ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អឺរ៉ុប

ក្រសួង​បរិស្ថាន​បារាំង​ ផាកពិន័យ​ជិត​២០ម៉ឺន​អឺរ៉ូ ចំពោះក្រុមហ៊ុន​មួយ​ដែល​បញ្ចូន​សំរាម​ទៅ​ម៉ាឡេស៊ី

media  
សំរាមប្លាស្ទិកដែលចាប់នៅកំពង់​ផែខេត្តព្រះសីហនុ @សហការី

ពីថ្ងៃព្រហស្បតិ៍ ទី​១៤វិច្ឆិកា ក្រសួង​បរិស្ថាន​បារាំង បាន​សម្រេច​ផាកពិន័យ ជិត២០ម៉ឺនអឺរ៉ូ ចំពោះក្រុមហ៊ុនមួយដែលបញ្ចូនសំរាមទៅម៉ាឡេស៊ី។ នៅ​រដូវ​ក្តៅ​កន្លងទៅ ក្រុម​ហ៊ុនឯកជន​មួយ​​នេះ ​បានបញ្ចូនសំរាម​កាកសំណល់​ ​ចំនួន​២០កុងតឺន័រ ទៅប្រទេស​ម៉ាឡេស៊ី តែ​ត្រូវ​អាជ្ញាធរ​ម៉ាឡេស៊ី បញ្ជូន​ត្រឡប់​មក​បារាំង​វិញ។​ ដំណឹងពីការ​ផាកពិន័យនេះ គឺ​ក្រសួង​បរិស្ថានបារាំង បានបញ្ជាក់ប្រាប់​កាសែត​ Le Parisien។

ឈ្មោះ​របស់​ក្រុមហ៊ុននេះ ត្រូវ​គេ​លាក់។ អ្នក​កាសែត​បារាំង​គ្រាន់តែ​ដឹងថា ក្រុមហ៊ុននេះមាន​មូលដ្ឋាន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង និងជា​ឈ្មួញ​កណ្តាល ខាងចាត់ចែង​​បញ្ចូន​សំរាម​កាកសំណល់ ​ទៅកាន់​បណ្តាប្រទេសនៅ​អាស៊ី។ ក្រុមហ៊ុន​នេះ​បាន​ដឹកជញ្ជូន​​សំរាមតាម​ផ្លូវទឹក ចំនួន​២០កុងតឺន័រ ទៅដល់​ម៉ាឡេស៊ី តែ​ត្រូវ​សមត្ថកិច្ច​ម៉ាឡេស៊ី​ឆែកឆេរ ហើយ​យល់ថា ជាសំរាម​ខុសច្បាប់ និងចាត់​ឱ្យ​ក្រុមហ៊ុន​នោះ ឱ្យ​ដឹកត្រឡប់​មក​ប្រទេស​ដើមវិញ។ ការ​ដែល​សមត្ថកិច្ច​យល់ថាខុសច្បាប់ពីព្រោះ​សំរាម​ទាំងនោះ មាន​លាយឡំគ្នា ទាំងកាកសំណល់​ធម្មតា សំរាម​ប្លា​ស្ទិក និង​កាកសំណល់​ដែល​អាច​មាន​ជាតិពុល​នៅ​លាយ​ឡំគ្នា​តែម្តង។​

នៅពេល​បាន​ឃើញ​ដូច្នេះ អាជ្ញាធរ​បារាំងឯណេះ ក៏​ស្រាវជ្រាវ​រកមុខម្ចាស់​ក្រុមហ៊ុន​ និង​បាន​សម្រេច​ធ្វើ​ការ​ផាកពិន័យ​ផ្នែករដ្ឋបាល ជាទឹកប្រាក់​ចំនួន ១៩២ ០០០ អឺរូ។ ជាការ​ផាក់​ពិន័យ​ផ្នែក​រដ្ឋបាល ពិតមែន ក៏ប៉ុន្តែ​ជា​សញ្ញា​ភ្លើងខៀវ​ដាស់​ឱ្យ​ផ្នែ​ក​ប្រព័ន្ធ​តុលាការ​សើរើមើល​ស៊ើបអង្កេត​ករណី​នេះបន្ត​ផងដែរ។ តា​មរយៈ​ការ​ផាកពិន័យនេះ​ បារាំង​ជា​ប្រទេស​ទី១ ដែល​ចាត់​វិធានការ​យ៉ាង​ដូច្នេះ​។

​នៅ​ក្នុង​រដូវ​ក្តៅកន្លងទៅនេះ ​តាំងចន្លោះ​ខែ​មិថុនាមក​ ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី បាន​ចាត់វិធានការ​បញ្ចូន​សំរាម​ជាច្រើន​កុងតឺន័រ​ ឱ្យ​ត្រឡប់​ទៅប្រភព​​ដើមវិញ។ ក្នុង​នោះ មានប្រទេស​ជឿនលឿន​ជាអាទិ៍ បារាំង អាមេរិក អង់គ្លេស អូស្រាលី  អាល្លឺម៉ង់ និងហុងកុង​ជាដើម។

ហេតុ​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​នេះ ស្វែង​រក​កន្លែង​ចោល​សំរាម​ថ្មី ពីព្រោះថា​ ប្រទេស​ចិន​ឈប់​ទទួល​កាកសំណល់​សំរាម ដើម្បី​យក​ទៅ​កែ​ច្នៃ​ទៀត​ហើយ។ ចិន​ជាទីផ្សា​រ​ប្រទេស​ធំ​ជាងគេលើលោក​ ដែល​ទទួល​នាំចូល​កាកសំណល់​សំរាម​ប្លាស្ទិក យកទៅកែច្នៃ​។​ ក៏​ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០១៨មក ចិន​សម្រេច​ចិត្ត​ឈប់​ទទួល​នាំចូល​សំរាមប្លាស្ទិក ដែល​ជាហេតុឱ្យ​សំរាម​ទាំងនោះ ត្រូវ​ធ្លាក់​ទៅ​ដល់​ប្រទេស​ផ្សេងទៀត នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ទីបំផុត​ ថ្នាក់​ដឹកនាំហ្វីលីពីន ​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងកម្ពុជា ជាដើម បាន​បដិសេធ ហើយ​បញ្ជាឱ្យ​ក្រុម​ហ៊ុន​ដឹកសំរាម ​ដឹកយកទៅស្រុក​ដើមវិញ៕ 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ