អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដំណើរការដកតំណែងប្រធានាធិបតី៖ សាក្សី​ឆ្លើយ​ដាក់បន្ទុក​លើ​លោក​ដូណាល់ ត្រាំ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ពុធទី​២០វិច្ឆិកា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំសហភាពអឺរ៉ុប លោក Gordon Sondland ដែលជាសាក្សីដ៏សំខាន់មួយរូបនោះ បានឆ្លើយប្រាប់គណៈកម្មការរដ្ឋសភាថា ការដាក់សម្ពាធលើប្រធានាធិបតីអ៊ុយក្រែនឱ្យ​បើកការស៊ើបអង្កេតលើលោក ចូ បាយដិន និងកូនប្រុស បានត្រូវធ្វើឡើងទៅតាមបញ្ជារបស់លោក ដូណាល់ ត្រាំ។ លោក Sondland ជា​មនុស្ស​គន្លឹះ​​ដ៏​សំខាន់​មួយ​រូប​ដែល​គេ​ទន្ទឹង​រង់ចាំ។  

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំសហភាពអឺរ៉ុប  Gordon Sondland នៅ​ក្នុង​រដ្ឋ​សភា
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំសហភាពអឺរ៉ុប Gordon Sondland នៅ​ក្នុង​រដ្ឋ​សភា REUTERS/Loren Elliott
ផ្សាយពាណិជ្ជកម្ម

តើ​លោក ​Gordon Sondland បាន​ឆ្លើយ​បំភ្លឺ​អ្វីខ្លះ?​

ការ​ថ្លែង​សក្ខីកម្ម និង​ការ​ឆ្លើយ​ឆ្លង​ នៅ​សភាអាមេរិក​ គឺ ប្រើ​ពេល​ដល់ទៅ​ ៧ម៉ោង ​ឯណោះ។ ជារួម​ លោក Gordon Sondland បាន​សារភាព​បញ្ជាក់ដោយ​ផ្ទាល់ ថានាពេល​កន្លងមក ក្រុម​ការងារ​របស់​លោក​ ដែល​ធ្វើ​ការ​ជាមួយ​ទូត​និងមន្ត្រី​ជាន់​ខ្ពស់​របស់​អ៊ុយក្រែន​ គឺសុទ្ធតែ​បាន​ធ្វើកិច្ចការ​យ៉ាង​ប្រញាប់ប្រញាល់ ដើម្បីឆ្លើយ​តប​នឹង​ការ​បញ្ជា​ធ្លាក់​មក​ពីប្រធានាធិបតី ដូណាល់ ត្រាំ។

ចំណុច​ដែល​ត្រង់ថា លោក ត្រាំ ដាក់​សម្ពាធ​ឱ្យ​​សម្ពាធ​ដល់​អ៊ុយក្រែន​ ក្នុង​ការ​អង្កេត​រឿងពុករលួយ​របស់​គ្រួសារ​លោក Biden ជា​ថ្នូរ​នឹង​លុយ​ជំនួយ​អាមេរិកនោះ គឺលោក​ Sondland បានឆ្លើយ​​បំភ្លឺថា​បា​នធ្វើកិច្ចការ​នេះជាមួយ​អ៊ុយក្រែន ដើម្បី​ឱ្យ​សើរើសំណុំរឿង​​របស់​ក្រុម​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ និងក្រុម​ហ៊ុន​ឧស្ម័ន ដែល​កូនប្រុស​លោក Biden ធ្លាប់​រកស៊ី។ ក៏ប៉ុន្តែ​ លោក Sondland អះអាងថា​​មិន​បាន​ស្តាប់​ឮការ​ឆ្លើយឆ្លង​ប្រធានាធិបតី​អាមេរិក និង​អ៊ុយក្រែន ដោយ​ផ្ទាល់ទេ ក៏ប៉ុន្តែ លោកធ្វើកិច្ចការទាំងឡាយ​នេះ​ គឺតាម​បញ្ជា​របស់​លោក ត្រាំ ដែល​ណែនាំ​តាមរយៈ​លោកមេធាវី​ផ្ទាល់​ខ្លួន របស់​លោក ត្រាំ គឺលោក Giuliani ។

នៅក្នុង​ការ​ថ្លែងការណ៍​ចំពោះ​មុខ​អង្គសភាលោកទូត​  Sondland បាន​លើកឡើងទៀត​​ថា អង្គសភា​អាច​នឹង​សួរ​រូប​លោកថា ​ក្នុង​ការ​ជជែក​ចរចាគ្នា​រវាង​ប្រមុខ​អាមេរិក​និង​អ៊ុយក្រែន ហើយ​ការ​ដែលអញ្ជើញ​ប្រធានាធិបតី​អ៊ុយក្រែន មក​ទស្សនកិ​ច្ច​នៅ​សហរដ្ឋអាមេរិកនាពេល​កន្លងមក គឺ​អាច​នឹងមាន​យុទ្ធសាស្ត្រ​ដោះដូរគ្នា ឬ វិធីសាស្ត្រ​ឈ្នះ-ឈ្នះ ដែរឬទេ? លោក Sondland បាន​បញ្ជាក់​នឹង​សំណួរ​នេះ​ដោយ​ខ្លួន​ឯងថា «ពិតជា​មាន»។​

ការ​ឆ្លើយ​បញ្ជាក់​របស់​មន្ត្រីទូត​ដ៏ធំ របស់អាមេរិក​ប្រចាំ​សហភាព​អឺរ៉ុប​នេះ គឺ​បាន​​លាត​ត្រដាង​ជាថ្មីទៀត ពី​ទំនាក់​ទំនង​របស់​លោកត្រាំ និង​លោក Zelensky ដែល​ក្រុម​ប្រឆាំងនៅ​អាមេរិក​​យល់ថា ប្រមុខ​រដ្ឋអាមេរិក ដាក់​សម្ពាធ​ទៅលើអ៊ុយក្រែន ជាថ្នូរ​នឹង​ទឹកប្រាក់​ជំនួយ​៤០០លាន​ដុល្លារអាមេរិក ដើម្បី​ឱ្យ​អង្កេត​រឿង​ពុករលួយ​របស់​គ្រួសារ​លោក​បាដិន ជាគូប្រជែង​របស់​លោក ត្រាំ ក្នុង​ការ​បោះឆ្នោត​ឆ្នាំក្រោយ​នេះ​។ ក្រុម​តំណាងរាស្ត្រ​ប្រឆាំង​ ​ចោទ​ទៀតថា លោក ត្រាំ រំលោភ​អំណាច​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន។​

លោក ដូណាល់ ត្រាំ មាន​ប្រតិកម្ម​យ៉ាងណា ចំពោះ​ចម្លើយ​សក្ខីកម្ម​របស់​ Gordon Sondland?

លោកប្រធានាធិបតី​ ដូណាល់ ត្រាំ នៅតែ​ប្រកាន់​ជំហរ​រឹងមាំ​របស់​លោកដដែល។ នៅ​ចំពោះ​មុខ​អ្ន​ក​សារព័ត៌មាន​ដែល​ហុច​ក្បាល​មេក្រូ​ត្រងប្រសាសន៍​ប្រតិកម្ម​របស់​ប្រមុខ​រដ្ឋ​អាមេរិក លោក​ ដូណាល់ ត្រាំ ប្រកាសការ​ពារ​ខ្លួន ដោយ​រម្លឹកពី​ការ​សន្ទនាតាម​ទូរសព្ទជាមួយ​លោក Sondland និង​ដែល​បាន​សួរ​រូបលោកថា លោកប្រធានាធិបតី​ចង់​បាន​អ្វី​ពី​អ៊ុយក្រែន ឱ្យ​ប្រាកដ?

លោក ដូណាល់ ត្រាំ មានប្រសាសន៍​​​យ៉ាង​ដូច្នេះ៖ «ខ្ញុំ​​បាន​ប្រាប់​ទៅ​លោកទូតថា ខ្ញុំ​គ្មាន​ចង់​បាន​អ្វីឡើយ​! ខ្ញុំ​ពិត​ជា​គ្មាន​ចង់​បាន​អ្វីទាល់តែ​សោះ ពី​ប្រធានាធិបតី​អ៊ុយក្រែន។ ខ្ញុំ​គ្មាន​ចង់​បាន​ការ​ដោះដូរ​អ្វីទេ។ សូម​លោកទូត​ជម្រាបប្រាប់​ទៅ​លោក Zelensky ប្រធានាធិបតី​អ៊ុយក្រែន ថា​ធ្វើអ្វី​ដែល​គួរ​ធ្វើ​ទៅចុះ។ នេះជាចម្លើយ​ខ្ញុំ ! ខ្ញុំ​គ្មាន​ចង់​បាន​អ្វីឡើយ​! ខ្ញុំ​ពិត​ជា​គ្មាន​ចង់​បាន​អ្វីទាល់តែ​សោះ ! ខ្ញុំ​មិន​ចង់​បាន​ការ​ដោះដូរ ឈ្នះ-ឈ្នះ ទាំង​អស់​គ្នា​ អ្វី​នោះទេ។»​

នៅក្នុង​ការ​បញ្ជាក់​របស់​លោក ដូណាល់ ត្រាំ, ប្រធានាធិបតី​អាមេរិក​ហាក់​ចង់​ដោះដៃពី​លោកទូត​ ដោយ​​អះអាងថា​មិនសូវ​ជា​ស្គាល់​លោក​ទូតអាមេរិកប្រចាំសហភាពអឺរ៉ុប  Sondland នេះទេ​។ លោកត្រាំថា​បាន​និយាយ​ជាមួយ​អគ្គ​រដ្ឋ​ទូត​នេះ តិច​តួច​បំផុត ព្រោះ​ស្គាល់​លោក​នេះមិន​ច្បាស់​។  

ចំពោះ​លោក Sondland វិញ បាន​ឆ្លើយ​សារភាព​ប្រាប់​សភា​ថា លោក​បាន​និយាយ​ជាមួយ​ប្រមុខរដ្ឋ​អាមេរិក​ចំនួន​ប្រហែល​២០ដង​។ លើស​ពីនេះ គេ​ក៏បាន​​ដឹង​ដែរថា លោក​  Sondland គឺជាអ្នក​ជំនួញ​ ហើយ​លោក​បា​នត្រូវ​តែង​តាំង ក្នុង​តំណែង​​ជា​ ឯកអគ្គរដ្ឋ​​ទូតអាមេរិកប្រចាំសហភាពអឺរ៉ុប គឺ​ក្រោយ​ពេល​លោក ត្រាំ ឈ្នះឆ្នោត ហើយ​គេ​សង្ស័យថា ការ​ទទួល​បាន​តំណែង​នេះ ពីព្រោះតែ​លោក​បាន​ផ្តល់​វិភាគ​ទាន​ទឹកប្រាក់ ចំនួន​១លាន​ដុល្លារ សម្រាប់​ជួយ​ដំណើរការ​បោះឆ្នោត​របស់ លោក ​ត្រាំ និងដែល​អាច​ជួយ​ឱ្យ​លោក ត្រាំ ​ឈ្នះឆ្នោត​។​

ជាបន្តទៅទៀត តើនឹងមានសាក្សីណា​​បន្ថែមទៀត ដើម្បីឆ្លើយដាក់បន្ទុកចំពោះលោក ត្រាំ?​

គួរ​បញ្ជាក់ថា អ្នក​ដែល​ត្រូវ​ចូល​ឆ្លើយ​សំណួរ​របស់​សភា​ ទាំងអស់​គ្នា​ ទាំងសប្តាហ៍​មុន​កន្លងទៅនេះ ហើយ​និង​ក្រោយៗ​ទៅទៀត​នេះ គឺ​សុទ្ធតែ​តម្រូវ​ឱ្យ​ស្បថ ហើយ​ប្រសិន​បើ​គេ​រក​ឃើញថា ​កុហក​នៅក្នុង​ការ​ឆ្លើយ​និង​ធ្វើសក្ខីកម្ម​របស់ខ្លួន គឺនឹង​ត្រូវ​មាន​ទោស​ទណ្ឌ​ រហូត​ដល់​ជាប់​ពន្ធនាគារ​ទៀត​ផង។

ក្នុង​ការ​​ស៊ើប​អង្កេត​បន្ត​ទៀត មន្ត្រីជាន់​ខ្ពស់​​ដែល​ត្រូវ​ឆ្លើយ​សំណួរជា​សាធារណៈ​​របស់​រដ្ឋ​សភាអាមេរិក​ នោះ និង​មនុស្ស​ដែល​គេ​បាន​ដឹង​នោះ គឺ លោកស្រី Fiona Hill អតីតទទួល​ខុសត្រូវ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ នៅ​សេតវិមាន​ប្រធានាធិបតី ហើយ​និង​លោក David Holmes មន្ត្រីទូ​ត​អាមេរិក​នៅ​អ៊ុយក្រែន។

ទោះបី​ជា​មាន​សវនាការ​ឆ្លើយ​ឆ្លង​ជាសាធារណៈ​និង​បង្ហាញ​ភស្តុតាង​ជាច្រើន​មកហើយក្តី ក៏​ក្រុម​អ្នក​តំណាង​រាស្ត្រ​មកពីបក្ស​សាធារណៈ​របស់​លោក ដូណាល់ ត្រាំ ហាក់​មិន​ព្រម​ទទួល​ស្គាល់​កំហុស​ប្រធានាធិបតីនោះទេ ហើយ​ សមាជិក​បក្ស​សាធារណៈ​នៅតែ​យល់ថា ពួកគេមិន​ឃើញ​មាន​ហេតុផលត្រង់​ណា​ដែល​អ៊ុយក្រែន​ ត្រូវរង​ការគំរាម ឬការ​ដាក់​សម្ពាធ​ពី​ប្រមុខ​រដ្ឋ​អាមេរិក ក្នុង​ការ​អង្កេត​រឿងពុករលួយ​របស់​គ្រួសារ​លោក Biden ជា​ថ្នូរ​នឹង​លុយ​ជំនួយ​អាមេរិក​សោះ។ ក៏ប៉ុន្តែ ការ​យល់​ឃើញ​បែបនេះ ​ត្រូវ​វាយ​បំបាក់ ដោយសារតែ​សក្ខីកម្ម​​របស់លោកស្រី Laura Cooper អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ នៅ​មន្ទីរ​បញ្ចកោន កាន់សំណុំរឿង​រុស្ស៊ី​និង​អ៊ុយក្រែន។​

តាមរយៈ​សវនាការជាសាធារណៈ​ ជាបន្តបន្ទាប់មកនេះ​ គឺ​អាច​នឹង​ដឹង​កាន់​តែ​ច្បាស់ ហើយ​គេ​សង្ឃឹមថា​មាន​ហេតុ​ផល​កាន់តែ​រឹង​មាំ​បន្ថែមទៀត ដើម្បី​ប្រមូល​ផ្តុំ​បទ​ចោទ​ប្រកាន់​ សម្រាប់​ដក​តំណែង​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ