អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ រុស្ស៊ី ផ្អែកឬទេ លើ “ ការទូតវាតឥទ្ធិពល”?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំងពីម្តុំឆ្នាំ ២០០៥ មក ដើម្បីប្រឆាំងនឹង” បដិវត្តន៍ពណ៌” ក៏ដូចជាប្រឆាំងនឹង ទំនាញដែល ប្រតិបត្តិ ដោយ បស្ចិមលោក ដើម្បីទាញយកបណ្តាប្រទេស ពីលំហអតីតសហភាពសូវៀត ក្រុងម៉ូស្គូ បាន អភិវឌ្ឍ ឧបករណ៍ទាំងឡាយរបស់ខ្លួន នៃការទូតសាធារណៈ។ ឧបករណ៍មួយបែបនេះ គឺ ការទូតដែលប្រើ “កម្លាំងស្រទន់" ហៅថា Soft Power ដែលជាញឹកញយ គឺ យកចិត្តទុកដាក់ លើកមុខលើកមាត់ប្រទេស រុស្ស៊ី ជាង បន្សោយគោលជំហរបស់សត្រូវ។

លោកស្រី Maria Zakharova អ្នកនាំពាក្យមានទឹកមាត់ប្រៃ នៃក្រសួងការបរទេសរុស្ស៊ី
លោកស្រី Maria Zakharova អ្នកនាំពាក្យមានទឹកមាត់ប្រៃ នៃក្រសួងការបរទេសរុស្ស៊ី Yuri KADOBNOV / AFP
ផ្សាយពាណិជ្ជកម្ម

ប្រទេសដែល កំពុងដណ្តើមយកមកវិញ ឥទ្ធិពលខ្លួន ?

លោកស្រី Maria Zakharova អ្នកនាំពាក្យមានទឹកមាត់ប្រៃ នៃក្រសួងការបរទេសរុស្ស៊ី ពេលថ្មីៗ បានបង្ហោះ លើហ្វេសប៊ុកខ្លួន រូបភាពមួយថតក្នុងមហាសន្និបាត អសប នៅក្រុងញីវយ៉ក ពេលគាត់អមដំណើរ ចៅហ្វាយគាត់ លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ ។ ក្នុងរូបថតនេះ គេឃើញ អគ្គរដ្ឋទូតប្រទេសប្លែកៗ ឈរតកន្ទុយគ្នា ដើម្បីជួបសន្ទនា ជាមួយប្រមុខការទូតរុស្ស៊ី។ ទេសភាពនេះ បាន ញ៉ាំងលោកស្រី Zakharova ឱ្យបញ្ឈឺចិត្ត បស្ចិមលោក ដោយឃ្លា៖ ខ្ញុំស្ញប់ស្ញែងនឹងសង្កេតឃើញ ភាពឯកោយ៉ាងនេះ នៃប្រទេសរុស្ស៊ី។  ឱ្យសម្ភាសន៍ ទៅកាសែតបារាំង Le Figaro គាត់អះអាងថា “ ឥទ្ធិពលនៃការទូតរុស្ស៊ី នៅក្នុងលោក ចេះតែកើនឡើង។ ការទូតយើង គឺស្រទន់ soft diplomacy។

“បើធៀបទៅនឹង សម័យមុនឆ្នាំ ២០១៤ ឥឡូវ ឥទ្ធិពលរុស្ស៊ី នៅក្នុងលោក កើនឡើងជាដរាប ទាំងផ្នែក នយោបាយ ទាំងផ្នែកយោធា ទាំងផ្នែកពត៏មាន” បែបយ៉ាង ករណី នៅ អ៊ុយក្រែន នៅ ដើមបូព៏ា នៅ ទ្វីបអាហ្វ្រិក និង នៅ អាមេរិកឡាទីនមួយភាគដែរ - ការនេះបញ្ជាក់ដោយលោក Dmitri Trenine នាយក មជ្ឈមណ្ឌល Carnegie នៅក្រុងម៉ូស្គូ។

ប៉ុន្តែ កំណត់ត្រានេះ ប្លែកខុសមែនទែន ពីទិន្នន័យខ្លះ។ ដ្បិតរុស្ស៊ី ជាប់ត្រឹមលេខ ២៨ ប៉ុណ្ណោះ លើ ៣០ ប្រទេស ដោយស្ថិតនៅឆ្ងាយពីក្រោយ អង់គ្លេស អាល្លឺម៉ង់ ឫ បារាំង ក្នុងចំណាត់ថ្នាក់ Soft Power 30  ប្រទេស ដែលមានប្រសិទ្ធភាពជាងគេខាង ការទូតសាធារណៈ។ ការនិយាយដោយលាក់លៀម មិន អស់សេចក្តី អំពីប្រទេសរុស្ស៊ី អំពី ទឹកចិត្តសំអប់រុស្ស៊ី ដែលសម្តែងដោយបស្ចិមលោក  បូកទាំងក្នុង វិស័យ ផ្លូវការផង ដូចដែលលោក Emmanuel Macron បានចង្អុលឱ្យឃើញនៅពីមុខ អង្គប្រជុំនៃអគ្គរដ្ឋទូតបារាំង កាលពីចុងខែសីហា បានអុជអាលក្រុងម៉ូស្គូ ឱ្យព្រួយបារម្ភ។  ក្តីព្រួយបារម្ភនេះ ចាក់ឫសជាប់ក្នុងប្រវត្តិរុស្ស៊ី និង ក្នុងអនុស្សាវរីយ៍ដែល ញ៉ាំងលោក វ៉្លាឌីមៀរ ពូទីន ឱ្យគិតមមៃជានិច្ច។

ការទូតរុស្ស៊ី តែងស្វែងរកជានិច្ច ឥទ្ធិពល និង អានុភាព។ បញ្ហាធំរបស់ប្រទេសរុស្ស៊ី ក្រោយពីការលំទៅ នៃ សហភាពសូវៀត គឺការបាត់បង់ អានុភាព និង ឥទ្ធិពល នៅពីមុខ សរអា និង សហភាពអឺរ៉ុប ។ សម្រាប់ រុស្ស៊ី ការបាត់បង់ឥទ្ធិពល អាចក្លាយជា ចំណុចគ្រោះថ្នាក់ផ្ទៃក្នុង ពីព្រោះ អានុភាពក្រៅប្រទេស ជា ទ្រនិច ដែលចង្អុលឱ្យឃើញ អានុភាពក្នុងប្រទេស ។ ដូច្នេះ យើងត្រូវតែពង្រឹងនយោបាយក្រៅប្រទេស ដើម្បី ពង្រឹង អំណាចនយោបាយក្នុងប្រទេស - សេចក្តីនេះ លើកឡើងដោយ លោកស្រី Evguenia Obitchkina បណ្ឌិតសាស្ត្រាចារ្យ នៃ វិទ្យាស្ថាន​ទំនាក់ទំនងអន្តរជាតិ ក្រុងម៉ូស្គូ ហៅកាត់ថា MGIMO។

លោកស្រីពន្យល់បំភ្លឺតមកទៀត ៖ ចាប់ពីម្តុំឆ្នាំ ២០០៥ មក “បដិវត្តន៍ពណ៌” ត្រូវរុស្ស៊ីយល់ដឹងថាជា សញ្ញាដំបូងតម្រង់ ផ្លោះកាត់” បន្ទាត់ ក្រហម” ដែលកំណត់ដោយម៉ូស្គូ គឺ ៖ ការបើកផ្លូវ ឱ្យរដ្ឋ ហ្ស័កហ្ស៊ី និង អ៊ុយក្រែន ចូលក្នុងបក្សសម្ព័ន្ធអូតង់ , ការរបូតបាត់ទៅ នៃការត្រួតពិនិត្យលើ បណ្តាអតីតសាធារណរដ្ឋសូវៀតនៅជិតខាង ,  ការលេចចេញមក នៃ គ្រោះថ្នាក់លើ “ អធិបតេយ្យ និង ស្ថិរភាព ប្រទេសរុស្ស៊ីផ្ទាល់។ ការប្រើ Soft Power តាមរបៀបបស្ចិម លោក ផ្តល់អាទិភាពដល់រាល់អ្វីៗ ជាតម្លៃសេរីនិយម និងប្រជាធិបតេយ្យ ។ រុស្ស៊ី ដែលជាមហាអំណាច នុយក្លេអ៊ែរ និង ជា សមាជិកអចិន្ត្រៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខ អសប នឹងការពារជាបឋម គឺ អធិបតេយ្យ របស់ខ្លួន -លោកស្រី Evguenia Obitchkina បណ្ឌិតសាស្ត្រាចារ្យ គូសបញ្ជាក់។

តើ Soft Power រុស្ស៊ី ប្រដាប់ដោយ ឧបករណ៍ណាខ្លះ ?

សូម្បី ពាក្យថា Soft Power ដែលមានការទូតសាធារណៈ ជាជ្រុងមួយរបស់វា ឥតមានចែងក្នុងឯកសារ ផ្លូវការ មុនឆ្នាំ ២០១២ ក្កី ក៏គំនិតវា មានរំលេចក្នុងក្រឹត្យ លោក វ៉្លាឌីមៀរ ពូទីន ឆ្នាំ ២០០៧ - ឆ្នាំដែលគាត់ បានថ្លែង សុន្ទរកថាដ៏ឆ្នើម នៅក្រុងអាល្លឺម៉ង់ Munich ប្រកាសអំពី “ សង្គ្រាមត្រជាក់ថ្មី”។ ដូច្នេះ  ចៅហ្វាយ វិមានក្រេមឡាំង ចាក់គ្រឹះខ្លួន។ ពិភពរុស្ស៊ី ដែលតាំងគោលដៅ ធ្វើ “ប្រជាប្រិយភាវូបនីយកម្មភាសារុស្ស៊ី ជា រតនសម្បត្តិជាតិ របស់រុស្ស៊ី” - រតនសម្បត្តិ ដែលរួមជាមួយ ការការពារបណ្តាជនណានិយាយ ភាសារុស្ស៊ី ផ្សំឡើងជា កម្លាំងមួយជាគោល នៃ លទ្ធិស្នេហាជាតិរុស្ស៊ី។

តាម លោកស្រីបណ្ឌិតសាស្ត្រាចារ្យ Obitchkina រំលឹក ៖ ពិតជា សេចក្តី ថ្លែងការណ៍សត្រូវនឹងរុស្ស៊ី ចេញ ដោយរដ្ឋសភាអ៊ុយក្រែន ក្នុងឆ្នាំ ២០១៤ ហាមមិនឱ្យប្រើ ភាសារុស្ស៊ី ដែល បាន បញ្ឆេះប្រតិកម្មម៉ូស្គូ។ ដ្បិតវា ផ្លោះផុត “ បន្ទាត់ក្រហម” កំណត់ដោយម៉ូស្គូ ដែលត្រូវតែអន្តរាគមន៍ ! រីឯ លោកស្រី Lioudmila Goundarova អ្នកឯកទេសសាកលវិទ្យាល័យខាងវិទ្យាសាស្ត្រនយោបាយ រំលឹក ៖ ពាក្យថា “ ពិភពរុស្ស៊ី” និង “ការទូតសាធារណៈ”បានលេចចេញមក ក្នុងឆ្នាំ ២០០៨ នៅក្នុង ទស្សនាទាននយោបាយក្រៅប្រទេស របស់ សហព័ន្ធរុស្ស៊ី ដែលចែងអំពី មុខព្រួញចម្បងៗ នៃនយោបាយនេះ។

លោកនាយករដ្ឋមន្ត្រី Dmitri Medvedev ក្រោយមកបានបង្កើត ឧបករណ៍ពីរទៀត នៃ” កម្លាំងស្រទន់”  ពោល គឺ ទីភ្នាក់ងាក្រោមឈ្មោះថា Rossotroudnichestvo ទទួលបន្ទុកជនជាតិរុស្ស៊ីរស់នៅបរទេស ប្រចាំ នៅតាម ៨០ ប្រទេស និង មូលនិធិគាំទ្រការទូតសាធារណៈនាម Gorchakov ។ អង្គការទាំងពីរនេះ ដំណើរការមិនសូវមានតម្លាភាពទេ ដោយរបាយការណ៍អំពី សកម្មភាពខ្លួន ទម្លាយឱ្យ សាធារណជន ដឹងឮ តែមួយភាគប៉ុណ្ណោះ ។

ឧទាហរណ៍ មូលនិធិ Gorchakov សកម្មណាស់ នៅតាម ៣ ប្រទេសមាត់សមុទ្របាល់ទិក គឺ លីទុយអានី ឡេតូនី អេស្តូនី ជាទីដែល យុទ្ធសាស្ត្ររុស្ស៊ី Soft Power សំដៅជះឥទ្ធិពលលើ នយោបាយផ្ទៃក្នុង រដ្ឋទាំង នេះ តាមរយៈព្រឹត្តិការណ៍ជាច្រើន - ការនេះ បកស្រាយឱ្យដឹង ដោយលោកស្រី Vera Agueyeva ក្នុង “របាយការណ៍ ឆ្នាំ ២០១៩”នៃ អង្គការប្រមូលនិងផ្សព្វផ្សាយពត៏មាន បារាំង-រុស្ស៊ី ។

វប្បធម៌ជាប្រភពចម្បងនៃ “ កម្លាំងស្រទន់” រុស្ស៊ី - សេចក្តីនេះ ត្រូវបានលើកឡើង ថ្ងៃពុធ ៩ តុលា ក្នុង កាសែតរុស្ស៊ី Isvestia ដោយជាតិអាមេរិកាំង លោក Joseph Nye  ជាបិតានៃ ទស្សនាទាន Soft Power។ ទោះយ៉ាងណាក្តី ក៏ លោក Dmitri Trenine នាយក មជ្ឈមណ្ឌល Carnegie នៅក្រុងម៉ូស្គូ កត់សម្គាល់ថា ការផ្សព្វផ្សាយវប្បធម៌រុស្ស៊ី ទៅក្រៅប្រទេស នៅមានកម្រិតនៅឡើយ ។ ភាពយន្ដ និង អក្សរសាស្ត្រ ក៏ត្រូវរុស្ស៊ី ប្រើមិនបានគ្រប់គ្រាន់ទេ ប៉ុន្តែ វិស័យទេសចរណ៍ ត្រូវបានសង្កេតឃើញថា កើនឡើង។

ការប៉ុនប៉ងដ៏ធំធេង ប្រើ Soft Power ត្រូវបានប្រារព្វធ្វើ ដោយលោក ពូទីន ក្នុងល្បែងកីឡាអូឡាំពិក នៅ ក្រុង Sotchi ឆ្នាំ ២០១៤ ប៉ុន្តែ មិនហុចជាផ្លែផ្កាធំដុំទេ ដ្បិត ពួកមេដឹកនាំប្រទេសខាងលិច មិនបានមក វត្តមាន ឯណា - លោកស្រីបណ្ឌិតសាស្ត្រាចារ្យ Evguenia Obitchkina វិទ្យាស្ថាន MGIMO បញ្ចប់សេចក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ