ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT

គ្រោះថ្នាក់​នៃ​ការ​ប្រជែង​សព្វាវុធ​ក្នុង​ទីអវកាស

គ្រោះថ្នាក់​នៃ​ការ​ប្រជែង​សព្វាវុធ​ក្នុង​ទីអវកាស
 
បច្ចេកវិទ្យា​​​អវកាស​ដែល​កាលពីមុន​មាន​ការរីកចម្រើនតែ​នៅ​អាមេរិក​និង​រុស្ស៊ី បច្ចុប្បន្ន​កំពុងតែ​រាលដាល​ទៅដល់​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត​នៅ​ទូទាំង​ពិភពលោក​ REUTERS/Kyodo 路透社/共同社

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​ថា បច្ចេកវិទ្យា​ក្នុង​វិស័យ​អវកាស​មាន​ការ​រីកចម្រើន និង​រីកសាយភាយ​​យ៉ាង​លឿន​គួរ​ឲ្យ​កត់សម្គាល់។ ប្រទេស​កាន់តែ​ច្រើន​​ ហើយ​ក៏​រួមទាំង​ក្រុមហ៊ុន​ឯកជន​ផងបាន​អភិវឌ្ឍ​ប្រកប​ដោយ​ជោគជ័យ​នូវ​កម្មវិធី​អវកាស។ ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​អវកាស​នេះ​​គឺ​ជា​ដំណើរវិវឌ្ឍ​ដ៏សំខាន់​សម្រាប់​​មនុស្ស​ជាតិ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា វា​ក៏​កំពុងតែ​បង្ក​ឲ្យ​មាន​ការព្រួយបារម្ភ​ដ៏​ធំមួយដែរ គឺ​ការ​ប្រជែង​សព្វាវុធ​នៅ​ក្នុង​ទីអវកាស។

កាលពីមុន នៅ​ក្នុងរយៈពេល​ជាច្រើន​ទសវត្សរ៍ ប្រទេស​មហាអំណាច​ក្នុង​វិស័យ​អាកាស​ មានតែ​ពីរ​ប៉ុណ្ណោះ គឺ​សហរដ្ឋ​អាមេរិក និងរុស្ស៊ី (អតីត​សហភាព​សូវៀត) ដែល​បាន​ប្រកួតប្រជែង​គ្នា​យ៉ាង​ពេញទំហឹង នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់។

នៅក្រោយ​ការបញ្ចប់​សង្រ្គាម​ត្រជាក់ ការប្រកួតប្រជែងគ្នា​នៅ​ក្នុង​អវកាស​ក៏​ត្រូវ​ស្ងប់ទៅវិញ ហើយ​បច្ចេកវិទ្យា​ដែល​គេ​បង្កើត​បាន​នៅ​ក្នុង​អំឡុង​ការ​ប្រជែង​ផ្នែក​អវកាស​នោះ​ត្រូវ​បាន​គេ​បង្វែរ​យក​ទៅ​ប្រើប្រាស់​​ក្នុង​វិស័យ​ស៊ីវិល ហើយ​បាន​ជួយ​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្សជាតិ​នៅ​ទូទាំង​ពិភពលោក។ នៅ​ក្នុង​ពេល​ជាមួយគ្នា បច្ចេកវិទ្យាអវកាស​បាន​រីកសាយភាយ​ទៅដល់​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត ចាប់ផ្តើម​ចេញ​ពី​អឺរ៉ុប រហូតទៅដល់​ចិន។ សូម្បីតែ​ក្រុមហ៊ុន​ឯកជន​ខ្លះ​ក៏​មាន​បច្ចេកវិទ្យា​ក្នុងការ​ផលិត​យានអវកាស​បានដែរ ហើយ​ខ្លះ​មានគម្រោង​រកស៊ី​នៅ​ក្នុង​វិស័យ​ទេសចរណ៍​អវកាស​ថែមទៀត។

ស្របពេល​នឹង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​អវកាស​នេះ ដែល​តាមពិត​បាន​ជា​ប្រយោជន៍​យ៉ាងច្រើន​ដល់​មនុស្សជាតិ ទាំង​ប្រយោជន៍​នៅ​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ និង​ទាំង​ប្រយោជន៍​​នៅ​ក្នុង​ការ​បង្កើន​ការយល់ដឹង​ពី​ចក្រវាលដ៏ធំធេង គេ​ក៏​កំពុងតែ​ឃើញ​តែ​មាន​សញ្ញា​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ផងដែរ គឺ​ការ​ប្រជែង​ផ្នែក​សព្វាវុធ​នៅ​ក្នុង​ទីអវកាស។

ការប្រជែង​សព្វាវុធ​នៅ​ក្នុង​ទីអវកាស​ដែល​គេ​អាច​សង្កេតឃើញ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​ពីរ​រូបភាព។ ទីមួយ គឺ​ការ​ប្រើ​បច្ចេកវិទ្យា​ផលិត​មីស៊ីល​បាញ់​ពីដី ដើម្បី​កម្ទេច​ផ្កាយរណប​របស់​គូសត្រូវ ដែល​គេធ្លាប់​ឃើញ​រុស្ស៊ី និង​ចិន បាន​សាកល្បង​ប្រកប​ដោយ​ជោគជ័យ​កាល​ពីពេល​កន្លងមក។ ទីពីរ គឺ​ការ​ផលិត​ផ្កាយរណប​ពិសេស ដែល​គេ​អាច​បញ្ជា​ឲ្យ​ហោះ​ចាំឃ្លាំមើល ​រំខាន ឬ​កម្ទេច​ផ្កាយរណប​របស់​គូសត្រូវ ហើយ​គេ​សង្ស័យថា អាមេរិក​ និង​រុស្ស៊ី កំពុងតែ​អភិវឌ្ឍ​បច្ចេកវិទ្យា​​សព្វាវុធ​អវកាស​ប្រភេទ​ទីពីរ​នេះ។

កាលពីខែ​មុននេះ អគ្គបញ្ជាការ​កងទ័ព​អាកាសអាមេរិក​បាន​លើកឡើង​ថា អាមេរិក​ចាំបាច់​ត្រូវ​តែ​គិតគូរ​មើលឡើងវិញ អំពី​នយោបាយ​អវកាស​របស់​ខ្លួន ដើម្បី​ត្រៀមចាំទប់ទល់​នឹង​សេណារីយ៉ូ​ដែល​ជម្លោះ​ប្រដាប់អាវុធ​នៅលើ​ដី​ត្រូវ​រាលដាល​ទៅដល់​ទីអវកាស។ ចំណែក​មេបញ្ជាការ​អង្គភាព​ពិសេស​នៃ​កងទ័ព​អាកាសអាមេរិក​​បានប្រាប់​គណៈកម្មការ​សភា​​អាមេរិក​ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ក្រសួង​ការពារជាតិ​អាមេរិក​បាន​ដាក់ចេញ​នូវ​ផែនការរួច​ជាស្រេច​ក្នុង​ការ​ពង្រឹង​សមត្ថភាព​យោធា​របស់​អាមេរិក​នៅ​ក្នុង​ទីអវកាស ដោយ​បាន​បញ្ជាក់​បន្ថែម​ថា ការពង្រឹង​សមត្ថភាព​យោធា​នៅ​ទីអវកាស​នេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​ការវិវឌ្ឍ​ដ៏លឿន​នៃ​កម្មវិធី​អវកាស​របស់​រុស្ស៊ី​និង​ចិន។

ក៏ប៉ុន្តែ តាមពិតទៅ គេ​សង្កេតឃើញ​ថា គឺ​សហរដ្ឋអាមេរិក​ខ្លួនឯង ដែល​ជា​ប្រទេស​សកម្មជាងគេ នៅ​ក្នុងការអភិវឌ្ឍ​កម្មវិធី​អវកាស​ខាងផ្នែក​យោធា ហើយ​គេ​នៅចាំបានថា នៅ​ពេល​ដែល​មហាសន្និបាត​អ.ស.ប.​អនុម័ត​​សេចក្តីសម្រេច​​ទាមទារ​​ឲ្យ​មាន​ការ​ចរចា​លើ​អនុសញ្ញា​ជាលក្ខណៈ​អន្តរជាតិ ដើម្បី​បង្ការ​ការប្រជែង​សព្វាវុធ​នៅ​ក្នុង​ទីអវកាស គ្រប់ប្រទេស​ទាំងអស់​ដែល​ជា​សមាជិក​អ.ស.ប បាន​បោះឆ្នោត​គាំទ្រ លើកលែង​តែ​ប្រទេស​ពីរ​ដែល​បាន​បោះឆ្នោត​អនុប្បវាទ គឺ​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល។

សម្រាប់​អ្នក​ជំនាញ​ខាង​អវកាស ការ​ប្រជែង​សព្វាវុធ​នៅ​ក្នុង​ទីអវកាស គឺ​ជា​គ្រោះថ្នាក់​ដ៏ធំ​មួយ សម្រាប់​មនុស្សជាតិ ពីព្រោះ​ថា នៅក្នុងករណី​មាន​​ការ​បាញ់​កម្ទេច​ផ្កាយរណប​នៅ​ក្នុង​ទីអវកាស បំណែក​នៃ​ផ្កាយរណប​នេះ​នឹង​ត្រូវ​ក្លាយ​ជា​អាវុធ​ដ៏គ្រោះថ្នាក់ សម្រាប់​ផ្កាយរណប​ផ្សេងទៀត។​

នៅ​ក្នុង​ទីអវកាស​បំណែក​ដ៏តូចណាមួយ​ក៏​អាច​ធ្វើ​ឲ្យ​ផ្កាយរណប​ដ៏ធំមួយ​ត្រូវ​ខូចខាត ឬ​បាក់បែកជា​បំណែក​បានដែរ ពីព្រោះ​បំណែក​អស់ទាំងនេះ​ថ្វីដ្បិត​តែ​មាន​ទំហំតូច​តែ​ខ្លះ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​រហូតដល់​ទៅ​១០គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី (ពោលគឺ​លឿន​ជាង​គ្រាប់កាំភ្លើង​រហូតដល់​ទៅ​១០ដង)។ នៅពេល​ដែល​មាន​បំណែក​ណាមួយ​ទៅ​​បុក​កម្ទេច​ផ្កាយរណបមួយ វាបង្កើត​ជា​បំណែក​កាន់តែ​ច្រើន ទៅ​កម្ទេច​ផ្កាយរណប​ផ្សេងទៀត​ជា​បន្តបន្ទាប់ ទាំង​ផ្កាយរណប​យោធា និង​ផ្កាយរណប​ស៊ីវិល។ ដល់​ពេលនោះ បរិយាកាស​នៅ​ក្នុង​គន្លងតារាវិថីជុំវិញភពផែនដី​យើង​នឹង​ត្រូវ​ក្លាយ​ជា​កន្លែង​ដ៏គ្រោះថ្នាក់ ហើយ​បច្ចេកវិទ្យា​អវកាស​ដែល​មនុស្ស​​ខិតខំ​សិក្សា​និង​បង្កើតឡើង​នឹង​ត្រូវ​​បាត់បង់​​ប្រយោជន៍​ដើម ហើយ​ថែម​ទាំង​ត្រូវ​​ប្រែក្លាយ​ទៅជា​អាវុធ​គំរាមកំហែង​ដល់​មនុស្សជាតិ​ទៅវិញ។

ហេតុដូច្នេះហើយ​បាន​ជា​សហគមន៍​អន្តរជាតិ​ជាទូទៅ ជាពិសេស​សហគមន៍​អ្នក​វិទ្យាសាស្រ្ត និង​តារាវិទូយល់ថា វា​គឺ​ជា​រឿងចាំបាច់ និង​បន្ទាន់ ដែល​ត្រូវ​ចរចា​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​ ដើម្បី​បង្ការ​ការ​ប្រកួតប្រជែង​សព្វាវុធ​នៅ​ក្នុង​ទីអវកាស៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អឺរ៉ុប​ល្បង​សមត្ថភាព​ចុះ​ចត​យាន​អវកាស​លើ​ភព​អង្គារ

    ស្វែងយល់បន្ថែម

  • ចិន

    អវកាស៖​ឆ្នាំ ២០២២ ចិន​អាច​បញ្ជូន​អវកាសយានិក ៦នាក់​ទៅ​ស្នាក់នៅ​ក្នុង​យានអវកាស

    ស្វែងយល់បន្ថែម

  • ចិន​បង្ហោះ​ផ្កាយ​រណប​ទូរគមនាគមន៍​ផ្តល់​សារ​​គ្មានអ្នកចាប់​បាន ដំបូង​គេ​លើ​លោក

    ស្វែងយល់បន្ថែម

  • ចិន​សម្ពោធ​មជ្ឈមណ្ឌល​អវកាស​ទី​បួន ដោយ​​បង្ហោះ​កាំជ្រួច​ជំនាន់​ថ្មី Long March ៧

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ