ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT

ការរកឃើញ​ទ្វីបអាមេរិក​ដោយ​គ្រីស្តូហ្វ កូឡុំ ​នៅ​ចុង​សតវត្សរ៍​ទី១៥

ការរកឃើញ​ទ្វីបអាមេរិក​ដោយ​គ្រីស្តូហ្វ កូឡុំ ​នៅ​ចុង​សតវត្សរ៍​ទី១៥
 
រហូតមកទល់នឹង​សព្វថ្ងៃ​នេះ ប្រទេស​ជាច្រើន​​នៅតែ​បន្ត​ប្រារព្ធ​ទិវា​រំឭក​ដល់ថ្ងៃ​ដែល​​​គ្រីស្តូហ្វ កូឡុំ​ធ្វើ​ដំណើរ​មក​ដល់​អាមេរិក (Columbus Day)

ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក នៅ​សប្តាហ៍​នេះ សេង ឌីណា សូមលើកឡើង អំពី​ការ​រកឃើញ​ទ្វីបអាមេរិក។ ​អស់រយៈពេល​ជាច្រើន​ឆ្នាំ ​គេនាំគ្នា​គិត​ជាទូទៅ​​ថា ទ្វីប​អាមេរិក​ត្រូវ​បាន​រកឃើញ​ដោយ​ គ្រីស្តូហ្វ​ កូឡុំ នៅ​ចុងសតវត្សរ៍​ទី​១៥។ ក៏ប៉ុន្តែ ក្រោយមក ​​អ្នក​ប្រវត្តិសាស្រ្ត បាន​រកឃើញ​នូវ​ភស្តុតាង ដែល​បញ្ជាក់​ផ្ទុយ​ពី​អ្វី​ដែល​គេ​ធ្លាប់​គិត​ពីមុន។

អស់រយៈពេលរាប់សតវត្សរ៍​ បណ្តាជន​ទូទៅ នៅលើ​ពិភពលោក​នាំគ្នា​ជឿ​ថា ​អ្នក​ដែល​បាន​រកឃើញ​ទ្វីបអាមេរិក​មុនគេ​បង្អស់ គឺ​ គ្រីស្តូហ្វ កូឡុំ (Christophe Colomb)។ ដំណើររឿង​របស់​ គ្រីស្តូហ្វ កូឡុំ ​បាន​កើតឡើង នៅ​ចុងសតវត្សរ៍​ទី​១៥។

នៅ​ពេលនោះ អឺរ៉ុ​ប​បាន​ងើបចេញ​ពី​យុគខ្មៅ​ងងឹត នៃ​យុគសម័យ​កណ្តាល ហើយ​ចាប់ផ្តើម​ស្គាល់​នូវ​ភាព​រុងរឿង​ឡើងវិញ​បន្តិចម្តងៗ ហើយ​ក្នុងនោះ គឺ​ឃើញ​មាន​ប្រទេស​មហាអំណាច​ថ្មី ដែល​ចាប់ផ្តើម​លេចមុខឡើង នៅ​អឺរ៉ុប គឺ​ព័រទុយហ្កាល់​ និង​អេស្ប៉ាញ។ នៅពេលនោះ បណ្តា​ប្រទេស​នៅ​អឺរ៉ុប​កំពុងតែ​ប្រជែងគ្នា​ ក្នុងការ​ពង្រីក​សេដ្ឋកិច្ច​របស់​ពួកគេ​រៀងៗ​ខ្លួន តាមរយៈ​ការ​ធ្វើ​អាណានិគម​ និង​ការ​គ្រប់គ្រង​ផ្លូវ​ជំនួញ។ ការធ្វើ​ជំនួញ ដែល​កាក់កបជាងគេ នៅពេលនោះ គឺ​ការជួញដូរ​ជាមួយ​អាស៊ី ហើយ​ជំនួញ​នេះ​ត្រូវ​គេ​ធ្វើ​តាម​ផ្លូវគោក ដែលគេហៅ​ថា “ផ្លូវសូត្រ” តភ្ជាប់​អឺរ៉ុប ទៅ​ឥណ្ឌា និង​ចិន។ ក៏ប៉ុន្តែ ការធ្វើ​ដំណើរតាមផ្លូវគោក​ពីអឺរ៉ុប​ទៅអាស៊ី​ត្រូវ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ច្រើន នៅ​ក្រោយ​ពេល​ដែល​​ចក្រភព​អូតូម៉ង់​របស់​តួកគី ​បាន​វាយយក​ទីក្រុង​កុងស្តង់ទីណូប និង​ផ្តួលរំលំ​​ចក្រភព​ប៊ីហ្សង់តាំង នៅឆ្នាំ​១៤៥៣។

​ព័រទុយហ្កាល់ ដែល​ពេលនោះ​ជា​ប្រទេស​មួយជំនាញ​ខាង​ផ្លូវ​សមុទ្រ ​ក៏​បាន​ងាក​ទៅ​ធ្វើ​ការជួញដូរ​​តាមផ្លូវ​សមុទ្រវិញ ដោយ​ចេញ​ដំណើរពី​ព័រទុយហ្កាល់ តាម​មហាសមុទ្រ​អាត្លង់ទិក ចាក់ចុះ​ទៅទិស​ខាង​ត្បូង វាងមួយជុំ​ទ្វីបអាហ្វ្រិក មុននឹង​ឆ្លងមហាសមុទ្រ​ឥណ្ឌា ទៅ​កាន់​តំបន់​អាស៊ី។

ក៏ប៉ុន្តែ គ្រីស្តូហ្វ កូឡុំ ដែល​ជា​អ្នក​ជំនាញ​ខាង​ដើរកប៉ាល់​មក​ពី​អ៊ីតាលី បាន​បែកគំនិត​មួយថ្មី​ថា ដោយសារតែ​ផែនដី​មាន​រាងមូល បើសិន​ជា​គេ​ធ្វើ​ដំណើរ​ចេញ​ពី​អឺរ៉ុប ឆ្ពោះទៅ​ទិសខាងលិច កាត់តាម​មហាសមុទ្រ​អាត្លង់ទិក គេ​នឹង​អាច​ធ្វើដំណើរ​ដោយត្រង់​​ទៅដល់​ឥណ្ឌា​ ដោយ​ចំណាយពេលតិចជាង​ ការ​ធ្វើ​ដំណើរ​ទៅទិស​ខាង​កើត ដែល​ត្រូវ​​វាង​មួយជុំ​ទ្វីប​អាហ្វ្រិក។ នៅចុងសតវត្សរ៍ទី១៥ ស្តេច​អេស្ប៉ាញ​​ក៏​បានជួល​​គ្រីស្តូហ្វ កូឡុំ ឲ្យ​ដឹកនាំ​បេសកកម្ម ក្នុងនាម​អេស្ប៉ាញ ធ្វើ​ដំណើរ​តាម​កប៉ាល់ កាត់​មហាសមុទ្រ​អាត្លង់ទិក ឆ្ពោះទៅ​អាស៊ី។

នៅថ្ងៃទី៣ ខែ​សីហា ​ឆ្នាំ​១៤៩២ គ្រីស្តូហ្វ កូឡុំ បាន​​ចេញដំណើរ​ពី​អេស្ប៉ាញ ជាមួយ​នឹង​កប៉ាល់​ ៣គ្រឿង ឆ្ពោះទៅទិស​ខាងលិច សំដៅ​ទៅ​អាស៊ី។ ជាង ២ខែ​ក្រោយ​មក នៅ​ថ្ងៃ​ទី១២ ខែ​តុលា កប៉ាល់​របស់​​គ្រីស្តូហ្វ កូឡុំ ក៏​បាន​ធ្វើ​ដំណើរ​មក​ដល់ឆ្នេរ​ខាង​កើត​នៃ​ទ្វីប​អាមេរិក។ គ្រីស្តូហ្វ កូឡុំ នឹកស្មាន​ថា​​ខ្លួន​មក​ដល់​ឥណ្ឌា ក៏​បាន​ហៅ​ជនជាតិ​ដើម ដែលរស់​នៅលើ​ទ្វីបអាមេរិក​ថា​ជា​ពួក​ឥណ្ឌា។ ឈ្មោះ ដែល​នៅ​ជាប់​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន គឺ “ឥណ្ឌា​ស្បែក​ក្រហម”។

ចាប់តាំង​ពីពេលនោះមក គ្រីស្តូហ្វ កូឡុំ ត្រូវ​បាន​ប្រវត្តិសាស្រ្ត​ចារទុក​ថា​ជា​អ្នក​ដែល​បាន​រកឃើញ​ទ្វីបអាមេរិក​មុនគេ​បង្អស់។ ក៏ប៉ុន្តែ ក្រោយមក គេ​បាន​រកឃើញ​ភស្តុតាង ដែល​បញ្ជាក់ថា គ្រីស្តូហ្វ កូឡុំ មិនមែន​ជា​អ្នក​រកឃើញ​ទ្វីបអាមេរិក​មុនគេ​នោះទេ ហើយ​ក៏​មិនមែន​ជា​ជនជាតិ​អឺរ៉ុប​ទីមួយ ដែល​បាន​ធ្វើ​ដំណើរ​ទៅដល់​ទឹកដី​អាមេរិក​នោះដែរ។
 

រូបគំនួរ​បង្ហាញ​ពី​លោក​គ្រីស្តូហ្វ កូឡុំ

មុនពេល​ដែល​គ្រីស្តូហ្វ កូឡុំ ធ្វើដំណើរ​មកដល់ នៅ​ចុងសតវត្សរ៍​ទី១៥ ទ្វីបអាមេរិក​មាន​មនុស្ស​រស់នៅ​តាំង​ពី​រាប់ម៉ឺនឆ្នាំ​មកហើយ។ ជនជាតិដើមនៅ​អាមេរិក (ដែល​យើង​ហៅ​ថា ជា​ជនជាតិ​ឥណ្ឌា​ស្បែក​ក្រហម) តាមការពិត គឺ​ជា​មនុស្ស ដែល​មាន​ដើមកំណើត​មក​ពី​អាស៊ី។ ពួកគេ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​អាស៊ី​ មក​អាមេរិក កាល​ពី​ប្រមាណ​ជា ២ម៉ឺន​ឆ្នាំ​មុន ដោយ​ឆ្លងកាត់​តាម​ចក្រសមុទ្រ រវាង​រុស្ស៊ី និង​រដ្ឋ​អាឡាស្កា (Bering Sea) នៅ​ក្នុង​​អំឡុង​យុគសម័យ​ទឹកក (Ice Age) ពេល​ដែល​កម្ពស់​​មាន​កម្រិត​ទាប ហើយ​ច្រក​សមុទ្រ​នេះ នៅជា​ដីគោក​នៅឡើយ ដែល​អាច​ឲ្យ​គេ​ដើរ​ឆ្លងកាត់បាន។

ចាប់តាំង​ពី​ក្រោយ​យុគសម័យទឹកកក នៅពេល​ដែល​កម្ពស់​ទឹកសមុទ្រ​កើនឡើង ទ្វីបអាមេរិក​ត្រូវ​បាន​កាត់ផ្តាច់​ពី​​តំបន់​ផ្សេងទៀត ដោយ​មហាសមុទ្រ​ប៉ាស៊ីហ្វិក នៅ​ខាង​លិច និង​មហាសមុទ្រ​អាត្លង់ទិក នៅ​ខាង​កើត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទ្វីបអាមេរិក​នេះ ត្រូវ​បាន​​គេ​បំភ្លេច​ចោល​​ស្ទើរតែ​ទាំងស្រុង​។ រហូត​ទាល់តែ​ក្រោយ​ពេល​ គ្រីស្តូហ្វ កូឡុំ ធ្វើ​ដំណើរ​មក​ដល់​ទ្វីបនេះ ទើប​មហាអំណាច​នៅ​អឺរ៉ុប ជាពិសេស អេស្ប៉ាញ និង​ព័រទុយហ្កាល់ ចាប់ផ្តើម​នាំគ្នា​ធ្វើ​ដំណើរ​មក​ដាក់​អាណានិគម​លើ​ទ្វីបអាមេរិក ហើយ​ពិភពលោក​ទាំងមូល​ដឹង​ថា មាន​ទ្វីបអាមេរិក ហើយ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ គេ​នាំគ្នា​គិត​ថា គឺ​គ្រីស្តូហ្វ កូឡុំ ដែល​ជា​អ្នក​បាន​រកឃើញ​ទ្វីបអាមេរិក​នេះ​មុនគេ។

ក៏ប៉ុន្តែ ក្រោយមកទៀត អ្នក​ប្រវត្តិសាស្រ្ត​មួយចំនួន​បាន​រកឃើញ​ថា ​ទ្វីបអាមេរិក​ត្រូវ​បាន​គេ​រកឃើញ តាំងពី​មុន​គ្រីស្តូហ្វ កូឡុំ ទៅទៀត។

អ្នកប្រវត្តិសាស្រ្ត​ខ្លះ​បាន​អះអាង​ថា សំពៅចិន ក្រោម​ការដឹកនាំ​របស់​មេទ័ពជើងទឹក​នៃ​រាជវង្សមីង ឈ្មោះ Zheng He បាន​ធ្វើ​ដំណើរ​ទៅដល់​ទ្វីបអាមេរិក តាំងពី​ឆ្នាំ​១៤២១ ពោលគឺ ប្រមាណ​ជា ៧០ឆ្នាំ មុន​គ្រីស្តូហ្វ កូឡុំ (១៤៩២)។ ក្រោយមកទៀត គេបាន​រកឃើញ​ផែនទី​​គូរ​ដោយ​ចិន ដែល​បង្ហាញ​អំពី​ផ្នែក​ខ្លះ​នៃ​ទ្វីបអាមេរិក។ ផែនទី​នេះ​ត្រូវ​បាន​គូរ​តាំងពី​មុន​ពេល​គ្រីស្តូហ្វ កូឡុំ ធ្វើ​ដំណើរ​ទៅដល់​ទ្វីបអាមេរិក​ទៅទៀត ហើយ​ខ្លះ​​ត្រូវ​បាន​គូរ​ តាំងពី​ក្នុង​សម័យកាល ដែល​ចិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អធិរាជម៉ុងហ្គោល គូប៊ីឡៃ ខាន់​ ម៉្លេះ ដែលអាច​​បញ្ជាក់ថា ​ចក្រភព​ម៉ុងហ្គោល​​បាន​រកឃើញ​ទ្វីបអាមេរិក តាំង​ពីមុន​ ​Zheng He នៃ​រាជវង្សមីង​ទៅទៀត។

ក៏ប៉ុន្តែ រហូតមកទល់នឹង​ពេលនេះ អ្នកប្រវត្តិសាស្រ្ត នៅតែ​មាន​ការ​ខ្វែងគំនិត​គ្នា​ច្រើន​នៅឡើយ ជុំវិញ​​ការរកឃើញ​ទ្វីបអាមេរិក​ដោយ​ចិន​ ក្រោម​​រាជវង្សមីង ឬ​ដោយ​​ចិន ក្រោម​គូប៊ីឡៃ ខាន់ នៃ​ចក្រភពម៉ុងហ្គោល។ តែទោះជាយ៉ាងណា គេបាន​យល់ស្រប​គ្នា​ថា អាមេរិក​ពិត​ជា​ត្រូវ​បាន​គេ​រកឃើញ​តាំងពី​មុន​គ្រីស្តូហ្វ កូឡុំ​មែន។

អ្នកដែល​បានរកឃើញ​ទ្វីបអាមេរិក មុន​គ្រីស្តូហ្វ កូឡុំ ហើយ​ដែល​គេ​អាច​បញ្ជាក់​បាន​ច្បាស់លាស់ តាមរយៈ​ភស្តុតាង​បុរាណវិទ្យា គឺ​ពួក​វីគីង (Viking) ពោលគឺ ជនជាតិ​ក្នុង​អម្បូរ​ហ៊្សែរម៉ានិក ដែលរស់​នៅ​តំបន់​អឺរ៉ុប​ខាង​ជើង។ តាមរយៈ​កំណាយ​បុរាណវិទ្យា នៅប៉ែក​ខាង​កើត​​​ប្រទេស​កាណាដា (Newfoundland) គេ​បាន​រកឃើញ​ថា ពួក​វីគីង បាន​ធ្វើ​ដំណើរ​ទៅដល់ និង​តាំងទីលំនៅ ក្នុង​ទ្វីបអាមេរិក តាំង​ពី​ក្នុង​អំឡុង​ដើមសតវត្សរ៍​ទី១១ ពោលគឺ ប្រមាណ​ជាជិត ៥០០​ឆ្នាំ​ មុន​គ្រីស្តូហ្វ កូឡុំ។

ក៏ប៉ុន្តែ បើទោះបីជា​គ្រីស្តូហ្វ កូឡុំ មិនមែន​ជា​អ្នក​បាន​រកឃើញ​ទ្វីបអាមេរិក​មុនគេ​ក៏ដោយ ការធ្វើ​ដំណើរ​របស់​គ្រីស្តូហ្វ កូឡុំ ​ទៅ​ដល់​ទ្វីបអាមេរិក នៅ​ចុងសតវត្សរ៍​ទី១៥ គឺ​ជា​ចំណុច​ចាប់ផ្តើម​ដ៏សំខាន់​មួយ​នៃ​​ការ​បើកចំហ​ទ្វីបអាមេរិក ទៅកាន់​ពិភពលោក។ គឺ​ជា​ការ​បើក​ផ្លូវ ដល់​មហាអំណាច​អឺរ៉ុប ​ឆ្ពោះទៅ​​ស្វែងយល់​ស៊ីជម្រៅ និង​​ធ្វើ​អាជីវកម្ម​លើ​ធនធាន នៅលើ​ដែនដី​ថ្មី​ដ៏ធំ​​មួយ ប៉ុន្តែ វា​​ក៏​ជា​ការ​បើក​ផ្លូវ​​ផងដែរ ឆ្ពោះទៅ​រក​ការ​វិនាស​ហិនហោច សម្រាប់​ជនជាតិ​ដើម​អាមេរិក៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ