អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបាន​ជា​ប្រតិបត្តិការ​កម្ទេច​អាវុធគីមីស៊ីរី​មាន​ភាព​យឺតយ៉ាវ​ខ្លំាង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នំា ២០១៣ ប្រទេស​រុស្ស៊ី និង​សហរដ្ឋអាមេរិក​បាន​អនុម័ត​លើ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការ​កម្ទេច​អាវុធ​គីមី ដោយ​មាន​ការ​ចូលរួម​សហការណ៍​ពី​រដ្ឋអំណាច​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ កិច្ចព្រមព្រៀង​នោះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​ក្នុង​ទីក្រុង​ហ៊្គូតា​ដោយ​ប្រើ​អាវុធគីមី​កាល​ពី​ថ្ងៃទី២១ សីហា ឆ្នំា​២០១៣។ កិច្ចការ​កម្ទេច​អាវុធគីមី​ស៊ីរី​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ប្រគល់​ទៅ​ឲ្យ​អង្គការ​ហាមប្រើ​អាវុធគីមី​តាម​រយៈ​សេចក្តីសម្រេចចិត្ត​លេខ ២១១៨ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។ តើ ៦ខែ​ក្រោយ​មក ប្រតិបត្តិការ​កម្ទេច​អាវុធគីមី​ស៊ីរី​មាន​ដំណើរការ​ដល់​ណា​ហើយ?

ហេតុអ្វីបាន​ជា​ប្រតិបត្តិការ​កម្ទេច​អាវុធគីមីស៊ីរី​មាន​ភាព​យឺតយ៉ាវ​ខ្លំាង?
ហេតុអ្វីបាន​ជា​ប្រតិបត្តិការ​កម្ទេច​អាវុធគីមីស៊ីរី​មាន​ភាព​យឺតយ៉ាវ​ខ្លំាង? REUTERS/Khaled al-Hariri
ផ្សាយពាណិជ្ជកម្ម

ឆ្នំា ២០១៤ នេះ សង្រ្គាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ីរី​បាន​ឈាន​ជើង​ចូល​ដល់​ឆ្នំា​ទី៤ ដោយ​មិន​ទាន់​មាន​ច្រក​ចេញ​នៅ​ឡើយ​ទេ ច្រក​ចេញ​តាម​ផ្លូវការទូត​ក៏​គ្មាន ច្រក​ចេញ​តាម​ផ្លូវយោធា​ក៏​គ្មាន​ដែរ។ ៣ឆ្នំា​ក្រោយ​មក លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​កំពុង​បន្ត​តោន​អំណាច​យ៉ាង​ស្អិត រីឯ​ក្រុមប្រឆំាង​ឯណោះ ហាក់​ដូច​ជា​គ្មាន​ជម្រើស​អ្វី​នឹង​បន្ត​ការ​តស៊ូ​ប្រយុទ្ធ​របស់​ខ្លួន​ដោយ​គ្មាន​គោលដៅ​ច្បាស់លាស់។ ក្នុង​រយៈពេល ៣ឆ្នំា សង្រ្គាមស៊ីវិល​នៅ​ស៊ីរី​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១៤ម៉ឺននាក់ បន្សល់​ទុក​ជនភៀសខ្លួន​រាប់សិបលាននាក់ ព្រម​ទំាង​បាន​បំផ្លាញ​ខ្ទេចខ្ទីរ​អស់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស។ ចំណែក​សហគមន៍​អន្តរជាតិ​វិញ ក៏​មិន​ដឹង​ជា​ត្រូវ​ធ្វើ​អ្វី​ឲ្យ​បាន​លើស​ពី​នេះ​ដែរ ក្រៅ​តែ​ពី​ជម្រុញ​របបទីក្រុង​ដាម៉ាស​ឲ្យ​រួមសហការណ៍​បន្ថែម​នៅ​ក្នុង​ប្រតិបត្តិការ​កម្ទេចអាវុធគីមី​របស់​ខ្លួន​នោះ។

ដោយឡែក ចំ​ពេល​ដែល​វិបត្តិ​ស៊ីរី​នៅ​មិន​ទាន់​រក​ច្រក​ចេញ​បាន​ផង ក៏​ស្រាប់​តែ​មាន​ផ្ទុះ​ចេញ​នូវ​វិបត្តិ​ថ្មី​មួយ​ទៀត នោះ​គឺ​វិបត្តិ​គ្រីមេ។ គ្រីមេ​ដែល​ជា​តំបន់​ស្វយ័ត​របស់​ប្រទេស​អ៊ុយក្រែន តែ​កំពុង​ត្រូវ​បាន​ប្រទេស​រុស្ស៊ី​ក្រសោប​យក។ ដូច្នេះ​ចង់ ឬ​មិន​ចង់ ក្រុមប្រទេសលោក​ខាង​លិច​ដែល​កំពុង​ឈឺ​ក្បាល​ស្រាប់​ប្រឈម​មុខ​ទល់​នឹង​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​សំណុំរឿង​ស៊ីរី​ដ៏​ស្មុគស្មាញ​នោះ កាន់​តែ​ក្រពុល​មុខ​បន្ថែម​ទៀត​ជាមួយ​រុស្ស៊ី​នៅ​ក្នុង​បញ្ហា​គ្រីមេ​ពេល​នេះ។ បើ​គេ​ពិនិត្យ​មើល​លើ​សំណុំរឿង​ទំាង​ពីរ ស៊ីរី និង​គ្រីមេ​ដែល​បស្ចិមលោក និង​រុស្ស៊ី​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​សព្វថ្ងៃ សំណុំរឿង​គ្រីមេ​ត្រូវ​បាន​គ្រប់​គ្នា​ចាត់​ទុក​ជា​រឿង​បន្ទាន់​ដែល​ត្រូវ​ដោះស្រាយ​មុន​គេ ព្រោះ​វា​ជា​វិបត្តិ​អន្តរជាតិ​ធ្ងន់ធ្ងរ​មួយ​ដែល​ពិភពលោក​មិន​ធ្លាប់​ជួប​ប្រទះ​ទេ តំាង​ពី​ក្រោយ​សង្រ្គាមត្រជាក់​មក។

 

តែ​នេះ​មិន​មែន​មាន​ន័យ​ថា គេ​ត្រូវ​បំភ្លេច​ចោល​ទុកសោក​របស់​ប្រជាជន​ស៊ីរី​ឡើយ។ ពិត​មែន​តែ​នៅ​មិន​មាន​ដំណោះស្រាយ​ណា​មួយ​ដើម្បី​បិទបញ្ចប់​វិបត្តិ​ជា​ស្ថាពរ​ក៏​ដោយ ក៏​ការ​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ជា​បន្តបន្ទាប់។ ជាក់ស្តែង ការ​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រទេស​ស៊ីរី​ចំនួន ២ដង​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ពិសេស គឺ​ជំនួប​ទល់​មុខ​គ្នា​រវាង​តំណាង​រដ្ឋាភិបាល​ស៊ីរី និង​ក្រុមប្រឆំាង​ក្រោម​ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ និង​សម្ព័ន្ធអារ៉ាប់​លោក​ឡាក់ដា ប្រាហ៊ីមី។ ពិត​ណាស់​ថា ទោះ​បី​ជា​នៅ​មិន​ទាន់​មាន​លទ្ធផល​អ្វី​ជាក់ស្តែង​នៅ​ក្នុង​ជំនួប​កន្លង​មក​ក៏​ដោយ ក៏​យ៉ាង​ហោច​ណាស់ វា​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ដែរ។

 

ម្យ៉ាង​វិញ​ទៀត និង​ជួន​ចំ​ពេល​ដែល​បស្ចិមលោក​កំពុង​បន្ត​បញ្ចុះបញ្ចូល​ភាគី​ជម្លោះ​ទំាង​ពីរ​ក្នុង​ការ​ស្វែង​រក​កិច្ចព្រមព្រៀង​រួម ដំណើរការ​កម្ទេច​អាវុធគីមី​ស៊ីរី​ដោយ​អង្គការ​ហាមប្រើ​អាវុធគីមី​ក៏​កំពុង​មាន​ដំណើរការ​ទៅ​មុខ​សន្សឹមៗ​ដែរ។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​នៅ​ត្រង់​ថា ដំណើរការ​កម្ទេចអាវុធគីមី​នោះ​មាន​ការ​យឺតយ៉ាវ​ខ្លំាង បើ​ធៀប​នឹង​កាលវិភាគ​ដែល​បាន​ព្រមព្រៀង​គ្នា​រវាង​សហគមន៍​អន្តរជាតិ និង​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​អាសាដ។ ភាព​យឺតយ៉ាវ​ដែល​អាច​មាន​រយៈពេល​ពី ៦ ទៅ ៨សប្តាហ៍ និង​ដែល​កំហុស​ត្រូវ​បាន​គេ​ទម្លាក់​លើ​របប​ស៊ីរី។ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ លោក​ប្រមុខការទូត​បារំាង និង​អាមេរិក​បាន​ចង្អុល​មុខ​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ថា ពុំ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​គោរព​តាម​កាតព្វកិច្ច​អន្តរជាតិ​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា។

 

គួរ​រម្លឹក​ជូន​ថា កាល​ពី​ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នំា ២០១៣ ប្រទេស​រុស្ស៊ី និង​សហរដ្ឋអាមេរិក​បាន​អនុម័ត​លើ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការ​កម្ទេច​អាវុធ​គីមី ដោយ​មាន​ការ​ចូលរួម​សហការណ៍​ពី​រដ្ឋអំណាច​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ កិច្ចការ​កម្ទេច​អាវុធគីមី​ស៊ីរី​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ប្រគល់​ទៅ​ឲ្យ​អង្គការ​ហាមប្រើ​អាវុធគីមី​តាម​រយៈ​សេចក្តីសម្រេចចិត្ត​លេខ ២១១៨ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។ យោង​តាម​សេចក្តីសម្រេចចិត្ត​នោះ បេសកកម្ម​កម្ទេច​អាវុធគីមី​ស៊ីរី​ទំាង​អស់​នឹង​ត្រូវ​បញ្ចប់​ឲ្យ​បាន​មុន​ថ្ងៃទី៣០ មិថុនា ឆ្នំា ២០១៤ ហើយ​ការ​បញ្ជូន​អាវុធគីមី​ស៊ីរី​ចេញ​ពី​ទឹកដី​ស៊ីរី​ត្រូវ​បញ្ចប់​ឲ្យ​បាន​មុន​ថ្ងៃទី៥ កុម្ភៈ។ តែ​រហូត​មក​ដល់​ពេល​នេះ មាន​អាវុធគីមី​ស៊ីរី​មិន​ដល់ ៥០% ផង​ដែល​បាន​ដឹក​ចេញ​ពី​ស៊ីរី មាន​ន័យ​ថា គឺ​មាន​ការ​យឺតយ៉ាវ​ខ្លំាង​ណាស់។

 

ក្រោម​ភ្នែក ច្រមុះ​របស់​សហគមន៍​អន្តរជាតិ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​បញ្ហា​នេះ គឺ​រដ្ឋាភិបាល​ទីក្រុង​ដាម៉ាស​តែ​ម្តង ពិសេស​គឺ​ឆន្ទៈ​យក​ជើង​រាទឹក​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ តែ​ទីក្រុង​ដាម៉ាស​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នោះ និង​ថា គេ​មិន​អាច​ទះដៃ​ម្ខាង​ឮ​ឡើយ។ អ្វី​ដែល​ទីក្រុង​ដាម៉ាស​ចង់​និយាយ​នោះ គឺ​ការ​បន្ត​វាយប្រហារ​របស់​ក្រុមឧទ្ទាម​ដែល​នំា​ឲ្យ​រំខាន​ដល់​ដំណើរការ​រំសាយ​អាវុធគីមី​នោះ។ តែ​សម្រាប់​សហគមន៍​អន្តរជាតិ នេះ​គ្រាន់​តែ​លេស​មួយ​ដើម្បី​ច្រាន​ចោល​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ នៅ​ចំពោះ​មុខ បារំាង និង​អាមេរិក នៅ​មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នៅ​ឡើយ​ទេ​ថា តើ​ទ័ណ្ឌកម្ម​​កម្រិត​ណា​ដែល​ខ្លួន​ត្រៀម​នឹង​ដាក់​លើ​ស៊ីរី​នោះ។

 

តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​ទេ​ថា គ្រប់​ទ័ណ្ឌកម្ម​ទំាង​អស់​ត្រូវ​តែ​មាន​ការ​ទទួល​យល់ព្រម​ពី​ប្រទេស​ចិន និង​រស្ស៊ី។ រុស្ស៊ី​ដែល​នា​រយៈពេល​ចុង​ក្រោយ​នេះ បាន​ចេញ​មុខ​ការពារ​ស៊ីរី​យ៉ាង​ខ្លំាង​ដោយ​លើក​ឡើង​ថា ភាព​យឺតយ៉ាវ​ក្នុង​ការ​កម្ទេច​អាវុធគីមី​ស៊ីរី​មិន​មែន​មក​ពី​ការ​យកជើង​រាទឹក​របស់​រដ្ឋាភិបាល​ស៊ីរី​ទេ តែ​មក​ពី​បញ្ហា​សន្តិសុខ និង​ការ​ដឹកជញ្ជូន។ ដូច្នេះ​សម្រាប់​ក្រុង​ម៉ូស្គូ វា​គ្មាន​ប្រយោជន៍​អ្វី​ដែល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉ារីស​ត្រូវ​ប្រញិបប្រញាប់​ដាក់​គំនាប​លើ​ក្រុង​ដាម៉ាស​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ