អានតួអត្ថបទ
រុស្ស៊ី​

លោក​ពូទីន​៖​រុស្ស៊ី​​មិន​ជាប់​​ពាក់ព័ន្ធ​​នឹង​​ការ​វាយប្រហារ​​អ៊ីនធ័រណែត​​​​កម្រិត​​ពិភពលោក​​ទេ​

ថ្ងៃចន្ទ​នេះ ប្រធានាធិបតី​រុស្ស៊ី ពូទីន បានចេញមុខ​អះអាង​ថា រុស្ស៊ី​មិន​បានពាក់ព័ន្ធរឺ​បង្ក​ការ​វាយប្រហារ​អ៊ីណធ័រណែត​​កម្រិតពិភពលោក​ទេ។ ការអះអាង​នេះ​ ដោយសារ​ចោរព័ត៌មាន​វិទ្យា​​​រុស្ស៊ី​តែង​រងការ​ចោទប្រកាន់​ថា​បានវាយប្រហារ​​បណ្តាញ​អ៊ីនធ័រណែត។ ​​​ថ្ងៃចន្ទ​នេះ​ ​ស្ថានការ​នឹងនរ​បន្តិច​វិញ​នៅ​អឺរ៉ុប តែ​​ប៉ូលិស​ Europol នៅ​មិនទាន់អាច​ប្រាប់​ថា អ្នកណា​នៅ​ពីក្រោយ​ការវាយប្រហារ​អ៊ីនធ័រណែត​កម្រិត​​ពិភពលោក​ទេ​។​ 

ប្រធានាធិបតី​រុស្ស៊ី ពូទីន
ប្រធានាធិបតី​រុស្ស៊ី ពូទីន Sputnik/Alexei Druzhinin/Kremlin via REUTERS
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន ​​ ​អះអាង​ថា រុស្ស៊ី​មិន​​​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​អ៊ីនធ័រណែត ​ក្នុង​ទ្រង់ទ្រាយ​ពិភពលោក​ ដែល​កំពុង​កើតមាន​តាំងពី​ថ្ងៃសុក្រ​មកទេ។ ការវាយប្រហារ​អ៊ីនធ័រណែត ដោយ​កម្មវិធី​​ជំរិតទារ​ប្រាក់​​ ក្នុង​ទ្រង់ទ្រាយ​ពិភពលោក​ បង្កឡើង​ដោយ​វីរុស​​​ Wannacry បាន​ប៉ះពាល់​​​​​កុំព្យូទ័រ​រាប់សែន​គ្រឿង នៅតាម​យ៉ាងហោច​​១៥០​ប្រទេស ​ធ្វើអោយ​មានជនរងគ្រោះ​ជាង​២០ម៉ឺននាក់។ ​​បណ្តាញ​ធនាគារ​រុស្ស៊ី​ក៏រង​ការវាយប្រហារ​នេះដែរ។

កន្លងមក ​​ចោរព័ត៌មាន​វិទ្យា​​​រុស្ស៊ី​ តែង​រងការចោទ​ប្រកាន់​ថា​នៅ​ពីក្រោយ​​​ការ​វាយប្រហារ​បណ្តាញ​អ៊ីនធ័រណែត​ផ្សេងៗ។ ពិសេស​​រងការ​ចោទ​ប្រកាន់​ពី​អាមេរិក​តែម្តង​ថា បាន​ចូលអុកឡុក​ប្រព័ន្ធ​បោះឆ្នោត​អាមេរិក ចូល​លុកលុយ​សារ​អ៊ីមេល​របស់​លោកស្រី​ហ៊ីលឡារី គ្លីនតុន។ ខែ​មេសា​មុននេះ​ ក្នុង​ពេល​បារាំង​កំពុង​រៀបចំបោះឆ្នោត​ប្រធានាធិបតី​ ​​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធ័រណែត​ជប៉ុន​ Trend Micro បាន​បង្ហាញ​ការសង្ស័យ​​ ថា​ចោរ​ព័ត៌មានវិទ្យា​រុស្ស៊ី​ព្យាយាម​ចូល​លុកលុយ​​​​ទិន្នន័យ​អ៊ីនធ័រណែត​របស់​គណបក្ស​​​របស់​លោក​ម៉ាក្រុង។ ​​

ថ្ងៃចន្ទ​នេះ ​ប្រធានាធិបតី​ពូទីន ​ចេញមុខ​ជំរះ​បញ្ជី​​​​ថា រុស្ស៊ី​មិនពាក់ព័ន្ធ​នឹង​ការវាយប្រហារ​កម្រិត​ពិភពលោ​ក​ទេ។ ប្រធានាធិបតីរុស្ស៊ីឆ្លៀត​​​​​​បន្ទោស​​អាមេរិក​​ថា ​ឆ្នាំមុននេះ អាមេរិកបាន​​​បដិសេធ​សំណើ​រុស្ស៊ី មិនព្រម​ធ្វើការជាមួយ​រុស្ស៊ី​ មិនព្រម​ចុះកិច្ចព្រមព្រៀង​អន្តររដ្ឋាភិបាល​ ទាក់ទង​​​សន្តិសុខ​បណ្តាញ​អ៊ីនធ័រណែត​។

ស្ថានភាព​នៃ​ការ​វាយប្រហារ​អ៊ីនធ័រណែត ដោយ​វីរុស Wannacry ហាក់​នឹងនរ​​ស្ងប់​វិញ​​បន្តិច​នៅ​អឺរ៉ុប​ថ្ងៃចន្ទ​នេះ។ ​នៅចិន ការវាយប្រហារ​នៅតែ​បន្ត​ តែ​មិនរាលដាល​រហ័ស​ដូច​ពីដំបូង​ទេ។​ ប៉ូលិស​ Europol ប្រាប់ថា ថ្ងៃចន្ទ​នេះ ជនរងគ្រោះ​ដូចជា​មិនកើនចំនួន​​​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ