អានតួអត្ថបទ
កម្ពុជា

ក្រុមហ៊ុន​មូល​ប​ត្រ​កម្ពុជា​ព្យាយាម​ទាក់ទាញ​សមាជិក​ថ្មី​ឲ្យ​ចូលក្នុង​ទីផ្សារ​ភាគហ៊ុន

នៅ​ថ្ងៃទី ១៩ កុម្ភៈ​នេះ ក្រុមហ៊ុន មូល​ប​ត្រ​កម្ពុជា CSX បានរៀបចំ​កម្មវិធី ឆ្ពោះទៅកាន់​ការចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ដើម្បី​បង្ហាញ​ដល់​បណ្តា​ក្រុម​រដ្ឋ និង​ឯកជន​នានា ដែល​មានបំណង​ចូលក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា។ យោងតាម​មន្ត្រី​ទទួលបន្ទុក​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា នៅ​ឆ្នាំ២០១៤នេះ មាន​ក្រុមហ៊ុន​ចំនួន ១០ ដែល​ចាប់អារម្មណ៍​ចុះបញ្ជី​នៅក្នុង​ទីផ្សារ​ភាគហ៊ុន ក្នុងនោះ មាន​ក្រុមហ៊ុន​រដ្ឋ​ចំនួន៣ ផងដែរ។

សេដ្ឋវិទូ​និង​អ្នកជំនួញ​សាទរ​ការ​ដាក់​អោយ​ជួញដូរ​ភាគហ៊ុន​ជា​ផ្លូវការ​
សេដ្ឋវិទូ​និង​អ្នកជំនួញ​សាទរ​ការ​ដាក់​អោយ​ជួញដូរ​ភាគហ៊ុន​ជា​ផ្លូវការ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល​ជិត ២ឆ្នាំ​មក ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​បានទទួល​ក្រុមហ៊ុន ចុះបញ្ជី​ជា​ផ្លូវការ​តែមួយគត់​ប៉ុណ្ណោះ គឺ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PPWSA) ។ ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ថ្មី​ទៀត​ឲ្យ​ចុះឈ្មោះ​លក់​ភាគហ៊ុន​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ ២០១៤នេះ ក្រុមហ៊ុន​មូល​ប​ត្រ​កម្ពុជា CSX ដែលជា​ក្រុមហ៊ុនចំរុះ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ផ្សា​រមូល​ប​ត្រ​កូរ៉េ បានរៀបចំ​កម្មវិធី ឆ្ពោះទៅកាន់​ការចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា។

កម្មវិធីនេះមានគោលដៅ បង្កលក្ខណៈងាយស្រួលដល់បណ្តាក្រុមហ៊ុននានាដែលមាន បំណង​ចុះបញ្ជី រឺ​ចូលទៅក្នុង​ផ្សា​រមូល​ប​ត្រ ដើម្បី​ដាក់លក់​ភាគហ៊ុន​របស់ខ្លួន។

លោក ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ប្រាប់​អ្នកយក​សារព័ត៌មាន​ថា នៅក្នុង​ឆ្នាំ ២០១៤នេះ មាន​ក្រុមហ៊ុន​ចំនួន ១០ ដែល​បាន​ចាប់អារម្មណ៍​ចុះបញ្ជី​ជាមួយនិង​ក្រុមហ៊ុន​មូល​ប​ត្រ​កម្ពុជា ដោយ​ក្នុងនោះ​មាន​ក្រុមហ៊ុន​ចំនួន ២ រឺ ទៅ ៣ កំពុងតែ​រៀបចំ​នីតិវិធី និង​ឯកសារ ដើម្បី​ត្រៀមខ្លួន​ចូលក្នុង​ទីផ្សារ​ភាគហ៊ុន។ ក្នុងចំណោម​ក្រុមហ៊ុន​ទាំង១០ នោះ​មាន​ក្រុមហ៊ុន​របស់​រដ្ឋ​ចំនួន ៣ ដែល​រួមមាន កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ទូរគមនាគមន៍​កម្ពុ​ជា និង​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ។

លោក ហុង សុ​ហួរ ឲ្យ​ដឹង​ទៀតថា នៅ​ដំណាច់ឆ្នាំ២០១៤នេះ យ៉ាងហោចណាស់​ក៏មាន​ក្រុមហ៊ុន​ចំនួន​ពីរ​ដែរ ដែល​នឹង​រៀបចំ​ឯកសារ​រួចរាល់ ហើយនឹង​ចុះបញ្ជី​ជា​ផ្លូវការ ចូលក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា ប៉ុន្តែ​លោក​មិនអាច​បញ្ជាក់ថា ក្រុមហ៊ុន​ទាំងពីរ​នោះ​មានឈ្មោះ​អ្វីខ្លះ​នោះទេ។

គួរ​បញ្ជាក់ថា ក្រុមហ៊ុន​មូល​ប​ត្រ​កម្ពុជា បានចាប់ផ្តើម​ដំណើរការ​កាលពី​ថ្ងៃទី ១៨ មេសា ឆ្នាំ ២០១២ ហើយ​រហូតមក​ទល់នឹង​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ ទទួលបាន​ការចុះបញ្ជី​ពី​ក្រុមហ៊ុន​រដ្ឋ​តែមួយគត់​គឺ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ PPWSA។ ភាគហ៊ុន​របស់​រដ្ឋាក​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​តំលៃ​ដើម ក្នុង​មួយ​ហ៊ុន ៦៣០០រៀល។ ភាគហ៊ុន​នេះ​បាន​ឡើងដល់​ទៅ​ជាង ១ម៉ឺន​រៀល ក្នុង​រយៈពេល​ជួញដូរ ពីរ​ទៅ បី​ខែ​ដំបូង ប៉ុន្តែ បន្ទាប់ពីនោះ រហូតមកដល់​បច្ចុប្បន្ន​ភាគហ៊ុន​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បន្ត​ធ្លាក់ចុះ​ជា​បន្តបន្ទាប់។នៅថ្ងៃពុធនេះភាគហ៊ុន​មាន​តំលៃ​ត្រឹមតែ ៥០០០ រៀល​តែប៉ុណ្ណោះ​ក្នុង​មួយ​ហ៊ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ