អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បាន​ជា​កូរ៉េខាងជើង​យល់ព្រម​ដោះលែង​អ្នកទោសអាមេរិកំាង​ទំាងអស់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ពី​ពេល​នេះ​ត ទៅ លែង​មាន​អ្នកទោស​អាមេរិកំាង​ស្ថិត​ក្នុង​គុក​កូរ៉េខាងជើង​ទៀត​ឡើយ។ ២ សប្តាហ៍​ក្រោយ​ពី​បាន​ដោះលែង​លោក Jeffrey Fowle មក របបក្រុង​ព្យុងយ៉ាង​ក៏​បាន​យល់ព្រម​ដោះលែង​អ្នកទោស​អាមេរិកំាង​ពីរ​នាក់​ចុង​ក្រោយ​ទៀត គឺ​លោក Kenneth Bae និង​លោក Matthew Todd Miller។ អ្នក​ទំាង​ពីរ​ទើប​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹកដី​អាមេរិកំាង​នា​យប់​ថ្ងៃ​សៅរ៍ ទី៨ វិច្ឆិកា បន្ទាប់​ពី​ត្រូវ​បាន​តុលាការ​កូរ៉េខាងជើង​កាត់ទោស​ឲ្យ​ធ្វើ​ការងារ​ជា​ទម្ងន់ និង​បាន​ស្ថិត​ក្នុង​គុក​អស់​រយៈពេល ២ឆ្នំា ៧ខែ​មក។ លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ដែល​ត្រូវ​ចេញ​ដំណើរ​ទៅ​ប្រទេស​ចិន និង​មីយ៉ាន់ម៉ា​ដើម្បី​ចូលរួម​ជំនួប​កំពូល Apec នៅ​ទីក្រុង​ប៉េកំាង និង​ជំនួបកំពូល​អាស៊ីបូព៌ា​នៅ​ទីក្រុង​ណៃពីដ៏​បាន​ចាត់​ទុក​ជា​ថ្ងៃ​អស្ចារ្យ​មួយ តែ​មិន​បាន​អរគុណ​កូរ៉េខាងជើង​ទេ។

លោក Kenneth Bae​ និង​លោក​ Matthew Todd Miller​លោក Kenneth Bae និងលោក Matthew Todd Miller បានទៅដល់ទឹកដីអាមេរិកំាង
លោក Kenneth Bae​ និង​លោក​ Matthew Todd Miller​លោក Kenneth Bae និងលោក Matthew Todd Miller បានទៅដល់ទឹកដីអាមេរិកំាង REUTERS/David Ryder
ផ្សាយពាណិជ្ជកម្ម

ការ​ដោះលែង​អ្នកទោស​អាមេរិកំាង​ពេល​នេះ​មិន​ត្រូវ​បាន​កូរ៉េខាងជើង​ផ្តល់​មូលហេតុ​ផ្លូវការ​ណា​មួយ ហើយ​ក៏​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទំាង​អស់ សូម្បី​តែ​កាសែត​ផ្លូវការ​ដែល​ធ្លាប់​តែ​ជា​អ្នកនំាពាក្យ​របស់​របប​ក្រុង​ព្យុងយ៉ាង​នោះ ក៏​គ្មាន​បញ្ចេញ​មតិ​អ្វី​ទេ។ តែ​គេ​អាច​ទាញ​ចេញ​នូវ​សម្មតិកម្ម​ចំនួន​ពីរ ទីមួយ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គម្រោង​សេចក្តីសម្រេចចិត្ត​ស្នើ​ឡើង​ដោយ​សហភាពអឺរ៉ុប និង​ប្រទេស​ជប៉ុន​ដែល​បាន​ទាមទារ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឲ្យ​ចាប់​អូស ក ថ្នាក់ដឹកនំា​របបកុម្មុយនិស្ត​កូរ៉េខាងជើង​ទៅ​កាត់ទោស​នៅ​ឯ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ពី​បទ​ឧក្រិដ្ឋកម្មប្រឆំាង​មនុស្សជាតិ។

រីឯ​សម្មតិកម្ម​ទី២ ដែល​គ្រប់​គ្នា​បាន​ឃើញ​ច្បាស់​ក្រឡែត​នោះ​គឺ​ថា ការ​ដោះលែង​អ្នកទោស​អាមេរិកំាង​ទំាង​ពីរ​នាក់​ចុង​ក្រោយ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ត្រៀម​ខ្លួន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អាស៊ី​ដើម្បី​ចូលរួម​ជំនួបកំពូល Apec ក្នុង​ទីក្រុង​ប៉េកំាង ប្រទេស​ចិន និង​ជំនួបកំពូល​អាស៊ីបូព៌ា​ក្នុង​ទីក្រុង​ណៃពីដ៏ ប្រទេស​មីយ៉ាន់ម៉ា។ ដូច្នេះ​ឃើញ​ថា ការ​ដែល​កូរ៉េខាងជើង​បាន​យល់ព្រម​ដោះលែង​អ្នកទោស​អាមេរិកំាង​ទំាង ៣នាក់​ក្នុង​ពេល​មិន​ដល់ ១ខែ​ផង​ពេល​នេះ មិនមែន​ជា​រឿង​មួយ​ចៃដន្យ​ទេ តែ​ជា​សេណារីយ៉ូ​មួយ​ដែល​របបក្រុង​ព្យុងយ៉ាង​បាន​រៀបចំ​ទុក​ជា​មុន​យ៉ាង​ល្អិតល្អន់​បំផុត។

កូរ៉េខាងជើង​ជាប់ចោទ​ពី​បទឧក្រិដ្ឋកម្ម​ប្រឆំាង​មនុស្សជាតិ

គម្រោង​សេចក្តីសម្រេចចិត្ត​ស្នើ​ឡើង​ដោយ​សហភាពអឺរ៉ុប និង​ប្រទេស​ជប៉ុន​ដែល​បាន​ទាមទារ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឲ្យ​ចាប់​អូស ក ថ្នាក់ដឹកនំា​កូរ៉េខាងជើង​ទៅ​កាន់​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ពី​បទ​ឧក្រិដ្ឋកម្មប្រឆំាង​មនុស្សជាតិ​ទទួល​បាន​ការ​គំាទ្រ​ពី​ប្រទេស​ចំនួន ៤៨ផ្សេង​ទៀត និង​ដែល​បាន​រៀបចំ​ឡើង​ដោយ​ផ្អែក​លើ​របាយការណ៍​របស់​គណៈកម្មការ​ស៊ើបអង្កេត​អង្គការសហប្រជាជាតិ​ចេញ​ផ្សាយ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។ របាយការណ៍​នោះ​បាន​លើក​ឡើង​ពី​ទង្វើ​ទារុណកម្ម​ដ៏​សាហាវ​យង់ឃ្នង​របស់​របបក្រុង​ព្យុងយ៉ាង រហូត​ដល់​មាន​ការ​បាត់បង់​ជីវិត​អ្នកទោសនយោបាយ​រាប់សិបពាន់នាក់​ក្នុង​រយៈពេល ៥០ឆ្នំា​ចុង​ក្រោយ​នេះ។ រូបភាព​ទារុណកម្ម​ដែល​បាន​ធ្វើ​ឡើង តាម​រយៈ​ការ​បង្អត់អាហារ បង្ខំ​ឲ្យ​ធ្វើ​ការងារ​ជា​ទម្ងន់ ប្រហារជីវិត​ចោលត្រង់ៗ ឬ​មួយ​ក៏​ការ​ចាប់​រំលោភ​លើ​អ្នកទោស​ភេទស្រី​ជា​ដើម។

គឺ​សុទ្ធសឹង​ជា​ទង្វើ​ដែល​គណៈកម្មការ​ស៊ើបអង្កេត​អង្គការ​សហប្រជាជាតិ​បាន​ចោទ​កូរ៉េខាងជើង​ពី​បទឧក្រិដ្ឋកម្ម​ប្រឆំាងមនុស្សជាតិ។ គម្រោង​សេចក្តីសម្រេចចិត្ត​របស់​សហភាពអឺរ៉ុប និង​ប្រទេស​ជប៉ុន​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​គណៈកម្មការ​ឯកទេស​របស់​អង្គការសហប្រជាជាតិ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ និង​ក៏​អាច​ដាក់​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ក្នុង​សម័យ​ប្រជុំពេញអង្គ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ខែ​ធ្នូ​ខាង​មុខ​ដែរ។

អាមេរិក និង​សហគមន៍អន្តរជាតិ​មិន​ចាញ់​សំឡុត​របស់​កូរ៉េខាងជើង

អស់​រយៈពេល​ជា​យូរ​មក​ហើយ​ដែល​កូរ៉េខាងជើង​បាន​ទាមទារ​សុំ​បើក​ការ​ចរចា​មួយ​ទល់​មយ​ជាមួយ​អាមេរិក។ តែ​រហូត​មក​ដល់​ពេល​នេះ អាមេរិក​តែងតែ​បដិសេធ​ជានិច្ច និង​នៅ​បន្ត​បដិសេធ ទោះ​បី​ជា​កូរ៉េខាងជើង​បាន​ដោះលែង​អ្នកទោស​របស់​ខ្លួន​ទំាង​អស់​ក៏​ដោយ។ ពិត​ណាស់​ថា ការ​ដោះលែង​អ្នកទោស​អាមេរិកំាង​ពី​សំណាក់​កូរ៉េខាងជើង​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​បេសកកម្ម​យ៉ាង​សម្ងាត់​ទៅ​កាន់​កូរ៉េខាងជើង​របស់​លោក James Clapper ប្រមុខ​ក្រសួង​ស៊ើបការសម្ងាត់​អាមេរិកំាង។ តើ​លោក James Clapper បាន​ធ្វើ​សម្បទាន​អ្វី​ខ្លះ​ដល់​កូរ៉េខាងជើង​ដើម្បី​ទទួល​បាន​ការ​ដោះលែង​អ្នកទោស​អាមេរិកំាង។ រដ្ឋបាល​អាមេរិកំាង​បាន​ឆ្លើយ​ច្បាស់ៗ​ថា គ្មាន​ការ​ធ្វើ​សម្បទាន​អ្វី​ទំាង​អស់ សូម្បី​តែ​ពាក្យ​អរគុណ​មួយ​ម៉ាត់​ក៏​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​មិន​បាន​និយាយ​ដែរ តែ​បែរ​ជា​ចូលរួម​សាទរ​ក្រុមគ្រួសារ​អ្នកទោស​ទៅ​វិញ។

តាម​ពិត​ទៅ អាមេរិក ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ​បាន​ដឹង​ពី​មាយាទ​របស់​កូរ៉េខាងជើង​ច្បាស់​ណាស់ ពោល​គឺ​មិន​ចាញ់​បោក​ងាយៗ​ទេ ព្រោះ​ថា ក្រុងព្យងយ៉ាង​តែង​តែ​ធ្វើ​របៀប​នេះ​ដើម្បី​ដូរ​នឹង​អ្វី​មួយ​ដែល​ខ្លួន​ចង់​បាន ពិសេស​សុំ​អង្គុយ​ចរចា​ទល់មុខ​គ្នា​ជាមួយ​អាមេរិក។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា រឿង​ដែល​អាមេរិក​មិន​ព្រម​អង្គុយ​ចរចា​ទល់​មុខ​គ្នា​នឹង​កូរ៉េខាង​ជើង​មក​ដល់​ពេល​នេះ មិនមែន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អ្នកទោស​អាមេរិកំាង​ទេ តែ​គឺ​រឿង​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង មាន​ន័យ​ថា ដរាប​ណា​ក្រុង​ព្យុងយ៉ាង​មិន​ព្រម​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ចោល​ទេ គ្មាន​ថ្ងៃ​ដែល​អាមេរិក​យល់ព្រម​ចរចា​មួយ​ទល់​មួយ​ជាមួយ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ