អានតួអត្ថបទ
លីបង់

នាយករដ្ឋមន្ត្រី​លីបង់ Saad Hariri លាចុះចេញពីតំណែង​

នាយករដ្ឋមន្ត្រីលីបង់ សាអាដ អារីរី (Saad Hariri) បាន​ប្រកាស​សុំ​លាចុះចេញពីតំណែង កាលពី​ថ្ងៃអង្គារ​ ទី២៩តុលា បន្ទាប់ពី​វិបត្តិ​ជាប់​គាំង​នៅក្នុង​ប្រទេស​អស់​ពេល​២សប្តាហ៍​រួច​មក។ តាំងពីថ្ងៃទី​១៧តុលាមក​ ​ប្រជាពលរដ្ឋ​លីបង់​បានធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​ដោយ​សារតែ​​ខឹង​សម្បារ​នឹង​រដ្ឋាភិបាល​លីបង់ ដែល​ប្រកាស​ដំឡើង​ពន្ធ ចំពោះ​ការ​ហៅទូរសព្ទ​ទាក់ទង​​តាម​ប្រព័ន្ធ​ WhatsApp ។ កំហឹង​នេះ រាលដាល​ដល់​ការ​ថ្កោលទោស​រដ្ឋាភិបាល ពីរឿង​ពុក​រលួយ​ និង​ចាយវាយ​ខ្ជះខ្ជាយ​នូវ​ថវិកា​ជាតិ។ ជា​ដំណោះស្រាយ​ រដ្ឋអំណាច​បាន​ប្រកាស​លុប​ចោល​ការ​ប្រកាស​ពន្ធ​វិញ តែ​មិនអាច​សម្រន់​កំហឹង​របស់​បាតុករ​បានឡើយ ហើយរដ្ឋាភិបាល​ក៏​បាន​ប្រកាស​ធ្វើ​កំណែទម្រង់​រដ្ឋ​ជាច្រើន​ផ្នែក ក៏នៅតែ​មិន​អាច​ដោះស្រាយ​វិបត្តិ​បាន ព្រោះ​ពលរដ្ឋ​និងបាតុករ​ គ្មាន​ជំនឿ​លើ​រដ្ឋ​អំណាច​តទៅទៀតឡើយ។ នៅ​ទីបំផុត ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ សម្រេច​ចុះ​ចេញ​ពី​តំណែង​តែម្តង។​

នាយករដ្ឋមន្ត្រីលីបង់ សាអាដ អារីរី (Saad Hariri) ប្រកាសសុំលាចុះចេញពីតំណែង បន្ទាប់ពីវិបត្តិជាប់គាំង ក្នុងប្រទេស អស់ពេល២សប្តាហ៍។
នាយករដ្ឋមន្ត្រីលីបង់ សាអាដ អារីរី (Saad Hariri) ប្រកាសសុំលាចុះចេញពីតំណែង បន្ទាប់ពីវិបត្តិជាប់គាំង ក្នុងប្រទេស អស់ពេល២សប្តាហ៍។ REUTERS/Mohamed Azakir
ផ្សាយពាណិជ្ជកម្ម

​ប្រសាសន៍​របស់នាយករដ្ឋមន្ត្រីលីបង់ សាអាដ អារីរី

«អស់​ចំនួន​១៣ថ្ងៃមកហើយ ដែល​ពលរដ្ឋ​លីបង់​រង់ចាំ​ដំណោះស្រាយ​នយោបាយ ដើម្បី​បញ្ចប់​វិបត្តិ​យ៉ាង​​ជាប់​គាំងធ្ងន់ធ្ងរ​។ ក្នុង​រយៈ​ពេលពីរ​សប្តាហ៍​មក​​នេះ ខ្ញុំ​បាន​ព្យាយាម​ច្រើន​លើកច្រើន​សា​ ដើម្បី​រក​ច្រកផ្លូវ​ដោះស្រាយ​​ស្តារ​ស្ថានភាព​ដ៏​លំបាកនេះ!​ ខ្ញុំ​ស្តាប់​សម្រែក​ទាមទារ​របស់​ពលរដ្ឋ ដែល​ចង់ការពារ​​ប្រទេស​ជាតិ ​ឱ្យ​គេច​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច និង​រក្សា​សន្តិសុខ​សុវត្ថិភាព​ក្នុង​សង្គម។  នៅថ្ងៃនេះ ពលរដ្ឋ​គ្រប់​គ្នា​​ត្រូវ​ការ​ដំណោះស្រាយ​មួយ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ និងដ៏​សំខាន់​ចាំបាច់​បំផុត​ ដើម្បី​បញ្ចប់​វិបត្តិ​។ ដូច្នេះ​ ខ្ញុំ​នឹង​ចេញដំណើរ​ទៅ​វិមានប្រធានាធិបតី ដើម្បី​ដាក់​សំណើ​សុំ​លាចុះ​ពី​តំណែង​នាយករដ្ឋមន្ត្រី​របស់​ខ្ញុំ ជម្រាបជូន​​ដល់​ប្រមុខ​រដ្ឋ​និង​ប្រជាពលរដ្ឋ​លីបង់​ទាំងអស់​។ នេះជា​ឆន្ទៈ​ដោះស្រាយ​មួយ ឆ្លើយ​តប​នឹង​កំហឹង​ពលរដ្ឋ​លីបង់ ​ដែល​ទាមទារ​តវ៉ា​តាម​ដង​ផ្លូវ។ វា​ចាំបាច់​ណាស់​ក្នុងការ​ផ្តល់​សុវត្ថិភាព​ដល់​ប្រទេស​ជាតិ ហើយ​រឿង​នេះ នឹង​​កត់​ត្រាទុក​ក្នុង​ប្រវត្តិ​សាស្ត្រ។»

ភ្លាមៗ​ក្រោយ​ការ​ប្រកាស​លាលែង​ពីតំណាង​របស់​នាយករដ្ឋមន្ត្រីលីបង់នេះ​, ប្រមុខ​ការទូត​បារាំង លោក ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ បាន​ប្រកាស​ឱ្យ​ភាគីនយោបាយ​នៅ​លីបង់​រួបរួម​សាមគ្គីគ្នា​ជាធ្លុង​មួយ ដើម្បីកសាង​ប្រទេស​លីបង់​ឡើង​វិញ រួម​គ្នា​។ ពីព្រោះថា ក្នុង​ស្ថាន​ភាព​អន្តរកាលរក​នាយករដ្ឋមន្ត្រី​​ថ្មី គឺប្រទេស​អាច​នឹងត្រូវ​ជ្រួល​ច្របល់​បន្តទៀត។​ ក្នុង​រយៈ​ពេ​លនេះ បើតាម​រដ្ឋមន្ត្រី​ការបរទេ​សបារាំង, ប្រទេស​បារាំង​​អំពាវវនាវ​ឱ្យ​តួអង្គ​នយោបាយ​ទាំងអស់ ​រួម​ទាំង​ពលរដ្ឋ​បាតុករ​លីបង់​ផង ត្រូវ​ស្តាប់​គ្នា​ទៅវិញទៅមក ហើយ​ត្រូវ​រក្សា​សន្តិសុខ​និង​សុវត្ថិភាព​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ