អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោកដូណាល់ត្រាំ​ព្រលះ​នយោបាយ​ការបរទេស​របស់​លោក​អូបាម៉ា​និង​លោកស្រី​គ្លីនតុន

លោក​ដូណាល់ ត្រាំ បាន​ទទួល​ការតែងតាំង​ជាផ្លូវការ ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ ដើម្បី​ប្រកួតប្រជែង​ជាមួយ​នឹង​លោកស្រី​ហ៊ីឡារី គ្លីនតុន ដែល​នឹង​ត្រូវ​គណបក្ស​ប្រជាធិបតេយ្យ​ធ្វើការ​តែងតាំង​ជាផ្លូវការ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។ នៅ​ក្នុង​សន្ទុរកថា បិទសមាជ​បក្ស លោក​ដូណាល់ ត្រាំ បាន​បង្ហាញ​ពី​គោលនយោបាយ ដែល​យក​បញ្ហា​សន្តិសុខ​ជា​អាទិភាព​ខ្ពស់ ហើយ​ក្នុង​ពេល​ជាមួយគ្នា​​ លោក​បាន​​ធ្វើការ​វាយប្រហារ​យ៉ាងចាស់ដៃ​ទៅលើ​នយោបាយ​ការបរទេស​របស់​លោក​អូបាម៉ា និង​លោកស្រី​ហ៊ីឡារី​គ្លីនតុន ដែលជា​អតីត​រដ្ឋមន្រ្តី​ការបរទេស។

លោក​ដូណាល់ ត្រាំ ថ្លែងក្រោយ​ទទួល​ការតែងតាំង​ជា​ផ្លូវការ​ជា​បេក្ខជន​ប្រធានាធិបតី​​មកពី​គណបក្ស​សាធារណរដ្ឋ​
លោក​ដូណាល់ ត្រាំ ថ្លែងក្រោយ​ទទួល​ការតែងតាំង​ជា​ផ្លូវការ​ជា​បេក្ខជន​ប្រធានាធិបតី​​មកពី​គណបក្ស​សាធារណរដ្ឋ​ REUTERS/Mike Segar
ផ្សាយពាណិជ្ជកម្ម

“ប្រជាពលរដ្ឋ​យើង​មិនត្រឹមតែ​ត្រូវ​ប្រឈមមុខ​នឹង​គ្រោះមហន្តរាយ​នៅ​ក្នុង​ប្រទេស​តែ​ប៉ុណ្ណោទេ តែថែម​ទាំង​ត្រូវ​ទទួលរង​នូវភាព​អាម៉ាស់​នៅលើ​ឆាក​អន្តរជាតិ​ម្តងហើយ​ម្តងទៀត ឥតឈប់ឈរ។
 
“យើងទាំងអស់គ្នា​សុទ្ធតែ​នៅ​ចាំបាន​ពី​រូបភាព​​ដែល​​ទាហាន​ជើងទឹក​របស់​យើង​ត្រូវ​បាន​​​ចាប់ខ្លួន និង​បង្ខំ​ឲ្យ​លុតជង្គង់​នៅ​ចំពោះមុខ​ចុងកាណុង​របស់​​ទាហាន​អ៊ីរ៉ង់... ហើយ​ហេតុការណ៍​នេះ​កើតឡើង​មិនយូរ​ប៉ុន្មាន​មុននឹង​មាន​​ការ​ចុះ​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​អាច​យក​លុយ​ ១៥០ពាន់លាន​ដុល្លារ​ត្រឡប់​ទៅវិញ ចំណែក​ឯយើង​វិញ គ្មាន​ទទួល​បាន​ផលចំណេញ​អ្វី​ទាល់តែ​សោះ! កិច្ចព្រមព្រៀង​នេះ នឹង​ត្រូវ​ចារទុក​ក្នុង​ប្រវត្តិសាស្រ្ត​ថា ជា​កិច្ចព្រមព្រៀង​ដ៏អន់បំផុត ដែល​យើង​បាន​ចុះ។
 
“ភាព​អាម៉ាស់​មួយទៀត គឺ​ក្រោយ​ពេល​ដែល​លោក​ប្រធានាធិបតី​អូបាម៉ា ប្រកាស​ពី​ខ្សែបន្ទាត់​ក្រហម រឿង​អាវុធ​គីមី​នៅ​ស៊ីរី ក៏ប៉ុន្តែ ពិភពលោកទាំងមូល​​សុទ្ធតែ​បាន​មើល​ឃើញ​ថា វា​គ្រាន់តែ​ជា​ការប្រកាស​គំរាម​​តែ​មាត់ទទេ ដោយគ្មាន​អត្ថន័យ​អ្វី​ទាំងអស់។
 
“នៅលីប៊ី ស្ថានកុងស៊ុល​របស់​យើង ដែល​ជា​និមិត្តរូប​នៃ​មុខមាត់​របស់​អាមេរិក នៅ​ជុំវិញ​ពិភពលោក ត្រូវបាន​គេ​ដុតបំផ្លាញ... ពលរដ្ឋ​អាមេរិក​លែងមាន​សុវត្ថិភាព... ពិភពលោក​ទាំងមូល​លែងមាន​សុវត្ថិភាព... នេះ​គឺ​ជា​អ្វី​ដែល​បាន​បន្សល់ទុក​ដោយ​លោកស្រី​ហ៊ីឡារី គ្លីនតុន គឺ​មានតែ​ការ​ស្លាប់ ការបំផ្លិចបំផ្លាញ ភេរវកម្ម និង​ភាពទន់ខ្សោយ។ ក៏ប៉ុន្តែ មរតក​ដែល​បន្សល់​ទុក​ដោយ​លោកស្រី​ហ៊ីឡារី គ្លីនតុន មិនចាំបាច់​ត្រូវតែ​ជា​មរតក​​ សម្រាប់​ប្រជាជាតិ​អាមេរិក​ទាំងមូលនោះទេ។ ចំណុច​សំខាន់ ដែល​ខ្ញុំ​ចង់​និយាយ​នៅពេលនេះ គឺ​ថា អ្វីៗគ្រប់យ៉ាង​ត្រូវតែ​ផ្លាស់ប្តូរ ហើយ​ត្រូវតែ​ផ្លាស់ប្តូរ​ភ្លាមៗ​នៅពេល​ឥឡូវនេះ!”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ