អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទំនាក់ទំនង​​គុយបា-អាមេរិក​នឹងទៅជា​យ៉ាងណា ក្រោយ​ហ្វីដែល កាស្ត្រូ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃអាទិត្យ​នេះ ប្រជាជន​គុយបា​បន្ត​កាន់ទុក្ខបិតា​បដិវត្ត​ ​​ហ្វីដែល កាស្ត្រូ ​ដែល​បាន​ទទួល​មរណភាព កាលពី​ថ្ងៃសុក្រ​ ក្នុង​អាយុ​៩០ឆ្នាំ។ គុយបា​អនុញ្ញាត​លោក​កាស្ត្រូ​ទទួល​មរណភាព​ចំពេល​ដែលគុយបា និង​សហរដ្ឋអាមេរិ​កទើប​តែ​​ខិត​ទៅរកគ្នាឡើងវិញ ​តែ​ក៏ចំពេល​ដែល​​លោក​ដូណាល់ ត្រាំ ត្រូវ​កាន់កាប់​សហរដ្ឋ​អាមេរិក​បន្ត​ពី​លោក​អូបាម៉ា​ដែរ។ តើ​ដូណាល់ ត្រាំ អាច​បំផ្លាញ​ទំនាក់ទំនង​ដែល​លោក​អូបាម៉ា​ខំស្តារ​ឡើងវិញ​ជាមួយ​គុយបា​ទេ? គុយបា​នឹង​ក្លាយទៅជា​យ៉ាងណា​ក្រោយ​ហ្វីដែល កាស្ត្រូ? 

ប្រជាពលរដ្ឋ​គុយបា កាន់ទុក្ខ​លោក ហ្វីដែល កាស្ត្រូ មួយ​សប្តាហ៍
ប្រជាពលរដ្ឋ​គុយបា កាន់ទុក្ខ​លោក ហ្វីដែល កាស្ត្រូ មួយ​សប្តាហ៍ Reuters
ផ្សាយពាណិជ្ជកម្ម

ក្រោយ​មរណភាព​ហ្វីដែល កាស្ត្រូ ​លោក​​ដូណាល់ ត្រាំ ចង់ជួយ​​ប្រជាជន​គុយបា​អោយ​ទទួល​​បាន​ភាព​រុងរឿង​ឡើងវិញ

ក្នុង​អាណត្តិ​លោក​អូបាម៉ា សហរដ្ឋ​អាមេរិក​ទើប​បាន​បើកទ្វារ​ស្ថានទូត​ខ្លួន នៅ​ទីក្រុង​ឡាហាវ៉ាន កាលពី​ឆ្នាំមុន។ ប៉ុន្តែ ​​មុនជាប់ឆ្នោត​ជា​ប្រធានាធិបតីថ្មី​​បន្ត​ពី​លោក​អូបាម៉ា ​​លោក​ដូណាល់ ត្រាំ ធ្លាប់​សន្យា​ថា នឹង​បិទទ្វារ​ស្ថានទូត​នេះ​ទៅវិញ។

ទំនាក់ទំនង​គុយបា-អាមេរិក​ រស់រវើក រឺ​ក៏​អន់ថយ​ទៅវិញ​ ពេលនេះ គឺ​អាស្រ័យ​លើ​​លោក​ដូណាល់ ត្រាំ។ លោក​ត្រាំ​ មិន​ចូលចិត្ត​​លោក ​ហ្វីដែល​ កាស្ត្រូ​ទេ។ លោក​ត្រាំ ចាត់ទុក​លោក​កាស្ត្រូ ថា​​ជា​មេដឹកនាំ​ផ្តាច់ការ​ ដែល​​ធ្វើបាប​ប្រជាជន​​ អោយ​​រងភាព​ឈឺចាប់ ធ្វើអោយ​គុយបាធ្លាក់​ខ្លួន​ជា​ប្រទេស​​​ក្រីក្រ ​រងការ​បំពាន​សិទ្ធិមនុស្ស​ជាដើម។ ​​ក្រោយ​លោ​កហ្វីដែល កាស្ត្រូ​ស្លាប់​កាលពី​ថ្ងៃសុក្រ លោក​ត្រាំ​លើកឡើងថា ទោះជា​លោក​កាស្ត្រូ​​បាន​​បន្សល់​ទុក្ខសោក​ទាំងនេះ​អោយ​​គុយបា​​ក្តី ក៏​​​​​សហរដ្ឋ​អាមេរិក​​សន្យា​ថា នឹង​ធ្វើអោយ​ប្រជាជន​គុយបា​ទទួល​បាន​ភាពរុងរឿង និង​សេរីភាព​នៅ​ទីបញ្ចប់។

​​​បើផ្អែក​តាម​​ពាក្យពេចន៍​សន្យា​​ជួយ​ប្រជាជន​គុយបា​អោយ​ទទួលបាន​ភាព​រុងរឿង​ឡើងវិញ​នេះ ​ដូណាល់ ត្រាំ ប្រហែល​ជា​មិនអាច​ធ្វើបាប​គុយបា ​មិនអាចបិទស្ថានទូត​គុយបា នៅ​ក្រុង​ឡាហាវ៉ាន ដើម្បី​​ផ្តាច់​អ្វីដែល​លោក​អូបាម៉ា ខំស្តារ​មកវិញ​ជាមួយ​គុយបា​នោះទេ។ ហ្វីដែល​ កាស្ត្រូ ជា​និមិត្តរូប​បដិវត្ត​គុយបា តែ​​​ក៏ជា​និមិត្តរូបនៃ​កំហឹង​របស់ក្រុមប្រឆាំង​គុយបា របស់​​ប្រជាជនគុយបា​​ដែល​មិនអាច​ធ្វើអ្វី​ប្រឆាំង​គាត់ កាលពី​គាត់​នៅរស់​ដែរ។ ហ្វីដែល កាស្ត្រូ ជា​សត្រូវ​អាមេរិក​រាប់ជំនាន់​មកហើយ។ ពេលនេះ គាត់ស្លាប់​ហើយ ដូច្នេះ​​​កំហឹង​ប្រជាជន និង​កំហឹង​អាមេរិក ក៏​បាន​ស្លាប់​ទៅតាម​រូប​លោក​កាស្ត្រូ​ដែរ។

សត្រូវ​អាមេរិក​បាន​ស្លាប់​ហើយ ​លោក​ដូណាល់ ត្រាំ​ ពិតជា​ត្រូវ​ពិចារណា​ឡើងវិញ​​ ចំពោះ​​ទំនាក់ទំនង​​អាមេរិក​ជាមួយ​គុយបាហើយ។ ម្យ៉ាង​វិញទៀត ​លោក​រ៉ាអ៊ូល កាស្ត្រូ ​ជា​ប្អូនប្រុស​លោក​ហ្វីដែល កាស្ត្រូ ​​ក៏បាន​សន្យា​ឈប់​កាន់កាប់​នយោបាយ​គុយបា នៅ​ឆ្នាំ​២០១៨ខាងមុខ​ដែរ​។​ ការកាន់កាប់​របស់​ត្រកូល​កាស្ត្រូ ក៏ត្រូវចប់​ទៅដែរ។

ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ លោក​រ៉ាអ៊ូល កាស្ត្រូ បាន​​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច​បើកចំហរ​ទីផ្សារ​ខ្លះៗដែរ។ សហគ្រាស​​អឺរ៉ុប​និង​អាស៊ី​កំពុង​​​ប្រជែងគ្នា​​រកស៊ី​នៅគុយបា។ គុយបា​បាន​បង្កើត​អោយ​មាន​​​ជើង​ហោះហើរ​យន្តហោះ​​ទៅ​សហរដ្ឋ​អាមេរិក បើកទ្វារ​អោ​យទេសចរ​អាមេរិក​ចូល​ទឹកដីខ្លួន។ ​​​បើ​លោក​ត្រាំ​​​មិនចង់​បាត់បង់​​ការរកស៊ី​របស់​សហគ្រាស​អាមេរិក​នៅ​គុយបា​ទេ លោក​​ត្រាំ​​ត្រូវតែ​បន្ត​ទំនាក៉ទំនង​ជាមួយ​គុយបា​តទៅទៀត។ ហើ​យការ​បន្ត​ស្តារ​ទំនាក់ទំនង​នេះ​ទៅមុខ​ទៀត ក៏ស្របតាម​អ្វីដែល​លោកសន្យា​ដែរ គឺការ​សន្យា​ជួយ​ប្រជាជន​គុយបា​អោយ​ទទួលបាន​ភាព​រុងរឿង​ឡើងវិញ​នោះឯង។ ​

បើ​លោកត្រាំ​ចង់ជួយ​ប្រជាជន​គុយបា​មែន ក្នុងពេល​ចូលកាន់កាប់​សហរដ្ឋអាមេរិក​​​ លោកត្រាំ គួរតែ​ពិចារណា​ដក​​ទណ្ឌកម្ម​អាមេរិក​​ទាំងស្រុង​ចេញពី​គុយបាហើយ ព្រោះ​សត្រូវអាមេរិក​ស្លាប់ទៅហើយ គុយបា​ក៏ក្រីក្រ។ តើ​បន្ត​ទណ្ឌកម្ម​បាន​ប្រយោជន៍​អ្វីទៀត។ កន្លងមក លោក​អូបាម៉ា​ចង់​ដកទណ្ឌកម្ម​ពី​គុយបា​ដែរ តែ​ពិបាក​ព្រោះ​នៅសភា មា​នអ្នកនយោបាយ​បក្ស​សាធារណរដ្ឋ​របស់​លោកត្រាំ​ច្រើន។

​ឆ្លៀតពេល​អស់ពី​ហ្វីដែល កាស្ត្រូ ទៅ​ ​លោក​ត្រាំក៏​​អាច​ស្នើជំរុញ​​​គុយបា​អោយ​ដោះលែង​ក្រុម​ប្រឆាំង​នយោបាយ រឺ​ក៏​ទទួល​យក​ផលិតផល​អាមេរិក​មួយចំនួន​ចូលស្រុ​កផង​ក៏ថា​បាន​​។ វា​ជា​ការ​ចំណេញ​រឿងរកស៊ី​ជាមួយ​គុយបា​ទៅវិញ​ទេ។ ​​

រដ្ឋាភិបាល​គុយបា​ចង់​បន្ត​កេរដំណែល​នយោបាយ ​ហ្វីដែល កាស្ត្រូ
មេដឹកនាំ​គុយបា រ៉ាអ៊ូល កាស្ត្រូ ​កាន់កាប់​គុយបា​១០ឆ្នាំមកហើយ បន្ត​ពី​ហ្វីដែល ជា​បងប្រុស។ តែ​ការកាន់កាប់​ក៏ត្រូវ​បានគេមើលឃើញថា ​នៅតែ​​ស្ថិត​ក្រោម​ការណែនាំ​ ឃ្លាំមើល​​ពីក្រោយ​របស់​ហ្វីដែល កាស្ត្រូ​​ដដែល។

កន្លងមក ​​លោក​រ៉ាអ៊ូល ​បាន​ប្រកាស​ថា​ នឹង​ឈប់​កាន៉អំណាច​នៅឆ្នាំ២០១៨ខាងមុខ​។ អ្នកដែល​ឡើង​មកបន្តអំណាច​​​ពីលោក រ៉ាអ៊ូល ត្រូវបាន​តែងតាំង​រួចមកហើយ​​ គឺ​​​លោក​មីហ្គែល ដ្យាហ្សឺ កាណែល ជា​​បុរស​ខ្លាំងទី២ ក្នុង​រដ្ឋាភិបាល​គុយបា។ ​​ត្បិតថា រ៉ាអ៊ូល កាស្ត្រូ​ ឈប់​កាន់អំណាច​ ក្នុង​ពេល​ខាងមុខ​ក្តី តែ​រដ្ឋាភិបាល​គុយបា មានជំហរ​បន្ត​កេរដំណែល​នយោបាយកុម្មុយនិស្ត​​​របស់​ហ្វីដែល កាស្ត្រូ​ជានិច្ច។ រដ្ឋាភិបាល​ប្រហែល​ជា​អាច​សុំអោយ​ប្រជាជន​​បន្តគាំទ្រ​នយោបាយ​កុម្មុយនិស្ត​តទៅទៀត។

ថ្ងៃសៅរ៍​ម្សិលមិញ អាជ្ញាធរ​បាន​ឃោសនា​អោយ​ប្រជាជន​រាប់លាន​នាក់ សន្យា​ជា​លាយលក្ខណ៍​​អក្សរ ថា​ស្មោះត្រង់​នឹង​នយោបាយ​បដិវត្ត​គុយបា ​សន្យា​បន្ត​ដើរតាម​គំនិត​លោក​ហ្វីដែល​ កាស្ត្រូ។ គុយបា​​​ក្រីក្រ តែ​ប្រជាជន​គុយបា​ភាគច្រើន​​នៅតែ​ស្រលាញ់​ពេញចិត្ត​លោកហ្វីដែល​ កាស្រ្តូ។ ប្រជាជន​ប្រហែល​ជា​អាច​​នៅតែ​ស្មោះស្ម័គ្រ​នយោបាយរបស់​​​កាស្ត្រូ​​ ជានិច្ច​ដែរ។ ​

​រដ្ឋាភីបាល​ប្រកាន់​ជំហរ​​​​នយោបាយ​ហ្វីដែល​ កាស្ត្រូ​ ដែល​ស្អប់​របប​មូលធន​និយម​ក៏ពិត​​មែន ទន្ទឹមនេះ​ដែរ​​​គុយបា​ក៏​បាន​​ធ្វើកំណែទម្រង់​ បើកចំហរ​ទីផ្សារ​ឡើងវិញ​ច្រើនដែរ ដើម្បីបន្ធូរ​​​ដង្ហើម​សេដ្ឋកិច្ច។ គុយបាមិនអាច​​​ពឹងផ្អែក​ជំនួយ​តែលើ​​​វេណេស៊ុយអេឡា​ទេ។​ វេណេស៊ុយអេឡា​​​កំពុង​រង​វិបត្តិ​សេដ្ឋកិច្ច​ មិន​​អាច​ជួយ​គុយបា​ដូចមុនទេ។

ក្រៅពី​វេណេស៊ុយអេឡា ចិន​បាន​ជួយ​គុយបា​ច្រើន។ ហើយ​ដើម្បី​អាច​​រកជំនួយ​ពី​ប្រទេស​​ផ្សេងៗ​​ទៀត បើសិនជា​អាច គុយបា​ប្រហែល​ជា​ត្រូវ​បន្ត​បើកទូលាយ​ទីផ្សារថែមទៀត។ ​ហ្វីដែល កាស្ត្រូ ជាសត្រូវ​អាមេរិក​បាន​​​​ស្លាប់ហើយ។ ​​បើ​ដូណាល់ ត្រាំ ចង់ជួយគុយបាមែន ​ថា​មិនត្រូវ រដ្ឋាភិបាល​​គុយបា​​​ក៏​ប្រហែល​​អាច​​​ទទួល​សំណើ មួយចំនួន​​របស់​​ដូណាល់ ត្រាំ ​ដែរ​ ពេលខាងមុខ​ផង៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ