អានតួអត្ថបទ
ឥណ្ឌា

រដ្ឋាភិបាល​ឥណ្ឌា​​មាន​ពេល​​៤៨ម៉ោង​ ដើម្បី​​បង្ហាញ​​ដំណោះស្រាយ​​ការពុល​បរិយាកាស​​នៅ​ក្រុង​Delhi​

ថ្ងៃអង្គារ​នេះ​​រដ្ឋាភិបាល​ឥណ្ឌា​បាន​ស្នើ​សុំ​ទៅតុលាការ​កំពូល​​ អោយ​ផ្តល់ពេល​២ថ្ងៃ ដើម្បី​អោយ​រដ្ឋាភិបាល​​រៀបចំផែនការ ដោះស្រាយ​​បញ្ហា​បំពុល​បរិយាកាស​ ដែល​កំពុង​​​​វាយប្រហារ​ក្រុងដេល្លី។ ​ផ្សែងរថយន្ត និង​ផ្សែង​តាម​រោងចក្រ ​​បូករួម​នឹង​ការ​ធ្លាក់ចុះ​សីតុណ្ហភាព ​​ជាង​១០ថ្ងៃ​មកនេះ បាន​​​​បង្កើន​កម្រិត​​សារធាតុ​​​ពុលក្នុង​​បរិយាកាស នៅ​រដ្ឋធានីឥណ្ឌា។ 

តាមផ្លូវ​មួយ នៅ​ក្រុង​ New Delhi ថ្ងៃ៦វិច្ឆិកា ២០១៦ គ្រប​ដណ្តប់ដោយ​ផ្សែងពុលក្នុង​​បរិយាកាស
តាមផ្លូវ​មួយ នៅ​ក្រុង​ New Delhi ថ្ងៃ៦វិច្ឆិកា ២០១៦ គ្រប​ដណ្តប់ដោយ​ផ្សែងពុលក្នុង​​បរិយាកាស REUTERS/Adnan Abidi
ផ្សាយពាណិជ្ជកម្ម

សារធាតុ​ល្អិតឆ្មារ​​​PM 2.5 ដែល​​​ប្រភព​នៃ​ការបំពុល​បរិយាកាស​​ នៅ​ក្រុងដេល្លី ប្រទេស​ឥណ្ឌា ​បាន​ឡើង​ដល់កម្រិត​៣៧២មីក្រូក្រាម ក្នុង​មួយម៉ែត្រ​គូប នៅព្រឹក​​​ថ្ងៃអង្គារ​ម្សិលមិញ​នេះ។ នេះជា​កម្រិត​ខ្ពស់​ហួស​ហេតុ ព្រោះ​អង្គការ​សុខភាព​ពិភពលោក​តម្រូវ​អោយ​សារធាតុនេះ ​មានតែ​ក្នុង​បរិមាណ ជាមធ្យម​​​ត្រឹម​២៥មីក្រូក្រាម​ប៉ុណ្ណោះ ក្នុង​មួយថ្ងៃ។ កាលពី​ថ្ងៃចន្ទ សារធាតុ​ល្អិតឆ្មារ​ PM 2.5 នៅ​ក្រុង​ដេល្លី ​មាន​រហូត​ដល់​​៧៧៨​មីក្រូក្រាម​ក្នុង​មួយម៉ែត្រ​គូប​​ឯណោះ។

សារធាតុ​ល្អិតឆ្មារ​​​PM 2.5 ​ជា​សារធាតុ​ពុល អាចជ្រាប​ចូល​តាម​ឈាម និង​សួត ហើយ​អាច​បង្កជា​​ជំងឺ​មហារីក និង​ជំងឺ​បេះដូង។ ដោយសារ​កម្រិត​សារធាតុ​នេះ​ ​ខ្ពស់​បែបនេះ កាលពី​ថ្ងៃអាទិត្យ​​ អាជ្ញាធរ​​ក្រុង​​ដេល្លី បាន​ប្រកាស​បិទទ្វារ​សាលារៀន ​សម្រាប់​ពេល​៣ថ្ងៃ និង​សម្រេច​ផ្អាក​ការដ្ឋាន​សំណង់​ផ្សេងៗ។ ផ្សែងពុល​នៃ​សារធាតុ​ល្អីតឆ្មារ​នេះ បាន​គ្របដណ្តប់​ក្រុងដេល្លី​ជាង​មួយសប្តាហ៍​មកហើយ។ ​ប្រជាជន​បាននាំគ្នា​តម្រង់ជួរ​​តាម​ហាងផ្សេងៗ ដើម្បី​ទិញ​ម៉ាសមុខ​មកពាក់​ការពារ។

រដ្ឋាភិបាល​ឥណ្ឌា​បានសុំពេល​៤៨ម៉ោង ទៅតុលាការ​កំពូល ​ដើម្បី​រៀបចំ​ផែនការ​ដំណោះស្រាយ​បញ្ហា​នេះ។ តុលាការ​កំពូល​ឥណ្ឌា​ខឹង​​ និង​មិនយល់​សោះថា រហូត​មកដល់​ពេលនេះ ​ហេតុអ្វី​បានជា​រដ្ឋាភិបាល​មិនព្រម​ប្រើវិធានការ​​ដូចនៅ​​ក្រុងប៉កាំង​ប្រទេស​ចិន ហេតុអ្វី​​មិនព្រម​ប្រើ​ឧទ្ធម្ភាគចក្រ​​ទំលាក់​ទឹក នៅ​ក្រុងដេល្លី និង​តំបន់​ជុំវិញ​ក្រុង​នេះ ?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ