អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​​និង​​កូរ៉េខាងត្បូង​​បាញ់​មីស៊ីល​​ឆ្លើយតប​​ក្រុងព្យុងយ៉ាង​ កូរ៉េខាងជើង​​​​ប្រកាស​​​​មិន​ចរចា​​​ជាមួយ​​អាមេរិក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាម​ពាក្យសំដីនិង​សាច់ដុំ​យោធា​​រវាង​អាមេរិក​និង​កូរ៉េខាងជើង​បាន​កើតឡើង​បន្តបន្ទាប់។ ​ក្រោយ​ក្រុងព្យុងយ៉ាង​បាញ់​មីស៊ីល​​អន្តរទ្វីប​ជាកាដូ​ដល់​ថ្ងៃបុណ្យ​ជាតិ​អាមេរិក​ ម្សិលមិញ​មក អាមេរិក​និង​កូរ៉េខាងត្បូង​មិនបង្អង់​យូរ បាន​ធ្វើសមយុទ្ធ​យោធា​រួមគ្នា បាញ់​មីស៊ីល​ជាច្រើនដើម ឆ្លើយ​តប​ទៅកូរ៉េខាងជើង​វិញ។ ពេលនេះ​ កូរ៉េខាងជើង​ប្រកាស​​ មិនចរចា​ជាមួយ​អាមេរិក​ទេ។ ថ្ងៃពុធ​នេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ត្រូវ​បើក​កិច្ចប្រជុំ​បន្ទាន់។

មីស៊ីល​ដែល​អាមេរិក​និង​កូរ៉េខាងត្បូង​បាញ់​ក្នុង​សមយុទ្ធ​រួមគ្នា ឆ្លើយ​តប​ទៅ​កូរ៉េខាងជើង​វិញ
មីស៊ីល​ដែល​អាមេរិក​និង​កូរ៉េខាងត្បូង​បាញ់​ក្នុង​សមយុទ្ធ​រួមគ្នា ឆ្លើយ​តប​ទៅ​កូរ៉េខាងជើង​វិញ Reuters
ផ្សាយពាណិជ្ជកម្ម

ការផ្គើន​ទៅមក​រវាង​អាមេរិក​និង​​កូរ៉េខាងជើង​​​​នាំអោយ​​រឿងរ៉ាវ​កាន់តែ​ស្មុគស្មាញ​

បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើងប្រហែល​ជា​ពិបាក​រក​ច្រកចេញ​បាន​ដាច់ស្រេច​ណាស់។ ​រឿងរ៉ាវ​កាន់តែ​ធ្ងន់ធ្ងរពេលនេះ​ គឺ​ដោយសារ​តែទាំងកូរ៉េខាងជើង ទាំងអាមេរិក ក្នុង​នោះ​មានទាំង​កូរ៉េខាងត្បូង​ដែរ ​សុទ្ធតែ​ជើងខ្លាំង​ដូចគ្នា ​​ផ្គើនសំដី និង​សាច់ដុំយោធា​ដាក់​គ្នា​ទៅវិញទៅមក មិនចេះចប់។

កូរ៉េខាងជើង​​មិនចោល​ទំលាប់​ផ្គើន​បាញ់មីស៊ីល​គំរាម​អាមេរិក កូរ៉េខាងត្បូង រឺ​ក៏ជប៉ុន​ក្បែរ​នោះ​​ទេ។​ ចំថ្ងៃ​បុណ្យជាតិ​អាមេរិក​៤កក្កដា​ម្សិលមិញ ក្រុងព្យុងយ៉ាង​បាន​បាញ់​មីស៊ីល​អន្តរទ្វីប​មួយដើម​លេង​អាមេរិក​តែម្តងទៅ។ លោក​​ គឺម ជុងអ៊ុន ថែមទាំង​ជេរ​​អាមេរិក​រហូត​ដល់​ថ្នាក់ថា ​មីស៊ីល​នេះជាកាដូ​ដល់​ពួក”អាសំអុយ”​អាមេរិក​ទៀតផង។ ប្រមុខដឹកនាំ​កូរ៉េខាងជើង​ សន្យា​​​​ថា នឹង​មាន​កាដូ​ផ្សេងៗ​ទៀត សម្រាប់​អាមេរិក ក្នុង​ពេល​ខាងមុខ។

​លោក​ដូណាល់ ត្រាំ មិនអាច​អត់ធ្មត់​នឹង​ការមាក់ងាយ​​របស់​គឺម ជុងអ៊ុន ក៏​អោយ​ទាហាន​​ធ្វើសមយុទ្ធ​ជាមួយ​ទាហាន​កូរ៉េខាងត្បូង បាញ់មីស៊ីល​ឆ្លើយតប​ទៅ​ក្រុងព្យុងយ៉ាង​វិញភ្លាមដែរ។ លោក​ដូណាល់ ត្រាំ​ ថែមទាំង​សុំអោយ​ចិន​ចាត់វិធានការ​ធ្ងន់ ដើម្បី​ដោះស្រា​យបញ្ហា​កូរ៉េខាងជើង​អោយ​ចប់សព្វគ្រប់។ អាមេរិក​កំពុង​តែ​បារម្ភ​ខ្លាំងហើយ ព្រោះ​មីស៊ីលអន្តរទ្វីបដែល​ក្រុងព្យុងយ៉ាង​បាញ់​ពី​​ម្សិលមិញនេះ ត្រូវក្រុមជំនាញ​វាយតម្លៃ​ថា អាច​បាញ់​ដល់​រដ្ឋ​អាឡាស់ស្កា ក្នុង​ដែនដី​អាមេរិ​ក។ ​កូរ៉េខាងជើង​ថា មីស៊ីល​ម្សិលមិញនេះ ជា​មីស៊ីល​ចំងាយ​វែង តែ​រុស្ស៊ី​ប្រាប់ថា ជា​មីស៊ីល​បាញ់​ចំងាយ​មធ្យម។ យ៉ាង​ណា​ក៏ដោយចុះ ក៏​មីស៊ីល​កូរ៉េ​មួយនេះ អាច​បាញ់​ដល់​សហរដ្ឋ​អាមេរិក​ដែរ។ អញ្ចឹងហើយ ទើបលោក​ដូណាល់ ត្រាំ​ កាន់តែ​បារម្ភ​នោះ។ អញ្ចឹង​មានតែ​ត្រូវ​អង្វរចិន​អោយ​ដាក់សម្ពាធ​លើ​ក្រុងព្យុងយ៉ាង​ប៉ុណ្ណោះ។ ប្រធានាធិបតី​អាមេរិក​ក៏បាន​សុំអោយ​គ្រប់ប្រទេស​ចាត់ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុងព្យុងយ៉ាង​ដែរ។

ដោយឡែក ចិន​ប្រហែល​ពិបាក​ដាក់សម្ពាធ​ក្រុងព្យុងយ៉ាង​បានលើសពី​អ្វីដែល​ធ្លាប់​ធ្វើ​កន្លងមក​​ដែរ។​ ព្រោះ​ចិនធ្លាប់​ស្នើ​ដំណោះស្រាយ​រួចម្តងហើយ រឿង​កូរ៉េខាងជើងនេះ​ តែ​អាមេរិក​បដិសេធ។ មួយរយៈ​ចុងក្រោយ​នេះដែរ ​ អាមេរិក​បាន​លូកដៃ​រឿង​សិទ្ធិមនុស្ស​នៅចិន រឿង​កោះតៃវ៉ាន់ ហើយ​ក៏​​​ទើបបាន​បញ្ជូន​នាវា​ចម្បាំង ទៅក្បែរ​កោះជម្លោះ​នៅ​សមុទ្រ​ចិន​ ធ្វើអោយ​ចិន​ខឹង​មិនទាន់​បាត់​ផង។ រឿងអី​ចិន​​ត្រូវ​ជួយអាមេរិក​អោយអស់ពីដៃ​ពីជើងនោះ។ កូរ៉េខាងជើង​បាញ់​មីស៊ីល​​ផ្គើន​អាមេរិក ម្សិលមិញ​នេះ អាច​ថា​​ក៏​ដើម្បី​ជួយសងសឹករឿង​អាមេរិក​ផ្គើន​ចិន​ផង​ក៏មិនដឺង។​

ចិន​និង​រុស្ស៊ី​ស្នើ​អោយមានការ​​​អត់ធ្មត់​ ចិនលើកឡើង​ជាថ្មី​នូវសំណើ​ដែលអាមេរិក​ទាត់ចោល​

ចិនធ្លាប់ស្នើ​អោយ​អាមេរិក​បញ្ឈប់​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េខាងត្បូង។ ជាថ្នូរ​​នឹង​ការ​ឈប់​ហ្វឹកហាត់​នេះ ​កូរ៉េខាងជើង​នឹង​ផ្អាក​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ​​និង​មីស៊ីល​ដែរ។ សំណើនេះ ជា​អ្វី​ដែល​ក្រុងព្យុងយ៉ាង​ចង់​បានដែរ ព្រោះ​ក្រុងព្យុងយ៉ាង​ចាត់ទុក​ថា សមយុទ្ធ​យោធា​អាមេរិក-កូរ៉េខាងត្បូង ជា​ការគំរាម​សន្តិសុខ​កូរ៉េខាងជើង។

អាមេរិក​បាន​បដិសេធសំណើរបស់​ចិន​ មិនព្រម​ផ្អាក​សមយុទ្ធ​នេះទេ។ អាមេរិក​​​​មិនហ៊ាន​បញ្ឈប់​ចំណង​យោធា​ជាមួយ​កូរ៉េខាងត្បូង ក៏​ប្រហែល​ដោយសារ​គិតថា​ ទោះបី​ជាឈប់ធ្វើសមយុទ្ធ​ ក៏​គេ​មិនអាច​ធានា​ថា កូរ៉េខាងជើង​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​ខ្លួនដែរ។ អញ្ចឹង​ បើ​អាមេរិក​មិនព្រម​ផ្អាកតាមសំណើ​ចិន​ កូរ៉េខាងជើង​មានតែ​នៅ​បន្ត​បាញ់​មីស៊ីល​គំរាម​លេង​តទៅទៀត​ទៅ។ អ្វីដែលគេ​បារម្ភ​ពេលនេះ គឺថា តាមរយៈ​ការបាញ់​មីស៊ីល​២លើក​ចុងក្រោយ​នេះ គឺគិត​ទាំង​​មីស៊ីល​មួយដើម បាញ់​កាលពី​ខែឧសភាផងដែរ​ គេឃើញថា ​កូរ៉េខាងជើង​កាន់តែ​មាន​សមត្ថភាព​មីស៊ីល​កាន់តែ​ខ្ពស់ ទោះបី​អ្នកជំនាញ​ខ្លះ​​គិតថា កូរ៉េខាងជើង​មិនទាន់​អាច​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ លើ​មីស៊ីល​អន្តរទ្វីប​ក៏ដោយចុះ។ ​

កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ​ថ្ងៃពុធ​នេះ ​ប្រហែល​ជា​ពិបាក​រក​ដំណោះស្រាយ​ ដោយសារ​​កន្លងមក ក្រុងព្យុងយ៉ាង​មិនដែល​ខ្វល់​ទណ្ឌកម្ម​អន្តរជាតិ​ម្តងណាទេ។​ដំណោះស្រាយ​បណ្តោះ​អាសន្ន​ពេលនេះ គឺមានតែ​ត្រូវ​ស្តាប់តាម​រុស្ស៊ី​និងចិន ដែល​សុំអោយ​មាន​ការអត់ធ្មត់។ ចិន​បាន​ស្នើ​ជាថ្មី​ទៀត នូវសំណើ​ផ្អាក​សមយុទ្ធ​យោធា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង ជាថ្នូរ​នឹង​ការ​ផ្អាក​ការបាញ់​មីស៊ីល​ពី​ក្រុងព្យុងយ៉ាង។

សំណុំរឿង​កូរ៉េខាងជើង​​នឹងត្រូវ​លើកយក​ទៅ​ពិភាក្សា​នៅ​ក្នុង​​ជំនួបកំពូល​​ហ្សេ២០​ ដែល​ត្រូវធ្វើ​នៅ​អាល្លឺម៉ង់ ​​នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃសៅរ៍​សប្តាហ៍​នេះ។

ការបន្ត​ទំនាក់ទំនង​ពាណិជ្ជគម្ម​រវាង​ចិន​និង​កូរ៉េខាងជើង ជាចំណែក​នាំអោយ​ពិបាក​ដោះស្រាយ​បញ្ហា

ឆ្នាំ២០១៦ ចិន​បាននាំចូល​ធ្យូងថ្ម​ពី​​កូរ៉េខាងជើង​​២២លាន៥០០តោន ត្រូវនឹង​ទឹកប្រាក់​​ជាង​១១០០លាន​ដុល្លារ។ ​តែ​ខែកុម្ភៈ​ ចិន​បាន​សម្រេច​ផ្អាក​នាំចូលធ្យូងថ្ម​នេះវិញ ជា​ទណ្ឌកម្ម​លើ​​​​ក្រុង​ព្យុងយ៉ាង ស្របតាម​អ្វី​ដែល​អង្គការ​សហប្រជាជាតិ​ចង់បាន។​

ទោះយ៉ាងនេះក្តី ចិន​នៅតែ​អាច​បន្ត​រកស៊ី​ផ្នែក​ផ្សេងទៀតជាមួយ​កូរ៉េខាងជើង​​ ដូចជា​សម្លៀកបំពាក់ រឺ​អាហារ​សមុទ្រ​ជាដើម។ យោងតាម​​ក្រុមជំនាញមួយចំនួន​របស់​​អង្គការ​សហប្រជាជាតិ​ ​ ចិនបាន​ទាំង​ជួយ​អោយ​កូរ៉េ​ខាងជើង​អាច​រកស៊ី​ជាមួយ​ប្រទេស​ផ្សេងៗ​នៅ​អាស៊ី អាហ្វ្រិក រឺ​ក៏តំបន់​បូព៌ា​ទៀតផង។ ពោល​គឺ​ចិន​មា​នក្រុមហ៊ុន​អន្តរការី ដែល​រកស៊ី​ជាមួយ​កូរ៉េខាងជើង​ ដូច្នេះ​គេគ្មាន​ភស្តុតាង​ចោទ​ថា រដ្ឋ​ចិន​បន្ត​ជួយ​កូរ៉េខាងជើង​ទេ។ បញ្ហា​នេះក៏​​ជា​ចំណែក​មួយ​នាំអោយ​គេពិបាក​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើងដេរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ