អានតួអត្ថបទ

មេចារកិច្ច​ហូឡង់​ថា​ពិភពលោក​ប្រឈមមុខ​នឹង​ភាពវឹកវរ​ដោយ​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត

ប៉ុន្មានថ្ងៃ​ក្រោយ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ក្នុងទ្រង់ទ្រាយ​ដ៏ធំ​កម្រមានមួយ ដែល​ប៉ះពាល់​ដល់​ស្ទើរតែ​គ្រប់ប្រទេស​នៅ​ទូទាំង​ពិភពលោក ប្រមុខទីភ្នាក់ងារចារកិច្ច​ហូឡង់​បាន​ទាញសញ្ញា​អាសន្ន​ កាល​ពីថ្ងៃ​អង្គារ​ថា ពិភពលោក​យើង​​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​ដ៏ខ្ពស់ នៃ​ការ​វាយប្រហារ​តាមប្រព័ន្ធ​អ៊ីនធ័រនែត ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​ភាព​ចលាចលធ្ងន់ធ្ងរ។

ការគំរាមកំហែង​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​អាច​មាន​ប្រភព​ចេញ​ពី​រដ្ឋ ក្រុម​ឧក្រិដ្ឋជន ក្រុម​ភេរវជន ឬ​ក៏​បុគ្គលដាច់ដោយឡែក​ណាមួយ
ការគំរាមកំហែង​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​អាច​មាន​ប្រភព​ចេញ​ពី​រដ្ឋ ក្រុម​ឧក្រិដ្ឋជន ក្រុម​ភេរវជន ឬ​ក៏​បុគ្គលដាច់ដោយឡែក​ណាមួយ REUTERS/Kacper Pempel/Illustration
ផ្សាយពាណិជ្ជកម្ម

គ្រប់ប្រទេស​ទាំងអស់​ត្រូវតែ​ប្រុងប្រៀបខ្លួន​ ក្នុងការ​ទប់ទល់​នឹង​ការគំរាមកំហែង​ខាងផ្នែក​ព័ត៌មាន​វិទ្យា។ នេះ​គឺ​ជា​ការ​លើកឡើង​របស់​​លោក​ប្រមុខចារកិច្ច​ហូឡង់ រ៉ប ប៊ែរថូលី ដែល​បាន​គូសបញ្ជាក់ថា ដើម្បី​ទប់ស្កាត់​នឹង​ការ​គំរាមកំហែង​នេះ គេ​ទាមទារ​ចាំបាច់​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន។

បច្ចុប្បន្ន​នេះ យើង​កំពុងរស់​នៅ​ក្នុង​សង្គមមួយ ដែល​អ្វីៗ​ត្រូវ​ចងភ្ជាប់​ប្រទាក់ក្រឡាគ្នា តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ទាំង​ក្នុង​ប្រទេស និង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ រាប់ចាប់តាំង​ពី​ប្រព័ន្ធ​ធនាគារ រហូត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​សេវាសាធារណៈ​ជា​សារវ័ន្ត រួមមាន​ដូចជា ប្រព័ន្ធដឹកជញ្ជូន ប្រព័ន្ធ​គ្រប់គ្រង​អគ្គិសនី និង​ទឹកស្អាត​ ជាដើម។ ​បើ​តាម​ការយល់ឃើញ​របស់​លោក​ប្រមុខចារកិច្ច​ហូឡង់ នេះ​ជា​ចំណុច​វិជ្ជមាន​មួយ ដែល​ផ្តល់​នូវ​គុណប្រយោជន៍​យ៉ាងច្រើន​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា វា​ក៏​ធ្វើ​ឲ្យ​យើង​ត្រូវ​ប្រឈមមុខ​នឹង​​ការវាយប្រហារ​ផងដែរ។

តើ​នឹង​មាន​អ្វីកើតឡើង ប្រសិន​បើ​ប្រព័ន្ធ​ធនាគារ​ទាំងមូល​ត្រូវ​ជាប់គាំង​លែង​ដំណើរការ ១ថ្ងៃ ២ថ្ងៃ ឬ​ក៏​មួយសប្តាហ៍? ឬ​ប្រព័ន្ធដឹកជញ្ជូន ប្រព័ន្ធគ្រប់គ្រង់​ទឹកស្អាត ឬ​អគ្គិសនី​ត្រូវ​ជាប់គាំង? ឬ​ក៏​ប្រព័ន្ធ​គ្រប់គ្រង​ផ្លូវ​យន្តហោះ​ត្រូវ​ទទួល​រង​ការ​វាយប្រហារ? ផលវិបាក​​គឺ​អាច​នឹង​ធ្ងន់ធ្ងរ​ពិបាក​នឹង​ពិពណ៌នា។

ក្រៅពី​ការ​វាយប្រហារ ដោយ​ប្រើ​កម្មវិធី​ជម្រិតទារលុយ ដែល​ប៉ះពាល់​ដល់​ស្ទើរតែ​គ្រប់ប្រទេស​នៅ​ទូទាំង​ពិភពលោក នៅ​ប៉ុន្មានថ្ងៃ​មុននេះ លោក​ប្រមុខចារកិច្ច​ហូឡង់​បាន​លើកឡើង​ជា​ឧទារណ៍ ពី​ការ​វាយប្រហារ​មួយ​ចំនួន​ផ្សេងទៀត កាល​ពី​ពេល​កន្លងមក រួមមាន​ដូចជា​ការ​វាយប្រហារ​ទៅលើ​ក្រុមហ៊ុន​ប្រេង​របស់​អារ៉ាប៊ីសាអ៊ូឌីត កាល​ពី​ឆ្នាំ​២០១២ និង​ការ​វាយប្រហារ​ទៅលើ​ប្រព័ន្ធ​ចែកចាយ​អគ្គិសនី​អ៊ុយក្រែន​បណ្តាល​ឲ្យ​មនុស្ស​រាប់សិបម៉ឺននាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់ កាល​ពី​ចុងឆ្នាំ២០១៥ ជាដើម។

មនុស្ស​ជាច្រើន​ប្រហែល​ជាមិនបាន​ចាប់អារម្មណ៍ ក៏​ប៉ុន្តែ បើ​យោងតាម​លោក​ប្រមុខចារកិច្ច​ហូឡង់ ហានិភ័យ​ដែល​ពិភពលោក​ត្រូវ​​ប្រឈម​មុខ​នឹង​ភាពចលាចល ដោយ​ការវាយប្រហារ​ខាង​ផ្នែក​ព័ត៌មានវិទ្យា​ គឺ​មាន​កម្រិត​ខ្ពស់​ជាង​ការ​គិត​ស្មាន​របស់​មនុស្សទូទៅ។ ការគំរាម​កំហែង​ខាង​ផ្នែក​ព័ត៌មាន​វិទ្យា​នេះ ក៏​មាន​ប្រភព​ចម្រុះ រាប់ចាប់តាំង​ពី​រដ្ឋ រហូត​ដល់​ក្រុម​ឧក្រិដ្ឋជន និង​ក្រុម​ភេរវជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ