ដ្រូនអាមេរិកសម្លាប់បានមេក្លោងអាល់កៃដាសំខាន់២រូប នៅអាហ្វហ្កានីស្ថាន
ថ្ងៃព្រហស្បតិ៍ម្សិលមិញ ទីភ្នាក់ងារចារកិច្ចអាហ្វហ្កានីស្ថាន NDS បានប្រកាសគូសបញ្ជាក់ពីមរណភាពរបស់មេក្រុមជាន់ខ្ពស់អាល់កៃដា ២រូប នៅអាហ្វហ្កានីស្ថាន។ មេភេរវជនទាំង២នេះ បានរងការវាយប្រហារដោយដ្រូនអាមេរិក នៅខែត្រគូណា ភាគខាងជើងអាហ្វហ្កានីស្ថាន។ សមាជិកអាល់កៃដាមួយរូបទៀត ក៏ស្លាប់ដោយសារដ្រូនអាមេរិកផងដែរ។ ប្រតិបត្តិការសម្លាប់ភេរវជនទាំងនេះ បានធ្វើឡើងដោយមានការសម្រួលពីទីភ្នាក់ងារចារកិច្ចអាហ្វហ្កានីស្ថាន។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:២៤
មេក្លោងក្រុមភេរវជន២រូប នៅអាហ្វហ្កានីស្ថាន ដែលស្លាប់ដោយដ្រូនអាមេរិកនេះ ម្នាក់ឈ្មោះហ្វារុក អាល់កាតានី Farouq al-Qahtani និងម្នាក់ទៀតឈ្មោះ ប៊ីឡាល់ អាល់ អ៊ូតាប៊ី Bilal al-Utabi។ ក្រុមភេរវជនអាល់កៃដា ចាត់ទុកជនអាល់ កាតានី ជាមេដឹកនាំលំដាប់ទី១ ហើយអាល់ អ៊ូតាប៊ី ជាមេដឹកនាំលំដាប់ទី២រឺក៏ទី៣។ ប្រតិបត្តិការដ្រូនកំចាត់មេក្លោងក្រុមអាល់កៃដាធំៗទាំង២រូបនេះ បានដំណើរការនៅខែត្រគូណា ភាគខាងជើងអាហ្វហ្កានីស្ថាន ជិតព្រំដែនប៉ាគីស្ថាន។
ហ្វារុក អាល់ កាតានី ជាពលរដ្ឋកាតា ដែលប្រហែលជាបានកើតនៅអារ៉ាប៊ីសាអូឌីត។ កាតានីជាមនុស្សជំនិត នឹងអ៊ូសាម៉ា បិនឡាដិន ត្រូវអាមេរិកតាមកំចាត់ច្រើនឆ្នាំមកហើយ។ គេស្គាល់ថា មេជាន់ខ្ពស់អាល់កៃដារូបនេះ ជាអ្នកជ្រើសរើសយុវជននានា អោយចូលជាសមាជិកអាល់កៃដា។
កាតានី ក៏អាចជាអ្នករៀបចំថវិកា និងចាត់ចែងការវាយប្រហារទៅលើក្រុមសម្ព័ន្ធមិត្តនៅអាហ្វហ្កានីស្ថាន នៅអាស៊ីអាគ្នេយ៍ និងនៅប្រទេសលោកខាងលិចដែរ។ កាតានីក៏ជាអ្នកចែកចាយវិភាគទាន ដែលអាល់កៃដាទទួលបានពីសកម្មជនគាំទ្រក្រុមខ្លួន នៅប្រទេសតំបន់ឈូងសមុទ្រពែរស៍ ផ្តល់ប្រាក់ទាំងនេះឧបត្ថម្ភដល់ប្រតិបត្តិការខាងក្រៅ របស់ក្រុម និងដល់ចលនាក្រុមតាលីបង់អាហ្វហ្កានីស្ថានផងដែរ។
ចំណែកអាល់ អ៊ូតាប៊ី ជាមេក្លោងអាល់កៃដាមួយរូបទៀតដែលដ្រូនអាមេរិកបាញ់សម្លាប់ដែរនោះ ត្រូវបានគេស្គាល់ថា ជាអ្នកត្រួតពិនិត្យ ការជ្រើសរើសសកម្មជនប្រយុទ្ធបរទេស។ ប្រតិបត្តិការសម្លាប់មេក្លោង អាល់កៃដាធំៗទាំង២នេះ ជាប្រតិបត្តិការកំចាត់អាល់កៃដា សំខាន់បំផុត របស់អាមេរិក គិតច្រើនឆ្នាំមកនេះ។ មរណភាពមេក្លោងទាំង២ ជាការបាត់បង់ដ៏ធំសម្រាប់ក្រុម ភេរវជនអាល់កៃដា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ