អានតួអត្ថបទ
កម្ពុជា

ក្បួន​ធម្មយាត្រា៥ទិស​របស់​សង្គម​ស៊ីវិល​ជិតដល់​ភ្នំពេញ​ហើយ

ក្បួន​ធម្មយាត្រា​ទាំង៥ទិស​របស់​អង្គការ​សង្គម​ស៊ីវិល​ ដែល​បាន​ចេញ​ដំណើរ​ពីគោលដៅ​រៀងៗខ្លួន កាលពី​ថ្ងៃអាទិត្យ ទី១​វិច្ឆិកា​នោះ កំពុងតែ​ធ្វើដំណើរ​ជិត​ដល់​រាជធានី​ភ្នំពេញ​ហើយ។ ក្រុម​សកម្មជន​ទាំងនោះ ដែល​រួមមាន​ព្រះសង្ឃផង គ្រោង​នឹង​មកជួប​ជុំគ្នា​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅថ្ងៃ​ទី១០ធ្នូ​ខាងមុខ។ ក្បួន​ធម្មយាត្រា​នេះក៏​គ្រោងនឹង​ជួបជុំគ្នា​ដើម្បី​ថ្លែង​ពី​ក្តីកង្វល់​នានា​របស់​ពលរដ្ឋ​ នៅមុខ​សភាជាតិ​ផងដែរ។

ក្បួន​ទិវាសិទ្ធិមនុស្ស ឆ្នាំ២០០៩
ក្បួន​ទិវាសិទ្ធិមនុស្ស ឆ្នាំ២០០៩ RFI
ផ្សាយពាណិជ្ជកម្ម

ក្រុម​សកម្មជន​សិទ្ធិមនុស្ស​បានចេញ​ដំណើរ​ដង្ហែក្បួន កាលពីថ្ងៃអាទិត្យ ទី០១ធ្នូ មាន​មកពី​ខេត្តស្វាយរៀង កំពត កំពង់ស្ពឺ ពោធិ៍សាត់ និង​កំពង់ធំ។ ក្រុម​សកម្មជន​ទាំងនោះ​បាន​ដើរ​ដង្ហែ​ក្បួន​ធម្មយាត្រា​ចេញពី​គោលដៅ​រៀងៗខ្លួន​ទាំង៥ទិស ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅថ្ងៃ​ទី១០ធ្នូ។

លោក យ៉េង វីរៈ នាយក​ប្រតិបត្តិ​នៃមជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ដែល​បាន​ដឹកនាំ​ក្បួន​ចេញពី​អមលាំង ខេត្តកំពង់ស្ពឺ កាត់តាម​ផ្លូវជាតិ​លេខ៤ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃ​ពុធនេះថា ក្រុម​របស់លោក ដែល​មាន​គ្នា​ប្រមាណ​ជា៦០នាក់ បានធ្វើ​ដំណើរ​មក​ជិតដល់​ទីរួមខេត្ត​កំពង់ស្ពឺហើយ។ លោក​អះអាងថា រហូតដល់​ថ្ងៃនេះ ក្បួន​ធម្មយាត្រា​បាន​ប្រព្រឹត្តទៅ​ដោយ​គ្មាន​ឧបសគ្គ​អ្វី​ទេ។

ចំណែកឯ​លោក ស ម៉ូរ៉ា ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ​និងសេវាកម្ម​កម្ពុជា ដែលបាន​ដឹកនាំ​ក្បួន​ចេញពី​ខេត្តពោធិ៍សាត់ កាត់តាម​ផ្លូវជាតិ​លេខ៥វិញ ក៏បាន​ប្រាប់​ឲ្យ​ដឹងថា ក្បួន​ដង្ហែ​ដែលមាន​មនុស្ស​ជិត១០០នាក់ ក្នុងនោះ​មាន​ព្រះសង្ឃ១៧អង្គផង បានធ្វើ​ដំណើរ​មកដល់​ជិតខេត្ត​កំពង់ឆ្នាំងហើយ។ បើយោងតាម​លោក ស ម៉ូ​រ៉ា ក្រុម​ធម្មយាត្រា​របស់លោក​បាន​ជួប​បញ្ហា​ខ្លះៗ​នៅពេលយប់ ​ដោយសារតែ​វត្ត​មួយចំនួន​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ធម្ម​យាត្រា​ស្នាក់​នៅទេ ក្រោម​ហេតុផល​ថា ក្បួន​នេះ​មិនបាន​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ។

ក្រុម​អ្នកចូលរួម​ធម្មយាត្រា​ទាំង៥ទិស កំពុង​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​ជា ពី១៥​ទៅ២០​គីឡូម៉ែត្រ​ក្នុង​មួយថ្ងៃ។ ពេលមក​ដល់​ភ្នំពេញ ពួកគេ​ក៏គ្រោង​ប្រគល់​ឯកសារ​មួយចំនួន​ស្តីពី​ទុក្ខលំបាក​របស់​ពលរដ្ឋ​ជូន​ដល់​តំណាងរាស្ត្រ​ជាប់ឆ្នោត​នៅក្នុង​សភា។ គណបក្ស​​សង្គ្រោះ​ជាតិ​ក៏បាន​ប្រកាស​ឲ្យ​សកម្មជន​របស់ខ្លួន​ចូលរួម​ក្នុង​ធម្មយាត្រា​នេះ​ផងដែរ។

សូមបញ្ជាក់ថា ឆ្នាំ២០១៣នេះ​ជា​ខួប​ទី៦៥ឆ្នាំ​ហើយ​នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​បណ្តា ប្រទេស​ជាច្រើន​លើ​សាកលលោក ​តែង​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ។ នៅកម្ពុជា ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ១០​ធ្នូ​ឆ្នាំនេះ ប្រារព្ធ​ឡើង​ក្រោម ប្រធានបទ«មាន​យុត្តិធម៌ មាន​សន្តិភាព!»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ