អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចលនា​​​​នៅ​​​កូរ៉េខាងត្បូង​​​មាន​​កាន់តែ​ច្រើន​អំពាវនាវ​​អោយ​​​​​​​​សេអ៊ូល​​​​ផលិត​​​អាវុធ​​​នុយក្លេអ៊ែរ​​ការពារ​ខ្លួន​​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​កូរ៉េខាងជើង​បង្ហាញ​ផែនការ​វាយប្រហារ​មីស៊ីល​ឆ្ពោះទៅ​កោះGuam អាមេរិក ​​​លោក​ដូណាល់ ត្រាំ បាន​គំរាម​បកទៅវិញ​ថា នឹង​សងសឹក​ ប្រសិន​បើ​​​ក្រុងព្យុងយ៉ាង​ហ៊ាន​វាយប្រហារ​អាមេរិក រឺ​ក៏​វាយប្រហារ​ប្រទេសជា​​ដៃគូ​អាមេរិក​។ ស្ថានការណ៍​កាន់តែ​តានតឹង។ ក្នុងស្រុក​កូរ៉េខាងត្បូង​ គេឃើញ​មានកាន់តែច្រើន នូវ​​ចលនា​​អំពាវនាវ​សុំអោយ​​​រដ្ឋាភិបាលសេអ៊ូល​​​ផលិតអាវុធ​នុយក្លេអ៊ែរ ដើម្បី​ត្រៀមការពារ​ប្រទេស ប្រឈម​​នឹង​កូរ៉េខាងជើង។ ចិ​នបន្ត​អំពាវនាវ​អោយ​គ្រប់ភាគី​រក្សា​ភាព​អត់ធ្មត់។ ​​

ទាហាន​កូរ៉េខាងត្បូង
ទាហាន​កូរ៉េខាងត្បូង Reuters
ផ្សាយពាណិជ្ជកម្ម

សារព័ត៌មាន​ក្នុងស្រុក​​កូរ៉េខាងត្បូង​ជំរុញ​អោយ​រដ្ឋាភិបាល​គិតគូរ​ផលិត​អាវុធ​នុយក្លេអ៊ែរ

ថ្មីៗនេះ លោក​សុង យុងម៉ូ ជា​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង បានប្រាប់ថា កូរ៉េខាងត្បូង​មិន​បានគ្រោង​​ផលិត​អាវុធ​បរមាណូ​ទេ ប៉ុន្តែ លោក​បានប្រាប់ដែរ​ថា​ កូរ៉េខាងត្បូង​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ។ ឥឡូវនេះ ស្ថានការណ៍​កាន់តែ​តានតឹង នៅ​ឧបទ្វីបកូរ៉េ។ លោកដូណាល់ ត្រាំ និង​លោក​គឹម ជុងអ៊ុន នៅតែ​បន្តសង្គ្រាម​ពាក្យសំដី​ជាមួយ​គ្នារៀងរាល់ថ្ងៃ។ ប្រជាជន​កូរ៉េខាងត្បូង​ប្រហែល​ជាកាន់តែ​​ពិបាក​​ទុកចិត្ត​ថា អាមេរិក​អាចជួយ​កូរ៉េខាងត្បូងណាស់ ករណី​មានការ​វាយប្រហារ​ពីកូរ៉េខាងជើង។ ចលនា​ទាមទារ​អោយ​រដ្ឋាភិបាល​គិតគូរឡើងវិញ ពីការ​ផលិតអាវុធ​​នុយក្លេអ៊ែរទុក​​ការពារ​ខ្លួន ​កាន់តែ​មានច្រើន។ កាសែតក្នុងស្រុក​ជាច្រើន​បានជំរុញ​សេអ៊ូល​​អោយ​គិតគូររឿង​នេះ កុំចាំ​តែ​​សង្ឃឹម​លើ​អាមេរិកជួយ​​ពេក​។​ កាសែត​ ​ដូចជា Korea Economic Daily បានទាមទារ​កូរ៉េខាងត្បូង​​មានជម្រើស​យោធា​ផ្ទាល់ខ្លួន។ សារព័ត៌មាន​ក្នុងស្រុក​មិនចង់អោយ​រដ្ឋាភិបាល​ពឹងតែ​លើ​​​​អាមេរិកពេកទេ អាមេរិក​ខ្លួនឯង​ក៏​ត្រូវ​កូរ៉េខាងជើងគំរាម​ព្រមាន​កាន់តែ​ធ្ងន់​ដែរឥឡូវនេះ។ ​​ជាក់ស្តែង ម្សិលមិញនេះ កងទ័ព​កូរ៉េខាងជើង​បាន​បង្ហាញ​លម្អិត​ផែនការ​បាញ់​មីស៊ីល​៤ដើម​ដំណាលគ្នា ឆ្ពោះ​ទៅកោះហ្គាំ នៅ​ប៉ាស៊ីហ្វិក។ ផែនការ​នេះ ត្រូវបានបង្ហាញបែប​​ហ្មត់ចត់​ណាស់ ដូច្នេះ ក្រុងព្យុងយ៉ាង​ប្រហែល​មិនលេងសើចទេ។

ដោយឡែក កូរ៉េខាងត្បូង​​​​គ្មានសិទ្ធិ​ផលិត​អាវុធ​នុយក្លេអ៊ែរ​​ទុកការពារ​ខ្លួនទេ ដោយសារ​បាន​​​​​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ថាមពល​បរមាណូ ជាមួយ​អាមេរិក កាលពី​ឆ្នាំ​១៩៧៤។ យោងតាម​​សន្ធិសញ្ញា​នេះ កូរ៉េខាងត្បូង​មិនផលិត​អាវុធ​បរមាណូ ប៉ុន្តែ ទទួលបាន​ការការពារ​ពី​សហរដ្ឋ​អាមេរិក។ ​

ក្រៅពី​ជំរុញ​អោយ​ក្រុងសេអ៊ូល​គិតគូរ​រឿងផលិត​អាវុធ​នុយក្លេអ៊ែរ​ទុកការពារខ្លួន សារព័ត៌មាន​កូរ៉េខាងត្បូង​ក៏បាន​​ដាក់​លក្ខខណ្ឌ​ទៅអាមេរិក​ផងដែរថា បើ​អាមេរិក​មិនចង់ឃើញ​កូរ៉េខាងត្បូង​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​ទុកការពារ​ខ្លួនទេ ទាល់តែ​​អាមេរិក​ដាក់​​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ ក្នុង​ទឹកដី​កូរ៉េខាងត្បូង ដើម្បីជួយ​ការពារ​កូរ៉េខាងត្បូង។

ក្រោយសង្គ្រាម​កូរ៉េ ឆ្នាំ១៩៥៣​ ​អាមេរិក​ធ្លាប់​បាន​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​មួយចំនួនដែរ​ ក្នុង​ទឹកដី​កូរ៉េខាងត្បូង ​ប៉ុន្តែ ក្រោយមកទៀត អាមេរិក​ក៏ដក​អាវុធ​ទាំងនោះ​​​​ចេញ​ទៅវិញ ដោយសារតែ​ កាលពី​ឆ្នាំ១៩៩១ បងប្អូន​កូរ៉េទាំង២សន្យារួមគ្នា​​​​​ថា នឹងធ្វើអោយ​ឧបទ្វីប​កូរ៉េ​​ទទួលបាន​សុខសន្តិភាព។ ប៉ុន្តែ ឆ្នាំ២០០៦ ក្រុងព្យុងយ៉ាងបែរជា​​​បាន​សាកល្បង​នុយក្លេអ៊ែរ​ជា​លើកទី១ ហើយឆ្នាំ២០០៩ ក៏​​បាន​​ទាត់ចោល​​ពាក្យពេចន៍​សន្យា​ទាំងនេះ​ជាផ្លូវការ​ទៀត។ ​អញ្ចឹង កូរ៉េខាងត្បូង​​ត្រូវប្រឈម​ការគំរាម​នុយក្លេអ៊ែរ និង​មីស៊ីល​ពី​កូរ៉េខាងជើង​ជាប្រចាំវិញទៅ។ ​ការស្ទាបស្ទង់​មតិ​មួយ​ ក្នុង​ឆ្នាំ២០១៦​កន្លងទៅ បង្ហាញថា ប្រជាជន​កូរ៉េខាងត្បូង​៥៧ភាគរយ​ ​ពេញចិត្ត​អោយ​ជាតិខ្លួន​មាន​អាវុធ​នុយក្លេអ៊ែរ​ទុក​ការពារ​ខ្លួន ​៣១ភាគរយទៀត​​​​ជំទាស់។ ​

បើ​និយាយពី​​សមត្ថភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងត្បូង គឺខ្ពស់ជាង​​​កូរ៉េខាងជើង​ឆ្ងាយណាស់​។ កូរ៉េខាងត្បូងជា​ប្រទេស​ជឿនលឿនគ្រប់វិស័យ ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា។ កូរ៉េខាងត្បូង​​មាន​ជំនាញនិង​សមត្ថភាព​​មិនចាញ់​ជប៉ុន​ទេ នៅ​អាស៊ី។ ក្រុមជំនាញ​ហ៊ាន​រហូត​លើកឡើង​ថា ដើម្បី​​ផលិត​គ្រាប់បែក​បរមាណូ​១គ្រាប់​ កូរ៉េខាងត្បូង​​ត្រូវការ​ពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ។ ប៉ុន្តែ បើយោងតាម​ក្រុមជំនាញ​ ​បញ្ហាធ្ងន់​ស្ថិតត្រង់ថា ​បើ​កូរ៉េខាងត្បូង​ផលិតគ្រាប់​នុយក្លេអ៊ែរ​ការពារខ្លួនមែន​ នោះ​កូរ៉េខាងជើង​​នឹង​ក្តៅក្រហាយ ហើយរឹតតែ​មិនចង់​ចូលមកចរចា​។ ​​​

បើ​ក្រុងសេអ៊ូល​ផលិតគ្រាប់បែក​នុយក្លេអ៊ែរ​ ស្ថានការណ៍​ឧបទ្វីបកូរ៉េ​​ក៏​​កាន់តែ​ស្ថិត​កៀក​ក្បែរ​សង្គ្រាម។ ប្រទេស​នៅ​អាស៊ីដូចជាជប៉ុន រឺ​ក៏​​តៃវ៉ាន់ ច្បាស់ជា​​​ប្រុងជើងការ​ដូចគ្នា ប្រទេស​ទាំងនេះ​​​មិនអាច​បណ្តោយអោយ​សង្គ្រាម​បំផ្លិចបំផ្លាញ​​​ទឹកដី សម្លាប់​ប្រជាជន​​ពួកគេទេ។ ជប៉ុន​អាច​នឹង​យកលេស សើរើ​រដ្ឋធម្មនុញ្ញ​ឡើងវិញ ដើម្បី​អភិវឌ្ឈន៍​​អាវុធ​នុយក្លេអ៊ែរ​​នឹងគេ​ដែរ។ ​​

ចិន​ប្រកាន់​ជំហរ​បែបណា ករណី​មាន​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ?

រហូតពេលនេះ ចិន​នៅតែ​ប្រកាន់ជំហរ​ទាមទារ​អោយ​គ្រប់ភាគី​រក្សា​ភាព​អត់ធ្មត់។ ចិនពិបាក​និយាយគ្នា​ ​​ជាមួយ​អាមេរិក​និង​កូរ៉េខាងជើងណាស់ ព្រោះ​ភាគី​និមួយៗ​នៅតែ​បន្ត​​គំរាម​ពាក្យសំដី​គ្នា​ទៅវិញទៅមក។ ​ចិន​បាន​ជួយអាមេរិក​អោយសម្រេច​បំណង​ អោយអង្គការ​សហប្រជាជាតិ ​ដាក់​ទណ្ឌកម្ម​បន្ថែម​​លើ​ក្រុងព្យុងយ៉ាង។​ ចិនមិនបាន​ចេញវេតូជំទាស់សំណើ​អាមេរិកទេ ពេល​ក្រុមប្រឹក្សា​សន្តិសុខ​បោះឆ្នោត​អនុម័ត។ អាមេរិក​សម្រេចបំណង​ខ្លួន​ហើយ តែ​លោកដូណាល់​ ត្រាំ​ បែរជាបន្ត​​ធ្វើដូច​កូនក្មេង បញ្ចេញ​ពាក្យសំដី​ជេរទៅ​ជេរមក​ជាមួយ​លោក​គឺម ជុងអ៊ុនទៅវិញ។ បើ​មានការផ្ទុះ​ជម្លោះ​យោធា​ គឺ​មិនអាច​បន្ទោស​តែ​កូរ៉េខាងជើង​តែម្ខាងទេ។ អ្នកណាៗ​ក៏​ដឺងដែរ​ថា ​កូរ៉េខាងជើង​មាន​ប្រពៃណី​គំរាម​មីស៊ីលនិង​នុយក្លេអ៊ែរ​ផ្គើន​សហគមន៍​អន្តរជាតិ​ជាប្រចាំ​ទៅហើយ។ ​​

មិនដឺងថា តើ​រដ្ឋាភិបាល​ចិន​មានជំហរ​បែបណា​ទេ ករណី​មាន​សង្គ្រាម។ ប៉ុន្តែ បើ​យោងតាម​​បទវិចារណកថា​របស់​សារព័ត៌មាន​ចិន ​បើ​កូរ៉េខាងជើង​​វាយប្រហារ​អាមេរិក​មុន ចិន​នឹង​ប្រកាន់​ជំហរ​អព្យាក្រឹត ប៉ុន្តែ បើ​អាមេរិក​ហ៊ាន​ផ្តួលនិង​ផ្លាស់ប្តូរ​​របប​ដឹកនាំ​ព្យុងយ៉ាង​​ ​ចិន​នឹង​អន្តរាគមន៍​ជា​មិនខាន។ ​​​ទោះយ៉ាងនេះ​ក្តី នេះគ្រាន់តែ​ជា​ការសរសេរ​​​​​​របស់​កាសែត​ក្នុងស្រុក​ចិន​ប៉ុណ្ណោះ មិនមែន​ជា​ ការប្រកាស រឺមតិ​​​ផ្លូវការ​របស់​រដ្ឋអំណាច​ចិន​ទេ។ ​​

ដោយឡែក ម្សិលមិញ​នេះ ​លោកដូណាល់ ត្រាំ បានយកប្រធានបទ​ពាណិជ្ជកម្ម​ចិន-អាមេរិក មក​ធ្វើជាលេស​ជំរុញអោយចិនជួយ​អាមេរិក ទៅ​​និយាយជាមួយ​​អោយ​កូរ៉េខាងជើង​ ដើម្បីជួយ​​កាត់បន្ថយ​ភាពតានតឹង។ លោក​ត្រាំនិយាយ​បែបយ៉ាង​ថា​ ​បើចិន​ជួយអាមេរិក អារម្មណ៍​លោក​ទាក់ទង​នឹង​ផ្នែកពាណិជ្ជកម្មនឹង​ខុសពីមុន ​គឺអាច​ក្នុង ន័យថា​ បើ​ចិន​ជួយអាមេរិក ​លោកត្រាំ​នឹងជួយ​កាត់បន្ថយ​ឱនភាពពាណិជ្ជកម្ម​អាមេរិក-ចិន​​បាន។ តែ​មិនដឺងថា ​ចិនត្រូវជួយអាមេរិក​​និយាយយ៉ាងម៉េច​​ទេ ជាមួយ​កូរ៉េខាងជើង ​ បើ​លោកត្រាំ​និង​លោក​គឺម ជុងអ៊ុន សុទ្ធតែ​ជើងខ្លាំង​ផ្គើនសំដី​គ្នា​យ៉ាងនេះ !​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ