រុស្ស៊ីដែល៤ឆ្នាំទៀតទទួល World Cup-២០១៨បានបង្ហាញបដិរូបនៃកីឡានេះ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣៥
ពិធីបង្ហាញនេះ ដែលមានន័យសម្រាប់ពិភពលោកទាំងមូល ត្រូវបានផ្សាយបន្ត ផ្ទាល់បីថ្ងៃមុន ចេញពីក្រុងម៉ូស្គូទៅកាន់ប្រទេសជាច្រើនដោយមានការអញ្ជើញចូលរួមផ្ទាល់នៃ រូបលោកប្រធាន “សហព័ន្ធអន្តរជាតិនៃសមាគមកីឡាបាល់ទាត់” ហៅកាត់ FIFA ដែលថ្លែងថា មិនអាចមានពហិការអ្វីណាទល់នឹងការប្រកួតនេះនៅក្នុងប្រទេសរុស្ស៊ីឡើយ។ លោកពូទីន ពីចំណែកខ្លួន សន្យាថា រុស្ស៊ីក្នុងឋានៈជាម្ចាស់ផ្ទះនឹងធានាឲ្យការប្រកួតកីឡាពិភពលោកនេះ ប្រព្រឹត្តទៅ គឺ ក្នុងកម្រិតខ្ពស់បំផុត។
ជាបឋមគួររំលឹកថា រុស្ស៊ីបានទទួលសិទ្ធិ ធ្វើជាម្ចាស់ផ្ទះទទួល ការប្រកួតដើម្បីរើស ជើងឯកកីឡាបាល់ទាត់ពិភពលោក World Cupដោយសារជាលទ្ធផលនៃការបោះឆ្នោតនៅឯក្រុង Zurich ប្រទេសស្វីសកាលពីថ្ងៃទី២ធ្នូឆ្នាំ២០១០ បេក្ខភាពរុស្ស៊ី បានទទួលពិន្ទុឈ្នះ បេក្ខភាព៥ផ្សេង គឺឈ្នះ ប្រទេស អេស្ប៉ាញរួមជាមួយព័រទុយហ្កាល , ឈ្នះប្រទេស ហូឡង់រួម ជាមួយបែលហ្ស៊ិក និង ឈ្នះប្រទេសអង់គ្លេស។
ការប្រកួតដើម្បី ដណ្តើមយកពានរង្វាន់ពិភពលោកខាងកីឡាបាល់ទាត់នឹងប្រព្រឹត្តទៅនៅរុស្ស៊ី ក្នុងរយៈពេលមួយខែគត់គឺពីថ្ងៃ៨មិថុនា ដល់ថ្ងៃ៨កក្កដាឆ្នាំ២០១៨។ លើកនេះ ជាលើកទី២១ បើគិតពីឆ្នាំ១៩៣០មក កាលដែលវាបានប្រព្រឹត្តទៅ ជាលើកដំបូង គឺនៅប្រទេស Uruguay ។
ទោះបីទៅទល់ពេលនោះនៅសល់ ៣ឆ្នាំ៧ខែ៨ថ្ងៃទៀតក្តី ក៏តាំងពីឥឡូវទៅហើយ រុស្ស៊ី បាន បង្ហាញបដិរូបសម្គាល់កីឡាលើកទី២១នេះ ឲ្យពិភពលោកបានឃើញ។ ពិធីបង្ហាញបដិរូបនេះ បានប្រព្រឹត្តទៅ នៅក្រុងម៉ូស្គូ ក្នុងយប់ថ្ងៃ២៨ឆ្លងមក២៩តុលាកន្លងទៅ។ នាទីកំពូលនៃពិធីនេះ គឺការភ្ជាប់ទំនាក់ទំនងត្រង់ផ្ទាល់ ជាមួយ ក្រុមអវកាសយានិក រុស្ស៊ី៣នាក់ ក្នុងនោះមានទាំង ស្ត្រីម្នាក់ផង ដែលកំពុងស្នាក់ធ្វើការស្រាវជ្រាវក្នុងមន្ទីរពិសោធន៍នៅអវកាសពោលគឺ ក្នុង ស្ថានីយអវកាសអន្តរជាតិ SSI ហោះជាប្រចាំនៅកំពស់ ៤២០គ.ម. ជុំវិញផែនដី។
ពិតជាគេទាំងនោះ ដែលបានដកចេញពីស្រោមសំបុត្រដ៏ធំ នូវ ក្រដាសសម្ងាត់មួយសន្លឹកម្តងៗ តាំងពីសន្លឹកលេខ៥ រហូតដល់សន្លឹកលេខ១ ហើយព្រលែងវាចេញពីដៃ ឲ្យវាហើរអណ្តែតក្នុង លំហគ្មានទំនាញរបស់ផែនដី ទម្រាំ នៅទីបំផុតដល់សន្លឹកស្នូល ផ្តិតជាប់ដោយបរិរូបនោះឯង។ ពេលនោះរាល់តែអ្នកដែលស្ថិតក្នុង Studio នៅលើដី ឯណេ បានទះដៃសាទរយ៉ាងទ្រហ៊ឹង។
ក្នុងពេលជាមួយគ្នា ក្រុមអ្នកបច្ចេកទេស បានបញ្ចាំងទៅចំលើផ្ទៃបញ្ឈរខាងមុខនៃអគារ រោងល្ខោន Bolchoi កំពស់ដល់១៨ម៉ែត្រ នៅចំកណ្តាលក្រុងម៉ូស្គូ គឺបដិរូបនោះឯង ដែលទាក់ទាញអារម្មណ៍ ទាំងភ្ញៀវបរទេសច្រើនឥតគណនា ដែលកំពុងដើរកំសាន្ត។
ប្រាកដណាស់ដែល បដិរូបនេះ មានទម្រង់ជាពានរង្វាន់ផ្ទាល់ ប៉ុន្តែ វារំលេចឲ្យឃើញពី ប្រវត្តិសាស្ត្រ វប្បធម៏ សមិទ្ធិផលរុស្ស៊ី បែបយ៉ាង វិស័យអវកាស ដ្បិតពិតជាជនជាតិរុស្ស៊ីដែល បានហោះចេញទៅអវកាសមុនគេ។ ពណ៌ដែលគេជ្រើសយក ប្រើសម្រាប់ លំអរក្បាច់ជា ប្រពៃណីរុស្ស៊ីនៃបដិរូបនេះគឺពណ៌ក្រហម ពណ៌ទឹកមាស ពណ៌ខ្មៅ និងពណ៌ខៀវ ដែលអស់រាប់សតវត្សមក ហើយ ជាលក្ខណៈចរិតសម្គាល់វិចិត្រសិល្បៈរុស្ស៊ី។
ដោយហេតុថា រុស្ស៊ីកំពុងស្ថិតនៅក្រោមទណ្ឌកម្មបស្ចិមលោក បានជាចេញពីទីនោះ មានបន្លឺ ទៅហើយនូវ សេចក្តីអំពាវនាវ ឲ្យធ្វើពហិការ World Cup-2018 នៅរុស្ស៊ី ដូចកាលក្នុងឆ្នាំ១៩៨០ ពេលដែលនៅម៉ូស្គូមានប្រព្រឹត្តទៅល្បែងកីឡាអូឡាំពិករដូវក្តៅ ពួកប្រទេសខាងលិច បាននាំគ្នា ប្រកែកមិនមកចូលរួមទេ ជាសញ្ញាប្រឆាំងនឹងអន្តរាគមន៍កងទ័ពសូវៀតចូលអាហ្វហ្កានីស្ថាន។
ហើយឥឡូវ គេធុំក្លិន”សង្គ្រាមត្រជាក់”នេះទៀតហើយ។ ប៉ុន្តែលោក Joseph Blatter ជាប្រធាន “សហព័ន្ធអន្តរជាតិនៃសមាគមកីឡាបាល់ទាត់” ហៅកាត់ FIFA បានថ្លែងយ៉ាងជាក់ច្បាស់ថា គ្មាន ហើយ មិនអាចមានទៅកើតឡើយ ពហិការអ្វីណាប្រឆាំងនឹង World Cup-2018 នៅរុស្ស៊ី។ តាម យោបល់ FIFA ការប្រកួតឆ្នាំ២០១៨នោះត្រូវតែប្រព្រឹត្តទៅនៅរុស្ស៊ីជាដាច់ខាត ពីព្រោះ បេក្ខភាពរុស្ស៊ី បានទទួលជ័យជំនះ គឺដោយយុត្តិធម៌ត្រឹមត្រូវ។
លោកប្រធានាធិបតីពូទីន ពីចំណែកខ្លួន បានសន្យាថា រុស្ស៊ី ធានាត្រៀមលក្ខណៈ សម្រាប់ ទទួល World Cup-2018 ឲ្យបានទាន់ពេលវេលានិងឲ្យវាប្រព្រឹត្តទៅ ក្នុងកម្រិតខ្ពស់បំផុត។ គាត់ថាខាងបញ្ហាធានាសន្តិសុខ អ្នកមុខអ្នកការម្នាក់ៗមាននាទីទទួលខុសត្រូវ ផ្ទាល់ខ្លួន។
World Cup-2018 នឹងប្រព្រឹត្តទៅនៅតាមក្រុងចំនួន ១១នៃប្រទេសរុស្ស៊ី ជាទីដែលមាន កីឡាដ្ឋានចំនួនដល់១២ សម្រាប់ទទួលការប្រកួតនោះ ដែលពីក្នុងនោះនៅម៉ូស្គូ គឺមាន កីឡាដ្ឋានបែបនេះ ដល់ទៅពីរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ