អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ម្ចាស់ជំនួយ​លែង​ចង់​សាងសង់​តំបន់​ហ្កាហ្សា សម្រាប់​ទុក​ឲ្យ​អ៊ីស្រាអែល​បាញ់​បំផ្លាញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្និសីទ​ប្រទេស​ផ្តល់​ជំនួយសម្រាប់​តំបន់​ហ្កាហ្សា ​បាន​បើក​ធ្វើ​នៅថ្ងៃ​អាទិត្យ​ទី ១២ តុលា នៅ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។ ប្រទេស​ប្រមាណ​៥០ ដែល​តំណាង​ដោយ​រដ្ឋមន្រ្តី​ការបរទេស មាន​ដូចជា​លោក​ប្រមុខការបរទេស​អាមេរិក ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន និង​លោក​ប្រធានរដ្ឋ​ប៉ាឡេស្ទីន ម៉ាមូដ អាបាស ​បានរួម​នៅក្នុង​សន្និសីទ ដែល​ផ្តួចផ្តើម​បង្កើត​ឡើង​​ដោយ​អេហ្ស៊ីប ប្រទេស​ម្ចាស់ផ្ទះ និង​ប្រទេស​ន័រវែស។ ទិសដៅ​សំខាន់​របស់​សន្និសីទ គឺ​​រក​​ប្រាក់​ជំនួយ ដើម្បី​ជួយ​ស្តារស្រោចស្រង់​តំបន់​ហ្កាហ្សា​ ដែល​ទើប​រង​ការបំផ្លាញខ្ទេចខ្ទីរ ដោយ​ការវាយប្រហារ​របស់​ទ័ព​អ៊ីស្រាអែល កាលពី​ខែ​កក្កដា និង​សីហា​កន្លងទៅ។ នៅពេល​ដែល​អាជ្ញាធរ​ប៉ាឡេស្ទីន​លើកឡើង​ពី​តម្រូវការ​ជំនួយ​ប្រមាណ ៤ពាន់​លាន​ដុល្លារ ប្រទេស​ផ្តល់​ជំនួយ​ជាច្រើន​មានអរិភាព និងខ្លាចក្រែងថា​ជំនួយ​របស់ខ្លួនដើម្បី​ស្រោចស្រង់​ហ្កាហ្សា គឺគ្រាន់​តែ​​សម្រាប់​ទុក​​ឲ្យ​ទាហាន​អ៊ីស្រាអែល​ត្រលប់​មក​បំផ្លាញ​ជាថ្មី។ អាមេរិក ដែល​តែងតែ​ដើរតួ​ជា​អាជ្ញា​កណ្តាល​សម្រាប់​ដំណើរ​ស្វែងរក​សន្តិភាព​នៅ​តំបន់​ដើម​បូព៌ា​បាន​សន្យា​ផ្តល់​ទឹកប្រាក់​២១២​លាន​ដុល្លារ សម្រាប់​សាងសង់​តំបន់​ហ្កាហ្សា​ឡើងវិញ។​​ 

លោក​ប្រមុខការបរទេស​អាមេរិក ចន​ ឃេរី នៅក្នុង​សន្និសីទ​ប្រទេស​ម្ចាស់​ជំនួយ​សម្រាប់​ការស្តារ​សាងសង់​តំបន់​ហ្កាហ្សា រៀបចំ​ធ្វើ​នៅ​អេហ្ស៊ីប កាលពីថ្ងៃ​អាទិត្យ​ទី ១២ តុលា
លោក​ប្រមុខការបរទេស​អាមេរិក ចន​ ឃេរី នៅក្នុង​សន្និសីទ​ប្រទេស​ម្ចាស់​ជំនួយ​សម្រាប់​ការស្តារ​សាងសង់​តំបន់​ហ្កាហ្សា រៀបចំ​ធ្វើ​នៅ​អេហ្ស៊ីប កាលពីថ្ងៃ​អាទិត្យ​ទី ១២ តុលា ©REUTERS/Carolyn Kaster
ផ្សាយពាណិជ្ជកម្ម

សហគមន៍​អន្តរជាតិ​ចង់​​ផ្តល់​ជំនួយ​ដើម្បី​សាងសង់​តំបន់​ហ្កាហ្សា​ឡើងវិញ ប៉ុន្តែ គេ​មិន​ចង់​ផ្តល់​លុយទៅ​​ឲ្យ​ក្រុមហាម៉ាស​ដែល​ជា​ម្ចាស់គ្រប់គ្រង​ហ្កាហ្សា​នោះទេ ព្រោះដោយសារ​តែ​ គេ​ចាត់ទុក​ក្រុមនេះ​ជា​ក្រុមភេរវកម្ម។ នៅថ្ងៃនេះ អ្នកដែល​ចូល​ទៅ​ទាមទារ​រក​ជំនួយ​៤ពាន់​លាន​ដុល្លារ ដើម្បី​​សាងសង់​តំបន់​ហ្កាហ្សា​ឡើងវិញ គឺលោក​ប្រមុខរដ្ឋ​ប៉ាឡេស្ទីន ម៉ាមូដ អាបាស។ តាម​លោក​អាប៉ាស គឺ​​​​​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ប៉ាឡេស្ទីន ដែល​​​កើត​ចេញ​មក​​ពី​កិច្ច​ព្រមព្រៀង​​ផ្សះផ្សាជាតិ ​រវាង​​ក្រុម​ហា្វតា​របស់​លោក​ និង​​ក្រុម​ហាម៉ាស កាលពី​ខែ​មិថុនា​កន្លងទៅ ដែល​ជាអ្នក​ទទួល​បន្ទុក មើល​ការខុស​ត្រូវ​​លើ​ជំនួយ​ទាំងឡាយ​ពី​អន្តរជាតិ ដើម្បី​ការសាងសង់តំបន់​ហ្កាហ្សា។ តាមកិច្ចព្រមព្រៀង ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ប៉ាឡេស្ទីន​ ដែល​មាន​ការចូលរួម​គាំទ្រ​ពី​ក្រុមហាម៉ាស​នឹង​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​មួយចំនួន ជំនួស​ក្រុម​​ហាម៉ាស​នៅ​​តំបន់​ហ្កាហ្សា។​

 
សហគមន៍​អន្តរជាតិ​បាន​ផ្តល់​ជំនឿ​ទុកចិត្តច្រើន​​ទៅ​លើ​រដ្ឋាភិបាល​បង្រួបង្រួម​ជាតិ​ប៉ាឡេស្ទីន។ អ៊ីស្រាអែល​វិញ​​ដែល​ធ្លាប់​មិន​គាំទ្រ​កិច្ចព្រមព្រៀង​ផ្សះផ្សា​ជាតិ​ប៉ាឡេស្ទីន​កន្លងមក ក៏​ហាក់​បាន​បន្ទន់​ជំហររបស់ខ្លួន​មកវិញ។ ជាក់ស្តែង កាលពីថ្ងៃ​ព្រហស្បតិ៍ អ៊ីស្រាអែល​​បាន​បើក​ព្រំដែន​ឲ្យ​​រដ្ឋមន្រ្តីនៃ​​រដ្ឋាភិបាលបង្រួបបង្រួម​ជាតិ​​ប៉ាឡេស្ទីន ចូល​ទៅ​ប្រជុំ​គ្នាជាលើក​ទីមួយ នៅក្នុង​តំបន់​ហ្កាហ្សា។ ​ម្យ៉ាងទៀត នៅក្រោម​សម្ពាធ​របស់​អង្គការ​សហប្រជាជាតិ អ៊ីស្រាអែល​បានយល់​ព្រម​បើក​ផ្លូវ​ឲ្យ​គេ​ដឹកជញ្ជូន​សម្ភារៈ​សំណង់​ចូល​ក្នុង​តំបន់​​ហ្កហ្សា។ សូម​រំលឹក​បន្តិចថា កន្លងមក ដោយសារ​លេស​សន្តិសុខ​របស់ខ្លូន ពោល​គឺ​ដោយខ្លាច​ក្រុមហាម៉ាស​លួចសាងសង់​រូងក្រោម​ដី ដើម្បី​វាយប្រហារ​មក​លើ​ខ្លួន អ៊ីស្រាអែល​តែងតែ​​ហាម​ដាច់ខាត​មិន​ឲ្យ​មាន​ការនាំចូល​សម្ភារៈ​សំណង់​ធំៗ​ចូល​ក្នុង​ទឹកដី​ហ្កាហ្សា។

សាងសង់​តំបន់​ហ្កាហ្សា ដើម្បីរង់​ចាំការបំផ្លាញ​ជា​ថ្មី ពី​អ៊ីស្រាអែល
អ្វី​ដែល​ម្ចាស់​ជំនួយ​នៅ​រារែក​មិន​ទាន់​ជឿ​ទុកចិត្ត​​មែនទែន គឺ​គេ​ខ្លាច​ថា ជំនួយ​របស់​គេ​នឹង​ក្លាយ​ជា​អសារបង់ គឺ​សំណង់​ថ្មី​នៅ​ហ្កាហ្សា នឹង​អាច​ត្រូវ​បំផ្លាញ​នៅថ្ងៃ​ណាមួយ ដោយសារ​ការវាយប្រហារ​ជាថ្មី​របស់​អ៊ីស្រាអែល ប្រទេស​ម្ចាស់​ជំនួយ​មួយ​ចំនួន​មិន​លាក់​លៀមទេថា គេ​មាន​ការ​នឿយណាយ​នឹង​ផ្តល់​ជំនួយរាប់លាន​ដុល្លារ សម្រាប់តែ​រងការបំផ្លាញ​របស់​ទ័ព​​​អ៊ីស្រាអែល ​ជា​ថ្មីណាស់។ ត្រូវ​ដឹងថា នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ដែល​សន្និសីទ​ម្ចាស់​ជំនួយ​បើក​ធ្វើឡើង ​ដើម្បីជួយ​​ស្រោចស្រង់ហ្កាហ្សា ដែល​រងការបំផ្លាញ​ខ្ទេចខ្ទីរ​ដោយសារ​យន្តហោះ​ទម្លាក់​គ្រាប់​របស់​អ៊ីស្រាអែល។ ​​កាលពី​ឆ្នាំ ២០០៩ សហគមន៍​អន្តរជាតិ​បាន​ធ្វើ​សន្និសីទ​ដូចគ្នា​នេះ​ដើម្បី​ជួយ​ស្តារ​ហ្កាហ្សា នៅក្រោយ​ការបាញ់​បំផ្លាញ​របស់​យន្តហោះ​អ៊ីស្រាអែល។ ប៉ុន្តែ នៅក្នុង​រយៈពេល ៦​ឆ្នាំ​ចុងក្រោយនេះ អ៊ីស្រាអែល​បាន​ធ្វើ​សង្រ្គាម​ និង​បាញ់បំផ្លាញ​តំបន់​ហ្កាហ្សា​ដល់​ទៅ​បីដង។ បើ​សហគមន៍​អន្តរជាតិ​បន្តជួយ​សាងសង់​ហ្កាហ្សា នោះ​គឺ​មិន​ខុស​អី​ពីពាក្យ​ដែល​ថា អ៊ីស្រាអែល​ជា​អ្នកបាញ់បំផ្លាញ​តំបន់​ហ្កាហ្សា ចំណែក​សហគមន៍​អន្តរជាតិ​ជាអ្នកចេញ​សង ជំនួស​អ៊ីស្រាអែល គឺ​ចាំ​ប្រមូល​លុយគ្នា ដើម្បី​សាងសង់​តំបន់​ហ្កាហ្សា​ឲ្យ​ល្អ​ឡើងវិញតែប៉ុណ្ណោះ។

តាម​អាជ្ញាធរ​ប៉ាឡេស្ទីន ជំនួយ​របស់​សហគមន៍​អន្តរជាតិចាំបាច់​ដើម្បី​ស្រោចស្រង់​ប្រជាជន​ប៉ាឡេស្ទីន ឲ្យ​រួច​ផុត​ពីភាព​ក្រីក្រ។ ត្រូវដឹងថា ការវាយប្រហារ​លើកនេះ​របស់​អ៊ីស្រាអែល​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ហ្កាហ្សា​ដល់​ចំណុច​សូន្យ។ សង្គ្រាម​៥០​ថ្ងៃ​​របស់​អ៊ីស្រាអែលទៅលើ​ហ្កាហ្សា​​បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីនជាង​២ពាន់នាក់ ដែល​ក្នុង​នោះ​ភាគច្រើន​ជា​ស៊ីវិល និង​កុមារ។ ការវាយប្រហារ​របស់អ៊ីស្រាអែល បំផ្លាញ​ផ្ទះសម្បែង និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​របស់​ប៉ាឡេស្ទីន​ដែល​ខ្សត់ខ្សោយ​រួចទៅហើយ នៅមុន​ការវាយប្រហារ​របស់​អ៊ីស្រាអែល។

ជំនួយ​ដើម្បី​ស្តារ​តំបន់​ហ្កាហ្សា ឲ្យចេញផុត​ពីការគំនរផេះ មិនមែន​ជា​ដំណោះស្រាយ​ដើម្បី​បិទ​បញ្ចប់​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន
ខុសពី​សន្និសីទ​មុនៗដែល​មាន​ផ្តោត​ខ្លាំង​ទៅលើ​ជំនួយ​ស្រោចស្រង់​តំបន់​ហ្កាហ្សា នៅក្នុង​សន្និសីទ​លើកនេះ ក្រៅពី​ស្តារ​តំបន់​ហ្កាហ្សា​ឡើងវិញ ប្រទេស​ម្ចាស់​ជំនួយ​រំពឹង​ចង់​បាន​ជាងគេ​គឺ កិច្ចព្រមព្រៀង​សន្តិភាព​មួយ​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល។ ប្រមុខការបរទេស​អាមេរិក លោក​ចន ឃេរី បាន​បញ្ជាក់​ជាថ្មី អាមេរិក​ស្ម័គ្រចិត្ត​ចូលរួម​ជាថ្មី​ម្តងទៀត ដើម្បី​ជំរុញ​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយគ្នា។

អាមេរិក​នៅ​តែ​មាន​ឆន្ទះ​ចង់​​នាំ​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​ឲ្យ​ត្រលប់​ចូល​តុចរចា បន្ទាប់​ពី​ ​ដំណើរ​ស្វែង​រក​សន្តិភាព​នៅ​តំបន់​ដើម​បូព៌ាដឹកនាំ​ដោយ​អាមេរិក​បាន​​បរាជ័យកាល​ពី​ខែ​មេសា​កន្លងទៅ។ អ៊ីស្រាអែល​បាន​បដិសេធ​ ឈប់​ចរចា​ជាមួយ​ប៉ាឡេស្ទីន បន្ទាប់ពីអាជ្ញាធរ​​ប៉ាឡេស្ទីនរបស់​លោក​ម៉ាមូដ អាបាស បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​ហាម៉ាស​ដែល​ជាសត្រូវ​របស់អ៊ីស្រាអែល។ បន្ទាប់​មក នៅខែ​កក្កដា និង​សីហា អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​យោធា​នៅ​តំបន់​ហ្កាហ្សា ក្រោម​ហេតុផល​បំផ្លាញ​សំបុក​របស់​ក្រុមហាម៉ាស​ដែល​អ៊ីស្រាអែល​ចោទ​ថា​បាន​បាញ់​គ្រាប់​រ៉ុកកែត​ទៅលើ​ទឹកដី​អ៊ីស្រាអែល។

ភាគី​ប៉ាឡេស្ទីន​​ទំនង​មិន​សង្ឃឹម​រក​សន្តិភាព​ជាមួយ​អ៊ីស្រាអែល​តាម​ផ្លូវចរចា​ការទូត​​ដឹកនាំ​ដោយ​អាមេរិកទេ។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយនេះ អាជ្ញាធរ​ប៉ាឡេស្ទីន​បាន​ធ្វើ​នយោបាយ​ការទូត​ផ្ទាល់ខ្លួន​ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​ប្រទេស​អន្តរជាតិ។ គោលដៅ​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​គាំទ្រ​ប៉ាឡេស្ទីន​ជា​រដ្ឋ​ឯករាជ្យមួយ និងទាមទារ​ឲ្យ​អ៊ីស្រាអែល​ដក​ទ័ព និង​ប្រជាជន​របស់ខ្លួន​ចេញ​ពី តំបន់​ជម្លោះ ដែល​តាមពិត​ជា​ទឹកដី​ប៉ាឡេស្ទីន។ កាលពី​ដើម​ខែ​តុលា រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ស៊ុយអែត បាន​ប្រកាស​ពី​គម្រោង​ចង់​ទទួល​ស្គាល់​ប៉ាឡេស្ទីន​ជា​រដ្ឋឯករាជ្យ។ កាល​ពី​ឆ្នាំ ២០១២ អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​តែងតាំង​ប៉ាឡេស្ទីន​ជា​រដ្ឋ​សង្កេតការណ៍​។ អាមេរិក​បាន​ព្រមាន​រួចហើយថា នឹង​ធ្វើ​វេតូ បើសិន​ប៉ាឡេស្ទីន​ប៉ុនប៉ង​ចង់​ក្លាយ​ជា​រដ្ឋឯករាជ្យ តាមផ្លូវ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ ដោយ​មិន​បាន​ឆ្លងកាត់​ការចរចា​សន្តិភាព ​ជាមួយ​អ៊ីស្រាអែល៕​​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ