អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជប៉ុន​និង​កូរ៉េ​ខាងត្បូង​ចាប់ផ្តើម​​បារម្ភ​នឹង​ល្បែង​មីស៊ីល​​របស់​កូរ៉េខាងជើង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​​យប់​ថ្ងៃអង្គារ ឈានចូលព្រឹក​ថ្ងៃពុធ​២២មិថុនា​នេះ កូរ៉េខាងជើង​​បានបាញ់​មីស៊ីល២​ដើម​បន្តបន្ទាប់​គ្នា ហោះ​ទៅធ្លាក់​នៅ​សមុទ្រ​ជប៉ុន។ មីស៊ីល​ទាំង២គ្រាប់ អាច​ជា​មីស៊ីលអន្តរទ្វីប​ប្រភេទ​ ​Musudan ​ដែល​អាច​បាញ់ចូលទៅដល់ជប៉ុន កូរ៉េខាងត្បូង និង​​មូលដ្ឋានទ័ព​អាមេរិក​​កោះ Guam នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​។ ថ្ងៃពុធនេះ ក្រសួងការពារជាតិ​ជប៉ុន​បាន​​សំដែង​ការ​ព្រួយបារម្ភ​ខ្ពស់ ដោយ​លើកឡើងថា​ ការគំរាម​កំហែង​របស់​កូរ៉េខាងជើង​ហាក់កាន់តែ​មាន​សភាព​ខ្លាំងក្លា​ជាងមុន។ ខាងកូរ៉េ​ខាងត្បូង​វិញ ប្រធានាធិបតី ប៉ាក់ គុនហេ បានកោះ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខជាតិ និង​បាន​​​ព្រមាន​ថា​ ក្រុងព្យុងយ៉ាង​អាច​នឹង​ឯកា ដោយសារ​ការ​ផ្គើន​នេះ។ ​​ក្រុងសេអ៊ូល​គំរាម​​រកវិធី​ពង្រឹង​ទណ្ឌកម្ម​ប្រឆាំង​​​​​ក្រុង​ព្យុងយ៉ាង​ ​អោយ​ធ្ងន់​ជាងមុន។

លោក គឹម ជុងអ៊ុន​ កំពុង​មើល​ក្បាលគ្រាប់​មីស៊ីល​ជាមួយ​កងទ័ព
លោក គឹម ជុងអ៊ុន​ កំពុង​មើល​ក្បាលគ្រាប់​មីស៊ីល​ជាមួយ​កងទ័ព REUTERS / KCNA
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងត្បូង​និង​អាមេរិក​មិនបាន​ចាត់ទុក​ការបាញ់​មីស៊ីលនេះ ថា​ជាជោគជ័យ​ទេ។ ​មន្ទីរ​ប៉ង់តាហ្កូន​​​​លើកឡើង​​ថា ​មីស៊ីល​​នេះ​មិនបាន​គំរាម​កំហែង​សន្តិសុខ​អាមេរិក​​​ទេ។ ទាំងជប៉ុន​ ទាំង​កូរ៉េខាងត្បូង​ ទាំង​អាមេរិក​​ ​​​បរិហារ​​កូរ៉េ​ខាងជើង ថា​បំពាន​​​សេចក្តី​សម្រេច​​របស់អង្គការ​សហប្រជាជាតិ។ អង្គការ​អូតង់​វិញ​ក៏បរិហារ​ការផ្គើន​របស់​ក្រុងព្យុងយ៉ាង​ដែរ។ ក្រសួង​ការបរទេស​ចិន​​ចាត់ទុកថា ស្ថានការណ៍​កំពុង​ស្មុគស្មាញ និង​ធ្ងន់ធ្ងរ។ ចិនស្នើ​អោយ​ខាង​ភាគីពាក់ព័ន្ធ​គួរ​ធ្វើយ៉ាងណា​ ចៀសវាង​បន្ថែមភាពតានតឹង។

 
តាំង​ពី​ដើមឆ្នាំ២០១៦ ក្រុងព្យុងយ៉ាង​​​បន្តផ្គើន​សហគមន៍អន្តរជាតិ ដោយ​បាន​សាកល្បង​នុយក្លេអ៊ែរ​​ជាលើកទី៤ និង​បាញ់​​មីស៊ីល​ច្រើនដើម។​ ទោះ​ជា​ការបាញ់​លើកនេះនៅតែ​បរាជ័យ​ ក៏​ក្រុងព្យុងយ៉ាង​​​បានធ្វើអោយ​ជប៉ុន​​ភ័យ​មិនតិចដែរ ​ប្រៀបនឹង​​​ភាគី​អាមេរិក​រឺ​​កូរ៉េខាងត្បូង ដែល​នៅ​តែ​គិតថា កូរ៉េខាងជើង​មិនអាច​ធ្វើអ្វីបាន​​។

បច្ចេកទេស​​​បាញ់​មីស៊ីល​ធ្វើអោយ​កូរ៉េខាងត្បូង​និង​ជប៉ុន​ភ្ញាក់ផ្អើល

​​លើកនេះ​ ​​​កូរ៉េខាងជើង​​​បាញ់​មីស៊ីល​បាន​ល្អ​ជាង​​លើកមុនៗ ដោយសារ​គ្រាប់មីស៊ីល​​ហោះ​បាន​ចំងាយ​ឆ្ងាយ​ជាងលើកមុនៗ​ ហើ​យហោះ​ទៅធ្លាក់​នៅ​សមុទ្រជប៉ុន។ មីស៊ីល​២ដើម ដែល​ប្រើ​ថ្ងៃនេះ ជា​ប្រភេទ​មីស៊ីល​អន្តរទ្វីប Musudan បាញ់​បាន​រយៈ​ចំងាយ​មធ្យម។

ជាទូទៅ គេអាច​បាញ់​គ្រាប់មូស៊ូដង់ រហូតចំងាយ​៣០០០ គូឡូម៉ែត្រ ទៅ​ដល់​​ទឹកដី​ជប៉ុន​។ គ្រាប់មីស៊ីល​ប្រភេទនេះ មិនត្រឹមអាច​​បាញ់​ដល់​​​ជប៉ុនរឺ​កូរ៉េខាងត្បូងទេ ក៏​អាច​អាច​បាញ់​ដល់​​មូលដ្ឋានទ័ព​អាមេរិក នៅ​កោះ​ Guamដែរ។

​ក្រុងព្យុងយ៉ាង​បាន​ចាប់បាញ់​គ្រាប់ទី១ នៅ​យប់ថ្ងៃអង្គារ​​ ជិតចូលព្រឹកថ្ងៃពុធនេះ។ គ្រាប់ទី១ បាញ់​បានចំងាយ​១៥០គីឡូម៉ែត្រ នៅ​សមុទ្រជប៉ុន។ ២ម៉ោង​ក្រោយ​ ពោលគឺ​នៅ​ព្រឹកថ្ងៃពុធ​នេះ ក្រុង​ព្យុង​យ៉ាង​​បាន​បាញ់ថែម​មួយគ្រាប់ទៀត។ ការបាញ់គ្រាប់ទី២​នេះ ពិសេស​ត្រង់ថា គ្រាប់មីស៊ីល​ទី២​នេះ ហោះបាន​ចំងាយដល់ទៅ​​៤០០គីឡូម៉ែត្រ ហើយ​ហោះ​ខ្ពស់ឡើង​ទៅលើ​​ដល់ទៅកម្ពស់​​១០០០គីឡូម៉ែត្រ។

ជាការ​កត់សម្គាល់ ​ក្នុង​ការបាញ់គ្រាប់ទី២​នេះ គឺគ្រាប់បាន​ហោះ​ឆ្ងាយ​ លើស​ពីចំងាយ​​​​ពាក់កណ្តាល គិតពីចំងាយ​រវាង​​​​កន្លែង​បាញ់​នៅឆ្នេរខាងកើត​​កូរ៉េខាងជើង និង​​​​ឆ្នេរ​ភាគ​ខាងត្បូង​​កោះហុងស្ហ៊ូ Honshu របស់ជប៉ុន ។  ទាំង​អ្នកជំនាញ​អាមេរិក ក៏ដូច​ជា​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​សុទ្ធ​តែ​កត់សម្គាល់​ថា ការ​បាញ់​គ្រាប់ទី២​​​របស់​កូរ៉េខាងជើង ​​ថ្ងៃពុធ​នេះ ​​មាន​បច្ចេកទេស​​ល្អជាងមុន។ ដូច្នេះ គេ​មិនគួរ​មើលងាយ​បច្ចេកទេស​​​បាញ់​​មីស៊ីល​របស់​ក្រុងព្យុងយ៉ាង​ទេ។

តាំងពីថ្ងៃចន្ទមក ទ័ពជប៉ុន​បានត្រៀម​ខ្លួន​ ក្នុង​ស្ថានភាព​អាសន្ន ដោយសារ​តែ​ខ្លាចមីស៊ីល​អន្តរទ្វីប​នេះឯង។ ជប៉ុន​រំពឹង​ទុកមុន​រួចហើយ​ថា រដ្ឋាភិបាល​លោក​គឹម ជុងអ៊ុ​ន ច្បាស់ជា​លេងល្បែង​មីស៊ីល​នេះ​ជាថ្មីទៀត ក្នុង​ពេល​ខួបសង្គ្រាម​កូរ៉េ​​លើកទី៦៦​ ថ្ងៃ​២៥មិថុនា​នេះ។ នាយករដ្ឋមន្ត្រី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ ​​បានប្រតិកម្ម​​​ថា ការ​សាកល្បង​​បែបនេះ​មិនអាច​អត់អោន​អោយ​​ទេ។

បើ​ទ័ព​លោក​គឹម ជុងអ៊ុន នៅ​តែ​បន្ត​បាញ់​មីស៊ីល ក្នុង​ពេលខាងមុខទៀត ​បច្ចេកទេស​បាញ់​អាច​នឹង​កាន់តែ​ប្រសើរ ហើយ​បើ​មីស៊ីល​អាច​ធ្លាក់ចូល​​ទឹកដី​ជប៉ុន នោះ​លោក​គឹម ជុងអ៊ុន​នឹងទះដៃ​អបអរ​កងទ័ព​ខ្លួន​ជាមិនខាន។ យោងតាម​អ្នកជំនាញ ​កូរ៉េខាងជើង​អាច​មាន​​មីស៊ីល​អន្តរទ្វីប Musudan នេះ ​ជាង​៣០ដើម។

 
ទណ្ឌកម្ម​សហគមន៍​អន្តរជាតិ​​ប្រឆាំង​ក្រុងព្យុងយ៉ាង​​គ្មានប្រសិទ្ធភាព​

កាលពី​ខែមិនា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ពង្រឹងទណ្ឌកម្ម​លើ​ក្រុង​ព្យុងយ៉ាង។​ ចិន​​ជាមិត្ត​ជិតស្និទ្ធ​នឹង​កូរ៉េខាងជើង​ក៏គាំទ្រ​ការ​ពង្រឹង​ទណ្ឌកម្ម​នេះដែរ។ ថ្មីៗនេះ​អាមេរិក​ទើបតែ​បាន​ដាក់ទណ្ឌកម្ម​​​​​រឹតបន្តឹង​ដំណើរការ​​ ស្ថាប័នហិរញ្ញវត្ថុ​​កូរ៉េខាងជើងជាមួយ​ប្រព័ន្ធហិរញ្ញវត្ថុ​អន្តរជាតិ​ ដែល​ត្រូវឆ្លងកាត់​​​​​ទឹកដី​អាមេរិក។

ទណ្ឌកម្ម​របស់​​​សហគមន៍​អន្តរជាតិ​​មានតែ​ធ្វើ​អោយ​​លោក​គឹម ជុងអ៊ុន សើច​ចំអកអោយ​​ទៅវិញទេ។ លោក​គឹម ជុងអ៊ុន​ ចំអក​ថា ការពង្រឹង​ទណ្ឌកម្ម​ពីសំណាក់​អង្គការ​សហ​ប្រជាជាតិ ប្រឆាំង​កូរ៉េខាងជើងកន្លងមក​ ​​ក៏ដោយសារ​តែ​មា​នសម្ពាធ​​​​​​ពីអាមេរិក​ដែរ។ ​មេដឹកនាំ​កូរ៉េខាងជើង​​ អាច​ចង់​សំដៅ​ន័យថា សហគមន៍​អន្តរជាតិមិនអាច​ធ្វើអ្វី​ខ្លាំងក្លា​​ប្រឆាំង​កូរ៉េខាងជើង​ទេ ហើយ​បើ​អាច​ត្រឹមតែ​ពង្រឹងទណ្ឌកម្ម ក៏​ដោយសារ​តែ​មានការ​រុញគូទ​ពី​អាមេរិ​កដែរ។

សហគមន៍​អន្តរជាតិ​ប្រហែល​ពិបាក​រកទណ្ឌកម្ម​ដែលមានប្រសិទ្ធភាព​មែន​ ដោយសារ​តែ​មើលទៅ ខ្លាចគ្រាប់នុយក្លេអ៊ែរ​របស់​​​កូរ៉េខាងជើង​។ យោងតាម​អាមេរិក កូរ៉េខាងជើង​​អាច​មាន​គ្រាប់បែក​​នុយក្លេអ៊ែរ ២១គ្រាប់។ របប​កុម្មុយនិស្ត​កូរ៉េខាងជើង​ឯកាដោយសារ​ទណ្ឌកម្ម​អន្តរជាតិ​ក៏ពិតមែន តែ​​​អាច​រស់​បា​ន​​រហូត​សព្វថ្ងៃ ក៏ដោយសារ​​​ពឹង​លើ​នយោបាយ​នុយ​ក្លេអ៊ែរ​ខ្លួនដែរ។ ​​លោក​គឺម ជុងអ៊ុន ​​​ដឹងថា កូរ៉េខាងជើង​​​​​អាច​ប្រើ​រឿង​នុយក្លេអ៊ែរ​​​នេះ​ ដើម្បី​​ដាក់​គំនាប​​​អន្តរជាតិ​។ ​

សូម្បី​​ចិន​ជា​ប្រទេស​ជិតដិត​នឹង​កូរ៉េខាងជើង​ ក៏​មិនអាច​​​ហាមឃាត់​ការផ្គើន​របស់​កូរ៉េខាងជើង​ដែរ។​ ទោះ​កូរ៉េខាងជើង​​ពឹង​​​សេដ្ឋកិច្ច​ចិន​ស្ទើរទាំងស្រុង ទោះ​កន្លងមក ចិន​ក៏ធ្លាប់​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​កូរ៉េខាងជើង​ដោយ​ប្រកាស​ឈប់ទិញ​រ៉ែ វត្ថុធាតុដើមមួយចំនួន​​ ពី​ក្រុង​ព្យុងយ៉ាង​​ ​តែ​នៅតែ​មិនអាច​ធ្វើអ្វី​​កូរ៉េខាងជើង​បាន។ ក្រុងព្យុងយ៉ាង​ដឹងថា ក្រុងប៉េកាំង​ក៏ត្រូវការ​ខ្លួន ដើម្បី​បង្កើន​ឥទ្ធិពល​នៅ​អាស៊ី ប្រឈម​អាមេរិក​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ