ដំណើរការដកតំណែងប្រធានាធិបតី៖ សាក្សីឆ្លើយដាក់បន្ទុកលើលោកដូណាល់ ត្រាំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១៤
ថ្ងៃពុធទី២០វិច្ឆិកា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំសហភាពអឺរ៉ុប លោក Gordon Sondland ដែលជាសាក្សីដ៏សំខាន់មួយរូបនោះ បានឆ្លើយប្រាប់គណៈកម្មការរដ្ឋសភាថា ការដាក់សម្ពាធលើប្រធានាធិបតីអ៊ុយក្រែនឱ្យបើកការស៊ើបអង្កេតលើលោក ចូ បាយដិន និងកូនប្រុស បានត្រូវធ្វើឡើងទៅតាមបញ្ជារបស់លោក ដូណាល់ ត្រាំ។ លោក Sondland ជាមនុស្សគន្លឹះដ៏សំខាន់មួយរូបដែលគេទន្ទឹងរង់ចាំ។
តើលោក Gordon Sondland បានឆ្លើយបំភ្លឺអ្វីខ្លះ?
ការថ្លែងសក្ខីកម្ម និងការឆ្លើយឆ្លង នៅសភាអាមេរិក គឺ ប្រើពេលដល់ទៅ ៧ម៉ោង ឯណោះ។ ជារួម លោក Gordon Sondland បានសារភាពបញ្ជាក់ដោយផ្ទាល់ ថានាពេលកន្លងមក ក្រុមការងាររបស់លោក ដែលធ្វើការជាមួយទូតនិងមន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែន គឺសុទ្ធតែបានធ្វើកិច្ចការយ៉ាងប្រញាប់ប្រញាល់ ដើម្បីឆ្លើយតបនឹងការបញ្ជាធ្លាក់មកពីប្រធានាធិបតី ដូណាល់ ត្រាំ។
ចំណុចដែលត្រង់ថា លោក ត្រាំ ដាក់សម្ពាធឱ្យសម្ពាធដល់អ៊ុយក្រែន ក្នុងការអង្កេតរឿងពុករលួយរបស់គ្រួសារលោក Biden ជាថ្នូរនឹងលុយជំនួយអាមេរិកនោះ គឺលោក Sondland បានឆ្លើយបំភ្លឺថាបានធ្វើកិច្ចការនេះជាមួយអ៊ុយក្រែន ដើម្បីឱ្យសើរើសំណុំរឿងរបស់ក្រុមសមាជិកបក្សប្រជាធិបតេយ្យ និងក្រុមហ៊ុនឧស្ម័ន ដែលកូនប្រុសលោក Biden ធ្លាប់រកស៊ី។ ក៏ប៉ុន្តែ លោក Sondland អះអាងថាមិនបានស្តាប់ឮការឆ្លើយឆ្លងប្រធានាធិបតីអាមេរិក និងអ៊ុយក្រែន ដោយផ្ទាល់ទេ ក៏ប៉ុន្តែ លោកធ្វើកិច្ចការទាំងឡាយនេះ គឺតាមបញ្ជារបស់លោក ត្រាំ ដែលណែនាំតាមរយៈលោកមេធាវីផ្ទាល់ខ្លួន របស់លោក ត្រាំ គឺលោក Giuliani ។
នៅក្នុងការថ្លែងការណ៍ចំពោះមុខអង្គសភាលោកទូត Sondland បានលើកឡើងទៀតថា អង្គសភាអាចនឹងសួររូបលោកថា ក្នុងការជជែកចរចាគ្នារវាងប្រមុខអាមេរិកនិងអ៊ុយក្រែន ហើយការដែលអញ្ជើញប្រធានាធិបតីអ៊ុយក្រែន មកទស្សនកិច្ចនៅសហរដ្ឋអាមេរិកនាពេលកន្លងមក គឺអាចនឹងមានយុទ្ធសាស្ត្រដោះដូរគ្នា ឬ វិធីសាស្ត្រឈ្នះ-ឈ្នះ ដែរឬទេ? លោក Sondland បានបញ្ជាក់នឹងសំណួរនេះដោយខ្លួនឯងថា «ពិតជាមាន»។
ការឆ្លើយបញ្ជាក់របស់មន្ត្រីទូតដ៏ធំ របស់អាមេរិកប្រចាំសហភាពអឺរ៉ុបនេះ គឺបានលាតត្រដាងជាថ្មីទៀត ពីទំនាក់ទំនងរបស់លោកត្រាំ និងលោក Zelensky ដែលក្រុមប្រឆាំងនៅអាមេរិកយល់ថា ប្រមុខរដ្ឋអាមេរិក ដាក់សម្ពាធទៅលើអ៊ុយក្រែន ជាថ្នូរនឹងទឹកប្រាក់ជំនួយ៤០០លានដុល្លារអាមេរិក ដើម្បីឱ្យអង្កេតរឿងពុករលួយរបស់គ្រួសារលោកបាដិន ជាគូប្រជែងរបស់លោក ត្រាំ ក្នុងការបោះឆ្នោតឆ្នាំក្រោយនេះ។ ក្រុមតំណាងរាស្ត្រប្រឆាំង ចោទទៀតថា លោក ត្រាំ រំលោភអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
លោក ដូណាល់ ត្រាំ មានប្រតិកម្មយ៉ាងណា ចំពោះចម្លើយសក្ខីកម្មរបស់ Gordon Sondland?
លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែប្រកាន់ជំហររឹងមាំរបស់លោកដដែល។ នៅចំពោះមុខអ្នកសារព័ត៌មានដែលហុចក្បាលមេក្រូត្រងប្រសាសន៍ប្រតិកម្មរបស់ប្រមុខរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសការពារខ្លួន ដោយរម្លឹកពីការសន្ទនាតាមទូរសព្ទជាមួយលោក Sondland និងដែលបានសួររូបលោកថា លោកប្រធានាធិបតីចង់បានអ្វីពីអ៊ុយក្រែន ឱ្យប្រាកដ?
លោក ដូណាល់ ត្រាំ មានប្រសាសន៍យ៉ាងដូច្នេះ៖ «ខ្ញុំបានប្រាប់ទៅលោកទូតថា ខ្ញុំគ្មានចង់បានអ្វីឡើយ! ខ្ញុំពិតជាគ្មានចង់បានអ្វីទាល់តែសោះ ពីប្រធានាធិបតីអ៊ុយក្រែន។ ខ្ញុំគ្មានចង់បានការដោះដូរអ្វីទេ។ សូមលោកទូតជម្រាបប្រាប់ទៅលោក Zelensky ប្រធានាធិបតីអ៊ុយក្រែន ថាធ្វើអ្វីដែលគួរធ្វើទៅចុះ។ នេះជាចម្លើយខ្ញុំ ! ខ្ញុំគ្មានចង់បានអ្វីឡើយ! ខ្ញុំពិតជាគ្មានចង់បានអ្វីទាល់តែសោះ ! ខ្ញុំមិនចង់បានការដោះដូរ ឈ្នះ-ឈ្នះ ទាំងអស់គ្នា អ្វីនោះទេ។»
នៅក្នុងការបញ្ជាក់របស់លោក ដូណាល់ ត្រាំ, ប្រធានាធិបតីអាមេរិកហាក់ចង់ដោះដៃពីលោកទូត ដោយអះអាងថាមិនសូវជាស្គាល់លោកទូតអាមេរិកប្រចាំសហភាពអឺរ៉ុប Sondland នេះទេ។ លោកត្រាំថាបាននិយាយជាមួយអគ្គរដ្ឋទូតនេះ តិចតួចបំផុត ព្រោះស្គាល់លោកនេះមិនច្បាស់។
ចំពោះលោក Sondland វិញ បានឆ្លើយសារភាពប្រាប់សភាថា លោកបាននិយាយជាមួយប្រមុខរដ្ឋអាមេរិកចំនួនប្រហែល២០ដង។ លើសពីនេះ គេក៏បានដឹងដែរថា លោក Sondland គឺជាអ្នកជំនួញ ហើយលោកបានត្រូវតែងតាំង ក្នុងតំណែងជា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំសហភាពអឺរ៉ុប គឺក្រោយពេលលោក ត្រាំ ឈ្នះឆ្នោត ហើយគេសង្ស័យថា ការទទួលបានតំណែងនេះ ពីព្រោះតែលោកបានផ្តល់វិភាគទានទឹកប្រាក់ ចំនួន១លានដុល្លារ សម្រាប់ជួយដំណើរការបោះឆ្នោតរបស់ លោក ត្រាំ និងដែលអាចជួយឱ្យលោក ត្រាំ ឈ្នះឆ្នោត។
ជាបន្តទៅទៀត តើនឹងមានសាក្សីណាបន្ថែមទៀត ដើម្បីឆ្លើយដាក់បន្ទុកចំពោះលោក ត្រាំ?
គួរបញ្ជាក់ថា អ្នកដែលត្រូវចូលឆ្លើយសំណួររបស់សភា ទាំងអស់គ្នា ទាំងសប្តាហ៍មុនកន្លងទៅនេះ ហើយនិងក្រោយៗទៅទៀតនេះ គឺសុទ្ធតែតម្រូវឱ្យស្បថ ហើយប្រសិនបើគេរកឃើញថា កុហកនៅក្នុងការឆ្លើយនិងធ្វើសក្ខីកម្មរបស់ខ្លួន គឺនឹងត្រូវមានទោសទណ្ឌ រហូតដល់ជាប់ពន្ធនាគារទៀតផង។
ក្នុងការស៊ើបអង្កេតបន្តទៀត មន្ត្រីជាន់ខ្ពស់ដែលត្រូវឆ្លើយសំណួរជាសាធារណៈរបស់រដ្ឋសភាអាមេរិក នោះ និងមនុស្សដែលគេបានដឹងនោះ គឺ លោកស្រី Fiona Hill អតីតទទួលខុសត្រូវក្នុងក្រុមប្រឹក្សាសន្តិសុខជាតិ នៅសេតវិមានប្រធានាធិបតី ហើយនិងលោក David Holmes មន្ត្រីទូតអាមេរិកនៅអ៊ុយក្រែន។
ទោះបីជាមានសវនាការឆ្លើយឆ្លងជាសាធារណៈនិងបង្ហាញភស្តុតាងជាច្រើនមកហើយក្តី ក៏ក្រុមអ្នកតំណាងរាស្ត្រមកពីបក្សសាធារណៈរបស់លោក ដូណាល់ ត្រាំ ហាក់មិនព្រមទទួលស្គាល់កំហុសប្រធានាធិបតីនោះទេ ហើយ សមាជិកបក្សសាធារណៈនៅតែយល់ថា ពួកគេមិនឃើញមានហេតុផលត្រង់ណាដែលអ៊ុយក្រែន ត្រូវរងការគំរាម ឬការដាក់សម្ពាធពីប្រមុខរដ្ឋអាមេរិក ក្នុងការអង្កេតរឿងពុករលួយរបស់គ្រួសារលោក Biden ជាថ្នូរនឹងលុយជំនួយអាមេរិកសោះ។ ក៏ប៉ុន្តែ ការយល់ឃើញបែបនេះ ត្រូវវាយបំបាក់ ដោយសារតែសក្ខីកម្មរបស់លោកស្រី Laura Cooper អ្នកទទួលខុសត្រូវជាន់ខ្ពស់ នៅមន្ទីរបញ្ចកោន កាន់សំណុំរឿងរុស្ស៊ីនិងអ៊ុយក្រែន។
តាមរយៈសវនាការជាសាធារណៈ ជាបន្តបន្ទាប់មកនេះ គឺអាចនឹងដឹងកាន់តែច្បាស់ ហើយគេសង្ឃឹមថាមានហេតុផលកាន់តែរឹងមាំបន្ថែមទៀត ដើម្បីប្រមូលផ្តុំបទចោទប្រកាន់ សម្រាប់ដកតំណែងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ