អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងជើង​​បង្ហាញ​​​លម្អិត​​គម្រោងការ​បាញ់​​​​​​មីស៊ីល​​សំដៅ​ទៅ​កោះGuam​​អាមេរិក​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ព្រហស្បតិ៍​នេះ កូរ៉េខាងជើង​បានបង្ហាញ​លម្អិត​អំពី​គម្រោងការ​​វាយប្រហារ​មីស៊ីល សំដៅ​​ទៅ​​កោះហ្គាំ​របស់​អាមេរិក។ យោងតាម​ផែនការ កងទ័ព​កូរ៉េខាងជើង​នឹង​បាញ់​មីស៊ីល​៤ដើម​ដំណាលគ្នាតែម្តង​ ឆ្ពោះ​ទៅកាន់កោះ​ហ្គាំ នៅ​ប៉ាស៊ីហ្វិក។ ការបញ្ជាក់លម្អិត​ផែនការ​វាយប្រហារ​នេះ អាច​ជាសញ្ញា​ថា ក្រុងព្យុងយ៉ាង​នឹង​ធ្វើតាម​ការគំរាម​។ ក្រុមជំនាញ​លើកឡើង​ថា បើ​កូរ៉េខាងជើង​ធ្វើតាម​គម្រោង​មែន ​​លោក​ដូណាល់ ត្រាំ ប្រហែល​ជា​ពិបាក​នឹង​ជ្រើសរើស​​វិធានការ​​តប​វិញណាស់។ ​​

ប្រជាជន​កូរ៉េខាងជើង​រាប់ពាន់នាក់​ចូលរួម​បាតុកម្ម​គាំទ្រ​របប​ដឺកនាំ ប្រកាន់​ជំហរ​ការពារ​ទឹកដី នៅ​ព្យុងយ៉ាង ថ្ងៃ​ពុធ​៩សីហា​២០១៧។
ប្រជាជន​កូរ៉េខាងជើង​រាប់ពាន់នាក់​ចូលរួម​បាតុកម្ម​គាំទ្រ​របប​ដឺកនាំ ប្រកាន់​ជំហរ​ការពារ​ទឹកដី នៅ​ព្យុងយ៉ាង ថ្ងៃ​ពុធ​៩សីហា​២០១៧។ រូបភាពដែលរ៉យតឺទទួលបានពីគេ
ផ្សាយពាណិជ្ជកម្ម

គម្រោងការ​​​​​​លម្អិត​​របស់​​កងទ័ពកូរ៉េខាងជើងក្នុង​ការ​​​វាយប្រហារ​សំដៅ​ទៅ​កោះ​Guamអាមេរិក

កងទ័ព​កូរ៉េខាងជើង​ប្រាប់ថា​ នឹង​បាញ់​មីស៊ីល​៤ដើម ក្នុងពេលដំណាលគ្នា ឆ្ពោះទៅ​កោះហ្គាំ។ មីស៊ីលទាំង៤ដើម​នេះ ​គឺមីស៊ីល​Hwasong 12 បាញ់​រយៈចំងាយ​មធ្យម ​នឹង​ហោះ​កាត់​ទីក្រុងជប៉ុន​ចំនួន៣ គឺ​ក្រុង​ស្ហ៊ីម៉ានShimane ហ៊ីរ៉ូស្ហ៊ីម៉ាHiroshima និង​កូឈីKoichi។ មីស៊ីលទាំងនេះ​​នឹង​ហោះ១៧នាទី៤៥វិនាទី ​ក្នុង​រយៈ​ចំងាយ​៣៣៥៦,៧គីឡូម៉ែត្រ ​ហើយ​នឹងធ្លាក់​ក្នុងសមុទ្រ​ នៅ​ចំងាយ​៣០ទៅ៤០គីឡូម៉ែត្រ ពី​កោះ​ហ្គាំ​អាមេរិក នៅ​ប៉ាស៊ីហ្វិក។ កូរ៉េ​បាញ់​Hwasong 12 នេះ​រួចហើយ កាលពី​ខែ​ឧសភា។ មេបញ្ជាការ​យោធា​កូរ៉េខាងជើង​ប្រាប់ថា ​កងទ័ព​នឹង​​​សម្រេច​សម្រួល​ខ្លឹមសារ​ក្នុង​ផែនការ​វាយប្រហារ​នេះ អោយ​រួចរាល់​ នៅពាក់កណ្តាល​ខែ​សីហានេះ ហើយ​នឹង​បញ្ជូន​ទៅ​អោយ​លោក​គឹម ជុងអ៊ុន​ ពិនិត្យ។

សូមបញ្ជាក់ថា កោះហ្គាំ​អាមេរិក​​​មាន​មនុស្ស​ជាង១សែន៦ម៉ឺននាក់​រស់នៅ នៅចំងាយ​ប្រមាណ​៣៥០០គីឡូម៉ែត្រ ពី​កូរ៉េខាងជើង។ កោះហ្កាំ​ជា​ទីតាំង​យុទ្ធសាស្ត្រ​យោធា​អាមេរិក​ មាន​យន្តហោះ​ទំលាក់គ្រាប់បែក យន្តហោះប្រដេញ​ នាវាមុជទឹក​ ដែលតែង​ចូលរួម​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង។ នៅកោះ​ហ្គាំ​ ក៏មាន​ប្រព័ន្ធខែលមីស៊ីលការពារ​មីស៊ីល​ Thaadអាមេរិក ​​​ប្រើសម្រាប់​បាញ់ស្ទាក់​មីស៊ីលដែរ។

ការដែល​កូរ៉េខាងជើង​ប្រកាស​ផែនការ​បាញ់​មីស៊ីល​ក្បោះក្បាយ​បែបនេះ គឺដើម្បី​ឆ្លើយត​ប​ទៅ​លោកដូណាល់ ត្រាំ ដែលបាន​ប្រើ​សំដី​​គំរាម​ថា នឹង​ប្រែក្លាយ​កូរ៉េខាងជើង​អោយ​ទៅជា​ភ្លើង​នឹង​កំហឹង​នោះឯង។ ក្រុងព្យុងយ៉ាង​បាន​តបទៅវិញ​ថា លោក​ត្រាំ​ជាមនុស្ស​ដែល​លែង​ដឹងខុសត្រូវ​ទៀតហើយ ហើយ​​ការចរចា​ជាមួយ​មនុស្ស​បែបនេះ គឺមិនអាច​ធ្វើទៅរួចទេ។

បើពិនិត្យ​អោយ​មែនទែនទៅ ប្រធានាធិបតី​អាមេរិក​​​ប្រើ​ពាក្យពេចន៍បែបនេះ ​ក៏​ប្រហែល​ជា​លោក​លួចច្រណែន​នឹង​កូរ៉េខាងជើង​ដែល​អភិវឌ្ឈន៍​បច្ចេកវិទ្យាមីស៊ីល និង​​នុយក្លេអ៊ែរ​បាន​ឆាប់រហ័សយ៉ាងនេះដែរ។ លោក​គឹម ជុងអ៊ុន ឡើងកាន់កាប់​កូរ៉េខាងជើង​​មិនដល់​១០ឆ្នាំផង អភីវឌ្ឍន៍​​មីស៊ីល​បាន​ល្អយ៉ាងនេះ ហើយ​ទោះជា​មាន​ទណ្ឌកម្ម​អន្តរជាតិ ក៏​សេដ្ឋកិច្ច​​កូរ៉េខាងជើង​នៅតែ​អាច​បន្ត​រស់រាន​បាន។

ជាមួយ​គ្នានេះ​​ លោក​ត្រាំ​ក៏​បារម្ភ​ពី​អានុភាព​នុយក្លេអ៊ែរ​កូរ៉េខាងជើង​​ដែរ ​ទើបបាន​ជា​បញ្ចេញ​ពាក្យពេចន៍​បែបនេះឡើង។ ព្រោះថា លោក​បាន​ទទួល​ដំណឹង​​ពីភ្នាក់ងារ​ចារកិច្ច​យោធា​អាមេរិក​ថា ក្រុងព្យុងយ៉ាងផលិតបាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ទំហំតូច​និង​ស្រាល សម្រាប់​បំពាក់មីស៊ីល ​បាន​១គ្រាប់​ហើយ។ ​​

កូរ៉េខាងជើង​ទំនង​​​មិនលេងសើចជាមួយ​អាមេរិក​​ទេ

​កងទ័ព​កូរ៉េខាងជើង​ប្រកាស​គម្រោងការណ៍​វាយប្រហារ​​ បែប​ហ្មត់ចត់​ណាស់ ទំនង​កងទ័ព​ច្បាស់ជា​នឹង​បាញ់មីស៊ីល​ទាំង៤ដើមនេះ​ ឆ្ពោះទៅ​កោះ​អាមេរិក​មែនហើយ។ ម្យ៉ាងទៀត ខែកក្កដា​កន្លងទៅ ក្រុងព្យុងយ៉ាង​​បានបាញ់​មីស៊ីល​អន្តរទ្វីប​ដល់ទៅ​២លើក ផ្គើន​អាមេរិក។ ​លើកនេះ ក្រុងព្យុងយ៉ាង​ច្បាស់​ជា​ហ៊ានគំរាម​​អោយ​ប្លែក​ជាង​​​លើកមុន គឺអាច​នឹង​​បាញ់​​មីស៊ីល​អោយ​បាន​៤ដើម ដំណាលគ្នា​តែម្តង។ ​

កងទ័ព​កូរ៉េខាងជើង​ហាក់ដូចជា​ចង់ប្រាប់​​ទៅអន្តរជាតិដែរ​ថា​ បើកូរ៉េខាងជើង​អនុវត្ត​គម្រោងការ​​​​នេះមែន គឺ​ស្របតាម​​ច្បាប់​អន្តរជាតិ គ្មានអ្វី​ខុសទាស់ទេ ព្រោះ​ថា​​ អង្គការសហប្រជាជាតិ​បាន​ចេញទណ្ឌកម្ម​បន្ថែម​ប្រឆាំង​កូរ៉េខាងជើង​ ដើម្បី​ជំរុញ​អោយ​ក្រុងព្យងយ៉ាង​ចរចា​ តែ​លោកដូណាល់ ត្រាំ មិនចេះ​អត់ធ្មត់​ បែរជា​បន្ថែម​ភ្លើងក្នុង​​ជម្លោះ​​ ​​ព្រមាន​​​​ ប្រែក្លាយ​កូរ៉េខាងជើង​អោយក្លាយ​ជា​ភ្លើងនិង​កំហឹង​។ ​​ហើយ​បើតាម​គម្រោងការ​​ កងទ័ព​កូរ៉េខាងជើង​នឹង​មិនបាញ់​មីស៊ីល​ទាំងនេះ​អោយចូលទៅ​ដល់​ដែនដី​អាមេរិកទេ។ គឺ​គ្រោង​អោយ​ធ្លាក់ទៅសមុទ្រ ​​ឆ្ងាយ​៣០ ទៅ​៤០ គីឡូម៉ែត្រដែរ​​ពី​កោះហ្គាំ គឺធ្លាក់​ក្រៅ​ដែនដី​អាមេរិក។ គម្រោងបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង​នេះ អាច​ថា ជាការផ្គើន​បន្ថែម​ដល់​លោកដូណាល់ ត្រាំ ​តែ​ក៏​ជាការ​ដែលកូរ៉េខាងជើង​បង្ហាញ​ទៅលោកត្រាំ វិញថា កូរ៉េខាងជើង​ត្រៀម​តបត​ ដើម្បី​ការពារ​បូរណភាព​​ដែនដី​ខ្លួន។ ម្សិលមិញនេះ ​អាជ្ញាធរ​ព្យុងយ៉ាង​បានរៀបចំអោយ​មាន​បាតុកម្ម​ប្រជាជន បង្ហាញ​ការគាំទ្រ​របប​ដឺកនាំ ប្រកាន់ជំហរ​ការពារ​ទឹកដី​កូរ៉េខាងជើង។ ​​ប្រជាជន​​កូរ៉េខាងជើង​រាប់ពាន់​នាក់​បានចូលរួម​ក្បួន​បាតុកម្ម​នេះ។ ​​

លោកដូណាល់ ត្រាំ ​​ពិបាក​នឹង​ចាត់វិធានការ​តបត​ទៅ​កូរ៉េខាងជើង​វិញ​
ក្នុងសម័យសង្គ្រាម​ត្រជាក់ សហភាព​​សូវៀត​បាន​បាញ់​មីស៊ីល​ទៅធ្លាក់​នៅប៉ាស៊ីហ្វិក ចំងាយ​ជាង​១ពាន់គីឡូម៉ែត្រ​​ពី​ហាវ៉ៃ។ ​បើ​កូរ៉េខាងជើង​បាញ់មីស៊ីល​ពេលនេះ ក៏​គ្រោង​នឹងអោយ​​ធ្លាក់​ក្រៅដែនដី​អាមេរិក​ដែរ។ យោងតាម​ក្រុមជំនាញ ​លោកដូណាល់ ត្រាំ ពិតជា​ពិបាក​រក​ដំណោះស្រាយ​តប​ទៅ​ព្យុងយ៉ាង​ ព្រោះថា ​បើ​អាមេរិក​​មិន​ប្រើ​ប្រព័ន្ធ​មីស៊ីលការពារ​មីស៊ីល​ ដើម្បី​បាញ់​ស្ទាក់​មីស៊ីល​របស់​ក្រុងព្យុងយ៉ាងទេ​ នោះ​លោក​គឺម ជុងអ៊ុន នឹងបានចិត្ត​កាន់តែ​ខ្លាំង ហើយពេលក្រោយៗទៀត ​​ច្បាស់ជា​អាច​បាញ់​មីស៊ីល​លេងច្រើនដើម​ទៀត ក្បែរ​ដែនដី​អាមេរិក​មិនខាន​។

ប៉ុន្តែ បើ​​​អាមេរិក​បាញ់​ស្ទាក់​មីស៊ីល​កូរ៉េខាងជើង គេសួរថា តើ​អាច​ស្ទាក់បានដូច​បំណង​ទេ ចុះបើស្ទាក់​មិនបាន នោះ​កូរ៉េខាងជើង​​នឹង​ចំអក​ថា​ខែលមីស៊ីល​អាមេរិក អន់ប្រើការ​មិនបាន​ទៅហើយ? បញ្ហា​គឺថា វា​កាន់តែ​ធ្វើអោយ​មានភាពតានតឹង​ថែមទៀតរវាង​អាមេរិក​នឹង​ប្រទេស​ដៃគូ​ក្នុង​តំបន់​ ព្រោះ​បើ​ប្រព័ន្ធ​ការពារ​មីស៊ីលដូចជា​ប្រព័ន្ធ​Thaadនេះ​​​អន់មែន​ តើ​កូរ៉េខាងត្បូង និង​​ជប៉ុន​ដែល​រងការ​គំរាម​​ដែរនោះ ធ្វើ​​ម៉េច​អាច​ទុកចិត្ត​ថា​អាមេរិ​កការពារ​ពួកគេ​​​បានទៀតទៅ​?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ