ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/01 12h00 GMT
អាស៊ី

កូរ៉េ​ខាង​ជើង សុខ​ចិត្ត​បើក​ ទូរស័ព្ទ​ក្រហម ឆ្លើយ​ឆ្លងជាមួយ​កូរ៉េខាងត្បូង

media គីម ជុងអ៊ុន ថា លោកមានប៊ូតុងបញ្ជាបាញ់គ្រាប់នុយក្លែអ៊ែរនៅនឹងតុកន្លែងធ្វើការ។ REUTERS

ថ្ងៃពុធ ទី​៣មករានេះ ថ្នាក់​ដឹកនាំ​កូរ៉េ​ខាង​ជើង ប្រកាសថា លោក គីម ជុងអ៊ុន សុខ​ចិត្ត​បើក​ទូរស័ព្ទ​ក្រហម ឆ្លើយ​ឆ្លងចរចា​ជាមួយ​កូរ៉េខាងត្បូង។ សេចក្តី​ប្រកាស​នេះ ធ្វើ​ឡើងនៅក្នុង​ទូរទស្សន៍​ជាតិ ​ដោយ​លោក Ri Son Gwon ប្រធាន​គណកម្មាធិការ​ទទួល​បន្ទុក​ចរចា​បង្រួបបង្រួម​របស់​កូរ៉េខាង​ជើង​។ ភាគី​ខាង​កូរ៉េ​ខាងត្បូង​ រីករាយ​ស្វាគមន៍​ចំពោះ​ការ​ចរចា តែ​ភាគី​អាមេរិក​របស់​លោក ដូណាល់ ត្រាំ ហាក់​នៅសង្ស័យ​ និង​​មិន​ទុក​ចិត្ត​ចំពោះ​កូរ៉េ​ខាងជើង​។

ការ​ប្រកាស​បើក​ទូរសព្ទ​ក្រហម ភ្ជាប់​ទំនាក់​ទំនង​ឆ្លើយ​ឆ្លងគ្នា​រវាង​កូរ៉េ​ទាំងពីរ​​នេះ គឺ​ធ្វើ​ឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពីមេដឹក​នាំ​ គីម ជុង​អ៊ុន​ ​បញ្ជាក់​ពីការ​បញ្ជូន​កីឡា​ករ​កូរ៉េ​ខាង​ជើង​ ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​ នៅ​កូរ៉េ​ខាង​ត្បួង។ ចំពោះ​កូរ៉េ​ខាង​ត្បួង នេះ​គឺ​ជា​សញ្ញាណ​ល្អ​នៃ​ដំណើរ​ការចរចាគ្នា។ ទីក្រុង​ សេអ៊ូល រីករាយ​ស្វាគមន៍​ណាស់​ចំពោះ​ការ​បើក​ទូរសព្ទ​ក្រហមឆ្លើយ​ឆ្លង​គ្នា​ឡើង​វិញ​។​

សូម​បញ្ជាក់ថា ​លោក​ គីម ជុងអ៊ុន បាន​បិទទូរសព្ទ​ក្រហម​នេះ​ចោល​ មិន​ឆ្លើយ​ឆ្លង ជាង​​២ឆ្នាំមកហើយ គឺ​​តាំងតែ​ពី​ដើម​ឆ្នាំ​២០១៦មកម្ល៉េះ នៅពេល​ដែ​លកូរ៉េ​ខាង​ជើង ​បាញ់​សាកល្បង​មីស៊ីលបំពាក់​ក្បាល​គ្រាប់​នុយក្លែអ៊ែរ។ ​ទូរសព្ទ​ក្រហម គឺ​ជា​មធ្យោបាយ​ទាក់ទង​គ្នា​បន្ទាន់រវាង​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​ពីរ ចាប់តាំងពី​សង្គ្រាម​កូរ៉េ​ នៅ​ទសវត្ស​១៩៥០មក​។

ចំពោះ​​អាមេរិករបស់​លោក ដូណាល់ ត្រាំ ដែល​ជា​សម្ព័ន្ធ​មិត្ត​កូរ៉េ​ខាង​ត្បួង គឺ​នៅ​តែមិន​ទុក​ចិត្ត​កូរ៉េ​ខាង​ជើង​នោះ​ឡើយ​។ លោកប្រធានាធិបតី​មាត់​ឆៅ ដូណាល់ ត្រាំ ហាក់​នៅ​សង្ស័យ​ចំពោះ​ភាព​ស្មោះត្រង់របស់ គីម ជុង​អ៊ុន។ ថ្នាក់ដឹកនាំ​ទាំងពីរ ថែមទាំង​នៅ​ថ្លែង​ឌឺដង​ដាក់​គ្នា​ថែមទៀត​។ ឆ្លើយ​បត​នឹង គីម ជុង​អ៊ុន ដែលថា លោក​មាន​ប៊ូតុងបញ្ជា​បាញ់​គ្រាប់​នុយ​ក្លែអ៊ែរ​នៅនឹង​​តុកន្លែងធ្វើការ​, ប្រធានាធិបតី​អាមេរិក ថាលោកមាន​ប៊ូតុងចុច​​គ្រាប់​នុយ​ក្លែអ៊ែរ​ ធំជាង និង​មាន​ប្រសិទ្ធិភាព ហើយ​ដំណើរ​ការ​បា​នល្អទៀត ​។

តែ​យ៉ាងណាក៏ដោយ ការ​បើក​ទូរសព្ទ​ក្រហមសម្រាប់​ចរចា​រវាង​កូរ៉េ​ទាំងពីរ គឺជា​សញ្ញាណ​ល្អ​ ​ដែល​ថ្នាក់ដឹកនាំ​កូរ៉េ​ខាង​ជើង បញ្ជាក់​​ថា អាច​ជា​ផ្លូវ​ចរចា​ទៅ​លើប្រធាន​បទ​ជាច្រើន រាប់​ទាំង​រឿង​នុយក្លែអ៊ែរ​ផង។ ក៏ប៉ុន្តែ ចំពោះ​អាមេរិក ការ​ចរចាអាច​ប្រព្រឹត្ត​ទៅបាន ​ដោយ​មាន​លក្ខខណ្ឌ គឺ​កូរ៉េខាង​ជើង ត្រូវ​តែ​បញ្ឈប់​គម្រោង​នុយក្លែអ៊ែរ៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ