ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT

គុយបា កែទម្រង់​រដ្ឋធម្មនុញ្ញ បើក​ទូលាយ​ផ្តល់​សិទ្ធិ​ដល់​ពលរដ្ឋ និង​វិស័យ​ឯកជន

គុយបា កែទម្រង់​រដ្ឋធម្មនុញ្ញ បើក​ទូលាយ​ផ្តល់​សិទ្ធិ​ដល់​ពលរដ្ឋ និង​វិស័យ​ឯកជន
 
ស្រ្តីម្នាក់ លក់ដូរបន្លែផ្លែឈើ ដោយកន្លែង​របស់​នាង​មា​នតាំង​រូប​ ជនបដិវត្តន៍គុយបា ដ៏​ល្បី គឺលោក Camilo Cienfuegos REUTERS

​រដ្ឋាភិបាល​គុយបា កំពុង​តែ​ពិនិត្យ​កែសម្រួល​រដ្ឋធម្មនុញរបស់​ខ្លួន។ គម្រោង​រដ្ឋធម្មនុញ្ញថ្មី​របស់​កោះ​កុម្មុយនិស្តគុយបា គឺ​ផ្តោត​សំខាន់​ទៅលើ​ដង្ហើម​សេដ្ឋកិច្ច​ជាតិ ដោយ​ទទួល​ស្គាល់​កម្មសិទ្ធិ​ឯកជន និង​​បើក​ចំហ​ឲ្យ​មាន​ទីផ្សារ​ រួមទាំង​ការ​វិនិយោគ​បរទេស ឲ្យ​កាន់​តែទូលំទូលាយ​។

មិន​តែប៉ុណ្ណោះ ច្បាប់​រដ្ឋធម្មនុញ្ញថ្មី ក៏​មានចែង​ពីក​​ការ​ផ្តល់​សិទ្ធិ​សេរីភាព​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ច្រើន​ជាង​មុន ហើយ​ជាពិសេសគឺ​បើក​សិទ្ធិ​ឲ្យ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ អាច​រៀបការ​កសាង​គ្រួសារ​បាន។ ទាំង​នេះ​គឺ​មិន​ធ្លាប់​មាន​ទេ នៅក្នុង​ប្រវត្តិសាស្ត្រ​​នៃ​ប្រទេស​កុម្មុយនិស្ត​បក្ស​តែមួយ​ ដូច​គុយបា​។

​រដ្ឋធម្មនុញ្ញគុយបា មាន​អាយុ​ជាង​៤០ឆ្នាំមកហើយ។​ រដ្ឋាភិបាល​គុយ​បា ចង់​រុះរើ​ច្បាប់​កំពូល​របស់​ប្រទេស​ជាលើក​ដំបូង។​ តើ​គេ​នឹង​ត្រូវ​កែប្រែ​អ្វីខ្លះទៅ ​?

ក្រោយ​ពី​បា​នរៀបចំ​៣ថ្ងៃរួចមកនេះ គម្រោងកំណែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញថ្មី នឹងត្រូវយកទៅជជែកពិភាក្សាដេញដោលគ្នា​ នៅសភា ក្នុងថ្ងៃច័ន្ទ ទី​២៣កក្កដា​ ហើយបន្ទាប់មក គេនឹងបោះឆ្នោតប្រជាមតិម្តងទៀត ដើម្បីអនុម័តជាចុងក្រោយ។

បើ​គេ​ពិនិត្យ​ជា​រួម មាន​ការ​កែប្រែ​ទៅលើ​បី​ចំណុច​សំខាន់ គឺ​ផ្នែក​​នយោបាយ សេដ្ឋកិច្ច និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។ តែ​បើ​យើង​ពិនិត្យ​ឲ្យ​លម្អិត​ គឺ​គុយបា ចង់​បើក​ច្រក​ឲ្យប្រទេស​របស់​​ខ្លួន ​មាន​សន្ទុះ​កំណើ​ដង្ហើម​សេដ្ឋកិច្ច​មួយ​ខ្លាំងក្លាជាង​មុន​។ ពីព្រោះថា រដ្ឋ​​កុម្មុយនីស្តមួយ​នេះ​​ បា​នបិទ​ច្រក​ប្រទេស​របស់​ខ្លួន​រាប់​សិប​ឆ្នាំមកហើយ ទើបតែ​មានការ​បើក​ទ្វារ​សេដ្ឋកិច្ច​ប្រមាណ​ជា​១០ឆ្នាំ​ចុង​ក្រោយ​នេះតែប៉ុណ្ណោះ។ ពោល​គឺនៅ​ឆ្នាំ​២០០៨ ក្រោយ​ការ​លាលែង​ពី​តំណែង​របស់​បុរសខ្លាំង Fidel Castro ដែល​បាន​ផ្ទេរ​តំណែង​ឲ្យ​ប្អូន​ប្រុស​របស់​ខ្លួន​។

គួរ​បញ្ជាក់ដែរថា នៅ​រាល់ថ្ងៃនេះ សេដ្ឋកិច្ច​របស់​គុយបា គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅលើ​ការ​នាំចូល​ពីបរទេស។ ការ​នាំចូល​នេះ គឺ​រាប់​ទាំងទំនិញ​​និង​​ស្បៀង​អាហារផង។ ផលិត​ផល​ស្បៀង​អាហារ​ដល់ទៅ​៨០ភាគរយឯ​ណោះ ដែល​នាំចូល​ពី​ស្រុក​ក្រៅ​។​ បទពិសោធ​ដែល​ពឹង​ផ្អែក​តែ​ការ​នាំ​ចូល​បរទេស​មួយ​មុខ គឺបាន​ធ្វើ​ឲ្យ​គុយ​បា​លំ​បា​ក​លំបិន​ណាស់។ ជា​ឧទាហរណ៍ នៅពេល​ដែល​ប្រទេស Venezuela ជួប​វិបត្តិ​នយោបាយ​កាលពីឆ្នាំ២០១៧ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ជះ​វិបត្តិធ្ងន់​ធ្ងរខ្លាំង​​ដែរ ចំពោះ​គុយបា។ ព្រោះថា​​ Venezuela គឺជា​ប្រទេស​នាំចូល​ប្រេង​ធំ​បំផុត​ទីមួយ​របស់​គុយបា។​ ការ​នាំចូល​ប្រេង​ ជួប​វិបត្តិ​ គឺ​ធ្វើ​ឲ្យ​ផ្នែក​ផ្សេងៗ​ទៀត​ ក៏​ជួប​វិបត្តិ​​រាំង​ស្ទះ​ដែរ​។​ សូម្បីតែ​ជិះ​ម៉ូតូ ជិះ​ឡាន​ទៅធ្វើការ ក៏ត្រូវ​ការ​ចាក់​សាំង​ដែរ។​

រី​ឯចំណែក​ការ​វិនិយោគទុន​ និង​សកម្មភាព​សេដ្ឋកិច្ច​ផ្សេង​នៅក្នុង​ស្រុក ហើយ​វិស័យ​សហគ្រា​ស​ឯកជន វិញ ​គឺនៅ​មា​នតិច​តួច​ណាស់ ​នៅ​គុយ​បា​សព្វ​ថ្ងៃ​។ ជាក់​ស្តែង ក្នុង​ចំណោម​ពលរដ្ឋ​ ជាង​១១លាននាក់ គឺ​មាន​មនុស្ស​តែ​ប្រមាណ​៦ម៉ឺន​តែប៉ុណ្ណោះ ដែល​ធ្វើការ​រក​ស៊ី​ក្នុង​វិស័យ​ឯកជន។ ផ្នែកឯកជននេះ គឺផ្តល់​ផល​ប្រយោជន៍​តែ​១៣ភាគ​រយ​តែប៉ុណ្ណោះ សម្រាប់ប្រភព​​ចំណូល​ក្នុង​ស្រុក​សរុប​។​​ ដូច្នេះ​ហើយ គម្រោង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ គឺ​បាន​ចែងនិង​ទទួល​ស្គាល់​​យ៉ាង​ច្បាស់​ថា ការ​វិនិយោគ​ទុន​បរទេស គឺ​ជា​ប្រភព​សម្រាប់​អភិវឌ្ឍ​ប្រទេស​។ ហេតុ​នេះ គឺត្រូវ​បើក​ចំហ​ទីផ្សារ​ឲ្យ​កាន់​តែ​ទូលាយ ត្រូវ​ទទួល​ស្គាល់​កម្ម​សិទ្ធិ​ឯកជន ព្រ​មទាំង​ទទួល​ស្គាល់​ការ​រកស៊ី​របស់​ក្រុមហ៊ុន​សហគ្រាស​ធុន​តូច​និង​ធម្យម​​ផង​ដែរ។  

ក្រៅពី​គិត​គូរពី​សន្ទុះ​​ផ្នែក​សេដ្ឋកិច្ច​ គម្រោង​សំណើ​រដ្ឋធម្មនុញ្ញរបស់​គុយបា ក៏​បាន​កែប្រែ​វិស័យ​នយោបាយ យ៉ាងសម្បើមណាស់ដែរ។ ជាលើកទី១មួយ​ហើយ ដែល​​គុយ​បានេះ ចែង​ច្បាស់តែម្តងថា តំណែង​ប្រធានាធិបតី ត្រូវតែ​មាន​អាយុ​ក្មេង​ជាង​៦០ឆ្នាំ។​

គម្រោងកែទម្រង់​រដ្ឋធម្មនុញ្ញរបស់​គុយបា បានចែងថា ចំពោះ​បេក្ខជន​ប្រធានាធិបតី ត្រូវ​មាន​អាយុ​ក្រោម​៦០ឆ្នាំ នៅ​មុន​ពេល​ដែល​ត្រូវតែង​តាំង​ជា​ប្រមុខ​រដ្ឋ។ ហើយ​បើ​ពេល​តែង​តាំង​រួចហើយ ប្រធានាធិបតី ​អាច​សុំ​បន្ត​អាណត្តិ​បា​នតែមួយ​អាណត្តិ​​ទៀតតែប៉ុណ្ណោះ​។

ម្យ៉ាង​ទៀត កំណែទម្រង់​រដ្ឋធម្មនុញ្ញថ្មី ក៏​នឹង​បង្កើត​ឲ្យ​មាន​យន្តការ​បែង​ចែក​អំណាច​កំពូល។ ពោល​គឺ​​បាន​ចែង​ពី​តួនាទី​របស់​ប្រមុខ​រដ្ឋ ព្រ​មទាំង​បង្កើតមុខ​តំណែង​​​ជា​ច្រើន​ទៀត ដូចជា តំណែង​អនុប្រធានាធិបតី កម្រិត​តួនាទី​ដឹកនាំ​របស់​តំណែង​នាយករដ្ឋមន្ត្រី ហើយ​និង​បង្កើត​ស្ថាប័នអាជ្ញាធរ​​ក្រោម​ជាតិ​ ដូច​ជា​បង្កើត​តំណែង​ចៅហ្វាយ​ខេត្ត​ជាដើម​។ ធ្វើ​ដូច្នេះ ដើម្បី​រៀបចំរចនាសម្ព័ន្ធដឹកនាំប្រទេសឲ្យបាន​ល្អ​ប្រសើរជាងមុន។

ក៏ប៉ុន្តែ សូម​បញ្ជាក់ថា ប្រទេស​គុយ​បា គឺនៅតែរក្សា​ខ្លួន ​ជា​រដ្ឋ​សង្គម​និយម បក្ស​តែមួយ ដដែល ហើយ​​ប្រធានាធិបតី នៅតែ​ជា​អគ្គលេខា​ទី១ របស់​បក្ស​កុម្មុយនិស្ត​ដដែល។

ការ​កែប្រែនយោបាយ​​ប្រទេស​មួយ ត្រូវ​ការ​ពេលវេលា ហើយ​ពេល​ខ្លះត្រូវការ​កែប្រែ​បន្តិច​ម្តងៗ​​។ ទោះយ៉ាងណាក៏ដោយ​ ពេល​នេះ គុយបា បា​នបោះពួយ​មួយ​ជំហាន​ដ៏ធំ គឺ​ផ្នែក​សិទ្ធិមនុស្ស​។ នោះ​គឺ​កំណែរដ្ឋធម្មនុញ្ញ​ថ្មី បា​នទទួលស្គាល់​សិទ្ធ​នៃ​ស្រឡាញ់​ភេទ​ដូចគ្នា។​

ត្រង់​នេះ គឺជា​រឿង​រស៊ើប​ណាស់​ក្នុង​ប្រវត្តិ​សាស្ត្រ​គុយបា ពីព្រោះថា នៅក្នុង​អតីតកាល​ គុយ​បា ក្រោម​ការ​ដឹកនាំបែបផ្តាច់​ការ​របស់​ Fidel Castro កាលពី​ដើម​ទសវត្សរ៍​១៩៦០ បាន​ដាក់​ទោស បំបិទ​សិទ្ធ​មិន​ឲ្យ​មាន​អ្ន​កស្រឡាញ់​ភេទ​ដូចគ្នាទេ ហើយ​ថែម​ទាំង​បញ្ចូន​ពួក​គេ​ឲ្យ​ទៅ​«អប់រំ​រៀន​សូត្រ»​ជា​ថ្មីផង។ ពាក្យ​ថា «រៀន​សូត្រជា​ថ្មី» អាចថា​ជាការ​ទទួល​ទណ្ឌកម្ម ឬ​ក៏​ ត្រូវ​យក​ទៅ«​កម្ទេស​ចោល»​ផង​ ក៏​អាច​ថា​បាន។​

ក៏ប៉ុន្តែ៥០ឆ្នាំក្រោយ​មក លោក​​ Fidel Castro ទទួល​ស្គាល់ដោយខ្លួន​ឯងថា ការ​រឹតដ្បិត​ជ្រុល​ពេក​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា គឺបាន​ធ្វើ​ឲ្យ​បញ្ញវន្ត សិល្បករជា​ច្រើន​ រួម​ទាំង ​អ្នក​ចេះ​ដឹងផ្សេងៗទៀត​​​ រត់​ចោល​ស្រុក​ អស់​ជា​ច្រើន​ នាប៉ុន្មា​នទសវត្សរ៍​មក​នេះ។ លោក​បា​នចាត់ទុកថា ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​ពួក​គេ​ទាំងនោះ។ ចំណែក​ឯ​កូន​ស្រី​របស់​លោក Fidel Castro គឺ​លោកស្រី Mariela Castro ក្នុង​នាម​ជា​អ្នក​តំណាង​រាស្ត្រ និង​ជាប្រធាន​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការ​អប់រំភេទ ក៏​បាន​ខំប្រឹង​តស៊ូ​ខ្លាំង​ណាស់ដែរ ដើម្បី​សិទ្ធិសេរីភាព​របស់​ស្រ្តី​គុយបា។​ លោកស្រី​ជា​សកម្មជន​មួយ​រូប​ដែល​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​សម្រាប់​សិទ្ធិស្រ្តី។​

ដូច្នេះ ចំពោះ​ការ​ទទួល​ស្គាល់​សិទ្ធិ​អ្ន​កស្រឡាញ់​ភេទ​ ក្នុង​កំណែរដ្ឋធម្មនុញ្ញ គឺចាត់ទុក​ជា​ការ​ភ្ញាក់​ផ្អើល​ផង និង​ជា​ការ​រំភើប​ផង​ សម្រាប់​ពលរដ្ឋ​បញ្ញវន្ត​គុយ​បា។​ ​ដ្បិត​ថា រដ្ឋកុម្មុយនិស្ត​ ភាគ​ច្រើន ដូចជា ចិន និង​រុស្ស៊ី គឺ​គ្មាន​អនុញ្ញាត​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ អាច​រៀប​ការ​មា​នគូស្រករ បាន​​នោះទេ។ ប៉ុន្តែ ប្រទេស​កុម្មុយនិស្ត​សង្គម​និយម​គុយបា គ្រោង​នឹង​ទទួល​ស្គាល់ក្នុង​មាត្រា​៦៨ថ្មីថា ការ​ចង​សម្ព័ន្ធ​គ្រួសារ គឺ​ធ្វើ​ឡើង​ដោយ​ស្មគ្រ​ចិត្ត​ រវាង​មនុស្ស​ពីរនាក់​។ ត្រង់ពាក្យ«មនុស្ស​ពីរ»នេះ គឺ​គេ​មិន​កំណត់​ពី​ភេទ​នោះឡើយ។ ដែល​នេះ គឺខុស​ពី​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៧៦ ជា​រដ្ឋធម្មនុញ្ញ​​ចាស់​របស់​គុបាយ ដែល​ចែងកម្រិត​​ថា ការ​រៀបការ​គ្រួសារ​ គឺ​ទាល់តែ​ប្រុស​មួយ​ស្រី​មួយ ។

ជា​រួម គេ​មាន​សុទិដ្ឋិនិយម​ច្រើន​ចំពោះ​កំណែទម្រង់​រដ្ឋ​ធម្មនុញ្ញ​គុយបា ថា​អាច​នឹង​នាំ​មកនូវ​សន្ទុះ​សេដ្ឋកិច្ច​ល្អជាង​មុន និង​ហើយ​ពលរដ្ឋ​ក៏​មាន​សិទ្ធិសេរីភាព​ល្អ​ច្រើន​ជាង​មុន​ដែរ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    គុយបា​បើកទំព័រ​​សករាជថ្មី ជាមួយ​នឹង​ប្រធានាធិបតី​ថ្មី ក្រៅ​រង្វង់​គ្រួសារ​ត្រកូល​Castro

    ស្វែងយល់បន្ថែម

  • គុយបា បោះឆ្នោតសភា ត្រៀមប្តូរ​ប្រធានាធិបតី​ថ្មី បន្តពី​ត្រកូល​កាស្ត្រូ

    ស្វែងយល់បន្ថែម

  • គុយបា-កូរ៉េខាងជើង​

    រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​ បំពេញ​ទស្សនកិច្ច​នៅ​គុយបា​នៅ​ថ្ងៃ​ចន្ទ​នេះ​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ