលពីថ្ងៃពុធ​ មាន គោលដៅ២៖ ទី១ គឺ​​​បិទខ្ទប់​ស្ថាប័ន​ហិរញ្ញវត្ថុ​បរទេស​ដែល​កូរ៉េខាងជើង​ប្រើ​ដើម្បី​ យកលុយ​ទៅ​អភិវឌ្ឍន៍​អាវុធប្រល័យលោក​​និង​គ្រាប់មីស៊ីល​អន្តរទ្វីប។ ទី២ ទប់ស្កាត់​សកម្មភាព​ហិរញ្ញវត្ថុ​បរទេស​និង​ក្រុងព្យុងយ៉ាង ដែល​ត្រូវឆ្លងកាត់​បណ្តាញ​ហិរញ្ញវត្ថុ​អាមេរិក។

​ទណ្ឌកម្ម​ថ្មីៗ​របស់​អាមេរិក​​នេះ​ ប្រកាស​​ឡើង ​២ខែ ក្រោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​​​​​​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​​ ចំពោះ​ក្រុងព្យុងយ៉ាង​​ដែល​មិនព្រមបញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ។ អង្គការ​សហប្រជាជាតិ​ដាក់ទណ្ឌកម្ម​លើក្រុងព្យុងយ៉ាងបែប​​នេះឡើង​ ក៏ដោយសារ​តែ​​​រង​សម្ពាធ​អាមេរិ​កផងដែរ។ សម្រាប់កូរ៉េខាងជើង នេះសបង្ហាញ​ច្បាស់​ពីការ​លំបាក​របស់​អាមេរិកក្នុង​ការ​​​​សម្រេច​ទិសដៅ​នយោបាយ​ ប្រឆាំង​ក្រុងព្យុងយ៉ាង៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ